ជំពូក ៤
1 មានកិរិយាល្អឥតខ្ចោះ ប្រសើរជាងមានកូន។ គេនឹកដល់អស់អ្នកដែលមានកិរិយាល្អអស់កល្បជានិច្ច ដ្បិតព្រះជាម្ចាស់ និងមនុស្សលោកទទួលស្គាល់អ្នកដែលមានកិរិយាល្អបែបនេះ។ 2 ពេលអ្នកទាំងនោះនៅរស់ មនុស្សម្នាយកតម្រាប់តាមពួកគេ ពេលគេលាចាកលោកនេះផុតទៅ មនុស្សម្នាអាឡោះអាល័យពួកគេ។ អ្នកមានកិរិយាល្អនឹងពាក់ភួងជ័យ ព្រោះពួកគេទទួលជ័យជម្នះក្នុងការប្រយុទ្ធដ៏ត្រឹមត្រូវ ដណ្តើមយករង្វាន់។ 3 ផ្ទុយទៅវិញ ពូជពង្សរបស់ជនពាលដែលប្រមាថព្រះជាម្ចាស់ ទោះបីគេមានគ្នាច្រើនយ៉ាងណាក្តី ក៏ឥតបានការដែរ។ គេគ្មានគ្រឹះរឹងមាំឡើយ គឺប្រៀបបាននឹងគល់ឈើដែលចាក់ឫសមិនជ្រៅ។ 4 ទោះបីគល់ឈើទាំងនោះដុះខ្នែងបែកមែកសាខាមួយគ្រាក្តី ក៏វាមិននឹងនរដែរ។ ពេលមានខ្យល់ព្យុះបក់បោកមក វានឹងរង្គើ ហើយរលើងអស់។ 5 មែកខ្ចីៗរបស់វានឹងត្រូវបាក់ ហើយក្តិបរបស់វាក៏ឥតបានការ ព្រោះខ្ចីពេកបរិភោគមិនកើត។ 6 នៅថ្ងៃព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោសមនុស្សលោក កូនដែលកើតពីអំពើប្រាសចាកសីលធម៌ នឹងធ្វើជាសាក្សីបញ្ជាក់អំពី កិរិយាអាក្រក់របស់ឪពុកម្តាយខ្លួន។
សេចក្តីស្លាប់របស់មនុស្សសុចរិត នៅពេលវ័យក្មេង
7 រីឯមនុស្សសុចរិតវិញ ទោះបីគេស្លាប់នៅវ័យក្មេងក្តី ក៏គេបានសម្រាកដោយសុខសាន្តដែរ។ 8 អាយុជីវិតដែលមានតម្លៃ មិនមែនមកពីមានអាយុវែង ហើយរស់បានយូរឆ្នាំនោះទេ។ 9 មនុស្សមានប្រាជ្ញា ប្រសើរជាងមានសក់ស្កូវ ជីវិតឥតសៅហ្មង ក៏ប្រសើរជាងមានអាយុវែងដែរ។
10 មនុស្សសុចរិតរមែងគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយព្រះអង្គក៏ស្រឡាញ់គាត់ដែរ។ គាត់រស់នៅក្នុងចំណោមមនុស្សបាប ព្រះអង្គលើកគាត់ទៅ 11 ព្រះអង្គលើកគាត់ឡើងទៅដូច្នេះ ដើម្បីកុំឲ្យឥទ្ធិពលអាក្រក់ បង្ខូចប្រាជ្ញារបស់គាត់ និងកុំឲ្យកលល្បិចអូសទាញគាត់។ 12 សេចក្តីអាក្រក់រមែងពង្វក់មនុស្សមិនឲ្យមើលអំពើល្អឃើញច្បាស់ រីឯតណ្ហាពុះកញ្ជ្រោលក៏រមែងធ្វើឲ្យគំនិតត្រឹមត្រូវ ក្លាយទៅជាវង្វេងដែរ។ 13 មនុស្សសុចរិតបានពេញលក្ខណៈក្នុងរយៈពេលដ៏ខ្លី ហើយគាត់ដូចជារស់នៅបានយ៉ាងយូរ។ 14 ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងរបៀបរស់នៅរបស់គាត់ ហេតុនេះហើយបានជាព្រះអង្គដកគាត់ចេញពីចំណោមមនុស្សអាក្រក់យ៉ាងប្រញាប់។ មនុស្សម្នាឃើញការនេះ តែមិនយល់ទេ គេមិនបានរិះគិតអំពីហេតុការណ៍នេះឡើយ។ 15 គឺថា ព្រះអម្ចាស់មានព្រះហឫទ័យប្រណីសន្តោស និងមេត្តាករុណាចំពោះអស់អ្នកដែលព្រះអង្គបានជ្រើសរើស ហើយតាមការពារប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ។
16 មនុស្សសុចរិត ទោះបីស្លាប់ក្តី ក៏នៅតែដាក់ទោសជនពាលដែលនៅរស់។ យុវជនដែលឆាប់ពេញលក្ខណៈ ក៏ដាក់ទោសមនុស្សចាស់ជរាដែលទុច្ចរិតដែរ។ 17 មនុស្សម្នាឃើញអ្នកមានប្រាជ្ញាទទួលមរណភាពដូច្នេះ គេមិនយល់អំពីគម្រោងការរបស់ព្រះអម្ចាស់ចំពោះគាត់ឡើយ គេក៏មិនយល់ពីមូលហេតុដែលព្រះអង្គដកគាត់ ឲ្យទៅនៅកន្លែងសុខស្រួលដែរ។ 18 ពួកគេឃើញដូច្នេះ ហើយនាំគ្នាមើលងាយ តែព្រះអម្ចាស់នឹងចំអកដាក់ពួកគេ។ 19 ក្រោយមក ពេលពួកគេស្លាប់ទៅ គ្មាននរណាគោរពសាកសពរបស់ពួកគេទេ។ ក្នុងស្ថានមនុស្សស្លាប់ ពួកគេត្រូវអាម៉ាស់អស់កល្បជានិច្ច។ ព្រះអង្គនឹងទាញក្បាលពួកគេទម្លាក់ចុះ ដោយគ្មានពាក្យតវ៉ាបានឡើយ។ ព្រះអង្គនឹងធ្វើឲ្យពួកគេរលើងទាំងឫសរហូតតទៅ ពួកគេនឹងរងទុក្ខលំបាក ហើយគ្មាននរណានឹកដល់ពួកគេទៀតឡើយ។
ការសោកស្តាយរបស់ជនពាល
20 ពេលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្ស តាមអំពើបាបដែលខ្លួនប្រព្រឹត្ត ជនពាលទាំងនោះនឹងនាំគ្នាចូលមក ទាំងភ័យខ្លាច។ អំពើអាក្រក់របស់ពួកគេនឹងធ្វើជាសាក្សីថ្កោលទោសពួកគេ។