ជំពូក ១១
1 ព្រះប្រាជ្ញាញាណប្រោសប្រទាន ឲ្យកិច្ចការទាំងប៉ុន្មាន ដែលជនជាតិអ៊ីស្រាអែលធ្វើ បានប្រកបដោយជោគជ័យ ព្រោះតែព្យាការីដ៏វិសុទ្ធម្នាក់។ 2 ពួកគេដើរកាត់វាលរហោស្ថាន ជាកន្លែងគ្មាននរណារស់នៅ ហើយបោះជំរំនៅក្នុងស្រុក ដែលគ្មាននរណាដើរជាន់។ 3 ពួកគេអាចតទល់នឹងខ្មាំងសត្រូវ ហើយរុញច្រានបច្ចាមិត្តរបស់ពួកគេថែមទៀតផង។
ជនជាតិអ៊ីស្រាអែល និងជនជាតិអេស៊ីប
4 បពិត្រព្រះអម្ចាស់ ជនជាតិអ៊ីស្រាអែលស្រេកទឹកយ៉ាងខ្លាំង គេនាំគ្នាអង្វរព្រះអង្គ ហើយព្រះអង្គ ធ្វើឲ្យទឹកផុសចេញពីចំណោតថ្ម។ ថ្មមួយដ៏រឹងបញ្ចេញទឹកឲ្យពួកគេបរិភោគ បំបាត់ការស្រេកឃ្លាន។ 5 ដូច្នេះ ទឹកដែលបំផ្លាញខ្មាំងសត្រូវបានត្រឡប់ទៅជាអំណោយទាន ជួយពួកគេក្នុងគ្រាដែលពួកគេមានអាសន្ន។
6 ព្រះអង្គបានធ្វើឲ្យទន្លេនីលក្លាយទៅជាភក់ លាយដោយឈាមជំនួសទឹកដែលតែងតែហូរជាប្រក្រតី 7 ដើម្បីធ្វើទោសអស់អ្នកដែលចេញបញ្ជាឲ្យសម្លាប់ទារកនៃប្រជាជនរបស់ព្រះអង្គ។ ផ្ទុយទៅវិញ ព្រះអង្គប្រទានទឹកបរិបូណ៌ឲ្យជនជាតិអ៊ីស្រាអែលបរិភោគ នៅពេលពួកគេអស់សង្ឃឹម។ 8 ក្នុងពេលពួកគេស្រេកទឹក ព្រះអង្គបង្ហាញឲ្យពួកគេឃើញអំពីរបៀបដែលព្រះអង្គដាក់ទោសខ្មាំងសត្រូវរបស់ពួកគេ។ 9 ព្រះអង្គល្បងលពួកគេ ហើយវាយប្រដៅពួកគេដោយព្រះហឫទ័យមេត្តាករុណា ដូច្នេះ ពួកគេស្គាល់ទុក្ខលំបាក ដែលជនពាលតែងទទួល នៅពេលព្រះអង្គព្រះអង្គព្រះពិរោធ។ 10 ព្រះអង្គល្បងលប្រជាជនរបស់ព្រះអង្គ ដូចឪពុកទូន្មានកូន។ រីឯជនជាតិនោះវិញ ព្រះអង្គដាក់ទោសពួកគេ ដូចស្តេចដាក់ទោសឥតត្រាប្រណីឡើយ។ 11 ទោះបីពួកគេនៅឆ្ងាយ ឬនៅជិតប្រជាជនព្រះអង្គក្តី ក៏ពួកគេរងទុក្ខវេទនាដដែល។ 12 ពួកគេមានទុក្ខកង្វល់ ពីរយ៉ាង គឺម្យ៉ាងពួកគេថ្ងូរដោយនឹកដល់ព្រឹត្តការណ៍ដែលកើតមានចំពោះពួកគេ 13 ហើយម្យ៉ាងទៀត ពួកគេទទួលដំណឹងថា ព្រះអង្គប្រទានពរដល់ជនជាតិអ៊ីស្រាអែល ដោយសារទឹកដែលព្រះអង្គបានប្រើសម្រាប់ដាក់ទោសពួកគេ។ ពេលនោះ ពួកគេយល់ឃើញថា ព្រះអម្ចាស់ពិតជាបានធ្វើអន្តរាគមន៍មែន។ 14 ពួកគេស្រេកទឹកតាមរបៀបប្លែកពីមនុស្សសុចរិត។ កាលព្រឹត្តការណ៍ទាំងនោះកន្លងផុតទៅ ពួកគេស្រឡាំងកាំងដោយឃើញលោកម៉ូសេដែលពួកគេបំបរបង់ចោល និងបណ្តេញចេញទាំងចំអកឡកឡឺយថែមទៀតផង។
ព្រះជាម្ចាស់ដាក់ទោសអ្នកដែលគោរពសត្វទុកជាព្រះរបស់ខ្លួន
