ជំពូក ១៩

ប្រជាជន​អ៊ីស្រា‌អែល​ឆ្លង​សមុទ្រ​ក្រហម

1 ព្រះ‌អង្គ​ប្រហារ​ជន‌ពាល ដោយ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា ឥត​ត្រា​ប្រណី រហូត​ដល់​ស្ងប់​ព្រះ‌ហប្ញ​ទ័យ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ជា​មុន​នូវ​អំពើ​ដែល​ពួក​គេ​បម្រុង​នឹង​ប្រព្រឹត្ត 2 គឺ​បន្ទាប់​ពី​ពួក​គេ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ ព្រម​ទាំង​ដេញ​ឲ្យ​ចេញ​យ៉ាង​ប្រញាប់​ទៀត​នោះ។ ជន​ជាតិ​អេស៊ីប​ដូរ​គំនិត ហើយ​បែរ​ជា​ដេញ​តាម​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទៅ​វិញ។ 3 ក្នុង​ពេល​ដែល​ពួក​គេ​នៅ​កាន់​ទុក្ខ ហើយ​សោក​សង្រេង​ក្បែរ​ផ្នូរ​កូន​របស់​ខ្លួន ពួក​គេ​មាន​គំនិត​មួយ​ផ្សេង​ទៀត ជា​គំនិត​លេ​លា គឺ​នាំ​គ្នា​ដេញ​តាម​អស់​អ្នក​ដែល​ខ្លួន​បាន​អង្វរ​ករ ឲ្យ​ចាក​ចេញ​កាល​ពី​មុន។ ពួក​គេ​ដេញ​តាម​អ្នក​ទាំង​នោះ ដូច​ដេញ​តាម​ជន​ដែល​រត់​ចោល​ស្រុក។ 4 តាម​ពិត ពួក​គេ​ត្រូវ​តែ​ធ្វើ​បែប​នេះ ហើយ​គេ​ក៍​ត្រូវ​តែ​បំភ្លេច​អ្វីៗ ដែល​បាន​កើត​ពី​មុន​ដែរ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ទារុណ‌កម្ម​សព្វ​គ្រប់ ឥត​ខ្វះ​ត្រង់​ណា​ឡើយ។ 5 ប្រជាជន​របស់​ព្រះ‌អង្គ​បាន​ធ្វើ​ដំណើរ​កាត់​សមុទ្រ​យ៉ាង​អស្ចារ្យ រីឯ​ពួក​គេ​វិញ ត្រូវ​ស្លាប់​តាម​របៀប​គួរ​ឲ្យ​ឆ្ងល់។
6 ពេល​នោះ ព្រះ‌អង្គ​សូន​សត្វ​លោក​ទាំង​អស់​សា​ជា​ថ្មី តាម​ប្រភេទ​រៀងៗ​ខ្លួន ហើយ​សត្វ​លោក​ទាំង​នោះ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ ដើម្បី​ការ‌ពារ​បុត្រ‌ធីតា​របស់​ព្រះ‌អង្គ ឲ្យ​ចៀស​ផុត​ពី​គ្រោះ​កាច​នានា។ 7 ពួក​គេ​ឃើញ​ពពក​គ្រប​បាំង​កន្លែង​បោះ​ជំរំ ដី​គោក​លេច​ចេញ​ពី​កន្លែង​មាន​សុទ្ធ​តែ​ទឹក គឺ​បាត​សមុទ្រ​ក្រហម​ប្រែ​ទៅ​ជា​ផ្លូវ​ដែល​អាច​ដើរ​បាន​ស្រួល ហើយ​រលក​ដ៏​ខ្លាំង​ក្លា​ប្រែ​ទៅ​ជា​វាល​ស្មៅ​ដ៏​ខៀវ​ខ្ចី។ 8 ប្រជា‌រាស្រ្ត​ទាំង​មូល​ដើរ​កាត់​តាម​នោះ ទាំង​ឃើញ​ប្ញទ្ធិ​បាដិ​ហារិយ៍​ដ៏​អស្ចារ្យ ដោយ​មាន​ព្រះ‌បារមី​របស់​ព្រះ‌អង្គ​ជួយ​ការ‌ពារ។ 9 បពិត្រ​ព្រះ‌អម្ចាស់! ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ហ្វូង​សេះ​ដែល​កំពុង​ស៊ី​ស្មៅ និង​លោត​ដូច​កូន​ចៀម ទាំង​សរសើរ​តម្តើង​ព្រះ‌អង្គ​ដែល​បាន​រំដោះ​គេ 10 ដ្បិត​ពួក​គេ​នៅ​នឹក​ចាំ​ពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​ឡើង ក្នុង​ពេល​ពួក​គេ​រស់​នៅ​លើ​ទឹក​ដី​បរទេស គឺ​ពេល​នោះ ដី​បាន​បង្កើត​តែ​មូស គឺ​មិន​បង្កើត​សត្វ​ឯ​ទៀតៗ​ទេ ទន្លេ​ខ្ជាក់​តែ​កង្កែប​ដ៏​ច្រើន​ឥត​គណនា​ជំនួស​ត្រី។ 11 ក្រោយ​មក​ទៀត នៅ​ពេល​គេ​ឃ្លាន​ពេក ហើយ​នាំ​គ្នា​តវ៉ា​សុំ​អាហារ​ឆ្ងាញ់​ពិសារ គេ​ឃើញ​បក្សា​បក្សី​មួយ​ប្រភេទ​ថ្មី 12 គឺ​មាន​ក្រួច​ហោះ​ចេញ​ពី​សមុទ្រ ដើម្បី​បំពេញ​បំណង​ប្រាថ្នា​របស់​ពួក​គេ។

