ជំពូក ៣
មនុស្សសុចរិតនឹងទទួលជីវិតអមតៈ
1 មនុស្សសុចរិតស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ គេនឹងមិនជួបទុក្ខលំបាកណាទៀតឡើយ។ 2 អ្នកឆោតល្ងង់ស្មានថា មនុស្សសុចរិតបាត់បង់ជីវិត ហើយយល់ថាការលាចាកលោកនេះ ជាមហន្តរាយរបស់មនុស្សសុចរិត។ 3 គេស្មានទៀតថា ពេលឃ្លាតឆ្ងាយពីលោកយើងនេះ មនុស្សសុចរិតវិនាសសាបសូន្យ។ ប៉ុន្តែ តាមពិតមនុស្សសុចរិតស្ថិតនៅក្នុងសេចក្តីសុខសាន្ត។ 4 តាមការយល់ឃើញរបស់មនុស្សធម្មតា អ្នកសុចរិតទាំងនោះបានរងទុក្ខទោសមែន តែពួកគេមានសង្ឃឹមយ៉ាងមោះមុតថា នឹងទទួលជីវិតអមតៈ។ 5 ព្រះជាម្ចាស់វាយប្រដៅពួកគេតែបន្តិចទេ តែពួកគេនឹងទទួលសុភមង្គលដ៏បរិបូណ៌។ ព្រះជាម្ចាស់ល្បងលពួកគេ ហើយឈ្វេងយល់ថាពួកគេពិតជាសមនៅជាមួយព្រះអង្គ។ 6 ព្រះអង្គបន្សុទ្ធពួកគេដូចជាងបន្សុទ្ធមាសក្នុងឡ ព្រះអង្គទទួលពួកគេ ដូចទទួលតង្វាយដុត*ទាំងមូល។
7 លុះដល់ពេលកំណត់ ដែលព្រះអង្គយាងមកវិនិច្ឆ័យទោសមនុស្សលោក ពួកគេនឹងភ្លឺដូចអណ្តាតភ្លើងឆាបឆេះជញ្រ្ជាំង។ 8 ពួកគេនឹងវិនិច្ឆ័យទោសប្រជាជាតិនានា ហើយគ្រប់គ្រងលើជាតិសាសន៍ជាច្រើន។ ព្រះអម្ចាស់នឹងគ្រងរាជ្យលើពួកគេអស់កល្បជាអង្វែងតរៀងទៅ។ 9 អស់អ្នកដែលពឹងផ្អែកលើព្រះអម្ចាស់នឹងយល់ថា គម្រោងការរបស់ព្រះអង្គពិតជាត្រឹមត្រូវ ហើយអស់អ្នកដែលជឿព្រះអង្គនឹងរួមរស់ជាមួយព្រះអង្គក្នុងសេចក្តីស្រឡាញ់។ ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោស និងមេត្តាករុណា ចំពោះអស់អ្នកដែលព្រះអង្គបានជ្រើសរើស។
10 ផ្ទុយទៅវិញ ជនពាលដែលប្រមាថព្រះជាម្ចាស់ នឹងទទួលទណ្ឌកម្ម ស្របតាមគំនិតរបស់ខ្លួន ព្រោះពួកគេបានមើលងាយមនុស្សសុចរិត ហើយបែរខ្នងដាក់ព្រះអម្ចាស់។ 11 អស់អ្នកដែលព្រងើយកន្តើយនឹងព្រះប្រាជ្ញាញាណ និងការអប់រំរបស់ព្រះអង្គ ពិតជាមនុស្សវេទនា សេចក្តីសង្ឃឹមរបស់ពួកគេគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ ហើយការប្រឹងប្រែងរបស់ពួកគេ សុទ្ធតែឥតបានការ ហើយអ្វីៗដែលគេធ្វើក៏ឥតប្រយោជន៍ដែរ។ 12 ភរិយារបស់ពួកគេជាស្រ្តីឥតគំនិត កូនរបស់គេជាមនុស្សកំណាច ហើយពូជពង្សរបស់គេនឹងត្រូវបណ្តាសា។
ចិត្តស្មោះត្រង់ ប្រសើរជាងមានកូនចៅច្រើន
13 ស្រ្តីឥតសៅហ្មង ហើយមិនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ទោះបីនាងគ្មានកូនក្តី ក៏នាងមានសុភមង្គលដែរ! នាងនឹងទទួលរង្វាន់ នៅពេលព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោសមនុស្សលោក។ 14 បុរសកម្រៀវដែលមិនប្រព្រឹត្តអំពើបាប ហើយគ្មានគំនិតអាក្រក់ប្រឆាំងនឹងព្រះអម្ចាស់ ក៏មានសុភមង្គលដែរ ដ្បិតគេនឹងទទួលព្រះអំណោយទានពិសេស ព្រោះគេមានចិត្តស្មោះត្រង់។ គេនឹងទទួលកន្លែងដ៏ប្រសើរ ក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ 15 អ្នកដែលខិតខំប្រព្រឹត្តអំពើល្អ រមែងទទួលផលដ៏រុងរឿង ហើយអ្នកដែលប្រព្រឹត្តតាមព្រះប្រាជ្ញាញាណ ប្រៀបដូចដើមឈើដែលមានឫសគង់វង្សជានិច្ច។ 16 កូនកើតមកពីអំពើប្រាសចាកសីលធម៌ មិនដែលចម្រុងចម្រើនទេ ហើយពូជពង្សរបស់អ្នករួមបវេណីខុសវិន័យនឹងត្រូវវិនាសបាត់បង់ជាពុំខាន។ 17 ទោះបីគេរស់នៅយូរយ៉ាងណាក្តី ក៏គ្មាននរណារាប់រកគេដែរ ហើយត្រូវអ្នកដទៃមើលងាយ រហូតដល់ចាស់ស្លាប់។ 18 ប្រសិនបើគេស្លាប់នៅវ័យក្មេងនោះ គេគ្មានសេចក្តីសង្ឃឹមទេ ហើយនៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោស គេក៏មិនបានធូរស្រាលដែរ។ 19 ចុងបញ្ចប់នៃពូជពង្សរបស់មនុស្សទុច្ចរិតវេទនាណាស់!