ជំពូក ៩
ពាក្យទូលអង្វរសូមព្រះប្រាជ្ញាញាណ
1 បពិត្រព្រះនៃបុព្វបុរសរបស់ទូលបង្គំ និងជាព្រះអម្ចាស់ ប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គបង្កើតអ្វីៗសព្វសារពើដោយសារព្រះបន្ទូល។ 2 ព្រះអង្គបានសូនមនុស្សដោយសារព្រះប្រាជ្ញាញាណ ដើម្បីឲ្យគ្រប់គ្រងលើសត្វលោកទាំងអស់ ដែលព្រះអង្គបង្កើតមក 3 ហើយឲ្យគេត្រួតត្រាពិភពលោកដោយភាពវិសុទ្ធ និងសុចរិតតាមយុត្តិធម៌ ព្រមទាំងវិនិច្ឆ័យដោយចិត្តទៀងត្រង់។ 4 សូមមេត្តាប្រោសប្រទានព្រះប្រាជ្ញាញាណ ដែលគង់នៅលើបល្ល័ង្ករួមជាមួយព្រះអង្គ មកទូលបង្គំផង! សូមកុំដកទូលបង្គំ ចេញពីចំណោមបុត្រធីតារបស់ព្រះអង្គឡើយ។ 5 ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ដូចម្តាយរបស់ទូលបង្គំដែរ។ ទូលបង្គំជាមនុស្សទន់ខ្សោយ ដែលមានអាយុខ្លី មិនសូវយល់អំពីវិន័យ និងច្បាប់របស់ព្រះអង្គឡើយ។ 6 មួយវិញទៀត ទោះបីមានមនុស្សណាម្នាក់ល្អឥតខ្ចោះក្តី ប្រសិនបើគេគ្មានព្រះប្រាជ្ញាញាណមកពីព្រះអង្គទេ គេគ្មានតម្លៃអ្វីឡើយ! 7 ព្រះអង្គបានជ្រើសរើសទូលបង្គំឲ្យធ្វើជាស្តេចលើប្រជារាស្រ្តរបស់ព្រះអង្គ គឺឲ្យទូលបង្គំគ្រប់គ្រងលើបុត្រធីតារបស់ព្រះអង្គ។ 8 ព្រះអង្គបញ្ជាឲ្យទូលបង្គំសង់ព្រះវិហារនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ ព្រមទាំងសង់អាសនៈមួយក្នុងក្រុងដែលព្រះអង្គគង់នៅ ដោយយកព្រះពន្លាដែលព្រះអង្គបានរៀបចំតាំងពីដើមរៀងមកធ្វើជាគំរូ។ 9 បពិត្រព្រះអម្ចាស់! ព្រះប្រាជ្ញាញាណគង់នៅជាមួយព្រះអង្គ ហើយជ្រាបអំពីស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអង្គ។ ពេលព្រះអង្គបង្កើតពិភពលោក ព្រះប្រាជ្ញាញាណគង់នៅជាមួយព្រះអង្គ ព្រមទាំងជ្រាបអំពីអ្វីៗដែលគាប់ព្រះហឫទ័យព្រះអង្គ និងអ្វីៗដែលត្រឹមត្រូវតាមបញ្ជារបស់ព្រះអង្គ។ 10 សូមចាត់ព្រះប្រាជ្ញាញាណឲ្យយាងចុះពីស្ថានបរមសុខ ដែលជាព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ សូមឲ្យព្រះប្រាជ្ញាញាណយាងពីបល្ល័ង្ក ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដើម្បីធ្វើការនឿយហត់រួមជាមួយទូលបង្គំ និងឲ្យទូលបង្គំខ្ញុំស្គាល់អ្វីៗដែលគាប់ព្រះហឫទ័យព្រះអង្គផង។ 11 ព្រះប្រាជ្ញាញាណជ្រាប និងយល់អ្វីៗទាំងអស់ ហើយណែនាំទូលបង្គំឲ្យប្រព្រឹត្តកិច្ចការផ្សេងៗ ដោយចេះគិតពិចារណា។ សូមព្រះប្រាជ្ញាញាណការពារទូលបង្គំដោយសិរីរុងរឿងរបស់ព្រះអង្គផង! 12 ដូច្នេះ កិច្ចការទាំងប៉ុន្មានដែលទូលបង្គំប្រព្រឹត្ត មុខជាគាប់ព្រះហឫទ័យរបស់ព្រះអង្គ ទូលបង្គំនឹងគ្រងរាជ្យលើប្រជារាស្រ្តរបស់ព្រះអង្គដោយគតិយុត្តិធម៌ ហើយក៏ស័ក្តិសមអង្គុយលើបល្ល័ង្ករបស់បិតាទូលបង្គំដែរ។
13 ឱព្រះជាម្ចាស់អើយ! តើនរណាអាចស្គាល់ព្រះហឫទ័យរបស់ព្រះអង្គបាន? តើនរណាអាចស្មានយល់អំពីបំណងរបស់ព្រះអង្គ? 14 មនុស្សតែងតែស្លាប់ មានគំនិតមិនប្រាកដប្រជាទេ ហើយការរិះគិតរបស់យើងខ្ញុំក៏រមែងប្រែប្រួលជានិច្ច។ 15 រូបកាយរបស់យើងខ្ញុំដែលត្រូវរលួយ ជាបន្ទុកយ៉ាងធ្ងន់ សង្កត់លើព្រលឹងរបស់យើងខ្ញុំ។ រូបកាយជាសំបកធ្វើពីដី ក៏សង្កត់លើវិញ្ញាណដែលប្រទាញប្រទង់ដោយកង្វល់ផ្សេងៗ។ 16 យើងខ្ញុំពិបាកស្រមៃឃើញពីអ្វីៗនៅលើផែនដី ហើយក៏មិនងាយយល់អំពីអ្វីៗ ដែលយើងអាចប៉ះពាល់បានប៉ុណ្ណឹងទៅហើយ ចុះចំណង់បើអ្វីៗដែលនៅឯស្ថានបរមសុខវិញ តើនរណាអាចស្វែងយល់បាន! 17 ប្រសិនបើព្រះអង្គមិនបានប្រោសប្រទានព្រះប្រាជ្ញាញាណ ហើយមិនបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គពីស្ថានដ៏ខ្ពស់មកទេនោះ គ្មាននរណាអាចស្គាល់បំណងរបស់ព្រះអង្គឡើយ។ 18 ដូច្នេះ ព្រះអង្គបានតំរែតម្រង់មនុស្សឲ្យរស់នៅដោយទៀងត្រង់នៅលើផែនដី ព្រះអង្គបានបង្រៀនពួកគេពីអ្វីៗដែលគាប់ព្រះហឫទ័យព្រះអង្គ ហើយព្រះប្រាជ្ញាញាណក៏សង្រ្គោះគេដែរ។