ជំពូក ១៥

ព្រះ‌ជាម្ចាស់​ការ‌ពារ​ជន​ជាតិ​អ៊ីស្រា‌អែល​មិន​ឲ្យ​គោរព​ព្រះ​ក្លែង‌ក្លាយ

1 បពិត្រ​ព្រះ​នៃ​យើង​ខ្ញុំ! ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស និង​ស្មោះ‌ត្រង់​ជា‌និច្ច! ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់​ធ្មត់ ហើយ​គ្រប់​គ្រង​សត្វ​លោក​ទាំង​អស់​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា។ 2 ទោះ​បី​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ក្តី ក៏​យើង​ខ្ញុំ​នៅ​តែ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ដដែល ដ្បិត​យើង​ខ្ញុំ​ទទួល​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ប៉ុន្តែ យើង​ខ្ញុំ​ឈប់​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ហើយ ដោយ​ដឹង​ថា ព្រះ‌អង្គ​ចាត់​ទុក​យើង​ខ្ញុំ​ជា​ប្រជាជន​របស់​ព្រះ‌អង្គ។ 3 ការ​ស្គាល់​ព្រះ‌អង្គ​នាំ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត​ដ៏​ពេញ​លក្ខណៈ។ ការ​ទទួល​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ក៏​នាំ​ឲ្យ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច​ដែរ។ 4 យើង​ខ្ញុំ​ពុំ​បាន​វង្វេង​តាម​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រសប់​ដែល​មនុស្ស​រចនា​នោះ​ឡើយ ហើយ​យើង​ខ្ញុំ​ក៏​មិន​បាន​វង្វេង​តាម​គំនូរ​ដ៏​ឥត​ខ្លឹម​សារ ដែល​ជាង​ខិត​ខំ​គូរ​ទាំង​នឿយ​ហត់ ធ្វើ​ឲ្យ​មនុស្ស​ភាន់​ច្រឡំ។ គេ​ផាត់​គំនូរ​ចម្រុះ​ពណ៌​អាក្រក់​មើល។ 5 ពេល​ឃើញ​គំនូរ​ទាំង​នោះ មនុស្ស​ឆោត​ល្ងង់​នាំ​គ្នា​ចាប់​ចិត្ត​ជា​ខ្លាំង ហើយ​ស្រើប​ស្រាល​ចំពោះ​រូប​ដែល​មិន​កម្រើក គឺ​គំនូរ​ដែល​គ្មាន​ជីវិត។ 6 ជាង​ដែល​ធ្វើ​រូប​ទាំង​នោះ ព្រម​ទាំង​អ្នក​ដែល​ចង់​បាន និង​អ្នក​ដែល​គោរព​ថ្វាយ​បង្គំ​រូប​ទាំង​នោះ សុទ្ធ​តែ​ជា​អ្នក​ស្រឡាញ់​សេចក្តី​អាក្រក់ ហើយ​ពួក​គេ​បាន​ត្រឹម​តែ​ខក​ចិត្ត​ប៉ុណ្ណោះ។

ភាព​លេលា​របស់​ជាង​ស្មូន​ដែល​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ

7 ឧបមា​ថា មាន​ជាង​ស្មូន​ខិត​ខំ​ច្របាច់​ដី​ឥដ្ឋ​ទាំង​នឿយ​ហត់ សូន​ធ្វើ​ប្រដាប់​ប្រដា​ដែល​យើង​ប្រើ​ជា​រៀង​រាល់​ថ្ងៃ។ គាត់​យក​ដី​ឥដ្ឋ​ដដែល​មក​សូន​ធ្វើ​វត្ថុ​ថ្លៃ​ថ្នូរ​ផង និង​វត្ថុ​ធម្មតា​ផង។ គាត់​ធ្វើ​វត្ថុ​ទាំង​អស់​តាម​របៀប​ដូច​គ្នា មាន​តែ​ជាង​ស្មូន​ទេ​ដែល​សម្រេច​ថា វត្ថុ​នីមួយៗ​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​អ្វី។ 8 បន្ទាប់​មក គាត់​យក​ដី​ឥដ្ឋ​ដដែល​មក ហើយ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ឥត​ប្រយោជន៍ គឺ​សូន​រូប​ព្រះ​ឥត​បាន​ការ។ ជាង​នេះ​ទើប​តែ​កើត​ចេញ​ពី​ដី ហើយ​បន្តិច​ទៀត​នៅ​ពេល​ព្រះ‌ជាម្ចាស់​ទារ​ឲ្យ​គាត់​សង​ព្រលឹង​ដែល​គាត់​ខ្ចី​នោះ គាត់​ត្រូវ​តែ​ត្រឡប់​ទៅ​ជា​ដី ដែល​គាត់​ទើប​ចេញ​មក​វិញ​ដែរ។ 9 គាត់​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ និង​គិត​ថា​អាយុ​ជីវិត​មនុស្ស​ខ្លី​ណាស់ ចៀស​មិន​ផុត​ពី​សេចក្តី​ស្លាប់​ឡើយ! ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ប្រណាំង​ប្រជែង​ជា​មួយ​ជាង​មាស ជាង​ប្រាក់ គាត់​យក​តម្រាប់​តាម​ជាង​លង្ហិន ហើយ​ចង់​បាន​កិត្តិ‌យស​ដោយ​សូន​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ! 10 ចិត្ត​របស់​គាត់​ប្រៀប​ដូច​ជា​ផេះ សេចក្ដី​សង្ឃឹម​របស់​គាត់​ឥត​បាន​ការ ដូច​ធូលី​ដី ហើយ​ជីវិត​របស់​គាត់​ថោក​ជាង​ដី​ឥដ្ឋ​ទៅ​ទៀត! 11 ដ្បិត​គាត់​មិន​ទទួល​ស្គាល់​ព្រះ‌ជាម្ចាស់​ដែល​សូន​គាត់​មក​ទេ គឺ​ព្រះ‌អង្គ​បាន​ផ្លុំ​ខ្យល់​ដង្ហើម​ឲ្យ​គាត់​អាច​ធ្វើ​ចលនា​បាន ព្រម​ទាំង​វិញ្ញាណ​ដែល​ផ្តល់​ឲ្យ​គាត់​មាន​ជីវិត។ 12 ប៉ុន្តែ គាត់​យល់​ឃើញ​ថា ជីវិត​មនុស្ស​ប្រៀប​ដូច​ជា​ល្បែង​លេង​សើច ការ​រស់​នៅ​របស់​មនុស្ស​ប្រៀប​ដូច​ជា​ផ្សារ​ចោរ។ ដូច្នេះ គាត់​គិត​ថា ត្រូវ​ខិត​ខំ​រក​ចំណេញ​ពី​គ្រប់​កិច្ច‌ការ​ទាំង​អស់ ទោះ​បី​ការ​អាក្រក់​ក្តី។ 13 មនុស្ស​បែប​នេះ​ដឹង​ច្បាស់​ជាង​គេ​ថា ខ្លួន​ប្រព្រឹត្ត​អំពើ​បាប ដោយ​យក​ដី​មក​សូន​ភាជន៍​ដែល​តែង​តែ​បែក និង​សូន​រូប​ព្រះ​ក្លែង‌ក្លាយ​ផង។

