ជំពូក ៥
1 ពេលនោះ មនុស្សសុចរិតនឹងឈរយ៉ាងអង់អាច នៅចំពោះមុខពួកអ្នកដែលសង្កត់សង្កិន និងមើលងាយការខិតខំប្រឹងប្រែងរបស់គាត់។ 2 ពួកគេឃើញ ហើយជ្រួលច្របល់ទាំងភ័យញ័រខ្លួន និងស្រឡាំងកាំង ដោយឃើញថា គាត់រួចជីវិត ផ្ទុយពីការស្មានរបស់ពួកគេ។ 3 ពួកគេតឹងទ្រូង ហើយត្អូញត្អែរ និយាយគ្នាទាំងសោកស្តាយថា៖ 4 «អ្នកនេះហើយដែលយើងចំអកដាក់កាលពីមុន! យើងបានត្មះតិះដៀលគាត់! យើងពិតជាមនុស្សឆោតល្ងង់មែន! យើងស្មានថា របៀបរស់នៅរបស់គាត់ជាការលេលា និងស្មានថាការស្លាប់របស់គាត់ជាការអាម៉ាស់។ 5 តែឥឡូវនេះ ព្រះជាម្ចាស់បញ្ចូលគាត់ទៅក្នុងចំណោមបុត្រធីតារបស់ព្រះអង្គ គាត់ក៏រួមចំណែកជាមួយប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គដែរ!។ 6 ដូច្នេះ យើងវង្វេងឆ្ងាយពីមាគ៌ានៃសេចក្តីពិត ពន្លឺនៃសេចក្តីសុចរិតមិនបានបំភ្លឺដំណើរជីវិតរបស់យើងទេ! ព្រះអាទិត្យក៏មិនបានរះបំភ្លឺយើងដែរ! 7 យើងបានដើរតាមផ្លូវទុច្ចរិត ដែលនាំឲ្យវិនាសអន្តរាយ រហូតដល់ឆ្អែតចិត្ត ហើយបានដើរកាត់វាលរហោស្ថានដែលគ្មានផ្លូវ តែយើងមិនព្រមទទួលស្គាល់មាគ៌ារបស់ព្រះអម្ចាស់ទេ។ 8 តើការក្រអឺតក្រទមរបស់យើង បានប្រយោជន៍អ្វី? តើទ្រព្យសម្បត្តិដ៏បរិបូណ៌ ដែលជាទីអួតអាងរបស់យើង បានផ្តល់អ្វីដល់យើង? 9 អ្វីៗទាំងនេះរសាត់បាត់ទៅដូចស្រមោល គឺដូចជាដំណឹងដែលឮហើយភ្លេចភ្លាម។ 10 ជីវិតរបស់យើងប្រៀបដូចជាសំពៅជ្រែករលកសមុទ្រ តែមិនទុកដានអ្វីសោះឡើយ។ 11 ជីវិតរបស់យើងប្រៀបបាននឹងសត្វដែលហើរនៅលើអាកាសវេហាស៍ គ្មាននរណាមើលឃើញផ្លូវរបស់វាទេ វាទទះស្លាបហោះជ្រែកអាកាសទៅមុខ ដោយឥតទុកដានឲ្យគេឃើញថា វាហោះតាមផ្លូវណាឡើយ។ 12 ជីវិតរបស់យើងក៏ប្រៀបបាននឹងព្រួញ ដែលគេបាញ់ឆ្ពោះទៅទីដៅ វាជ្រែកអាកាស តែអាកាសនៅដដែល គឺវាមិនទុកដានឲ្យគេឃើញថា ព្រួញនោះហោះតាមណាទេ។ 13 រីឯយើងវិញក៏ដូច្នោះដែរ យើងកើតមក ហើយបាត់បង់ជីវិតទៅវិញភ្លាម ដោយមិនបន្សល់ទុកនូវកិរិយាល្អពីក្រោយយើងឡើយ យើងបានបំផ្លាញជីវិតរបស់យើងដោយប្រព្រឹត្តអំពើអាក្រក់»។
