ជំពូក ៧

ព្រះ‌បាទ​សាឡូម៉ូន​ជា​មនុស្ស​ធម្មតា

1 ខ្ញុំ​ជា​មនុស្ស ដែល​រមែង​តែង​តែ​ស្លាប់​ដូច​មនុស្ស​ទាំង​អស់ ខ្ញុំ​ក៏​ជា​ពូជ​ពង្ស​របស់​មនុស្ស​ដើម​ដំបូង ដែល​ព្រះ‌ជាម្ចាស់​បាន​សូន​ពី​ដី​មក​ដែរ។ 2 ខ្ញុំ​បាន​ចាប់​ផ្ទៃ​ដោយ​មេ​ជីវិត​របស់​បុរស​ម្នាក់ ក្នុង​ពេល​រួម​បវេណី​យ៉ាង​សប្បាយ ហើយ​រូប​កាយ​របស់​ខ្ញុំ​ក៏​កើត​ឡើង​ក្នុង​ផ្ទៃ​ម្តាយ។ អស់‌រយៈ​ពេល​ដប់​ខែ លោហិត​ម្តាយ​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​រូប​កាយ​នេះ កាន់​តែ​រឹង​ប៉ឹង​ឡើយៗ។ 3 តាំង​ពី​ខ្ញុំ​កើត​មក ខ្ញុំ​ដក​ដង្ហើម​ពី​ខ្យល់​ដូច​គេ​ឯង ខ្ញុំ​មក​រស់​នៅ​លើ​ផែន​ដី​នេះ​រង​ទុក្ខ​ដូច​គេ​ឯង ហើយ​សំឡេង​ដើម​ដំបូង​របស់​ខ្ញុំ​ក៏​មិន​ខុស​ពី​ទារក​ឯ​ទៀតៗ​ទាំង​អស់។ 4 គេ​យក​ក្រណាត់​មក​រុំ​ខ្ញុំ ហើយ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា។ 5 គ្មាន​ស្តេច​ណា ចាប់​ផ្តើម​ជីវិត​តាម​របៀប​ផ្សេង​ទេ! 6 មនុស្ស​ទាំង​អស់ ចូល​មក​ក្នុង​ពិភព‌លោក​តាម​របៀប​ដូច​គ្នា ហើយ​ចាក​ចេញ​ទៅ​វិញ តាម​របៀប​ដូច​គ្នា​ដែរ។

ព្រះ‌បាទ​សាឡូម៉ូន​ស្រឡាញ់​ព្រះ‌ប្រាជ្ញា​ញាណ

7 ហេតុ​នេះ ខ្ញុំ​ទូល​អង្វរ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​មាន​សុភ‌និច្ឆ័យ។ ខ្ញុំ​ទូល​សូម​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​ខ្ញុំ​មាន​គំនិត​នៃ​ព្រះ‌ប្រាជ្ញា​ញាណ។ 8 ខ្ញុំ​យល់​ឃើញ​ថា មាន​ព្រះ‌ប្រាជ្ញា​ញាណ ប្រសើរ​ជាង​មាន​រាជ​បល្ល័ង្ក និង​អំណាច​គ្រប់​គ្រង​ទៅ​ទៀត។ បើ​ប្រៀប​នឹង​ព្រះ‌ប្រាជ្ញា​ញាណ ខ្ញុំ​ចាត់​ទុក​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ថា​គ្មាន​តម្លៃ។ 9 សូម្បី​តែ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​ក៏​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌ប្រាជ្ញា​ញាណ​ដែរ។ បើ​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌ប្រាជ្ញា​ញាណ មាស​ទាំង​អស់​ក្នុង​ពិភព‌លោក​ទាំង​មូល ប្រៀប​បី​ដូច​ជា​ខ្សាច់​មួយ​ក្តាប់​តូច ហើយ​ប្រាក់​ក៏​ប្រៀប​ដូច​ជា​ភក់​ដែរ។ 10 ខ្ញុំ​ស្រឡាញ់​ព្រះ‌ប្រាជ្ញា​ញាណ​ជាង​ស្រឡាញ់​សុខភាព​ល្អ និង​សម្ផស្ស​ទៅ​ទៀត។ ខ្ញុំ​សម្រេច​ចិត្ត​យក​ព្រះ‌ប្រាជ្ញា​ញាណ ធ្វើ​ជា​ពន្លឺ​នៃ​ជីវិត​របស់​ខ្ញុំ ព្រោះ​ពន្លឺ​ដែល​ចេញ​ពី​ព្រះ‌ប្រាជ្ញា​ញាណ​មិន​ចេះ​ស្រអាប់​ឡើយ។
11 ព្រះ‌ប្រាជ្ញា​ញាណ​យាង​មក​រក​ខ្ញុំ ទាំង​នាំ​សម្បត្តិ​គ្រប់​យ៉ាង និង​កាន់​ភោគ​ទ្រព្យ​ដ៏​មាន​តម្លៃ​មក​ជា​មួយ​ផង។ 12 ខ្ញុំ​សប្បាយ​រីក​រាយ​នឹង​សម្បត្តិ​ទាំង​នេះ ព្រោះ​ព្រះ‌ប្រាជ្ញា​ញាណ​នាំ​មក​ឲ្យ​ខ្ញុំ ក៏​ប៉ុន្តែ កាល​ណោះ​ខ្ញុំ​មិន​ទាន់​ដឹង​ថា ព្រះ‌ប្រាជ្ញា​ញាណ​បង្កើត​សម្បត្ដិ​ទាំង​នេះ​ទេ។ 13 អ្វីៗ​ដែល​ខ្ញុំ​បាន​រៀន​ពី​ព្រះ‌ប្រាជ្ញា​ញាណ​ដោយ​ចិត្ត​ស្មោះ​សរ ខ្ញុំ​ថ្លែង​ប្រាប់​អ្នក​ដទៃ​ឥត​ទុក​សម្រាប់​ខ្លួន​ឯង​ឡើយ។ ខ្ញុំ​មិន​លាក់​លៀម​សម្បត្តិ​ដ៏​មាន​តម្លៃ​នៃ​ព្រះ‌ប្រាជ្ញា​ញាណ​ទេ 14 ដ្បិត​ព្រះ‌ប្រាជ្ញា​ញាណ​ជា​កំណប់​ដ៏​មាន​តម្លៃ មិន​ចេះ​រលស់​សម្រាប់​មនុស្ស​លោក។ អស់​អ្នក​ដែល​មាន​កំណប់​នេះ នឹង​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​លទ្ធ​ផល​នៃ​ការ​អប់រំ​ធ្វើ​ឲ្យ​គេ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។

ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​ការ​ចេះ​ដឹង​គ្រប់​យ៉ាង

15 សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ចេះ​និយាយ​ប្រកប​ដោយ​វិចារណ‌ញ្ញាណ និង​ចេះ​គិត​សម​តាម​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​មគ្គុទ្ទេសក៍​របស់​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​តម្រង់​ផ្លូវ​អ្នក​ប្រាជ្ញ 16 ព្រះ‌អង្គ​ជាម្ចាស់​របស់​យើង​ទាំង​អស់​គ្នា ហើយ​ជា​ម្ចាស់​លើ​ពាក្យ​សម្ដី ចិត្ត​គំនិត និង​ចំណេះ​ឯក‌ទេស​របស់​យើង។ 17 ដូច្នេះ ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​ច្បាស់​នូវ​អ្វីៗ​ដែល​មាន​ក្នុង​លោក​នេះ គឺ​ឲ្យ​ខ្ញុំ​ស្គាល់​រចនា​សម្ពន្ធ​នៃ​ពិភព‌លោក និង​សកម្ម​ភាព​របស់​ធាតុ​ទាំង​ប្រាំ។ 18 ព្រះ‌អង្គ​ក៏​ឲ្យ​ខ្ញុំ​ចេះ​រាប់​ដើម​ដំបូង ពាក់​កណ្តាល និង​ចុង​បញ្ចប់​នៃ​ពេល​វេលា ព្រម​ទាំង​ស្គាល់​រដូវ​កាល ដែល​ចេះ​តែ​មាន​ជា​បន្ត​បន្ទាប់​គ្នា​តាម​ដំណើរ​ព្រះ‌អាទិត្យ 19 វដ្ត​នៃ​ឆ្នាំ​នីមួយៗ និង​ទី​តាំង​តារា​ទាំង​ប៉ុន្មាន 20 ប្រភេទ​របស់​សត្វ និង​លក្ខណៈ​របស់​សត្វ​ព្រៃ អានុភាព​របស់​វត្ថុ​ស័ក្តិ​សិទ្ធិ និង​ចិត្ត​គំនិត​របស់​មនុស្ស រុក្ខ​ជាតិ​ប្លែកៗ​ពី​គ្នា ព្រម​ទាំង​ប្រយោជន៍​នៃ​ឫស​រុក្ខ​ជាតិ​ទាំង​នោះ​ដែល​អាច​ប្រើ​ធ្វើ​ជា​ថ្នាំ​បាន។ 21 ខ្ញុំ​ស្គាល់​អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​លោក​មើល​ឃើញ ឬ​មើល​ពុំ​ឃើញ ដ្បិត​ព្រះ‌ប្រាជ្ញា​ញាណ​ដែល​បង្កើត​អ្វីៗ​ទាំង​អស់​បាន​បង្រៀន​ខ្ញុំ។