15 បពិត្រព្រះអម្ចាស់! ពួកគេមានគំនិតលេលាមកពីគេប្រព្រឹត្តអំពើទុច្ចរិត ដែលនាំឲ្យពួកគេវង្វេង រហូតដល់ទៅគោរពបម្រើឧរង្គសត្វ ដែលគ្មានគំនិត និងសត្វដ៏ថោកទាប។ ហេតុនេះ ព្រះអង្គចាត់សត្វជាច្រើនឥតគណនា ជាសត្វដែលមិនដឹងខុសត្រូវ ឲ្យធ្វើទោសពួកគេ 16 ដើម្បីឲ្យពួកគេដឹងថា មនុស្សយើងរមែងរងទុក្ខទោស តាមអំពើដែលខ្លួនប្រព្រឹត្ត។ 17 ដោយព្រះបារមី និងឫទ្ធានុភាពរបស់ព្រះអង្គដែលអាចធ្វើអ្វីៗសព្វសារពើ ព្រះអង្គបានយកធាតុដែលគ្មានរូបរាងមកបង្កើតពិភពលោក។ ដូច្នេះ ព្រះអង្គក៏មិនពិបាកចាត់ខ្លាឃ្មុំ ឬសិង្ហដ៏សាហាវ ច្រើនឥតគណនា ឲ្យទៅធ្វើទោសពួកគេឡើយ។ 18 ព្រះអង្គអាចបង្កើតសត្វដ៏សម្បើម និងសាហាវបំផុត ដែលគ្មាននរណាធ្លាប់ស្គាល់ ហើយព្រោះភ្លើងមកឆាបឆេះពួកគេ ឬផ្លុំផ្សែងដ៏ខ្មួលខ្មាញ់ និងបញ្ចេញផ្លេកបន្ទោរគួរឲ្យស្ញែងខ្លាច តាមភ្នែក។ 19 សត្វទាំងនោះមិនបាច់បំផ្លាញពួកគេទេ គ្រាន់តែពួកគេឃើញ ក៏ត្រូវបាត់បង់ជីវិតដោយភ័យខ្លាចហួសហេតុ។ 20 ទោះបីព្រះអង្គមិនប្រើសត្វសម្បើមទាំងនោះក្តី ក៏ព្រះអង្គអាចផ្តួលរំលំពួកគេដោយខ្យល់ដង្ហើមរបស់ព្រះអង្គដែរ។ សេចក្តីសុចរិត និងឫទ្ធានុភាពរបស់ព្រះអង្គ ដេញតាមប្រហារពួកគេឲ្យវិនាសខ្ចាត់ខ្ចាយ។ ប៉ុន្តែ ព្រះអង្គចាត់ចែងអ្វីៗទាំងអស់ ដោយមានកម្រិត និងរបៀបរៀបរយ។
21 ព្រះអង្គអាចប្រើព្រះចេស្តាដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គនៅពេលណាក៏បាន។ គ្មាននរណាអាចតទល់នឹងព្រះបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គទេ។ 22 នៅចំពោះព្រះភ័ក្រ្តព្រះអង្គ ពិភពលោកទាំងមូលប្រៀបដូចជាធូលីដីក្នុងជញ្ជីង ឬដូចតំណក់ទឹកសន្សើមដែលធ្លាក់មកលើផែនដី នៅពេលព្រលឹម។ 23 ព្រះអង្គអាណិតអាសូរមនុស្សទាំងអស់ ព្រោះព្រះអង្គមានឫទ្ធានុភាពអាចសម្រេចកិច្ចការទាំងអស់ ព្រះអង្គមិនប្រកាន់មនុស្ស ដែលប្រព្រឹត្តអំពើបាបទេ ដើម្បីឲ្យគេកែប្រែចិត្តគំនិត។ 24 ព្រះអង្គស្រឡាញ់សត្វលោកទាំងអស់ មិនស្អប់ខ្ពើមសត្វលោកណាមួយ ដែលព្រះអង្គបានបង្កើតសោះឡើយ។ ប្រសិនបើព្រះអង្គស្អប់សត្វលោកណាមួយ ព្រះអង្គមិនបង្កើតសត្វនោះទេ! 25 ប្រសិនបើព្រះអង្គមិនសព្វព្រះហឫទ័យបង្កើតទេនោះ តើមានសត្វលោកណាអាចរស់នៅបាន? ប្រសិនបើព្រះអង្គមិនហៅឲ្យកើតមកទេ តើសត្វលោកនោះអាចនៅស្ថិតស្ថេរដូចម្តេចបាន? 26 បពិត្រព្រះអម្ចាស់ដែលស្រឡាញ់ជីវិត ព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរស ចំពោះសត្វលោកទាំងអស់ ដ្បិតសត្វលោកសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។