ជន​ជាតិ​អេស៊ីប​គោរព​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ

14 បពិត្រ​ព្រះ‌អម្ចាស់ ខ្មាំង​សត្រូវ​ដែល​ជិះ​ជាន់​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ​កាល​ពី​ដើម បាន​បង្ហាញ​ថា​ពួក​គេ​លេលា ហើយ​មាន​ស្មារតី​អន់​ជាង​កូន​ក្មេង​ទៅ​ទៀត។ 15 ពួក​គេ​ចាត់​ទុក​រូប​បដិមា​របស់​ប្រជា‌ជាតិ​នានា​ថា​ជា​ព្រះ! ព្រះ​ក្លែង‌ក្លាយ​ទាំង​នោះ​មាន​ភ្នែក តែ​មិន​ចេះ​មើល មាន​ច្រមុះ តែ​មិន​ចេះ​ដក​ដង្ហើម មាន​ត្រចៀក តែ​មិន​ចេះ​ស្តាប់ មាន​ដៃ តែ​មិន​ចេះ​ស្ទាប មាន​ជើង តែ​មិន​ចេះ​ដើរ។ 16 ដ្បិត​រូប​ទាំង​នោះ​ជា​ស្នា​ដៃ​របស់​មនុស្ស! អ្នក​ដែល​រចនា​រូប​នេះ គ្រាន់​តែ​បាន​ខ្ចី​ដង្ហើម​ជីវិត​ប៉ុណ្ណោះ។ គ្មាន​នរណា​ម្នាក់​អាច​រចនា​រូប​ព្រះ​ឲ្យ​ដូច​ខ្លួន​ឯង​ឡើយ។ 17 គេ​ជា​មនុស្ស​រមែង​តែង​តែ​ស្លាប់ គេ​ប្រើ​ដៃ​ប្រព្រឹត្ត​អំពើ​ល្មើស​វិន័យ ហើយ​ផលិត​រូប​ដែល​គ្មាន​ជីវិត។ ទោះ​ជា​យ៉ាង​ណា​ក្តី ក៏​គេ​ប្រសើរ​ជាង​រូប​ទាំង​ប៉ុន្មាន ដែល​គេ​គោរព​ប្រតិ‌បត្តិ​នោះ​ដែរ គឺ​គេ​បាន​ទទួល​ជីវិត រីឯ​រូប​ទាំង​នោះ​វិញ មិន​ដែល​ទទួល​ជីវិត​ទាល់​តែ​សោះ​ឡើយ។ 18 ពួក​គេ​បាន​គោរព​ថ្វាយ​បង្គំ​សត្វ​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត គឺ​សត្វ​តិរច្ឆាន​ដ៏​អាក្រក់​ជាង​គេ។ 19 សត្វ​ទាំង​នោះ​គ្មាន​សម្ផស្ស​គួរ​ឲ្យ​គយ​គន់ គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​ដូច​សត្វ​ឯ​ទៀតៗ​ឡើយ។ ព្រះ‌ជាម្ចាស់​មិន​ចាប់​អារម្មណ៍​នឹង​សត្វ​ទាំង​នោះ​ទេ ហើយ​ក៏​មិន​ប្រទាន​ពរ​ឲ្យ​វា​ដែរ។