ពាក្យ​លំនាំ

គម្ពីរ​ព្រះ‌ប្រាជ្ញា​ញាណ

អ្នក​និពន្ធ​កណ្ឌ «ព្រះ‌ប្រាជ្ញា​ញាណ» នេះ​ប្រហែល​ជា​ជន​ជាតិ​យូដា​ដែល​រស់​នៅ​ក្រុង​អាឡិច‌សង់ឌ្រី (ប្រទេស​អេស៊ីប​) ៥០ ឬ ៣០​ឆ្នាំ​មុន​គ.ស.។ លោក​និពន្ធ​ជា​ភាសា​ក្រិក​តែ​ម្តង ហើយ​ខិត​ខំ​ប្រកាស​ជំនឿ​របស់​ជន​ជាតិ​យូដា តាម​គោល​គំនិត និង​តាម​អរិយ‌ធម៌​ក្រិក។ លោក​មាន​បំណង​ចង់​ណែនាំ​ទាំង​ជន​ជាតិ​យូដា​ដែល​ភ្លេច​ភាសា​របស់​ខ្លួន ទាំង​ជន​ជាតិ​ក្រិក​ឲ្យ​យល់​ថា ជំនឿ​របស់​ជន​ជាតិ​យូដា​ពិត​ជា​កេរ​ដ៏​មាន​តម្លៃ​ថ្លៃ​ថ្នូរ។

  • ក្នុង​ភាគ​ទី ១ (ចំពូក​១‑៥) អ្នក​និពន្ធ​រិះ​គិត​អំពី​អនាគត​របស់​អ្នក​មាន​ជំនឿ និង​មនុស្ស​អាក្រក់។ ក្នុង ២,១០-២០ មាន​រៀប​រាប់​អំពី​ទុក្ខ​លំបាក​របស់​មនុស្ស​សុចរិត។
  • ក្នុង​ភាគ​ទី ២​(ចំពូក ៦‑៩, ១២) អ្នក​និពន្ធ​សរសើរ​តម្កើង​ព្រះ‌ប្រាជ្ញា​ញាណ​ដែល​មនុស្ស​លោក ជា​ពិសេស អ្នក​ដឹក​នាំ​ប្រទេស​ត្រូវ​ការ​ទាំង​អស់​គ្នា។ អ្នក​និពន្ធ​សរសេរ​ហាក់​ដូច​ជា​ព្រះ‌បាទ​សាឡូម៉ូន​ផ្ទាល់ ដែល​ជា​អ្នក​មាន​ព្រះ‌ប្រាជ្ញា​ញាណ​ឈ្លាស​វៃ​ជាង​គេ។ ហេតុ​នេះ ជួន​កាល​គេ​ដាក់​ចំណង​ជើង​កណ្ឌ​នេះ​ថា ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះ‌បាទ​សាឡូម៉ូន។
  • ក្នុង​ភាគ​ទី ៣ (៩, ១៣‑១៩, ២២) លោក​បង្ហាញ​ព្រះ‌ប្រាជ្ញា​ញាណ​ដែល​ណែ​នាំ​ប្រវត្តិ‌សាស្រ្ត​ប្រជាជន​អ៊ីស្រា‌អែល ជា​ពិសេស ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប។ លោក​ក៏​ស្តី​បន្ទោស​អ្នក​គោរព​ថ្វាយ​បង្គំ​ព្រះ​ក្លែង‌ក្លាយ។ដោយ​អ្នក​និពន្ធ​រិះ​គិត​អំពី​ជំនឿ​របស់​ជន​ជាតិ​យូដា​តាម​គោល​គំនិត​ក្រិក លោក​បញ្ចេញ​គំនិត​ថ្មី មិន​ដែល​មាន​ក្នុង​កណ្ឌ​ឯ​ទៀតៗ ដូច​ជា​ព្រលឹង និង​រូប​កាយ​ដាច់​ពី​គ្នា វិញ្ញាណ‌ក្ខន្ធ​ដែល​មាន​ជីវិត​អមតៈ​ជា​ដើម។