ជំពូក ៤

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

«អ៊ីស្រា‌អែល​អើយ

ប្រសិន​បើ​អ្នក​ចង់​វិល​មក​វិញ

ចូរ​វិល​មក​រក​យើង​ចុះ!

ប្រសិន​បើ​អ្នក​យក​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម

ចេញ​ពី​មុខ​យើង

នោះ​អ្នក​នឹង​លែង​វង្វេង ដើរ​គ្មាន​គោល‌ដៅ

ទៀត​ហើយ។

2 ប្រសិន​បើ​អ្នក​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់

ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ

គឺ​ស្បថ​ដោយ​និយាយ​ពាក្យ​ពិត

ស្រប​តាម​យុត្តិធម៌

នោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ

មុខ​ជា​ចង់​បាន​ពរ​ពី​យើង

ព្រម​ទាំង​បាន​ខ្ពស់​មុខ ដោយ‌សារ​យើង​ផង។

3ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មនុស្ស‌ម្នា

នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​ថា

ចូរ​នាំ​គ្នា​កាប់​ឆ្ការ​ចម្ការ​មួយ​ថ្មី

កុំ​សាប​ព្រោះ​នៅ​លើ​ដី​ដែល​មាន​បន្លា​ឡើយ។

4 អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ

ចូរ​នាំ​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​ថ្វាយ​ព្រះ‌អម្ចាស់

ចូរ​ប្រគល់​ចិត្ត​គំនិត​មក​យើង!

បើ​មិន​ដូច្នេះ​ទេ

កំហឹង​របស់​យើង​នឹង​ឆេះ​រាល‌ដាល

ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត

កំហឹង​នេះ​ប្រៀប​ដូច​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ

គ្មាន​នរណា​អាច​ពន្លត់​បាន​ឡើយ»។

យូដា​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន

5 «ចូរ​យក​ដំណឹង​នេះ​ទៅ​ប្រកាស​នៅ​ស្រុក​យូដា

ចូរ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ក្រុង​យេរូ‌សាឡឹម

ចូរ​ស្រែក​ប្រកាស ចូរ​ផ្លុំ​ស្នែង​នៅ​ក្នុង​ស្រុក

ហើយ​ស្រែក​ឲ្យ​អស់​ទំហឹង​ថា:

“ចូរ​ប្រមែ‌ប្រមូល​គ្នា​មក យើង​នឹង​ចូល​ទៅ​ក្នុង

ក្រុង​ទាំង‌ឡាយ​ដែល​មាន​កំពែង​រឹង‌មាំ!”

6 ចូរ​លើក​ទង់​សញ្ញា​ប្រាប់​អ្នក​ក្រុង​ស៊ីយ៉ូន

ចូរ​នាំ​គ្នា​រត់​ទៅ​រក​កន្លែង​ពួន

កុំ​បង្អែ‌បង្អង់​ឲ្យ​សោះ!

ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច

ចេញ​មក​ពី​ទិស​ខាង​ជើង

បណ្តាល​ឲ្យ​មាន​មហន្ត‌រាយ​យ៉ាង​ធ្ងន់‌ធ្ងរ។

7 សត្វ​តោ​លោត​ចេញ​ពី​រូង​របស់​វា​ហើយ

មេ​បំផ្លាញ​ប្រជា‌ជាតិ​នានា​កំពុង​តែ​ចាក​ចេញ

ពី​កន្លែង​របស់​ខ្លួន

ដើម្បី​កម្ទេច​ស្រុក​របស់​អ្នក

ក្រុង​ទាំង‌ឡាយ​របស់​អ្នក​នឹង​ត្រូវ​វិនាស​អន្តរាយ

លែង​មាន​ប្រជាជន​រស់​នៅ​ទៀត​ហើយ។

8 ហេតុ​នេះ ចូរ​នាំ​គ្នា​ស្លៀក​បាវ​កាន់​ទុក្ខ

ចូរ​គក់​ទ្រូង​យំ​សោក​សង្រេង

ដ្បិត​ព្រះ‌អម្ចាស់​នឹង​មិន​បំបែរ​ព្រះ‌ពិរោធ

ដ៏​ខ្លាំង​ក្លា​ចេញ​ពី​យើង​ឡើយ។

9ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា

នៅ​ថ្ងៃ​នោះ ស្តេច និង​នាម៉ឺន​មុខ​ជា​បាក់​ទឹក​ចិត្ត

ក្រុម​បូជា‌ចារ្យ​នឹង​តក់‌ស្លុត

ក្រុម​ព្យាការី​នឹង​ស្រឡាំង‌កាំង។

10 គេ​នឹង​ពោល​ថា “ឱ​ព្រះ‌ជា‌អម្ចាស់​អើយ!

