ជំពូក ៨

1 ព្រះ‌ប្រាជ្ញា​ញាណ​លាត​ត្រដាង​ឫទ្ធា‌នុភាព​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង ហើយ​ត្រួត​ត្រា​អ្វីៗ​ទាំង​អស់ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស។

ព្រះ‌ប្រាជ្ញា​ញាណ​ជា​មហេសី​ដ៏​ប្រសើរ​បំផុត

2 ខ្ញុំ​ស្រឡាញ់ ហើយ​ខំ​ស្វះ​ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណ​តាំង​ពី​យុវ​វ័យ​មក ខ្ញុំ​ក៏​ចាប់​ចិត្ត​នឹង​សម្រស់​របស់​ព្រះ‌ប្រាជ្ញា​ញាណ ព្រម​ទាំង​ចង់​យក​មក​ធ្វើ​ជា​មហេសី​របស់​ខ្ញុំ​ថែម​ទៀត​ផង។ 3 ដោយ​រួម​រស់​ជា​មួយ​ព្រះ‌ជាម្ចាស់ ព្រះ‌ប្រាជ្ញា​ញាណ​មាន​សិរី​រុង‌រឿង​លើស​អភិ‌ជន​នានា ហើយ​ព្រះ​ដែល​ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់​ក៏​ស្រឡាញ់​ព្រះ‌ប្រាជ្ញា​ញាណ​ដែរ។ 4 ព្រះ‌ប្រាជ្ញា​ញាណ​ឈ្វេង​យល់​ព្រះ​តម្រិះ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់ ហើយ​ផ្តល់​គំនិត​ក្នុង​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​សម្រេច​ធ្វើ។ 5 ក្នុង​លោក​នេះ មនុស្ស​ប្រាថ្នា​ចង់​បាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន។ ប៉ុន្តែ គ្មាន​អ្វី​មាន​តម្លៃ​ជាង​ព្រះ‌ប្រាជ្ញា​ញាណ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នោះ​ឡើយ! 6 បើ​ប្រាជ្ញា​របស់​មនុស្ស​យើង​ចេះ​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធ‌ភាព​ប៉ុណ្ណឹង​ទៅ​ហើយ ចុះ​ចំណង់​បើ​ព្រះ‌ប្រាជ្ញា​ញាណ​ដែល​បាន​ច្នៃ​បង្កើត​អ្វីៗ​ទាំង​អស់ តើ​រឹត​តែ​មាន​ប្រសិទ្ធ‌ភាព​យ៉ាង​ណា​ទៅ​ទៀត។ 7 តើ​មាន​នរណា​ស្រឡាញ់​សេចក្តី​សុចរិត​ឬ​ទេ? កិរិយា​ល្អ​គ្រប់​យ៉ាង​សុទ្ធ​តែ​ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌ប្រាជ្ញា​ញាណ គឺ​ព្រះ‌អង្គ​បង្រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត ចេះ​រិះ‌គិត​ពិចារណា មាន​សេចក្តី​សុចរិត និង​ចិត្ត​ក្លាហាន។ ក្នុង​ជីវិត​មនុស្ស​យើង គ្មាន​អ្វី​មាន​ប្រយោជន៍​ជាង​កិរិយា​ល្អ​ទាំង​នោះ​ទេ។ 8 តើ​មាន​នរណា​ចង់​បាន​បទ‌ពិសោធន៍​ដ៏​យូរ​លង់​ឬទេ? ព្រះ‌ប្រាជ្ញា​ញាណ​ជ្រាប​អតីត​កាល និង​អនាគត‌កាល។ ព្រះ‌អង្គ​ចេះ​បក​ស្រាយ ពាក្យ​ពេចន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​ចេះ​កាត់​ប្រស្នា ព្រះ‌អង្គ​ជ្រាប​ជា​មុន នូវ​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​អភូត​ហេតុ​នានា ព្រម​ទាំង​ជ្រាប​អំពី​ពេល​វេលា ដែល​មាន​នក្ខត្ត​ឫក្ស​ដែរ។ 9 ហេតុ​នេះ ខ្ញុំ​សម្រេច​ចិត្ត​យក​ព្រះ‌ប្រាជ្ញា​ញាណ​មក​ធ្វើ​ជា​គូគាប់ រួម​រស់​ជា​មួយ​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា ព្រះ‌ប្រាជ្ញា​ញាណ​នឹង​ផ្តល់​យោបល់​យ៉ាង​ល្អ​ប្រពៃ​ដល់​ខ្ញុំ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ខ្ញុំ​នៅ​ពេល​ខ្ញុំ​មាន​កង្វល់ និង​កើត​ទុក្ខ​ផង។ 