ជំពូក ១៨

ដុំ​ភ្លើង

1 ផ្ទុយ​ទៅ​វិញ មាន​ពន្លឺ​ដ៏​ត្រចះ​ត្រចង់​បំភ្លឺ​ប្រជាជន​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។ ជន​ជាតិ​អេស៊ីប​គ្រាន់​តែ​ឮ​សូរ​សំឡេង​ប្រជាជន​របស់​ព្រះ‌អង្គ​ប៉ុណ្ណោះ តែ​មើល​គេ​មិន​ឃើញ​ទេ ហើយ​នាំ​គ្នា​ប្រកាស​ថា ជន​ជាតិ​អ៊ីស្រា‌អែល​មាន​សុភមង្គល ដោយ​មិន​រង​ទុក្ខ​វេទនា​ដូច​ខ្លួន។ 2 ជន​ជាតិ​អេស៊ីប​ក៏​សូម​អរគុណ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​មិន​សង​សឹក​ពួក​គេ ព្រោះ​តែ​ពួក​គេ​ធ្លាប់​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​ដង។ ពួក​គេ​នាំ​គ្នា​សូម​អភ័យ​ទោស ដោយ​បាន​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល។ 3 ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ដុំ​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ មក​ណែ​នាំ​ប្រជាជន​របស់​ព្រះ‌អង្គ តាម​ផ្លូវ​ដែល​ពួក​គេ​មិន​ស្គាល់។ ដុំ​ភ្លើង​នោះ​ភ្លឺ​ដូច​ព្រះ‌អាទិត្យ តែ​មិន​ធ្វើ​ទុក្ខ​ពួក​គេ​នៅ​ពេល​ធ្វើ​ដំណើរ ប្រកប​ដោយ​ភាព​រុង​រឿង​នោះ​ឡើយ។ 4 ចំណែក​ឯ​ជន​ជាតិ​អេស៊ីប​វិញ ពួក​គេ​សម​តែ​ខ្វះ​ពន្លឺ ហើយ​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ភាព​ងងឹត ព្រោះ​ពួក​គេ​បាន​ឃុំ​ឃាំង​បុត្រ​ធីតា​របស់​ព្រះ‌អង្គ! ប៉ុន្តែ​ព្រះ‌អង្គ​បម្រុង​នឹង​ប្រទាន​ពន្លឺ​ដ៏​អមតៈ​នៃ​វិន័យ​ឲ្យ​មនុស្ស​លោក​តាម‌រយៈ​បុត្រ​ធីតា​ទាំង​នោះ។

