ជំពូក ១០

នាទី​របស់​ព្រះ‌ប្រាជ្ញា​ញាណ​ក្នុង​ប្រវត្តិ‌សាស្រ្ត

1 ព្រះ‌ប្រាជ្ញា​ញាណ​ថែ​រក្សា​ការ‌ពារ​បិតា​របស់​មនុស្ស​ជាតិ ដែល​ព្រះ‌ជាម្ចាស់​បាន​សូន​មុន​គេ ក្នុង​គ្រា​ដែល​គាត់​នៅ​តែ​ម្នាក់​ឯង។ បន្ទាប់​មក ព្រះ‌ប្រាជ្ញា​ញាណ​បាន​រំដោះ​គាត់​ឲ្យ​រួច​ពី​អំពើ​បាប​ដែល​គាត់​ប្រព្រឹត្ត។ 2 ហើយ​ប្រទាន​ឲ្យ​គាត់​មាន​កម្លាំង​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់។
3 ប៉ុន្តែ មនុស្ស​ទុច្ច‌រិត​ម្នាក់​បាន​ងាក​ចេញ​ពី​ព្រះ‌ប្រាជ្ញា​ញាណ ដោយ​កំហឹង​បាំង​មុខ ហើយ​ត្រូវ​អន្ត‌រាយ​ខ្លួន​ឯង ព្រោះ​តែ​បាន​សម្លាប់​ប្អូន​យ៉ាង​ឃោរ​ឃៅ។ 4 ដោយ​សារ​កំហុស​របស់​គាត់ ទឹក​បាន​ជន់​លិច​ផែន​ដី តែ​ព្រះ‌ប្រាជ្ញា​ញាណ​សង្រ្គោះ​ផែន​ដី ហើយ​ណែនាំ​មនុស្ស​សុចរិត​ម្នាក់​ដែល​នៅ​ក្នុង​ទូក​ធ្វើ​ពី​ឈើ​ធម្មតា។
5 ពេល​ប្រជា‌ជាតិ​ទាំង‌ឡាយ​រួម​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ត្រូវ​ព្រះ‌អង្គ​បំភ័ន្ត​ភាសា​របស់​ពួក​គេ​ឲ្យ​និយាយ​លែង​ស្តាប់​គ្នា​បាន ព្រះ‌ប្រាជ្ញា​ញាណ​ក៏​ទទួល​ស្គាល់​មនុស្ស​សុចរិត​ម្នាក់ និង​រក្សា​គាត់​មិន​ឲ្យ​មាន​សៅ​ហ្មង នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​ព្រះ‌ជាម្ចាស់។ ព្រះ‌ប្រាជ្ញា​ញាណ​ប្រោស​ឲ្យ​គាត់​មាន​កម្លាំង​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ទោះ​បី​គាត់​មាន​ចិត្ត​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​កូន​របស់​ខ្លួន​ក៏​ដោយ។
6 នៅ​ពេល​ភ្លើង​ធ្លាក់​លើ​ក្រុង​ទាំង​ប្រាំ មនុស្ស​ពាល​ត្រូវ​វិនាស តែ​ព្រះ‌ប្រាជ្ញា​ញាណ​សង្រ្គោះ​មនុស្ស​សុចរិត ដោយ​ធ្វើ​ឲ្យ​គាត់​រត់​ផុត​ពី​មុខ​ភ្លើង។ 7 រហូត​មក​ដល់​សព្វ​ថ្ងៃ កន្លែង​នោះ​នៅ​តែ​មាន​ដី​ហួត​ហែង​ចេញ​ផ្សែង រុក្ខ​ជាតិ​មាន​ផ្លែ​មិន​ចេះ​ទុំ និង​មាន​បង្គោល​អំបិល​បញ្ឈរ​ទុក​ជា​ទី​រំឭក​ដល់​អ្នក​ដែល​មិន​ព្រម​ជឿ។ 8 អស់​អ្នក​ដែល​បាន​មើល​ងាយ​ព្រះ‌ប្រាជ្ញា​ញាណ មិន​គ្រាន់​តែ​គ្មាន​លទ្ធភាព​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ប៉ុណ្ណោះ​ទេ ពួក​គេ​ថែម​ទាំង​បន្សល់​ទុក​នូវ​ស្តូប​មួយ​ដែល រំឭក​ពី​ភាព​លេលា​របស់​ខ្លួន ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ដឹង​ទៀត​ផង ធ្វើ​ដូច្នេះ គ្មាន​នរណា​អាច​បំភ្លេច​កំហុស​របស់​ពួក​គេ​ឡើយ។ 9 រីឯ​អ្នក​បម្រើ​របស់​ព្រះ‌ប្រាជ្ញា​ញាណ​វិញ ព្រះ‌អង្គ​បាន​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។