ព្រះ‌អង្គ​បាន​បញ្ឆោត​ទាំង​ប្រជាជន

ទាំង​ក្រុង​យេរូ‌សាឡឹម

គឺ​ព្រះ‌អង្គ​សន្យា​ថា​ក្រុង​នេះ​នឹង​បាន​សុខ‌សាន្ត

ប៉ុន្តែ ឥឡូវ​នេះ បែរ​ជា​មាន​ខ្មាំង​យក​ដាវ

ភ្ជង់​ក​របស់​យើង​ទៅ​វិញ!”»។

ខ្មាំង​សត្រូវ​រាត‌ត្បាត​គ្រប់​ទី​កន្លែង

11 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​មាន​ព្រះ‌បន្ទូល

មក​កាន់​ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម​ថា:

«មាន​ខ្យល់​ក្ដៅ​បក់​ពី​ទី​ខ្ពស់ៗ​នៃ​វាល​រហោ‌ស្ថាន

មក​លើ​ប្រជាជន​របស់​យើង។

ខ្យល់​នោះ​មិន​មែន​បក់​សម្រាប់​រោយ​ស្រូវ​ទេ

12 គឺ​ជា​ខ្យល់​កំបុត‌ត្បូង​ដែល​បក់​បោក

តាម​បញ្ជា​របស់​យើង។

ឥឡូវ​នេះ ដល់​ពេល​យើង​ប្រកាស​កាត់​ទោស

ពួក​គេ​ហើយ»។

13 មើល៍! ខ្មាំង​សត្រូវ​នាំ​គ្នា​មក​ដូច​ពពក​ខ្មៅ​ងងឹត

រទេះ​ចម្បាំង​របស់​គេ​ប្រៀប​បាន​នឹង​ព្យុះ​សង្ឃរា

ទ័ព‌សេះ​របស់​គេ​បោល​លឿន​ជាង​សត្វ​ឥន្ទ្រី។

យើង​ខ្ញុំ​ត្រូវ​វេទនា​ហើយ

យើង​ខ្ញុំ​នឹង​វិនាស​អន្តរាយ​ជា​មិន​ខាន!

14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

«យេរូ‌សាឡឹម​អើយ!

ចូរ​ជម្រះ​អំពើ​អាក្រក់​ចេញ​ពី​ចិត្ត​របស់​អ្នក

ដើម្បី​ទទួល​ការ​សង្គ្រោះ!

តើ​អ្នក​ទុក​ឲ្យ​គំនិត​អាស្រូវ​នេះ

នៅ​ក្នុង​ខ្លួន​អ្នក​ដល់​កាល​ណា​ទៀត?

15 ដ្បិត​មាន​ដំណឹង​មួយ​លេច​ឮ​ពី​ក្រុង​ដាន់

និង​តំបន់​ភ្នំ​អេប្រា‌អ៊ីម

ស្តី​អំពី​មហន្ត‌រាយ​ដែល​នឹង​កើត​មាន។

16 ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​ទាំង‌ឡាយ

ចូរ​ប្រាប់​ឲ្យ​អ្នក​ក្រុង​យេរូ‌សាឡឹម​ដឹង​ថា

ខ្មាំង​សត្រូវ​ពី​ស្រុក​ឆ្ងាយ​កំពុង​តែ​មក​ដល់

ពួក​គេ​ស្រែក​ហ៊ោ

ប្រកាស​សង្គ្រាម​នឹង​ក្រុង​នានា​នៅ​ស្រុក​យូដា។

17 ពួក​គេ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម

ដូច​អ្នក​យាម​នៅ​ជុំ‌វិញ​ចម្ការ​មួយ

ព្រោះ​អ្នក​ក្រុង​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

18 ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​អ្នក

ជា​លទ្ធ‌ផល​នៃ​គំនិត និង​អំពើ​អាក្រក់​របស់​អ្នក

ទុក្ខ​វេទនា​នេះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់

រហូត​ដល់​ជម្រៅ​ចិត្ត»។

លោក​យេរេមី​ស្រណោះ​ជន​ជាតិ​អ៊ីស្រា‌អែល

19 ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ឱរា

ចិត្ត​ខ្ញុំ​ប្រេះ‌ឆា​ពន់​ប្រមាណ

ចិត្ត​ខ្ញុំ​អន្ទះ‌សា ពុំ​អាច​នៅ​ស្ងៀម​ឡើយ

ដ្បិត​ខ្ញុំ​ឮ​សំឡេង​ត្រែ

និង​សម្រែក​ប្រកាស​ប្រយុទ្ធ។

20 ខ្មាំង​បំផ្លាញ​ក្រុង​ទាំង‌ឡាយ​បន្ត​បន្ទាប់​គ្នា

ស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​អន្តរាយ

ផ្ទះ​សំបែង និង​ទី​ជម្រក​របស់​ខ្ញុំ

ត្រូវ​វិនាស​បាត់​បង់​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។

21 តើ​ខ្ញុំ​ត្រូវ​ឃើញ​ទង់​សង្គ្រាម​នេះ​ដល់​កាល​ណា?

តើ​ខ្ញុំ​ត្រូវ​ឮ​សំឡេង​ត្រែ​ដល់​កាល​ណា​ទៀត?

