ជំពូក ៥
ក្រុងយេរូសាឡឹមពោរពេញដោយអំពើបាប
1 ចូរនាំគ្នាដើរកាត់ក្រុងយេរូសាឡឹម
ចូរសង្កេតមើល
ហើយសាកសួរ និងរកមើលនៅតាមផ្សារ
ក្រែងលោឃើញមាននរណាម្នាក់ស្មោះត្រង់
និងប្រព្រឹត្តតាមសេចក្ដីសុចរិត
ប្រសិនបើអ្នករាល់គ្នារកឃើញតែម្នាក់
នោះយើងអត់ទោសឲ្យក្រុងយេរូសាឡឹម។
2 ទោះបីគេស្បថ ដោយយកព្រះអម្ចាស់
ដែលមានព្រះជន្មគង់នៅធ្វើជាសាក្សីក្តី
ក៏ពាក្យសម្បថរបស់គេមិនពិតដែរ។
3 បពិត្រព្រះអម្ចាស់ ព្រះអង្គរំពៃមើល
ស្វែងរកនរណាម្នាក់ដែលមានចិត្តស្មោះត្រង់។
ព្រះអង្គបានវាយប្រហារពួកគេ
តែពួកគេធ្វើព្រងើយ
ព្រះអង្គបានធ្វើឲ្យពួកគេវិនាស
តែពួកគេមិនរាងចាលទេ
ពួកគេកាន់ចិត្តរឹងដូចថ្ម
ពួកគេមិនព្រមវិលមករកព្រះអង្គវិញទេ។
4 ខ្ញុំគិតថា: អ្នកទាំងនោះសុទ្ធតែជា
មនុស្សតូចតាច មិនសូវដឹងអី
គេពុំស្គាល់មាគ៌ារបស់ព្រះអម្ចាស់
ហើយក៏មិនស្គាល់វិន័យនៃព្រះរបស់ខ្លួនដែរ។
5 ខ្ញុំគួរតែទៅរកពួកអ្នកធំវិញ
ដើម្បីនិយាយជាមួយពួកគេ
អ្នកទាំងនោះពិតជាស្គាល់មាគ៌ារបស់ព្រះអម្ចាស់
ហើយស្គាល់វិន័យនៃព្រះរបស់ខ្លួន។
ប៉ុន្តែ អ្នកទាំងនោះក៏បះបោរប្រឆាំងនឹងព្រះអង្គ
ព្រមទាំងផ្ដាច់ចំណងមេត្រីពីព្រះអង្គ
ដូចអ្នកតូចតាចដែរ។
6 ហេតុនេះហើយបានជាសត្វតោចេញពីព្រៃ
មកប្រហារពួកគេ
សត្វចចកចេញពីព្រៃល្បោះមកហែកពួកគេស៊ី
ខ្លារខិនមកសំងំចាំចាប់ពួកគេនៅមាត់ទ្វារក្រុង
អស់អ្នកដែលចេញពីទីក្រុងនឹងត្រូវខ្លាហែកស៊ី
ដ្បិតពួកគេបានបះបោរជាច្រើនដង
និងក្បត់ព្រះអម្ចាស់ជាច្រើនលើកច្រើនសា។
7 «តើយើងអត់ទោសឲ្យអ្នកដូចម្ដេចបាន?
កូនចៅរបស់អ្នកបានបោះបង់ចោលយើង
គេស្បថដោយយកព្រះក្លែងក្លាយ
ធ្វើជាសាក្សី។
យើងបានឲ្យពួកគេមានភោគទ្រព្យបរិបូណ៌
តែពួកគេបែរជានាំគ្នាផិតក្បត់ទៅវិញ
គឺពួកគេលើកគ្នាទៅប្រព្រឹត្តអំពើផិតក្បត់
ក្នុងវិហាររបស់ព្រះក្លែងក្លាយ។
8 ពួកគេប្រៀបបាននឹងសេះបាដែលពេញកម្លាំង
គឺម្នាក់ៗគិតតែចែចង់ប្រពន្ធគេ។
9 ដូច្នេះ តើមិនគួរឲ្យយើងដាក់ទោស
ពួកគេទេឬ?
តើមិនគួរឲ្យយើងធ្វើទណ្ឌកម្មប្រជាជាតិ
អាក្រក់បែបនេះទេឬ?