14 សេចក្តីសង្ឃឹមរបស់ជនពាលប្រៀបដូចជាអង្កាម ដែលខ្យល់ផាត់យកទៅ ឬដូចពពុះទឹកដែលខ្យល់ព្យុះបក់យកទៅ ឬដូចផ្សែងដែលរលាយតាមខ្យល់។ មនុស្សម្នានឹងភ្លេចជនពាលដូចភ្លេចភ្ញៀវ ដែលបានមកស្នាក់នៅតែមួយយប់ប៉ុណ្ណោះ។
អនាគតដ៏រុងរឿងរបស់មនុស្សសុចរិត
15 រីឯមនុស្សសុចរិតវិញ ពួកគេរស់នៅអស់កល្បជានិច្ច ហើយទទួលរង្វាន់ពីព្រះអម្ចាស់។ ព្រះដ៏ខ្ពង់ខ្ពស់បំផុតថែរក្សាពួកគេ។ 16 ហេតុនេះ ពួកគេនឹងទទួលព្រះរាជ្យដ៏រុងរឿង ព្រមទាំងមកុដដ៏ល្អប្រសើរបំផុតពីព្រះអម្ចាស់ ដ្បិតព្រះបារមីព្រះអង្គនឹងគ្របបាំងពួកគេ ហើយព្រះអង្គនឹងការពារពួកគេ ដោយឫទ្ធានុភាពរបស់ព្រះអង្គដែរ។ 17 ព្រះជាម្ចាស់យកព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងរបស់ព្រះអង្គ ធ្វើជាគ្រឿងសឹក ព្រះអង្គយកអ្វីៗដែលព្រះអង្គបង្កើតមក ធ្វើជាអាវុធ។ 18 ព្រះអង្គនឹងពាក់សេចក្តីសុចរិត ធ្វើជាអាវក្រោះ ហើយយកការវិនិច្ឆ័យតាមយុត្តិធម៌ ធ្វើជាមួកដែក។ 19 ព្រះអង្គយកភាពវិសុទ្ធរបស់ព្រះអង្គធ្វើជាខែលដែលគ្មាននរណាអាចឈ្នះបាន 20 ហើយយកព្រះពិរោធដ៏ឥតត្រាប្រណី ធ្វើជាដាវដ៏មុត។ ពិភពទាំងមូលនឹងរួមជាមួយព្រះអង្គ ធ្វើសឹកប្រឆាំងនឹងពួកឆោតល្ងង់។ 21 រន្ទះនឹងបាញ់ចេញពីពពកដូចព្រួញដែលបាញ់ពីធ្នូដ៏តឹង តម្រង់យ៉ាងលឿនឆ្ពោះទៅទីដៅ។ 22 គ្រាប់ព្រឹលធា្លក់យ៉ាងសាហាវបំផុត ធា្លក់ដូចថ្មដែលគេបាញ់ដោយដង្ហក់។ រលកទឹកសមុទ្រនឹងបក់បោកលើខ្មាំងសត្រូវរបស់ព្រះអង្គ ហើយទឹកទន្លេនឹងពន្លិចពួកគេដោយឥតត្រាប្រណីដែរ។ 23 ខ្យល់ដ៏ខ្លាំងក្លានឹងបក់បោកមកលើពួកគេ ហើយផាត់ពួកគេយកទៅដូចខ្យល់ព្យុះ។ ផែនដីទាំងមូលនឹងក្លាយទៅជាទីស្មសាន ព្រោះតែអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ហើយអ្នកកាន់អំណាចនឹងត្រូវធ្លាក់ពីបល្ល័ង្ករបស់ខ្លួន ព្រោះអំពើអាក្រក់ដែលគេប្រព្រឹត្ត។