កូន​ច្បង​នៃ​ជន​ជាតិ​អេស៊ីប​ត្រូវ​ស្លាប់

5 ជន​ជាតិ​អេស៊ីប​បាន​សម្រេច​សម្លាប់​ទារក​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​ដ៏‌វិសុទ្ធ។ មាន​តែ​ទារក​ម្នាក់​ទេ​ដែល​បាន​រួច​ជីវិត ក្រោយ​ពី​គេ​បំបរ​បង់​ចោល។ ព្រះ‌អង្គ​បាន​ដក​ជីវិត ពី​កូន​របស់​ជន​ជាតិ​អេស៊ីប​មួយ​ចំនួន​ធំ ដើម្បី​ដាក់​ទោស​ពួក​គេ។ ព្រះ‌អង្គ​ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​អន្ត‌រាយ​ជា​មួយ​គ្នា ក្នុង​រលក​សមុទ្រ​ដ៏​ធំ​សម្បើម​នោះ​ដែរ។ 6 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ឲ្យ​ដឹង​ជា​មុន អំពី​យប់​នោះ ដើម្បី​ឲ្យ​ពួក​លោក​ត្រេក​អរ​សប្បាយ ដោយ​មិន​ខ្លាច​អ្វី​ឡើយ ព្រោះ​ដឹង​ថា ព្រះ‌បន្ទូល​សន្យា​ដែល​ពួក​លោក​ជឿ​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន។ 7 ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ​ទន្ទឹង​រង់​ចាំ ដោយ​ដឹង​ថា ព្រះ‌អង្គ​សង្រ្គោះ‌មនុស្ស​សុចរិត ហើយ​បំផ្លាញ​ខ្មាំង​សត្រូវ​របស់​គេ នៅ​យប់​នោះ។ 8 អ្វីៗ​ដែល​ព្រះ‌អង្គ​យក​មក​ប្រើ​សម្រាប់​ដាក់​ទោស​បច្ចា​មិត្ត​របស់​យើង​ខ្ញុំ ត្រឡប់​ទៅ​ជា​សិរី​រុង‌រឿង​របស់​យើង​ខ្ញុំ​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ។
9 ពូជ​ពង្ស​ដ៏‌វិសុទ្ធ​របស់​បុព្វ‌បុរស តែង​តែ​ថ្វាយ​សក្ការ​បូជា​យ៉ាង​ស្ងាត់ៗ ហើយ​ព្រម​ព្រៀង​គ្នា​នឹង​ប្រតិ‌បត្តិ​តាម​ច្បាប់​ដែល​មក​ពី​ព្រះ‌អង្គ គឺ​ទៅ​អនាគត ប្រជាជន​ដ៏‌វិសុទ្ធ​នឹង​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា។ នៅ​គ្រា​នោះ ពួក​គេ​នាំ​គ្នា​ស្មូត​បទ​របស់​បុព្វ‌បុរស សម្រាប់​លើក​តម្កើង​ព្រះ‌អង្គ​រួច​ស្រេច​ទៅ​ហើយ។ 10 ទន្ទឹម​នឹង​នោះ សម្រែក​នៃ​ខ្មាំង​សត្រូវ​ដែល​បន្លឺ​ឡើង​មិន​ស្រប​គ្នា​ក៏​លាន់​ឮ​ដែរ គឺ​ទំនួញ​របស់​អស់​អ្នក​ដែល​មាន​កូន​ស្លាប់ បាន​បន្លឺ​យ៉ាង​ខ្ទរ​ខ្ទារ។ 11 ទាំង​ខ្ញុំ​បម្រើ ទាំង​ម្ចាស់ ទទួល​ទារុណ‌កម្ម​ដូច​គ្នា ប្រជាជន​សាមញ្ញ​ក៏​កើត​ទុក្ខ​ដូច​ព្រះ‌មហា​ក្សត្រ​ដែរ។ 12 ក្នុង​ចំណោម​ពួក​គេ មាន​មនុស្ស​ច្រើន​ឥត​គណនា​ស្លាប់​ក្នុង​ពេល​ជា​មួយ​គ្នា ដោយ​មូល​ហេតុ​តែ​មួយ។ អ្នក​ដែល​នៅ​រស់​មាន​ចំនួន​មិន​គ្រប់​គ្រាន់​សម្រាប់​បញ្ចុះ​សព​ទាំង​នោះ​ទេ ព្រោះ​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ជន​ជាតិ​អេស៊ីប ត្រូវ​បាត់​បង់​ជីវិត​ក្នុង​មួយ​រំពេច។ 13 រហូត​មក​ទល់​ពេល​នោះ ពួក​គេ​មិន​អើពើ​នឹង​ការ​ព្រមាន​របស់​ព្រះ‌អង្គ​ទាល់​តែ​សោះ ព្រោះ​ពួក​គេ​អាង​លើ​មន្ត​អាគម​របស់​ខ្លួន។ ប៉ុន្តែ ពេល​កូន​ច្បង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​វិនាស ទើប​ពួក​គេ​ទទួល​ស្គាល់​ថា ប្រជាជន​អ៊ីស្រា‌អែល​ពិត​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់​មែន។
14 ពេល​អ្វីៗ​ទាំង​អស់​នៅ​ស្ងៀម​ស្ងាត់ គឺ​នៅ​ពាក់​កណ្តាល​អធ្រាត្រ 15 ស្រាប់​តែ​ព្រះ‌បន្ទូល​ដ៏​មាន​ឫទ្ធា‌នុភាព​សព្វ​ប្រការ​បាន​យាង​ចាក​ចេញ​ពី​ព្រះ‌រាជ​បល្ល័ង្ក​របស់​ព្រះ‌អង្គ នៅ​ស្ថាន​បរម‌សុខ ចុះ​មក​ដូច​អ្នក​ចម្បាំង​ដែល​គ្មាន​ចិត្ត​ត្រា​ប្រណី ឆ្ពោះ​ទៅ​កណ្តាល​ស្រុក​ដែល​ត្រូវ​អន្ត‌រាយ 16 ទាំង​កាន់​ព្រះ‌បញ្ជា​ដែល​មិន​ចេះ​ប្រែ​ប្រួល ធ្វើ​ដូច​ជា​ដាវ​ដ៏​មុត។ ព្រះ‌បន្ទូល​ក្រោក​ឡើង ដោយ​មាន​ព្រះ​សិរ​សា​ប៉ះ​មេឃ និង​ព្រះ‌បាទា​ជាន់​ផែន​ដី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​គ្រប់​ទី​កន្លែង។ 17 ភ្លាម​នោះ ពួក​គេ​ឃើញ​សុបិន​អាក្រក់​គួរ​ឲ្យ​ព្រឺ​ខ្លាច​បណ្តាល​ឲ្យ​ពួក​គេ​ជ្រួល​ច្របល់ តក់​ស្លុត​ហួស​ពី​ការ​ស្មាន។ 18 ម្នាក់ៗ​លោះ​ព្រលឹង ដួល​ពាស​ពេញ​ស្រុក ហើយ​ប្រាប់​ពី​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​គេ​ភ័យ​តក់​ស្លុត​ដូច្នេះ។ 19 សុបិន​អាក្រក់​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ជ្រួល​ច្របល់​នោះ ពួក​គេ​បាន​ដឹង​ជា​មុន​រួច​ស្រេច​ទៅ​ហើយ។ ដូច្នេះ ពួក​គេ​បាន​ដឹង​អំពី​មូល​ហេតុ ដែល​ធ្វើ​ឲ្យ​ទុក្ខ​ទោស​កើត​មាន​ដល់​ពួក​គេ។

