ជំពូក ១៤

អំពី​អ្នក​សំពៅ​ដែល​ពឹង​លើ​ព្រះ​ក្លែង‌ក្លាយ

1 មាន​បុរស​ម្នាក់​ទៀត​រៀប​ចំ​សំពៅ​ឆ្លង​កាត់​រលក​សមុទ្រ​ដ៏​សាហាវ។ គាត់​បន់​ដុំ​ឈើ​ពុក​ជាង​ឈើ​សំពៅ​ដែល​គាត់​ជិះ។ 2 ដ្បិត​ជាង​ដែល​សង់​សំពៅ បាន​រិះ​គិត​នឹង​សង់​សំពៅ តាម​បច្ចេក‌ទេស​របស់​ជាង​ដ៏​ចំណាន ដើម្បី​ឲ្យ​បាន​ប្រាក់។ 3 បពិត្រ​ព្រះ‌បិតា គឺ​ព្រះ‌អង្គ​ហើយ​ដែល​កាន់​ចង្កូត! ព្រះ‌អង្គ​រៀប​ចំ​ទាំង​អស់​ជា​មុន ព្រះ‌អង្គ​បាន​ត្រួស​ត្រាយ​ផ្លូវ​នៅ​លើ​សមុទ្រ គឺ​ផ្លូវ​ដ៏​រឹង​មាំ​នៅ​លើ​រលក! 4 ដូច្នេះ ព្រះ‌អង្គ​បង្ហាញ​ថា ទោះ​បី​មនុស្ស​ម្នាក់​ធ្វើ​ដំណើរ​កាត់​សមុទ្រ ដោយ​គ្មាន​ការ​ពិសោធ​ក្តី ក៏​ព្រះ‌អង្គ​អាច​សង្រ្គោះ​គេ​ឲ្យ​រួច​ពី​គ្រោះ​កាច​ទាំង‌ឡាយ​ដែរ។ 5 ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្វីៗ​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ដោយ​សារ​ព្រះ‌ប្រាជ្ញា​ញាណ មាន​ប្រយោជន៍។ ហេតុ​នេះ មនុស្ស​ដែល​ផ្ញើ​ជីវិត​លើ​សំពៅ​ធ្វើ​អំពី​ឈើ អាច​ឆ្លង​សមុទ្រ​ដែល​មាន​រលក​ធំៗ និង​រួច​ពី​គ្រោះ​ថ្នាក់​ទាំង​អស់។ 6 យ៉ាង​ណា​មិញ កាល​ពី​ដើម​ដំបូង មនុស្ស​ដែល​មាន​មាឌ​ធំ ហើយ​អួត​បំប៉ោង​ត្រូវ​វិនាស​អន្ត‌រាយ។ រីឯ​សេចក្តី​សង្ឃឹម​របស់​មនុស្ស​លោក ដែល​យក​ក្បូន ធ្វើ​ជា​ជម្រក​បាន​រក្សា​ពូជ​មនុស្ស​ទុក​សម្រាប់​អនាគត​ដោយ​សារ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ​ណែនាំ​ក្បូន​នោះ។
7 សូម​ឲ្យ​ឈើ​ដែល​នាំ​សេចក្តី​សុចរិត មក​នោះ​បាន​ទទួល​ពរ! 8 តែ​សូម​ឲ្យ​ទាំង​រូប​ព្រះ​ក្លែង‌ក្លាយ និង​ជាង​ដែល​ឆ្លាក់​វា ត្រូវ​បណ្តា​សា គឺ​ជាង​ត្រូវ​បណ្តា​សា​មក​ពី​បាន​ឆ្លាក់​រូប ហើយ​រូប​ត្រូវ​បណ្តា​សា មក​ពី​គេ​គោរព​ទុក​ជា​ព្រះ តាម​ពិត វា​គ្រាន់​តែ​ជា​ឈើ ដែល​រមែង​តែង​តែ​ពុក​ប៉ុណ្ណោះ។ 9 ព្រះ‌ជាម្ចាស់​ស្អប់​មនុស្ស​ពាល និង​អំពើ​ពាល​របស់​គេ។ 10 ដូច្នេះ ស្នា​ដៃ​ត្រូវ​ទទួល​ទារុណ‌កម្ម ដូច​ជាង​ដែល​ឆ្លាក់​វា​ដែរ។ 11 ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​នឹង​យាង​មក​វិនិច្ឆ័យ​ទោស​រូប​ព្រះ​ក្លែង‌ក្លាយ​របស់​ប្រជា‌ជាតិ​នានា។ ព្រះ‌ជាម្ចាស់​ស្អប់​ខ្ពើម​រូប​ទាំង​នោះ ទោះបី​រូប​ទាំង​នោះ​នៅ​ក្នុង​ចំណោម​សត្វ​លោក​ដែល​ព្រះ‌អង្គ​បង្កើត​មក​ក៏​ដោយ ក៏​ព្រោះ​វា​បាន​ទាក់​ទាញ​ចិត្ត​មនុស្ស​លោក​ឲ្យ​ជំពប់‌ដួល និង​ជា​អន្ទាក់​សម្រាប់​ចាប់​មនុស្ស​ឆោត​ល្ងង់។