លក្ខណៈ​របស់​ព្រះ‌ប្រាជ្ញា​ញាណ

22 ព្រះ‌ប្រាជ្ញា​ញាណ មាន​វិញ្ញាណ​ដ៏​ឈ្លាស​វៃ និង​វិសុទ្ធ។ មាន​វិញ្ញាណ​តែ​មួយ​ដែល​ធ្វើ​ការ​អ្វីៗ​ទាំង​អស់ មនុស្ស​ស្ទាប ឬ​ចាប់​មិន​បាន ខុស​ប្លែក​ពី​អ្វី​ទាំង​អស់ ឥត​សៅ​ហ្មង ជ្រះ​ថ្លា មិន​ប្រែ​ប្រួល​ស្រឡាញ់​ការ​ល្អ មោះ​មុត 23 គ្មាន​នរណា​អាច​បង្ខំ​បាន ជួយ​យក​អាសា​គេ ស្រឡាញ់​មនុស្ស នឹងន រឹងមាំ ឥត​រង្គើ មិន​ខ្វល់​ខ្វាយ អាច​សម្រេច​ការ​ទាំង​អស់​បាន ពិនិត្យ​មើល​អ្វីៗ​ទាំង​អស់​ស្ទង់​គំនិត​ទាំង‌ឡាយ​គឺ​គំនិត​របស់​អ្នក​ចេះ​ដឹង អ្នក​បរិសុទ្ធ និង​អ្នក​ឈ្លាស​វៃ​បំផុត។ 24 ព្រះ‌ប្រាជ្ញា​ញាណ​លឿន​ជាង​អ្វីៗ​ដែល​កម្រើក​បាន។ ព្រះ‌ប្រាជ្ញា​ញាណ​បរិសុទ្ធ​បំផុត ហេតុ​នេះ ព្រះ‌អង្គ​អាច​ឆ្លង​កាត់ និង​ជ្រាប​ចូល​អ្វីៗ​ទាំង​អស់។ 25 ព្រះ‌ប្រាជ្ញា​ញាណ ជា​ខ្យល់​ដង្ហើម​របស់​ព្រះ‌ជាម្ចាស់ ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​ជា​រស្មី​ដ៏‌បរិសុទ្ធ​ចេញ​មក​ពី​សិរី​រុង‌រឿង​នៃ​ព្រះ‌ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ដូច្នេះ គ្មាន​ភាព​សៅ​ហ្មង​ណា​អាច​ចូល​ក្នុង​ព្រះ‌ប្រាជ្ញា​ញាណ​ឡើយ។ 26 ព្រះ‌ប្រាជ្ញា​ញាណ​ជា​រស្មី​នៃ​ពន្លឺ​ដែល​នៅ​ស្ថិត​ស្ថេរ​អស់​កល្ប‌ជានិច្ច ជា​កញ្ចក់​ដ៏​ភ្លឺ​ថ្លា ឆ្លុះ​បញ្ចាំង​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌ជាម្ចាស់ និង​ជា​តំណាង​នៃ​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។ 27 ព្រះ‌ប្រាជ្ញា​ញាណ​មាន​តែ​មួយ​អង្គ​គត់ តែ​ព្រះ‌អង្គ​អាច​សម្រេច​កិច្ច‌ការ​ទាំង​អស់​បាន។ ព្រះ‌ប្រាជ្ញា​ញាណ​មិន​ដែល​ប្រែ​ប្រួល​ទេ តែ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​ផ្លាស់​ប្រែ​ជា​ថ្មី​បាន។ ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ ព្រះ‌ប្រាជ្ញា​ញាណ​យាង​មក​សណ្ឋិត​ក្នុង​ដួង‌ចិត្ត​របស់​មនុស្ស​វិសុទ្ធ* ដើម្បី​ឲ្យ​គេ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌ជាម្ចាស់ និង​ទៅ​ជា​ព្យាការី។ 28 ដ្បិត​ព្រះ‌ជាម្ចាស់ ស្រឡាញ់​តែ​អស់​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះ‌ប្រាជ្ញា​ញាណ​ប៉ុណ្ណោះ។ 29 ព្រះ‌ប្រាជ្ញា​ញាណ​ភ្លឺ​ជាង​ពន្លឺ​ព្រះ‌អាទិត្យ និង​កញ្ចុំ​ផ្កាយ​ទាំង‌ឡាយ​ទៅ​ទៀត បើ​ប្រៀប​ផ្ទឹម​នឹង​ពន្លឺ​ថ្ងៃ ព្រះ‌អង្គ​ភ្លឺ​ហួស​ប្រមាណ។ 30 យប់​រមែង​ផ្ទេរ​កន្លែង​ទៅ​ឲ្យ​ថ្ងៃ ផ្ទុយ​ទៅ​វិញ ព្រះ‌ប្រាជ្ញា​ញាណ​ឈ្នះ​សេចក្តី​អាក្រក់​ជា‌និច្ច។