លោក​អរ៉ុន​ធ្វើ​អន្ត‌រាគមន៍​នៅ​វាល​រហោ‌ស្ថាន

20 ជន​សុចរិត​ក៏​ត្រូវ​បាត់​បង់​ដែរ ហើយ​មាន​មួយ​ចំនួន​ធំ​វិនាស​ក្នុង​វាល​រហោ‌ស្ថាន។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​មិន​យូរ​ទេ 21 ដ្បិត​មាន​បុរស​ម្នាក់​ដែល​ឥត​សៅ​ហ្មង បាន​ប្រយុទ្ធ​ការ‌ពារ​ពួក​គេ​ជា​បន្ទាន់។ លោក​បាន​យក​មុខ​ងារ​ជា​បូជា‌ចារ្យ​មក​ធ្វើ​អាវុធ គឺ​លោក​ទូល​អង្វរ និង​ថ្វាយ​គ្រឿង​ក្រអូប ដើម្បី​ឲ្យ​ពួក​គេ​បាន​រួច​ពី​បាប។ លោក​តទល់​នឹង​ព្រះ‌ពិរោធ ហើយ​ធ្វើ​ឲ្យ​មហន្ត‌រាយ​ស្ងប់ ដើម្បី​បង្ហាញ​ថា លោក​ពិត​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​មែន។ 22 លោក​ពុំ​បាន​ប្រើ​កម្លាំង​កាយ ឬ​កម្លាំង​ស័ក្តិ​សិទ្ធិ​នៃ​សាស្រ្តា‌វុធ​យក​ជ័យ‌ជម្នះ​លើ​ព្រះ‌ពិរោធ​នោះ​ទេ តែ​លោក​ប្រើ​ពាក្យ​សម្ដី ដើម្បី​បង្រ្កាប​អ្នក​ដែល​មាន​ភារ‌កិច្ច​បំផ្លាញ​ពួក​គេ។ លោក​ក៏​រំឭក​អំពី​សម្ពន្ធ‌មេត្រី និង​ព្រះ‌បន្ទូល​សន្យា​យ៉ាង​ឱឡា‌រឹក​របស់​ព្រះ‌អង្គ​ចំពោះ​បុព្វ‌បុរស​ដែរ។ 23 ពេល​មាន​សាក​សព​ចាប់​ផ្តើម​គ​លើ​គ្នា​លោក​បាន​ធ្វើ​អន្ត‌រាគមន៍ ហើយ​ទប់​ទល់​នឹង​ការ​វាយ​សម្រុក​នៃ​មហន្ត‌រាយ​នោះ ទាំង​ហាម​ឃាត់​វា​មិន​ឲ្យ​ទៅ​ប៉ះ​អ្នក​ដែល​នៅ​រស់​ឡើយ 24 នៅ​លើ​អាវ​វែង​របស់​លោក​មាន​រូប​តំណាង​ពិភព‌លោក​ទាំង​មូល និង​មាន​ឆ្លាក់​ឈ្មោះ​ដ៏​ប្រសើរ​នៃ​បុព្វ‌បុរស នៅ​លើ​ត្បូង​បួន​ជួរ នៅ​លើ​ឈ្នួត​ក្បាល​របស់​លោក​មាន​សញ្ញា​សម្គាល់​នៃ​ភាព​ថ្កុំ​ថ្កើង​របស់​ព្រះ‌អង្គ។ 25 ពេល​មច្ចុរាជ​ឃើញ​ដូច្នេះ វា​ថយ​ក្រោយ ទាំង​ភ័យ​ខ្លាច​ទៀត​ផង។ តាម​ពិត ព្រះ‌អង្គ​គ្រាន់​តែ​សព្វ​ព្រះ‌ហឫទ័យ​សម្ដែង​ឲ្យ​ប្រជាជន ស្គាល់​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ប៉ុណ្ណោះ។