ជំពូក ១៧
គ្រោះកាចនៃសេចក្ដីងងឹត
1 ការវិនិច្ឆ័យរបស់ព្រះអង្គ ទូលំទូលាយណាស់ ហើយពិបាកយល់ផង។ ហេតុនេះ អ្នកដែលមិនព្រមទទួលការអប់រំពីព្រះអង្គពិតជាវង្វេង។ 2 ជនទុច្ចរិតទាំងនោះមានបំណងបង្រ្កាបប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ តែភាពងងឹតហ៊ុមព័ទ្ធពួកគេ ពួកគេជាប់ឃុំឃាំងក្នុងភាពអន្ធការនៃយប់ដ៏យូរលង់ ពួកគេដេកនៅក្នុងផ្ទះរបស់ខ្លួន ទៅណាមិនកើត ហើយនៅឆ្ងាយពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គអស់កល្បជានិច្ច។ 3 ពួកគេស្មានថាអាចលាក់អំពើបាបដែលខ្លួនប្រព្រឹត្ត ដោយលាក់កំបាំង ពួកគេគិតថា ព្រះអង្គមុខជាភ្លេចអំពើបាបទាំងនោះ។ ប៉ុន្តែ ពួកគេត្រូវខ្ចាត់ខ្ចាយបែកខ្ញែកពីគ្នា ទាំងភ័យតក់ស្លុត ហើយត្រូវជ្រួលច្របល់ ដោយការស្រមើស្រមៃ។ 4 សូម្បីតែនៅកន្លែងលាក់ខ្លួនក៏ពួកគេមិនអាចរួចផុតពីការតក់ស្លុតនេះដែរ ព្រោះមានស្នូរសន្ធឹកលាន់ឮរំពងនៅជុំវិញ ហើយគេឃើញខ្មោចលង ដែលមានមុខអាក្រក់អាក្រី គួរឲ្យព្រឺខ្លាច។ 5 គ្មានភ្លើងអ្វីអាចបញ្ចេញពន្លឺមកបំភ្លឺពួកគេបានទេ សូម្បីតែពន្លឺដ៏ត្រចះត្រចង់របស់ផ្កាយក៏ពុំអាចបំភ្លឺយប់ដ៏សែនអាណោចអាធ័មនោះដែរ។ 6 ភ្លើងដែលឆេះឯកឯងបាន ធ្វើឲ្យពួកគេភ័យតក់ស្លុតជាខ្លាំង។ កាលពួកគេលែងឃើញអព្ភូតហេតុនេះ ពួកគេនៅតែស្លុតចិត្តដដែល ព្រោះគេយល់ថាអ្វីៗដែលកើតមានពិតប្រាកដ គួរឲ្យព្រឺខ្លាចជាងការស្រមើស្រមៃទៅទៀត។ 7 ក្បួនមន្តអាគមបាត់បង់ប្រសិទ្ធភាព អ្នកដែលអួតអាងថា ខ្លួនចេះគ្រប់សព្វទាំងអស់ បែរជាមិនដឹងអ្វីសោះ ហើយត្រូវអាម៉ាស់ទៀតផង។ 8 អ្នកដែលអួតថា ខ្លួនចេះព្យាបាលមនុស្សវិកលចរិត បែរជាមានជំងឺភ័យខ្លាចផ្តេសផ្តាសទៅវិញ។ 9 ទោះបីគ្មានអ្វីអស្ចារ្យគួរឲ្យភ័យខ្លាចក្តី នៅពេលមានសត្វដើរកាត់ ឬពស់ហួច ក៏ធ្វើឲ្យពួកគេភ័យខ្លាចដែរ។ 10 គេខ្លាចស្ទើរតែលោះព្រលឹង ហើយមិនហ៊ានបើកភ្នែកមើលភាពងងឹត ដែលពួកគេគេចមិនផុតនោះឡើយ។