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10 ចូរឡើងទៅចម្ការទំពាំងបាយជូររបស់ពួកគេ
ហើយកម្ទេចចោលទៅ
តែកុំកម្ទេចឲ្យអស់ទាំងស្រុងឡើយ។
ចូរកាប់មែកវាចោល
ព្រោះមិនមែនជាមែករបស់ព្រះអម្ចាស់ទេ!
11 ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា
សុទ្ធតែបានក្បត់យើងទាំងស្រុង»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ផលវិបាកនៃការបោះបង់ចោលព្រះអម្ចាស់
12 ពួកគេមិនព្រមទទួលស្គាល់ព្រះអម្ចាស់
គេពោលថា «គ្មានព្រះអម្ចាស់ទេ
ហើយក៏គ្មានទុក្ខវេទនាណាកើតដល់យើងដែរ
យើងនឹងមិនជួបប្រទះសង្គ្រាម ឬទុរ្ភិក្សឡើយ។
13 រីឯពួកព្យាការីគ្មានបានការអ្វីទេ
សេចក្ដីដែលថ្លែងចេញមកគ្មានខ្លឹមសារអ្វីទេ
សូមឲ្យសេចក្ដីដែលពួកគេគំរាមនោះ
កើតមានដល់ពួកគេ!»។
14 ហេតុនេះហើយបានជាព្រះអម្ចាស់ ជាព្រះនៃ
ពិភពទាំងមូល មានព្រះបន្ទូលថា៖
«យេរេមីអើយ ដោយពួកគេពោលដូច្នេះ
យើងនឹងយកពាក្យដែលយើងដាក់
ក្នុងមាត់អ្នកធ្វើជាភ្លើង
ហើយយកប្រជាជននេះធ្វើជាអុស
ដែលភ្លើងឆេះបំផ្លាញ។
15 អ៊ីស្រាអែលអើយ!
យើងនាំប្រជាជាតិមួយមកពីស្រុកឆ្ងាយ
ដើម្បីដាក់ទោសអ្នករាល់គ្នា
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-
គឺប្រជាជាតិមួយដ៏ខ្លាំងពូកែ
ជាប្រជាជាតិដែលកកើតឡើង
តាំងពីយូរលង់មកហើយ
ជាប្រជាជាតិដែលអ្នករាល់គ្នាមិនយល់ភាសា
ហើយក៏មិនយល់សេចក្ដីដែលគេនិយាយដែរ។
16 ទាហានរបស់គេសុទ្ធតែចំណានៗ
ព្រួញរបស់គេនឹងប្រល័យជីវិតអ្នករាល់គ្នា។
17 ពួកគេនឹងបំផ្លាញស្រូវ បំផ្លាញអាហារ
របស់អ្នករាល់គ្នា
ពួកគេសម្លាប់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា
ពួកគេសម្លាប់ហ្វូងចៀម និងហ្វូងគោ
របស់អ្នករាល់គ្នា
ពួកគេកម្ទេចចម្ការទំពាំងបាយជូរ
និងចម្ការឧទុម្ពររបស់អ្នករាល់គ្នា
ហើយរំលាយក្រុងដែលមានកំពែងរឹងមាំ
ជាក្រុងដែលអ្នករាល់គ្នាពឹងផ្អែក។
18 ប៉ុន្តែ នៅគ្រានោះ ទោះបីយ៉ាងណាក្តី ក៏យើងមិនកម្ទេចអ្នករាល់គ្នាឲ្យវិនាសទាំងស្រុងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 19 យេរេមីអើយ ប្រសិនបើពួកគេសួរថា: “ហេតុអ្វីបានជាព្រះអម្ចាស់ ជាព្រះនៃយើង ប្រព្រឹត្តបែបនេះចំពោះយើង?” ចូរឆ្លើយទៅគេវិញថា: “ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះរបស់ជនបរទេស ដែលស្ថិតនៅក្នុងស្រុករបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទៅបម្រើជនបរទេសនៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់អ្នករាល់គ្នា”»។
ព្រះអម្ចាស់ដាក់ទោសអ៊ីស្រាអែល
20 «ចូរប្រាប់ឲ្យកូនចៅរបស់លោកយ៉ាកុបដឹង
ចូរប្រកាសដល់ប្រជាជននៅស្រុកយូដាថា:
21 ប្រជាជនល្ងីល្ងើឥតដឹងខ្យល់អ្វីអើយ ចូរស្ដាប់!
អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ
អ្នករាល់គ្នាមានត្រចៀក តែស្ដាប់មិនឮ
22ព្រះអម្ចាស់មានព្រះបន្ទូលថា
តើអ្នករាល់គ្នាមិនកោតខ្លាច ហើយញាប់ញ័រ
នៅចំពោះមុខយើងទេឬ?
យើងដាក់ឆ្នេរខ្សាច់ជាព្រំដែនអស់កល្បជានិច្ច
សម្រាប់សមុទ្រ ទឹកសមុទ្រពុំអាចឆ្លងហួសបាន
ទោះបីរលកបក់បោក កញ្ជ្រោលខ្លាំងយ៉ាងណា
ក៏ពុំអាចឆ្លងព្រំដែននេះបានដែរ។
23 រីឯប្រជាជននេះវិញ គេមានចិត្តរឹងរូស
បះបោរប្រឆាំងនឹងយើង
ហើយនាំគ្នាដកខ្លួនចាកចេញពីយើង។
24 គេពុំព្រមរិះគិតក្នុងចិត្តថា
“ចូរយើងនាំគ្នាគោរពកោតខ្លាចព្រះអម្ចាស់
ជាព្រះនៃយើង។
ព្រះអង្គប្រទានទឹកភ្លៀងមកយើង
តាមរដូវកាល គឺភ្លៀងនៅដើមរដូវ
និងភ្លៀងនៅចុងរដូវ
ហើយព្រះអង្គក៏បានកំណត់ទុកនូវសប្តាហ៍
ដែលយើងត្រូវច្រូតកាត់ដែរ”។
25 កំហុសរបស់អ្នករាល់គ្នាធ្វើឲ្យ
ធាតុអាកាសប្រែប្រួល
អំពើបាបរបស់អ្នករាល់គ្នាធ្វើឲ្យ
អ្នករាល់គ្នាបាត់បង់ពរទាំងនោះ។
26 មានជនពាលស្ថិតនៅក្នុងចំណោម
ប្រជារាស្ដ្ររបស់យើង
ពួកគេដាក់អន្ទាក់ចាំចាប់មនុស្ស
ដូចព្រានដាក់អន្ទាក់ចាំចាប់សត្វ។
27 ផ្ទះរបស់ពួកគេមានពោរពេញដោយទ្រព្យ
ដែលគេប្លន់យកបាន
ដូចទ្រុងពេញដោយសត្វស្លាប
គឺពួកគេមានអំណាច និងមានទ្រព្យជាច្រើន
ដោយសារតែអំពើទុច្ចរិតរបស់ខ្លួន។
28 ពួកគេដុះក្បាលពោះ មុខឡើងខ្លាញ់
ពួកគេប្រព្រឹត្តអំពើអាក្រក់ហួសកម្រិត
ពួកគេមិនគិតពីយុត្តិធម៌ទេ
ហើយក៏មិនគោរពសិទ្ធិរបស់ក្មេងកំព្រាដែរ។
ពួកគេចេះតែចម្រើនឡើង
ពួកគេមិនរកយុត្តិធម៌ឲ្យជនក្រីក្រឡើយ។
29 តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេ
ព្រោះតែអំពើទាំងនោះទេឬ?
តើមិនគួរឲ្យយើងសងសឹកប្រជាជាតិ
អាក្រក់បែបនេះទេឬ?
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
30 នៅក្នុងស្រុកនេះមានកើតរឿងអាស្រូវ
ដ៏ថោកទាបបំផុត
31 គឺពួកព្យាការីនាំគ្នាថ្លែងពាក្យ
ក្នុងនាមព្រះក្លែងក្លាយ
ក្រុមបូជាចារ្យគិតតែរកប្រយោជន៍ផ្ទាល់ខ្លួន
ហើយប្រជារាស្ដ្ររបស់យើងពេញចិត្តនឹង
អំពើទាំងនោះណាស់!
ទៅអនាគត តើអ្នករាល់គ្នានឹងធ្វើ
យ៉ាងណាទៀត?»។