ជំពូក ២
1 ពួកគេយល់ខុស ដោយនិយាយគ្នាថា «ជីវិតមនុស្សយើងខ្លីណាស់ ហើយពោរពេញដោយទុក្ខវេទនាផង! កាលណាសេចក្តីស្លាប់មកដល់ គ្មានមនុស្សណាម្នាក់អាចចៀសផុតឡើយ យើងមិនដែលឃើញនរណាម្នាក់វិលត្រឡប់មកពីស្ថានមនុស្សស្លាប់ទេ។ 2 យើងកើតមកដោយចៃដន្យ លុះដល់ចែកស្ថានទៅ យើងក៏ហាក់ដូចជាមិនដែលមានជីវិតទាល់តែសោះ។ ខ្យល់ដង្ហើមរបស់មនុស្សយើង គ្រាន់តែជាចំហាយមិននៅស្ថិតស្ថេរ ហើយគំនិតរបស់យើងប្រៀបបាននឹងផ្កាភ្លើង ដែលខ្ចាយចេញពីបេះដូង។ 3 កាលណាជីវិតរលត់រូបកាយក្លាយទៅជាផេះ រីឯវិញ្ញាណរលាយដូចខ្យល់ដែលចាប់ពុំបាន។ 4 បន្តិចក្រោយមក មនុស្សម្នាភ្លេចឈ្មោះរបស់យើង ហើយគ្មាននរណានឹកនាដល់កិច្ចការ ដែលយើងបានប្រព្រឹត្តទេ។ អាយុជីវិតរបស់យើងប្រៀបដូចជាដុំពពកដែលរសាត់បាត់ទៅ ឬដូចអ័ព្ទរលាយដោយត្រូវកម្ដៅថ្ងៃ ឥតទុកដានអ្វីឡើយ។ 5 ជីវិតរបស់យើងប្រៀបដូចជាស្រមោលដែលរលុបបាត់ទៅ ហើយគ្មាននរណាម្នាក់អាចចៀសផុតពីសេចក្តីស្លាប់បានឡើយ ព្រោះមានកំណត់ទុកជាស្រេច គ្មាននរណាម្នាក់អាចវិលត្រឡប់ក្រោយបានទេ។ 6 ដូច្នេះយើងត្រូវសប្បាយរីករាយនឹងទ្រព្យសម្បត្តិដែលយើងមាននៅបច្ចុប្បន្ន ហើយត្រេកត្រអាលនឹងអ្វីៗនៅក្នុងលោកនេះ ឲ្យអស់ពីចិត្តទាន់ខ្លួននៅក្មេង។ 7 យើងនាំគ្នាទទួលទានស្រាដ៏ឆ្ងាញ់បំផុត ហើយប្រើទឹកអប់ដ៏ក្រអូបបំផុត! យើងនាំគ្នាបេះផ្កាក្រពុំដ៏ស្រស់បំព្រង! 8 ចូរយកផ្កាដ៏ក្រពុំមកក្រងធ្វើជាភួងពាក់ មុនពេលវាស្រពោន។ 9 កុំឲ្យនរណាម្នាក់ក្នុងចំណោមពួកយើង អាក់ខានចូលរួមក្នុងពិធីបុណ្យដ៏សប្បាយរបស់យើងឡើយ ហើយនៅគ្រប់ទីកន្លែងយើងនឹងទុកសញ្ញាសម្គាល់ពីអំណរសប្បាយដ៏លើសលប់របស់យើង! យើងមានសិទ្ធិធ្វើដូច្នេះ ព្រោះជាចំណែកមត៌ករបស់យើង!។
10 យើងនាំគ្នាជិះជាន់សង្កត់សង្កិនជនក្រីក្រ ជាមនុស្សសុចរិត កុំត្រាប្រណីស្រ្តីមេម៉ាយ កុំគោរពមនុស្សចាស់សក់ស្កូវ។ 11 ចូរប្រើកម្លាំងបាយធ្វើជាច្បាប់របស់យើង ដ្បិតភាពទន់ខ្សោយគ្មានប្រយោជន៍អ្វីទេ! 