ដើម​កំណើត​របស់​រូប​ចម្លាក់

12 ការ​ក្បត់​សម្ពន្ធ‌មេត្រី​របៀប​នេះ បណ្តាល​មក​ពី​គំនិត​ចង់​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ។ ព្រះ​ក្លែង‌ក្លាយ​ទាំង​នោះ​បាន​បង្ខូច​ជីវិត​មនុស្ស​លោក។ 13 កាល​ដើម​ដំបូង​គ្មាន​រូប​ទាំង​នោះ​ទេ ហើយ​វា​ក៏​មិន​នៅ​ស្ថិត​ស្ថេរ​រហូត​អស់​កល្ប‌ជានិច្ច​ដែរ។ 14 ព្រះ​ក្លែង‌ក្លាយ​ចូល​មក​ក្នុង​លោក​នេះ ដោយ​ជំនឿ​អកុសល​របស់​មនុស្ស។ ហេតុ​នេះ​ហើយ វា​ត្រូវ​វិនាស​អន្ត‌រាយ​ឆាប់ៗ​តាម​ពេល​កំណត់។
15 ឧបមា​ថា មាន​ឪពុក​ម្នាក់​កើត​ទុក្ខ​ជា​ទម្ងន់​ដោយ​កូន​របស់​គាត់​បាត់​បង់​ជីវិត ក្នុង​ពេល​នៅ​ក្មេង​នៅ​ឡើយ។ គាត់​ឲ្យ​គេ​ធ្វើ​រូប​តំណាង​កូន ដែល​បាត់​បង់​ជីវិត​ក្នុង​ពេល​នៅ​ក្មេង​នោះ។ ដូច្នេះ គាត់​ក៏​គោរព​រូប​កូន​ទុក​ជា​ព្រះ ហើយ​ណែនាំ​ក្រុម​គ្រួសារ​ឲ្យ​រៀប​ចំ​បុណ្យ និង​ពិធី​សែន​ព្រេន​ផ្សេងៗ​តរៀង​ទៅ។ 16 ក្រោយ​មក គេ​នាំ​គ្នា​គោរព​ប្រ​ពៃណី​ដ៏​ពាល​នេះ ទុក​ជា​ច្បាប់​ទម្លាប់​ដែល​មាន​ឥទ្ធិពល​ដ៏​យូរ​លង់។
មួយ​វិញ​ទៀត គេ​នាំ​គ្នា​គោរព​រូប​ចម្លាក់​តាម​បញ្ជា​របស់​អ្នក​កាន់​អំណាច។ 17 ដោយ​ប្រជាជន​ពុំ​អាច​គោរព​ព្រះ‌មហា​ក្សត្រ នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​ផ្ទាល់ ព្រោះ​ស្តេច​គង់​នៅ​ឆ្ងាយ គេ​នាំ​គ្នា​ធ្វើ​រូប​តំណាង​ក្នុង​ស្រុក​របស់​ខ្លួន ដើម្បី​យក​ចិត្ត​ទុក​ដាក់​គោរព​ព្រះ‌មហា​ក្សត្រ​ដែល​ពុំ​គង់​ជា​មួយ ហាក់​ដូច​ជា​ស្តេច​គង់​នៅ​ទី​នោះ​ដែរ។ 18 សូម្បី​តែ​អ្នក​មិន​ស្គាល់​ព្រះ‌មហា​ក្សត្រ ក៏​យក​ចិត្ត​ទុក​ដាក់​គោរព​រូប​ទាំង​នោះ​តាម​បំណង​របស់​វិចិត្រ‌ករ។ 19 វិចិត្រ‌ករ​ចង់​ផ្គាប់​ព្រះ‌ហឫទ័យ​ព្រះ‌មហា​ក្សត្រ ក៏​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ប្រើ​បច្ចេក‌ទេស​របស់​ខ្លួន ធ្វើ​រូប​តំណាង​ឲ្យ​បាន​ល្អ​ជាង​ម្ចាស់។ 20 មហា​ជន​ចាញ់​បញ្ឆោត​លំអ​នៃ​ស្នា​ដៃ​នោះ ហើយ​នាំ​គ្នា​ថ្វាយ​បង្គំ​រូប​របស់​ស្តេច ដែល​ពី​មុន​គេ​តែង​គោរព​ទុក​ជា​មនុស្ស​ប៉ុណ្ណោះ។ 21 រូប​នោះ​បាន​ក្លាយ​ទៅ​ជា​អន្ទាក់​សម្រាប់​មនុស្ស​ជាតិ គឺ​ពេល​ណា​គេ​រង​ទុក្ខ​ដោយ​សារ​គ្រោះ​កាច ឬ​ដោយ​សារ​អ្នក​កាន់​អំណាច គេ​បន់​ស្រន់​រូប​ធ្វើ​ពី​ថ្ម និង​រូប​ធ្វើ​ពី​ឈើ ទុក​ដូច​ព្រះ‌ជាម្ចាស់​តែ​មួយ​អង្គ​គត់។

