ជំពូក ៧
លោកយេរេមីប្រកាសព្រះបន្ទូលនៅក្នុងព្រះវិហារ
(សូមប្រៀបធៀប យេរេមី ២៦.១-១៩)
1ព្រះអម្ចាស់មានព្រះបន្ទូលមកលោកយេរេមីដូចតទៅ៖ 2 «ចូរទៅឈរនៅមាត់ទ្វារព្រះវិហារ ហើយប្រកាសពាក្យនេះថា: អ្នកទាំងអស់គ្នាជាជនជាតិយូដាអើយ! អ្នករាល់គ្នាចូលតាមទ្វារទាំងនេះ ដើម្បីទៅក្រាបថ្វាយបង្គំព្រះអម្ចាស់ ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ! 3ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទៅ នោះយើងនឹងទុកឲ្យអ្នករាល់គ្នាចូលមកទីនេះតទៅមុខទៀត។ 4 មិនត្រូវអះអាងលើពាក្យ ដែលអ្នករាល់គ្នាធ្លាប់បញ្ឆោតខ្លួនឯងថា “ទីនេះជាព្រះវិហាររបស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់!” ឡើយ។ 5 ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។ ចូររកយុត្តិធម៌ឲ្យគ្នាទៅវិញទៅមក។ 6 ចូរឈប់ជិះជាន់ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ចូរឈប់ប្រហារជីវិតជនស្លូតត្រង់នៅទីនេះ ហើយឈប់រត់ទៅគោរពព្រះដទៃដែលធ្វើឲ្យអ្នករាល់គ្នាត្រូវវេទនា។ 7 ប្រសិនបើអ្នករាល់គ្នាធ្វើដូច្នេះ យើងនឹងទុកឲ្យអ្នករាល់គ្នារស់នៅទីនេះ គឺនៅក្នុងស្រុកដែលយើងប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ។
8 ផ្ទុយទៅវិញ អ្នករាល់គ្នាអះអាងលើពាក្យដែលអ្នករាល់គ្នាបញ្ឆោតខ្លួនឯង ជាពាក្យឥតបានការនោះទៅវិញ។ 9 អ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតក្បត់ ស្បថបំពាន ដុតគ្រឿងសក្ការបូជាថ្វាយព្រះបាល និងរត់ទៅគោរពព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ពីមុន 10 រួចហើយនាំគ្នាចូលមកថ្វាយបង្គំយើងក្នុងព្រះវិហារនេះ ដែលជាដំណាក់របស់យើង។ អ្នករាល់គ្នាហ៊ានប្រកាសថា “នៅកន្លែងនេះ យើងរួចខ្លួន!”។ អ្នករាល់គ្នាពោលដូច្នេះ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមតទៅទៀត។ 11 តើអ្នករាល់គ្នាស្មានថា ព្រះវិហារ ដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិត យើងឃើញថា ទីនេះពិតជាសំបុកចោរមែន!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12 «ចូរនាំគ្នាទៅទីសក្ការៈរបស់យើងនៅស៊ីឡូ ដែលជាដំណាក់របស់យើងកាលពីមុននោះ ហើយសង្កេតមើលទៅ! ដោយសារអំពើទុច្ចរិតរបស់អ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង យើងបានបំផ្លាញទីនោះឲ្យខ្ទេចខ្ទី»។ 13ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតទាំងនេះ ដោយអ្នករាល់គ្នាពុំស្ដាប់ពាក្យយើង គឺទោះបីយើងនិយាយជាមួយអ្នករាល់គ្នាតាំងពីដំបូងមកក្តី ហើយដោយអ្នករាល់គ្នាពុំបានឆ្លើយ នៅពេលយើងស្រែកហៅ 14 យើងនឹងប្រព្រឹត្តចំពោះព្រះវិហារនេះ ដូចយើងបានប្រព្រឹត្តចំពោះស៊ីឡូដែរ ទោះបីទីនេះជាដំណាក់របស់យើង ជាកន្លែងដែលអ្នករាល់គ្នាទុកចិត្ត ហើយជាកន្លែងដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នាក៏ដោយ។ 15 យើងនឹងបំបរបង់អ្នករាល់គ្នា ឲ្យឆ្ងាយពីយើង ដូចយើងបានបំបរបង់ពួកអេប្រាអ៊ីមទាំងមូលជាបងប្អូនរបស់អ្នករាល់គ្នាដែរ»។
ពាក្យទូលអង្វរដែលព្រះអម្ចាស់ពុំអាចឆ្លើយតបបាន
16 «រីឯអ្នកវិញ កុំទូលអង្វរយើងសម្រាប់ប្រជាជននេះ កុំបន្លឺសំឡេងអធិស្ឋាន ឬទទូចសុំឲ្យយើងប្រណីពួកគេឡើយ យើងមិនស្ដាប់ពាក្យអ្នកទេ។ 17 តើអ្នកមិនឃើញអំពើដែលគេប្រព្រឹត្តនៅតាមក្រុងនានាក្នុងស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូសាឡឹមទេឬ? 18 កូនៗនាំគ្នាដើររើសអុស ឪពុកបង្កាត់ភ្លើង ហើយម្ដាយច្របាច់ម្សៅធ្វើនំថ្វាយព្រះនាងម្ចាស់សួគ៌ ពួកគេច្រួចស្រាថ្វាយព្រះដទៃ ដើម្បីបញ្ឈឺចិត្តយើង។ 19 តាមពិត មិនមែនយើងទេដែលឈឺចិត្ត គឺពួកគេវិញឯណោះដែលឈឺចិត្ត ព្រោះត្រូវអាម៉ាស់មុខ!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 20 ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «យើងជះកំហឹងដ៏ខ្លាំងរបស់យើងមកលើកន្លែងនេះ គឺលើមនុស្ស សត្វ ព្រៃព្រឹក្សា និងដំណាំដែលដុះចេញពីដី។ កំហឹងនេះប្រៀបបាននឹងភ្លើង ដែលឆេះពុំរលត់ឡើយ»។
21ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរបន្ថែមតង្វាយដុតពីលើយញ្ញបូជារបស់អ្នករាល់គ្នា ហើយបរិភោគសាច់នោះខ្លួនឯងទៅ 22 ដ្បិតនៅថ្ងៃដែលយើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប យើងពុំបាននិយាយអ្វីជាមួយពួកគេ ហើយយើងក៏ពុំបានបង្គាប់ពួកគេស្តីអំពីតង្វាយដុត និងយញ្ញបូជាដែរ។ 23 យើងគ្រាន់តែបង្គាប់ពួកគេថា “ចូរស្ដាប់សំឡេងយើង ដើម្បីឲ្យយើងធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាធ្វើជាប្រជារាស្ដ្ររបស់យើង។ ចូរដើរតាមមាគ៌ាទាំងប៉ុន្មានដែលយើងបង្ហាញអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានសុភមង្គលជាមិនខាន”។ 24 ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងទេ។ ពួកគេបានធ្វើតាមទំនើងចិត្តរបស់ខ្លួន ពួកគេនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ពួកគេបែរខ្នងដាក់យើង មិនព្រមងាកមុខមករកយើងទេ។ 25 តាំងពីថ្ងៃដែលបុព្វបុរសរបស់ពួកគេចេញពីស្រុកអេស៊ីប រហូតមកដល់សព្វថ្ងៃ យើងតែងតែចាត់ព្យាការីទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើង ឲ្យទៅរកពួកគេ ជារៀងរាល់ថ្ងៃ មិនដែលអាក់ខានឡើយ។ 26 ផ្ទុយទៅវិញ ពួកគេមិនព្រមស្ដាប់ មិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ ពួកគេតាំងចិត្តរឹងរូស ហើយប្រព្រឹត្តអំពើអាក្រក់ជាងបុព្វបុរសរបស់ខ្លួនទៅទៀត»។
27 «ពេលអ្នកយកពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេ ពួកគេមិនព្រមស្ដាប់ ពេលអ្នកហៅពួកគេ ពួកគេមិនព្រមឆ្លើយ។ 28 ដូច្នេះ ចូរប្រាប់ពួកគេថា អ្នករាល់គ្នាជាប្រជាជាតិដែលមិនព្រមស្ដាប់ព្រះសូរសៀងព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ហើយក៏មិនព្រមទទួលព្រះបន្ទូលប្រៀនប្រដៅពីព្រះអង្គដែរ។ អ្នករាល់គ្នាលែងស្មោះត្រង់ ពាក្យសម្ដីដែលអ្នករាល់គ្នានិយាយមិនពិតទាល់តែសោះ»។
ជ្រលងភ្នំពិឃាត
29 ប្រជាជនក្រុងយេរូសាឡឹមអើយ
អ្នកលែងជាប្រជាជនដែលញែកខ្លួនថ្វាយ
ព្រះអម្ចាស់ទៀតហើយ!
ចូរយំរៀបរាប់នៅលើភ្នំនេះទៅ!
ដ្បិតព្រះអម្ចាស់មិនរវីរវល់នឹងអ្នកទេ
ព្រះអង្គបោះបង់ចោលមនុស្សមួយជំនាន់នេះ
ដែលបាននាំគ្នាធ្វើឲ្យព្រះអង្គពិរោធ។
30 «ជនជាតិយូដានាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលយើងមិនពេញចិត្ត -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- គឺពួកគេយករូបព្រះដ៏ចង្រៃមកតម្កល់ក្នុងដំណាក់របស់យើងផ្ទាល់ ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង។ 31 ពួកគេបានសង់ទីសក្ការៈនៅតូផេត ក្នុងជ្រលងភ្នំបេនហ៊ីណូម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួនទៅដុតធ្វើជាយញ្ញបូជា។ យើងពុំដែលបង្គាប់ឲ្យពួកគេធ្វើអំពើបែបនេះសោះ ហើយយើងក៏មិនដែលនឹកឃើញអំពីការនេះដែរ។ 32 ដូច្នេះ នៅពេលខាងមុខ គេលែងហៅកន្លែងនោះថា “តូផេត” ឬ “ជ្រលងភ្នំបេនហ៊ីណូម” ទៀតហើយ តែគេនឹងហៅថា “ជ្រលងភ្នំពិឃាត”។ គេនឹងយកសពទៅកប់នៅតូផេតនោះ ដ្បិតកន្លែងឯទៀតៗគ្មាននៅសល់ដីសម្រាប់កប់សាកសពទេ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 33 សាកសពរបស់ប្រជាជននេះនឹងក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។ វានឹងស៊ីសាកសពទាំងនោះ ដោយឥតមាននរណាមកដេញវាឡើយ។ 34 តាមក្រុងនានានៅស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម យើងនឹងលែងឲ្យមានឮសូរសំឡេងដ៏សប្បាយ បទចម្រៀងសម្រាប់ពិធីបុណ្យ ឬក៏ភ្លេងការទៀតហើយ ដ្បិតស្រុកនេះនឹងវិនាសសូន្យ»។