12 ត្រូវរកឧបាយកលចាប់មនុស្សសុចរិត ព្រោះគេចេះតែមករំខានពួកយើង ដោយជំទាស់នឹងកិច្ចការដែលយើងប្រព្រឹត្ត ហើយស្តីបន្ទោសយើងថា បំពានវិន័យ និងក្បត់ប្រពៃណីរបស់យើង។ 13 មនុស្សសុចរិតទាំងនោះអះអាងថាខ្លួនស្គាល់ព្រះជាម្ចាស់ ហើយប្រកាសថាខ្លួនជាបុត្ររបស់ព្រះអម្ចាស់ 14 របៀបរស់នៅរបស់គេដូចជាចោទប្រកាន់គំនិតរបស់យើង គ្រាន់តែឃើញមុខគេ ក៏យើងទ្រាំលែងបានដែរ។ 15 ដ្បិតរបៀបរស់នៅរបស់គេខុសពីរបៀបរស់នៅរបស់អ្នកឯទៀតៗ ហើយកិរិយាមារយាទរបស់គេ ខុសប្លែកពីអ្នកដទៃ។ 16 គេចាត់យើងទុកជាជនអាស្រូវ ហើយគេចៀសចេញឆ្ងាយពីយើង ដូចចៀសគំនរសំរាម។ គេចេះតែប្រកាសថា មនុស្សសុចរិតទទួលសុភមង្គលនៅពេលផុតជីវិត ហើយអួតអាងថា ព្រះជាម្ចាស់ជាព្រះបិតារបស់គេ។ 17 យើងនាំគ្នាចាំមើល តើពាក្យរបស់គេត្រឹមត្រូវដែរ ឬយ៉ាងណា យើងនឹងពិនិត្យមើលថា តើជីវិតរបស់គេត្រូវបញ្ចប់ដោយរបៀបណា 18 បើមនុស្សសុចរិតពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រះអង្គមុខជាយាងមកជួយគេ ហើយរំដោះគេឲ្យរួចពីកណ្តាប់ដៃរបស់បច្ចាមិត្តជាមិនខាន។ 19 យើងល្បងលមើលគេដោយត្មះតិះដៀល និងធ្វើទារុណកម្មដើម្បីឲ្យឃើញថា គេមានចិត្តស្លូតបូត ខន្តីអត់ធ្មត់ដល់កម្រិតណា។ 20 យើងនាំគ្នាដាក់ទោសប្រហារជីវិតគេយ៉ាងថោកទាបបំផុត ដ្បិតគេអះអាងថា ព្រះជាម្ចាស់នឹងយាងមកសង្រ្គោះគេ»។
21 ពួកគេរិះគិតដូច្នេះ ព្រោះគេវង្វេងស្មារតីហើយ! គំនិតអាក្រក់របស់ពួកគេបានធ្វើឲ្យខ្លួនមើលអ្វីលែងឃើញ។ 22 ពួកគេមិនស្គាល់គម្រោងការដ៏អាថ៌កំបាំងរបស់ព្រះជាម្ចាស់ ហើយគ្មានសង្ឃឹមថានឹងទទួលរង្វាន់ ដោយការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទេ។ គេមិនយល់អំពីកិត្តិយស ដែលព្រះអង្គប្រទានដល់មនុស្សឥតសៅហ្មងឡើយ។ 23 ព្រះជាម្ចាស់បង្កើតមនុស្សលោកមក ដើម្បីឲ្យមានជីវិតមិនចេះសាបសូន្យ គឺព្រះអង្គបង្កើតមនុស្សឲ្យមានលក្ខណៈដូចព្រះអង្គផ្ទាល់។ 24 សេចក្តីស្លាប់ចូលមកក្នុងពិភពលោក ព្រោះតែការច្រណែនឈ្នានីសរបស់មារ ហើយអស់អ្នកដែលចូលរួមជាមួយមារ មុខជាត្រូវស្លាប់ពុំខាន។