ជំពូក ១៦
1 ហេតុនេះ ព្រះជាម្ចាស់បានប្រើសត្វដែលមានរូប ដូចរូបព្រះក្លែងក្លាយទាំងនោះ ឲ្យមកធ្វើទារុណកម្មពួកគេ សមនឹងអំពើដែលពួកគេប្រព្រឹត្ត ពួកគេត្រូវរងទុក្ខវេទនាដោយសារសត្វល្អិតជាច្រើន។ 2 ផ្ទុយទៅវិញ ព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរសចំពោះប្រជារាស្រ្តរបស់ព្រះអង្គ គឺព្រះអង្គប្រទានសត្វក្រួចជាអាហារយ៉ាងឆ្ងាញ់ ដើម្បីឲ្យពួកគេបរិភោគឆ្អែត នៅពេលពួកគេឃ្លានយ៉ាងខ្លាំង។ 3 ដូច្នេះ ទោះបីជនជាតិអេស៊ីបត្រូវការអាហារក្តី ក៏ពួកគេបរិភោគមិនកើតដែរ ព្រោះពួកគេខ្ពើមរអើម ដោយសារសត្វដែលព្រះអង្គចាត់ឲ្យមកធ្វើទុក្ខទោសពួកគេ។ ចំពោះជនជាតិអ៊ីស្រាអែលវិញ ក្រោយពីបានខ្វះខាតមួយរយៈពេលដ៏ខ្លី ពួកគេបានទទួលអាហារដ៏ឆ្ងាញ់ពិសា។ 4 ដូច្នេះ អ្នកដែលជិះជាន់ប្រជារាស្រ្តរបស់ព្រះអង្គ ត្រូវតែរងទុក្ខដោយអត់ឃ្លានយ៉ាងខ្លាំង រីឯប្រជាជនអ៊ីស្រាអែលវិញ គេគ្រាន់តែឃើញរបៀបដែលខ្មាំងសត្រូវរងទុក្ខទោសប៉ុណ្ណោះ។
ពស់ធ្វើពីទង់ដែង
5 មានសត្វដ៏គួរព្រឺខ្លាចខាំប្រជារាស្រ្តរបស់ព្រះអង្គយ៉ាងសាហាវបំផុត ហើយក៏មានពស់អសិរពិសចឹកពួកគេ បណ្តាលឲ្យស្លាប់ជាច្រើននាក់ដែរ។ ប៉ុន្តែ ព្រះអង្គមិនពិរោធទាស់នឹងពួកគេ រហូតដល់ធ្វើឲ្យពួកគេបាត់បង់ជីវិតទាំងអស់គ្នាឡើយ។ 6 ព្រះអង្គគ្រាន់តែគំរាមពួកគេមួយរយៈ ដើម្បីប្រៀនប្រដៅគេប៉ុណ្ណោះ ហើយព្រះអង្គក៏ប្រទានទីសម្គាល់បង្ហាញអំពីការសង្រ្គោះ ធ្វើឲ្យពួកគេនឹកគិតដល់ច្បាប់នៃគម្ពីរវិន័យ*។ 7 អ្នកដែលងាកបែរទៅមើលទីសម្គាល់នោះ បានរួចជីវិត។ ប៉ុន្តែ គេបានរួចជីវិត មិនមែនដោយសារវត្ថុដែលគេមើលឃើញនោះឡើយ គឺដោយសារតែព្រះអង្គ ជាព្រះសង្រ្គោះរបស់មនុស្សលោកទាំងអស់ប៉ុណ្ណោះ! 8 ធ្វើដូច្នេះ ព្រះអង្គបង្ហាញឲ្យខ្មាំងសត្រូវរបស់យើងខ្ញុំដឹងថា មានតែព្រះអង្គទេ ដែលរំដោះឲ្យរួចពីសេចក្តីអាក្រក់គ្រប់យ៉ាង។ 9 ខ្មាំងសត្រូវបាត់បង់ជីវិតដោយសារកណ្តូប និងរុយខាំ។ ពួកគេរកថ្នាំសង្កូវមកព្យាបាលខ្លួនមិនបាន ព្រោះពួកគេត្រូវតែទទួលទារុណកម្មដោយសារសត្វបែបនេះ។ 10 រីឯបុត្រធីតារបស់ព្រះអង្គវិញ សូម្បីតែពស់អសិរពិសក៏មិនអាចប្រហារពួកគេដែរ ដ្បិតព្រះអង្គយាងមកជួយពួកគេ និងប្រោសពួកគេឲ្យជា ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ 11 ព្រះអង្គយកជន្លួញមកចាក់ប្រជារាស្រ្តរបស់ព្រះអង្គ ដើម្បីឲ្យពួកគេនឹកដល់ព្រះបន្ទូលព្រះអង្គ តែព្រះអង្គសង្រ្គោះពួកគេជាបន្ទាន់ ក្រែងគេភ្លេចព្រះអង្គរហូត ហើយមិនចាប់អារម្មណ៍នឹងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ 12 បពិត្រព្រះអម្ចាស់! ពួកគេមិនបានយកសំបកឈើ ឬប្រើថ្នាំអ្វីមកព្យាបាលឲ្យជាឡើយ តែព្រះបន្ទូលរបស់ព្រះអង្គវិញទេ ដែលប្រោសពួកគេឲ្យជាគ្រប់ៗគ្នា។ 13 ព្រះអង្គមានអំណាចធ្វើឲ្យមនុស្សរស់ ឬស្លាប់ក៏បាន ព្រះអង្គធ្វើឲ្យមនុស្សចុះទៅស្ថានមច្ចុរាជ ឬឡើងមកវិញក៏បានដែរ។ 14 មនុស្សអាចសម្លាប់មនុស្ស ព្រោះតែចិត្តអាក្រក់របស់ខ្លួន តែគេមិនអាចធ្វើឲ្យវិញ្ញាណ ដែលចេញពីរូបកាយទៅនោះ វិលត្រឡប់មកវិញឡើយ។ គេក៏មិនអាចរំដោះព្រលឹង ដែលស្ថិតនៅក្នុងស្ថានមច្ចុរាជបានដែរ។