11 ចិត្តអាក្រក់របស់មនុស្សតែងតែធ្វើជាសាក្សីបញ្ជាក់ពីភាពកំសាករបស់ខ្លួន ហើយថ្កោលទោសខ្លួនឯងដែរ។ មនសិការរបស់គេចោទប្រកាន់ខ្លួន ធ្វើឲ្យគេចេះតែស្រមើស្រមៃ ឃើញការអាក្រក់ផ្សេងៗថែមពីលើការលំបាករបស់ខ្លួន។ 12 អ្នកភ័យខ្លាចមិនដែលប្រើប្រាជ្ញា ដើម្បីជួយបំបាត់ការភ័យខ្លាចរបស់ខ្លួនទេ។ 13 បើគេមិនពឹងលើប្រាជ្ញាដែលជាជំនួយមកពីខាងក្នុងនោះ គេរឹតតែព្រួយបារម្ភ ព្រោះគេមិនស្គាល់មូលហេតុដែលបណ្តាលឲ្យគេកើតទុក្ខ។ 14 ក្នុងពេលយប់ដ៏សែនពិបាក គឺយប់ដែលមានប្រភពពីស្ថានមច្ចុរាជដ៏ជ្រៅ ហើយគ្មានអំណាចនោះ ពួកគេដេកលក់ដូចគ្នាទាំងអស់។ 15 ប៉ុន្តែពួកគេយល់សប្តិអាក្រក់គ្រប់ៗគ្នា ឃើញខ្មោចដ៏សម្បើមអស្ចារ្យដេញតាមពួកគេ។ ពួកគេគ្មានកម្លាំងកម្រើកឡើយ ហើយលោះព្រលឹងអស់ ព្រោះពួកគេមិននឹកស្មានដល់សោះថា ការភ័យខ្លាចកើតមានចំពោះពួកគេយ៉ាងទាន់ហន់ដូច្នេះ 16 អស់អ្នកដែលនៅស្រុកអេស៊ីប ក៏ដួលដល់ដីគ្រប់ៗគ្នា កម្រើកលែងរួច ដូចជាប់ក្នុងគុកដែលគ្មានជញ្ជាំង។ 17 កសិករ ក្តី គង្វាលក្តី កម្មករដែលធ្វើការធ្ងន់ហាលថ្ងៃនៅវាលរហោស្ថានក្តី សុទ្ធតែត្រូវទទួលមហន្តរាយយ៉ាងទាន់ហន់ រត់គេចមិនរួច 18 ដ្បិតពួកគេជាប់ចំណងជាមួយគ្នា ដោយសារភាពងងឹតនោះ។ ស្នូរខ្យល់បក់មក សំឡេងបក្សាបក្សីយំយ៉ាងពីរោះនៅលើមែកឈើដ៏ក្រាស់ ស្នូរទឹកហូរយ៉ាងខ្លាំង។ 19 ស្នូរដុំថ្មដែលធ្លាក់ពីលើមក ស្នូរសត្វលោតដែលគ្មាននរណាឃើញ សម្រែកគ្រហឹមរបស់សត្វសាហាវ សំឡេងខ្ទរលាន់ឮរំពងនៅតាមភ្នំបណ្តាលឲ្យពួកគេភ័យបាត់ស្មារតី កម្រើកក៏មិនរួចដែរ។ 20 នៅកន្លែងឯទៀតៗ មានពន្លឺដ៏ត្រចះត្រចង់បំភ្លឺពិភពលោកទាំងមូល ហើយមនុស្សម្នានៅតែបន្តកិច្ចការរបស់ខ្លួន ដោយគ្មានអ្វីមករំខានឡើយ។ 21 មានតែពួកគេទេដែលស្ថិតនៅក្នុងយប់ងងឹតស្លុងយ៉ាងនេះ! ភាពងងឹតនេះជានិមិត្តរូបនៃភាពងងឹតដែលបម្រុងនឹងទទួលពួកគេ នៅពេលបាត់បង់ជីវិត។ ប៉ុន្តែ ការតប់ប្រមល់របស់ពួកគេធ្ងន់ជាងភាពងងឹតទៅទៀត។