ផល​វិបាក​នែ​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ

22 ពួក​គេ​មិន​គ្រាន់​តែ​វង្វេង​ក្នុង​ការ​ស្គាល់​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ទេ លើស​ពី​នោះ ពួក​គេ​រស់​នៅ​ក្នុង​លោក​នេះ​ដែល​មាន​ការ​ទាស់​ទែង​គ្នា​យ៉ាង​ខ្លាំង បណ្តាល​មក​ពី​ការ​មិន​ដឹង​ខុស​ត្រូវ ហើយ​ពួក​គេ​ហៅ​អំពើ​យង់​ឃ្នង​ទាំង​នោះ​ថា សេចក្តី​សុខ​សាន្ត។ 23 ពួក​គេ​យក​កូន​ក្មេង​ធ្វើ​បូជា‌យញ្ញ ធ្វើ​ពិធី​លាក់​កំបាំង ដង្ហែ​ក្បួន​គួរ​ឲ្យ​ព្រឺ​ខ្លាច។ 24 ពួក​គេ​មិន​គោរព​ជីវិត​មនុស្ស មិន​គោរព​ភាព​បរិសុទ្ធ​នៃ​ការ​រស់​នៅ​ជា​គូ​ស្វាមី​ភរិយា។ បុរស​ម្នាក់​សម្លាប់​បុរស​ម្នាក់​ដោយ​ចិត្ត​ក្បត់ ឬ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចិត្ត ដោយ​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​របស់​គេ។ 25 ការ​អាក្រក់​ទាំង​នេះ​ចូល​លាយ​ឡំ​គ្នា គឺ​ការ​បង្ហូរ​ឈាម ឃាត​កម្ម ការ​លួច​ប្លន់ ការ​បោក​ប្រាស់ អំពើ​ពុក​រលួយ ការ​មិន​ទុក​ចិត្ត​គ្នា ការ​ជ្រួល​ច្របល់ ការ​ស្បថ​បំពាន 26 ធ្វើ​បាប​ជន​សប្បុរស រមឹល‌គុណ អសីល‌ធម៌ រួម​បវេណី​នឹង​ភេទ​ដូច​គ្នា វិបត្តិ​ក្នុង​ការ​រស់​នៅ​ជា​គូស្វាមី​ភរិយា អំពើ​ផិត​ក្បត់ និង​អំពើ​ប្រាស​ចាក​សីល‌ធម៌។
27 ការ​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ​ដែល​យើង​មិន​អាច​លើក​ឈ្មោះ​មក​ថ្លែង​បាន ជា​ដើម​ដំបូង និង​ជា​ចុង​បំផុត ហើយ​ជា​មួយ​មូល​ហេតុ និង​លទ្ធផល​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង។ 28 អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​ក្លែង‌ក្លាយ តែង​តែ​វង្វេង​ស្មារតី ហើយ​ពេល​ត្រេក​ត្រអាល​ក្នុង​ការ​ភ្លឹក គេ​ថ្លែង​ទំនាយ​ក្លែង‌ក្លាយ។ពួក​គេ​រស់​នៅ​តាម​របៀប​ទុច្ច‌រិត​ហើយ​ក្រឡាស់​ពាក្យ​សម្ដី​ភ្លាមៗ។ 29 ដោយ​យក​ព្រះ​ក្លែង‌ក្លាយ​ឥត​វិញ្ញាណ​ធ្វើ​ជា​សាក្សី នៅ​ពេល​ស្បថ ពួក​គេ​មិន​ខ្លាច​ទទួល​ទោស ដោយ​បាន​ស្បថ​បំពាន​បែប​នេះ​ទេ! 30 ពួក​គេ​ត្រូវ​ទទួល​ទោស​ទ្វេ​ឡើង ព្រោះ​ម្យ៉ាង​ពួក​គេ​យល់​ច្រឡំ​អំពី​ព្រះ‌ជាម្ចាស់ ដោយ​ទៅ​ពឹង​លើ​ព្រះ​ក្លែង‌ក្លាយ ហើយ​ម្យ៉ាង​ទៀត ពួក​គេ​បាន​ស្បថ​ក្លែង‌ក្លាយ​ដោយ​ប្រើ​កល‌ល្បិច​ទាំង​មើល​ងាយ​ភាព​វិសុទ្ធ​របស់​ព្រះ‌អង្គ​ផង។ 31 ទោះ​បី​ពួក​គេ​មិន​ខ្លាច​ឫទ្ធា‌នុភាព​របស់​រូប​ព្រះ​ក្លែង‌ក្លាយ ដែល​គេ​យក​មក​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ស្បថ​នោះ​ក្តី ក៏​ពួក​គេ​ត្រូវ​ទទួល​ទោស​តាម​យុត្តិ‌ធម៌ សម​នឹង​អំពើ​ទុច្ច‌រិត​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។