10 ខ្ញុំ​យល់​ឃើញ​ថា ដោយ​សារ​ព្រះ‌ប្រាជ្ញា​ញាណ​នេះ មហា​ជន​មុខ​ជា​លើក​តម្កើង​ខ្ញុំ ទោះបី​ខ្ញុំ​នៅ​ក្មេង​ក្តី ក៏​ចាស់​ទុំ​គោរព​ខ្ញុំ​ដែរ។ 11 ពេល​ខ្ញុំ​កាត់​ក្តី គេ​មុខ​ជា​ឃើញ​ថា ខ្ញុំ​ឈ្លាស​វៃ ហើយ​អ្នក​កាន់​អំណាច​នានា មុខ​ជា​ស្ងើច​សរសើរ​ខ្ញុំ។ 12 ពេល​ខ្ញុំ​នៅ​ស្ងៀម អស់​លោក​ទាំង​នោះ​នឹង​រង់​ចាំ​ស្តាប់​ខ្ញុំ​និយាយ ពេល​ខ្ញុំ​និយាយ គេ​មុខ​ជា​ត្រង​ត្រាប់​ស្តាប់ ពេល​ខ្ញុំ​និយាយ​យូរ គេ​នៅ​ស្ងៀម ហើយ​កោត​សរសើរ​ខ្ញុំ​ក្នុង​ចិត្ត។ 13 ដោយ​សារ​ព្រះ‌ប្រាជ្ញា​ញាណ ខ្ញុំ​នឹង​មាន​ជីវិត​អមតៈ ហើយ​អស់​អ្នក​ដែល​រស់​នៅ​ក្រោយ​ខ្ញុំ នឹង​នឹក​ចាំ​ពី​ខ្ញុំ​អស់​កល្ប‌ជានិច្ច។ 14 ខ្ញុំ​នឹង​គ្រប់​គ្រង​លើ​ជាតិ​សាសន៍​នានា ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​នៅ​ក្រោម​អំណាច​របស់​ខ្ញុំ។ 15 ពេល​ឮ​ឈ្មោះ​ខ្ញុំ ស្តេច​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​នាំ​គ្នា​តក់​ស្លុត។ ខ្ញុំ​នឹង​សម្ដែង​ចិត្ត​សប្បុរស​ចំពោះ​ប្រជាជន​របស់​ខ្ញុំ ហើយ​សម្ដែង​ចិត្ត​ក្លាហាន​នៅ​ពេល​ធ្វើ​សឹក​សង្រ្គាម។ 16 កាល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​នឹង​សម្រាក​នៅ​ក្បែរ​ព្រះ‌ប្រាជ្ញា​ញាណ ដ្បិត​អ្នក​នៅ​ជា​មួយ​ព្រះ‌ប្រាជ្ញា​ញាណ​មិន​ដែល​មាន​ចិត្ត​ជូរ​ចត់​ទេ។ ការ​រួម​រស់​ជា​មួយ​ព្រះ‌ប្រាជ្ញា​ញាណ​ក៏​មិន​បណ្តោយ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ដែរ គឺ​មាន​តែ​សេចក្តី​សុខ និង​អំណរ​សប្បាយ​ប៉ុណ្ណោះ។
17 ខ្ញុំ​បាន​រិះ​គិត​អំពី​សេចក្តី​ទាំង​នេះ ហើយ​យល់​ឃើញ​ថា ការ​រួម​រស់​ជា​មួយ​ព្រះ‌ប្រាជ្ញា​ញាណ​ធ្វើ​ឲ្យ​មាន​ជីវិត​អមតៈ។ 18 ចំណង​មិត្ត​ភាព​ជា​មួយ​ព្រះ‌ប្រាជ្ញា​ញាណ​ជា​ប្រភព​នៃ​សុភមង្គល​ដ៏​ពេញ​លក្ខណៈ សកម្ម‌ភាព​របស់​ព្រះ‌ប្រាជ្ញា​ញាណ​ផ្តល់​ទ្រព្យ‌សម្បត្តិ​ដែល​មិន​ចេះ​រលស់។ ខ្ញុំ​ក៏​យល់​ថា ទំនាក់​ទំនង​ជា​ប្រក្រតី​ជា​មួយ​ព្រះ‌ប្រាជ្ញា​ញាណ​រមែង​ធ្វើ​ឲ្យ​មាន​សុភ‌និច្ឆ័យ ហើយ​ការ​សន្ទនា​ជា​មួយ​ព្រះ‌ប្រាជ្ញា​ញាណ​រមែង​ធ្វើ​ឲ្យ​មាន​កិត្តិ‌នាម។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ដើរ​រក​ព្រះ‌ប្រាជ្ញា​ញាណ​គ្រប់​ទី​កន្លែង ដើម្បី​យក​មក​ធ្វើ​ជា​មហេសី​របស់​ខ្ញុំ។ 19 ខ្ញុំ​កើត​ក្នុង​វង្ស​ត្រកូល​ខ្ពស់​មែន ខ្ញុំ​ក៏​ទទួល​ព្រលឹង​ដ៏​ល្អ​ប្រសើរ​ដែរ 20 ឬ​បើ​និយាយ​ឲ្យ​ត្រូវ​ជាង​នេះ​ទៅ​ទៀត ដោយ​ខ្ញុំ​មាន​ព្រលឹង​ដ៏​ល្អ​ប្រសើរ ខ្ញុំ​ក៏​ចូល​មក​ក្នុង​រូប​កាយ​ដ៏​ឥត​សៅ​ហ្មង។ 21 ប៉ុន្តែ ខ្ញុំ​ដឹង​ថា បើ​ព្រះ‌ជាម្ចាស់​មិន​ប្រោស​ប្រទាន​ទេ​នោះ ខ្ញុំ​ពុំ​អាច​ទទួល​ព្រះ‌ប្រាជ្ញា​ញាណ​ឡើយ! ដោយ​ខ្ញុំ​ទទួល​ស្គាល់​ថា ព្រះ‌អំណោយ​ទាន​នេះ​មក​ពី​ព្រះ‌អង្គ ដូច្នេះ​ស​ឲ្យ​ឃើញ​ថា ខ្ញុំ​ចេះ​គិត​ពិចារណា​ហើយ។ ហេតុ​នេះ ខ្ញុំ​ទូល​អង្វរ​ព្រះ‌អម្ចាស់ អស់​ពី​ដួង​ចិត្ត​ថា៖