22 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

«ប្រជាជន​របស់​យើង​ល្ងី‌ល្ងើ​ណាស់

គេ​មិន​ស្គាល់​យើង​ទេ

ពួក​គេ​សុទ្ធ​តែ​ជា​ក្មេង​ឆោត​ល្ងង់ ឥត​ប្រាជ្ញា

គឺ​ពួក​គេ​ឆ្លាត​តែ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់

តែ​មិន​ចេះ​ធ្វើ​អំពើ​ល្អ​ឡើយ»។

23 ខ្ញុំ​មើល​ទៅ​ផែន‌ដី

ឃើញ​ផែន‌ដី​គ្មាន​រូប​រាង និង​នៅ​ទទេ

ខ្ញុំ​មើល​ទៅ​លើ​មេឃ

តែ​ពុំ​ឃើញ​មាន​ពន្លឺ​អ្វី​សោះ។

24 ខ្ញុំ​មើល​ទៅ​ភ្នំ​ទាំង‌ឡាយ

ឃើញ​ភ្នំ​ទាំង​នោះ​កក្រើក​រំពើក

រីឯ​ភ្នំ​តូចៗ​ទាំង​ប៉ុន្មាន​ក៏​រញ្ជួយ​ដែរ។

25 ខ្ញុំ​សម្លឹង​មើល​ទៅ ពុំ​ឃើញ​មាន​មនុស្ស​ទេ

សូម្បី​តែ​សត្វ​ស្លាប​ដែល​ហើរ​នៅ​លើ​មេឃ

ក៏​ចាក​ចេញ​បាត់​អស់​ទៅ​ដែរ។

26 ខ្ញុំ​សម្លឹង​មើល ឃើញ​ទឹក​ដី​ដែល​ធ្លាប់​តែ​មាន

ដំណាំ​ដាំ​ដុះ ក្លាយ​ជា​វាល​រហោ‌ស្ថាន

ក្រុង​ទាំង​ប៉ុន្មាន​ត្រូវ​ឆេះ​ខ្ទេច‌ខ្ទី​អស់

ព្រោះ​តែ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌អម្ចាស់។

27ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

«ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​អន្តរាយ

ប៉ុន្តែ យើង​មិន​កម្ទេច​ឲ្យ​វិនាស​សូន្យ

ទាំង​ស្រុង​ទេ។

28 ហេតុ​នេះ​ហើយ​បាន​ជា​ផែន‌ដី​កាន់​ទុក្ខ

ផ្ទៃ​មេឃ​ដែល​នៅ​ខាង​លើ​ក៏​ងងឹត​សូន្យ‌សុង​ដែរ

ដ្បិត​យើង​បាន​សម្រេច​តាម​គម្រោង‌ការ​របស់​យើង

យើង​មិន​សោក​ស្តាយ ឬ​ដូរ​គំនិត​ឡើយ»។

ក្រុង​យេរូ‌សាឡឹម​អន្តរាយ

29 «ពេល​ឮ​សន្ធឹក​ទ័ព‌សេះ និង​ទ័ព​បាញ់​ព្រួញ

ប្រជាជន​ក្នុង​ទីក្រុង​ទាំង​មូល​នាំ​គ្នា​រត់​ភៀស​ខ្លួន

គេ​ចូល​ទៅ​ពួន​នៅ​តាម​គុម្ពោត​ព្រៃ

គេ​ឡើង​ទៅ​ពួន​នៅ​តាម​ថ្ម​ភ្នំ

ទីក្រុង​ទាំង​មូល​ត្រូវ​គេ​បោះ​បង់​ចោល

ឥត​មាន​នៅ​សល់​នរណា​ម្នាក់​សោះ។

30 យេរូ‌សាឡឹម​អើយ

ហេតុ​អ្វី​បាន​ជា​នាង​នៅ​តែ​តុប‌តែង​ខ្លួន

ពាក់​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស

និង​លាប​ត្របក​ភ្នែក?

នាង​ខំ​តែង​ខ្លួន​ដូច្នេះ ឥត​ប្រយោជន៍​ទេ

អស់​អ្នក​ដែល​ចង់​រួមរ័ក​ជា​មួយ​នាង​កាល​ពី​មុន

បែរ​ជា​មើល‌ងាយ និង​រក​សម្លាប់​នាង​ទៅ​វិញ។

31 យើង​ឮ​សំឡេង​ថ្ងូរ​ដូច​សំឡេង​របស់​ស្ត្រី

ដែល​ហៀប​នឹង​សម្រាល​កូន

ជា​សំឡេង​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កូន​ដំបូង

គឺ​សំឡេង​ថ្ងូរ​របស់​ប្រជាជន​ក្រុង​ស៊ីយ៉ូន

ដែល​លើក​ដៃ​ប្រណម្យ​រក​គេ​ជួយ

ដោយ​ពោល​ថា “ខ្ញុំ​វេទនា​ណាស់!

ខ្ញុំ​មុខ​ជា​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​ពេជ្ឈ‌ឃាត!”»។