10 មាន​មនុស្ស​សុចរិត​ម្នាក់​រត់​គេច​ពី​បង​របស់​គាត់​ដែល​កំពុង​ខឹង ព្រះ‌ប្រាជ្ញា​ញាណ​ណែ‌នាំ​គាត់​ឲ្យ​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ ហើយ​បង្ហាញ​ឲ្យ​ស្គាល់​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ និង​អ្វីៗ​ដ៏‌វិសុទ្ធ។ ព្រះ‌ប្រាជ្ញា​ញាណ​ក៏​ប្រោស​ប្រទាន​ឲ្យ​ការ​នឿយ​ហត់​របស់​គាត់​ទទួល​ផល​បរិបូណ៌ និង​ឲ្យ​គាត់​ចម្រើន​ទ្បើង។ 11 ព្រះ‌ប្រាជ្ញា​ញាណ​ជួយ​គាំ​ទ្រ​គាត់ ប្រឆាំង​នឹង​ការ​លោភ​លន់​របស់​អ្នក​ដែល​សង្កត់​សង្កិន​គាត់ ហើយ​ប្រោស​គាត់​ឲ្យ​ទៅ​ជា​អ្នក​មាន។ 12 ព្រះ‌ប្រាជ្ញា​ញាណ​ការ‌ពារ​គាត់​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ និង​ធ្វើ​ឲ្យ​គាត់​ចៀស​ផុត​ពី​អ្នក​ដែល​ដាក់​អន្ទាក់​គាត់។ ព្រះ‌ប្រាជ្ញា​ញាណ​ក៏​ប្រកាស​ថា គាត់​មាន​ជ័យ‌ជម្នះ នៅ​ពេល​បោក​ចំ​បាប់​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​គាត់​ដឹង​ថា​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​មាន​ឫទ្ធា‌នុភាព​លើស​អ្វីៗ​ទាំង​អស់។
13 នៅ​ពេល​មនុស្ស​សុចរិត​ត្រូវ​គេ​លក់ ព្រះ‌ប្រាជ្ញា​ញាណ​មិន​បោះ​បង់​ចោល​គាត់​ឡើយ ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​បាន​រំដោះ​គាត់​ឲ្យ​រួច​ពី​អំពើ​បាប។ 14 នៅ​ពេល​គាត់​ជាប់​ឃុំ​ឃាំង ព្រះ‌ប្រាជ្ញា​ញាណ​មិន​បោះ​បង់​គាត់​ឡើយ ព្រះ‌អង្គ​ចុះ​ទៅ​ក្នុង​រណ្តៅ​ជា​មួយ​គាត់ រួច​ប្រោស​ប្រទាន​ឲ្យ​គាត់​មាន​អំណាច​ដូច​ស្តេច ព្រម​ទាំង​ឲ្យ​គាត់​ត្រួត​ត្រា​លើ​អស់​អ្នក​ដែល​បាន​ធ្វើ​បាប​គាត់។ ដូច្នេះ ព្រះ‌ប្រាជ្ញា​ញាណ​បញ្ជាក់​ច្បាស់​ថា អស់​អ្នក​ចោទ​ប្រកាន់​គាត់​ពិត​ជា​ជន​ភូត​ភរ ហើយ​ប្រទាន ឲ្យ​គាត់​ទទួល​សិរី​រុង‌រឿង​អស់​កល្ប‌ជានិច្ច​ទៀត​ផង។
15 ព្រះ‌ប្រាជ្ញា​ញាណ​បាន​រំដោះ​ប្រជាជន​ដ៏‌វិសុទ្ធ គឺ​ពូជ​ដ៏​ឥត​សៅ​ហ្មង​ឲ្យ​រួច​ពី​ប្រជា‌ជាតិ​ដែល​ជិះ​ជាន់​សង្កត់​សង្កិន​ពួក​គេ។ 16 ព្រះ‌ប្រាជ្ញា​ញាណ​បាន​យាង​មក​សណ្ឋិត​ក្នុង​ចិត្ត​នៃ​អ្នក​បម្រើ​មួយ​រូប​របស់​ព្រះ‌អម្ចាស់ ហើយ​ប្រឆាំង​នឹង​ស្តេច​ដ៏​គួរ​ស្ញែង​ខ្លាច​ទាំង‌ឡាយ ដោយ​សម្ដែង​ឫទិ្ធ​បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ដ៏​អស្ចារ្យ។ 17 ព្រះ‌ប្រាជ្ញា​ញាណ​ប្រទាន​រង្វាន់​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធ ដែល​បាន​ធ្វើ​ការ​នឿយ​ហត់ ព្រម​ទាំង​នាំ​ពួក​គេ​ឲ្យ​ដើរ​តាម​ផ្លូវ​ដ៏​អស្ចារ្យ។ ព្រះ‌អង្គ​ធ្វើ​ជា​ម្លប់​ដល់​ពួក​គេ នៅ​ពេល​ថ្ងៃ ហើយ​ធ្វើ​ជា​ពន្លឺ​ដ៏​ត្រចះ​ត្រចង់​ដូច​ហ្វូង​តារា នៅ​ពេល​យប់។ 18 ព្រះ‌ប្រាជ្ញា​ញាណ​នាំ​ពួក​គេ​ដើរ​កាត់​សមុទ្រ​ក្រហម គឺ​ឲ្យ​គេ​ដើរ​នៅ​ចន្លោះ​កណ្តាល​មហា​សាគរ។ 19 ប៉ុន្តែ​ព្រះ‌អង្គ​ពន្លិច​ខ្មាំង​សត្រូវ​របស់​ពួក​គេ រួច​ឲ្យ​សមុទ្រ​ដ៏​ជ្រៅ​ខ្ជាក់​សាក​សព​ខ្មាំង​ទាំង​នោះ​មក​វិញ។ 20 ហេតុ​នេះ​ហើយ​បាន​ជា​ជន​សុចរិត​រឹប​អូស​យក​សម្បត្តិ​របស់​ជន‌ពាល។ បពិត្រ​ព្រះ‌អម្ចាស់ ពួក​គេ​ច្រៀង​សរសើរ​ព្រះ‌នាម​ដ៏‌វិសុទ្ធ​បំផុត​របស់​ព្រះ‌អង្គ ហើយ​រួម​គ្នា​លើក​តម្កើង​ព្រះ‌បារមី​របស់​ព្រះ‌អង្គ​ដែល​បាន​ការ‌ពារ​ពួក​គេ។ 21 ព្រះ‌ប្រាជ្ញា​ញាណ​ប្រោស​មនុស្ស​គ​ឲ្យ​និយាយ​បាន ហើយ​ធ្វើ​ឲ្យ​ទារក​និយាយ​យ៉ាង​ច្បាស់។