ព្រឹល និងនំម៉ាណា
15 គ្មាននរណាអាចគេចផុតពីឫទ្ធិបារមីរបស់ព្រះអង្គឡើយ! 16 ព្រះអង្គប្រើឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គ ប្រហារជនពាលដែលមិនព្រមទទួលស្គាល់ព្រះអង្គ គឺភ្ញៀង ព្រឹល ខុសពីធម្មតា ព្យុះសង្ឃរាធ្វើទោសគេឥតត្រាប្រណី រន្ទះក៏បាញ់សម្លាប់ពួកគេដែរ។ 17 គួរឲ្យអស្ចារ្យមែន! នៅពេលនោះ ភ្លើងឆាបឆេះកាន់តែសន្ធោសន្ធៅ ក្នុងទឹកដែលរមែងពន្លត់ភ្លើង ដ្បិតធម្មជាតិទាំងមូលជួយការពារមនុស្សសុចរិត។ 18 ជួនកាលអណ្តាតភ្លើងចុះអន់ថយបន្តិច ដើម្បីកុំឲ្យឆេះសត្វ ដែលព្រះអង្គចាត់ឲ្យទៅប្រឆាំងនឹងជនពាល។ ឃើញដូច្នេះ ពួកគេត្រូវតែដឹងថា ព្រះអង្គតាមវិនិច្ឆ័យទោសពួកគេ។ 19 ជួនកាល ភ្លើងនៅតែឆេះសន្ធោសន្ធៅកណ្តាលទឹក លើសពីធម្មតាដើម្បីបំផ្លាញភោគផលនៃស្រុករបស់មនុស្សទុច្ចរិតនោះ។ 20 ផ្ទុយទៅវិញ ព្រះអង្គប្រទានអាហាររបស់ទេវទូតឲ្យប្រជារាស្រ្តរបស់ព្រះអង្គបរិភោគ។ ព្រះអង្គប្រគល់អាហារដែលរៀបចំទុកជាស្រេចឲ្យពួកគេ ដោយពួកគេមិននឿយហត់ស្វែងរក។ អាហារទាំងនោះ សុទ្ធតែមានឱជារស តាមចំណូលចិត្តរបស់មនុស្សគ្រប់ៗរូប។ 21 អាហារនោះមកពីព្រះអង្គ ដែលបង្ហាញពីព្រះហឫទ័យទន់ភ្លន់ចំពោះបុត្រធីតារបស់ព្រះអង្គ។ អាហារនោះក៏ត្រូវតាមបំណងប្រាថ្នារបស់អ្នកបរិភោគដែរ គឺប្រែឱជារសតាមតែម្នាក់ៗចូលចិត្ត។ 22 ទោះបីនំម៉ាណាប្រៀបដូចជាព្រឹល និងទឹកកកក្តី នៅពេលត្រូវភ្លើង ក៏នំនោះមិនរលាយដែរ។ ការនេះសឲ្យឃើញថា ភ្លើងបំផ្លាញភោគផលរបស់បច្ចាមិត្តដោយរន្ទះបាញ់ ក្នុងពេលភ្លៀងធ្លាក់ និងព្រឹល។ 23 ប៉ុន្តែ ភ្លើងដដែលនោះមិនបំផ្លាញអាហារដែលមនុស្សសុចរិតត្រូវការបរិភោគឡើយ។
24 ព្រះអង្គបានបង្កើតអ្វីៗទាំងអស់មក ហើយធម្មជាតិដែលព្រះអង្គបានបង្កើត ត្រៀមខ្លួនបម្រើព្រះអង្គជានិច្ច ដើម្បីធ្វើទោសមនុស្សទុច្ចរិត តែផ្តល់សេចក្តីសុខដល់អស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។ 25 ហេតុនេះហើយបានជាធម្មជាតិអាចប្រែប្រួលគ្រប់យ៉ាង ដើម្បីទទួលព្រះអំណោយទានរបស់ព្រះអង្គ គឺទៅជាអាហារគ្រប់យ៉ាងតាមបំណងរបស់អ្នកដែលប្រាថ្នាចង់បាន។ 26 បពិត្រព្រះអម្ចាស់! ដូច្នេះ បុត្រធីតាដ៏ជាទីស្រឡាញ់របស់ព្រះអង្គដឹងថា មនុស្សចិញ្ចឹមជីវិត មិនមែនដោយការបង្កើតភោគផលទេ គឺព្រះបន្ទូលរបស់ព្រះអង្គវិញឯណោះ ដែលទ្រព្រះអង្គជីវិតអស់អ្នកជឿលើព្រះអង្គ។ 27 អាហារដែលភ្លើងមិនបំផ្លាញត្រូវរលាយដោយកម្ដៅព្រះអាទិត្យ ក្នុងពេលមួយប៉ប្រិចភ្នែក។ 28 ព្រះអង្គធ្វើដូច្នេះ ដើម្បីឲ្យពួកគេដឹងថា ពួកគេត្រូវក្រោកពីព្រលឹម អរព្រះគុណព្រះអង្គ និងជួបព្រះអង្គមុនថ្ងៃរះ។ 29 ប៉ុន្តែ សេចក្ដីសង្ឃឹមរបស់ជនអកតញ្ញូ ត្រូវរលាយដូចទឹកកកត្រូវថ្ងៃ ហើយហូរជាទឹកដែលប្រើការមិនកើត។