ជន​ជាតិ​អេស៊ីប​ស្អប់​ជន​ជាតិ​ដទៃ

13 ផ្ទុយ​ទៅ​វិញ អ្នក​បាប​ទទួល​ទារុណ‌កម្ម ដោយ​មាន​រន្ទះ​បាញ់​ខ្លាំងៗ ជា​ទី​សម្គាល់​ផ្តល់​ដំណឹង​ជា​មុន។ ពួក​គេ​ទទួល​ទោស​ដូច្នេះ ពិត​ជា​យុត្តិ‌ធម៌ ស្រប​តាម​អំពើ​អាក្រក់​របស់​ខ្លួន ដ្បិត​ពួក​គេ​ស្អប់​ជន​បរទេស​បំផុត។ 14 កាល​ពី​ដើម អ្នក​ក្រុង​សូដុម​មិន​ព្រម​ទទួល​អ្នក​ដំណើរ​ដែល​ខ្លួន​មិន​ស្គាល់ រីឯ​ជន​ជាតិ​អេស៊ីប​នេះ​បែរ​ជា​យក​ភ្ញៀវ​ដែល​បាន​នាំ​ផល​ប្រយោជន៍​ដល់​គេ ធ្វើ​ជា​ទាសករ​ទៅ​វិញ។ 15 មិន​តែ​ប៉ុណ្ណោះ​សោត អ្នក​ក្រុង​សូដុម​ទទួល​ទោស ព្រោះ​ពួក​គេ​មិន​បាន​ស្វាគមន៍​ភ្ញៀវ​ដោយ​រាក់​ទាក់។ 16 រីឯ​ជន​ជាតិ​អេស៊ីប​វិញ ក្រោយ​ពី​បាន​អបអរ​សាទរ​ទទួល​អ្នក​ដែល​មក​ថ្មីៗ ហើយ​មាន​សិទ្ធិ​ស្មើៗ​គ្នា ពួក​គេ​បែរ​ជា​ជិះ​ជាន់​សង្កត់​សង្កិន​ភ្ញៀវ ដោយ​ប្រើ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ 17 ពួក​គេ​ត្រូវ​ខ្វាក់​ដូច​អ្នក​ក្រុង​សូដុម ត្រូវ​ខ្វាក់​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​មនុស្ស​សុចរិត ពេល​នោះ គេ​ងងឹត មើល​អ្វី​លែង​ឃើញ ម្នាក់ៗ​រក​ផ្លូវ​ទៅ​កាន់​ផ្ទះ​រៀងៗ​ខ្លួន។

ព្រះ‌ជាម្ចាស់​ប្រោស​ធាតុ​ទាំង​អស់​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​ស្រួល

18 ឧបមា​ថា ពិណ ទោះបី​តន្រ្តី​ករ​ដូរ​ចង្វាក់ និង​តែង​បទ​ផ្សេង​ក្តី ក៏​សំឡេង​របស់​ខ្សែ​នីមួយៗ​នៅ​តែ​ដដែល។ យ៉ាង​ណា​មិញ ធាតុ​ទាំង​ប្រាំ​ដែល​ផ្សំ​គ្នា​បង្កើត​បាន​ជា​ពិភព‌លោក ទោះ​បី​មាន​លក្ខណៈ​ប្លែក​គ្នា​ក្តី ក៏​នៅ​ផ្សំ​គ្នា​តាម​របៀប​ថ្មី​បាន​ដែរ។ ប្រសិន​បើ​យើង​ពិនិត្យ​មើល​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន​នៅ​គ្រា​នោះ យើង​មុខ​ជា​យល់​សេចក្តី​នេះ​យ៉ាង​ច្បាស់។ 19 សត្វ​ដែល​ធ្លាប់​រស់​នៅ​លើ​គោក បែរ​ជា​ទៅ​រស់​នៅ​ក្នុង​ទឹក រីឯ​សត្វ​ដែល​ធ្លាប់​ហែល​ក្នុង​ទឹក បែរ​ជា​ដើរ​នៅ​លើ​គោក​វិញ។ 20 ភ្លើង​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ទឹក រីឯ​ទឹក​បែរ​ជា​លែង​មាន​អំណាច​ពន្លត់​ភ្លើង។ 21 អណ្តាត​ភ្លើង​មិន​ឆាប​ឆេះ​សត្វ​ដ៏​ទន់​ខ្សោយ ដែល​ដើរ​វិល​វល់​នៅ​ក្នុង​ភ្លើង​នោះ​ឡើយ។ អណ្តាត​ភ្លើង​ក៏​មិន​ធ្វើ​ឲ្យ​អាហារ​ទិព្វ​រលាយ​ដែរ ទោះ​បី​អាហារ​ទិព្វ​នេះ​តែង​តែ​រលាយ ដូច​ទឹក‌កក​ក៏​ដោយ។

អវ‌សាន​កថា

22 បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​លើក​តម្កើង​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ ឲ្យ​មាន​សិរី​រុង‌រឿង​ក្នុង​គ្រប់​ប្រការ! ព្រះ‌អង្គ​បាន​ជួយ​ទំនុក​បម្រុង​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ គ្រប់​ពេល​វេលា និង​នៅ​គ្រប់​ទី​កន្លែង​ផង។