ជំពូក ១២

1 រីឯ​ព្រះ‌វិញ្ញាណ​ដែល​គង់​នៅ​អស់​កល្ប‌ជានិច្ច ក៏​ស្ថិត​នៅ​ក្នុង​សត្វ​លោក​ទាំង​នោះ​ដែរ!។

ព្រះ‌ជាម្ចាស់​ដាក់​ទោស​ជន​ជាតិ​កាណាន

2 បពិត្រ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​តែង​តែ​ស្តី​បន្ទោស​យ៉ាង​ទន់​ភ្លន់ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រះ‌អង្គ​ទូន្មាន​ពួក​គេ ដោយ​រំឭក​គេ​ពី​អំពើ​បាប​របស់​ខ្លួន ដើម្បី​ឲ្យ​គេ​លះ​បង់​អំពើ​អាក្រក់ ហើយ​ងាក​មក​ជឿ​លើ​ព្រះ‌អង្គ​វិញ។ 3 ព្រះ‌អង្គ​ធ្លាប់​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​អ្នក​ដែល​រស់​នៅ​លើ​ទឹក​ដី​ដ៏‌វិសុទ្ធ​កាល​ពី​ជំនាន់​ដើម។ 4 ព្រះ‌អង្គ​ស្អប់​ពួក​គេ ព្រោះ​តែ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត គឺ​មាន​មន្ត​អាគម និង​ពិធី​ដ៏​អាស្រូវ 5 សម្លាប់​ក្មេង​ដោយ​ឥត​ត្រា​ប្រណី យក​សាច់ និង​ឈាម​មក​ជប់​លៀង ហើយ​បរិភោគ​រហូត​ដល់​ពោះ​វៀន​ទៀត​ផង! ព្រះ‌អង្គ​ចាប់​បក្ស​ពួក​គេ​ទាន់​ក្នុង​ពិធី​ជប់​លៀង​ដ៏​អាក្រក់​នេះ។ 6 ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ដូន‌តា​របស់​យើង​ខ្ញុំ​ប្រហារ​ជីវិត​ឪពុក‌ម្តាយ​ទាំង​នោះ ដែល​បាន​សម្លាប់​កូន​របស់​ខ្លួន​ដោយ​គ្មាន​នរណា​ការ‌ពារ។ 7 ដូច្នេះ ទឹក​ដី​ដែល​ព្រះ‌អង្គ​ស្រឡាញ់​ខ្លាំង​ជាង​ទឹក​ដី​ឯ​ទៀតៗ សម​នឹង​ទទួល​បុត្រ​ធីតា​របស់​ព្រះ‌អង្គ​អាស្រ័យ​នៅ។
8 ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ព្រះ‌អង្គ​នៅ​តែ​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​អ្នក​ទាំង​នោះ​ដែរ ព្រោះ​ពួក​គេ​ជា​មនុស្ស! ព្រះ‌អង្គ​ចាត់​ឳម៉ាល់​ឲ្យ​ទៅ​មុន​កង‌ទ័ព​របស់​ព្រះ‌អង្គ ដើម្បី​ប្រល័យ​ជីវិត​ពួក​គេ​បន្តិច​ម្តងៗ។ 9 ព្រះ‌អង្គ​អាច​ប្រយុទ្ធ​នឹង​ជន‌ពាល​ទាំង​នោះ ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​សុចរិត ឬ​ប្រើ​សត្វ​សាហាវ និង​ព្រះ‌បន្ទូល​ដ៏​ឥត​ត្រា​ប្រណី​របស់​ព្រះ‌អង្គ ឲ្យ​បំផ្លាញ​ពួក​គេ​ក្នុង​មួយ​រំពេច​ក៏​បាន 10 ក៏​ប៉ុន្តែ ព្រះ‌អង្គ​ទុក​ឱកាស​ឲ្យ​ពួក​គេ​កែ​ប្រែ​ចិត្ត​គំនិត ដោយ​សម្រេច​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គ បន្តិច​ម្តងៗ។ ព្រះ‌អង្គ​ជ្រាប​ថា ពួក​គេ​ជា​ជាតិ​សាសន៍​ខិល​ខូច​តាំង​ពី​កំណើត​មក សេចក្តី​អាក្រក់​នៅ​ជាប់​ជា​មួយ​ពួក​គេ​តាំង​ពី​ដើម​រៀង​មក ហើយ​ពួក​គេ​មិន​កែ​ប្រែ​ចិត្ត​គំនិត​សោះ​ឡើយ! 11 ដ្បិត​ពួក​គេ​ជា​ពូជ​សាសន៍​ដែល​ត្រូវ​បណ្តាសា តាំង​ពី​ដើម​ដំបូង​បង្អស់។ ព្រះ‌អង្គ​មិន​បាន​ដាក់​ទោស​គេ​ភ្លាមៗ មិន‌មែន​មក​ពី​ព្រះ‌អង្គ​ខ្លាច​នរណា​ឡើយ។ 12 តើ​នរណា​ហ៊ាន​ទូល​ព្រះ‌អង្គ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ប្រព្រឹត្ត​ដូច្នេះ? តើ​នរណា​ហ៊ាន​ជំទាស់​នឹង​សេចក្តី​ដែល​ព្រះ‌អង្គ​បាន​សម្រេច? ពេល​ព្រះ‌អង្គ​បំផ្លាញ​ជាតិ​សាសន៍​នានា​ដែល​ព្រះ‌អង្គ​បាន​បង្កើត តើ​មាន​នរណា​ហ៊ាន​ចោទ​ប្រកាន់​ព្រះ‌អង្គ? តើ​នរណា​ហ៊ាន​ប្តឹង​ត​ទល់​នឹង​ព្រះ‌អង្គ ដើម្បី​ការ‌ពារ​មនុស្ស​ទុច្ច‌រិត? 13 ក្រៅ​ពី​ព្រះ‌អង្គ គ្មាន​ព្រះ‌ណា​ផ្សេង​ដែល​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់ នឹង​អ្វីៗ​ទាំង​អស់​នោះ​ឡើយ។ ព្រះ‌អង្គ​ក៏​មិន​ចាំ​បាច់​រាយ​ការណ៍​ឲ្យ​នរណា​ដឹង​ថា ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិ‌ធម៌​ដែរ។ 14 គ្មាន​ស្តេច ឬ​អ្នក​កាន់​អំណាច​ណា អាច​ជំទាស់​នឹង​ព្រះ‌អង្គ ដើម្បី​ការ‌ពារ​អ្នក​ដែល​ព្រះ‌អង្គ​ធ្វើ​ទោស​ទេ។ 15 ដោយ​ព្រះ‌អង្គ​សុចរិត ព្រះ‌អង្គ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ដោយ​សុចរិត។ ព្រះ‌អង្គ​យល់​ថា ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​មិន‌មែន​ប្រើ​សម្រាប់​ដាក់​ទោស​មនុស្ស ដែល​គ្មាន​ទោស​ទេ។ 16 ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ជា​ប្រភព​នៃ​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​តែង​តែ​ប្រព្រឹត្ត​ចំពោះ​សត្វ​លោក ដោយ​ព្រះ‌ហឫទ័យ​សប្បុរស ដ្បិត​ព្រះ‌អង្គ‌ជាម្ចាស់​លើ​អ្វីៗ​ទាំង​អស់។ 17 មាន​តែ​អ្នក​កាន់​អំណាច​ផ្តាច់​ការ ដែល​ប្រជាជន​មិន​ទុក​ចិត្ត​ប៉ុណ្ណោះ​ទេ ទើប​ប្រើ​កម្លាំង​របស់​ខ្លួន​បង្រ្កាប​អ្នក​ទាំង​នោះ។ 18 រីឯ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ដោយ​ឫទ្ធា‌នុភាព ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស ហើយ​ណែនាំ​យើង​ខ្ញុំ​ដោយ​ព្រះ‌ហឫទ័យ​ខន្តី​អត់​ធ្មត់។ ព្រះ‌អង្គ​មាន​ឫទ្ធា‌នុភាព​អាច​សម្រេច​ការ​អ្វី​ទាំង​អស់ តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។ 19 ព្រះ‌អង្គ​ប្រព្រឹត្ត​ដូច្នេះ ដើម្បី​បង្រៀន​ប្រជាជន​របស់​ព្រះ‌អង្គ ឲ្យ​ដឹង​ថា អ្នក​សុចរិត ត្រូវ​តែ​សម្ដែង​សេចក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​លោក។ ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​បុត្រ​ធីតា​របស់​ព្រះ‌អង្គ​មាន​សេចក្តី​សង្ឃឹម គឺ​ទុក​ឱកាស​ឲ្យ​ពួក​គេ​កែ​ប្រែ​ចិត្ត​គំនិត ដោយ​លះបង់​អំពើ​បាប។ 20 ព្រះ‌អង្គ​ដាក់​ទោស​ខ្មាំង​សត្រូវ​នៃ​បុត្រ​ធីតា​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌ហឫទ័យ​ខន្តី​អត់​ធ្មត់​ទោះ​បី ពួក​គេ​សម​នឹង​ទទួល​ទោស​ដល់​ស្លាប់​ក្តី។ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ទុក​ពេល និង​ឱកាស​ឲ្យ​ពួក​គេ​លះបង់​អំពើ​អាក្រក់។ 21 រីឯ​បុត្រ​ធីតា​របស់​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​រឹត​តែ​ប្រោស​ប្រណី​ជាង​នេះ​ទៅ​ទៀត ព្រោះ​ព្រះ‌អង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​បុព្វ‌បុរស​របស់​ពួក​គេ ព្រម​ទាំង​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា​នឹង​ប្រទាន​ពរ​គ្រប់​យ៉ាង​ដល់​ពួក​គេ។ 22 ព្រះ‌អង្គ​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ​យ៉ាង​ស្រាល ដើម្បី​អប់រំ​យើង​ខ្ញុំ​ឲ្យ​នឹក​ដល់​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អង្គ នៅ​ពេល​ណា​យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះ‌ហឫទ័យ អាណិត​មេត្តា​របស់​ព្រះ‌អង្គ នៅ​ពេល​ណា​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំ។ 23 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ទារុណ‌កម្ម​មនុស្ស​ឆោត​ល្ងង់ ដែល​រស់​នៅ​តាម​របៀប​ទុច្ច‌រិត។ ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ទោស​ពួក​គេ ដោយ​សារ​សត្វ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​ពួក​គេ​គោរព​ថ្វាយ​បង្គំ។ 24 ពួក​គេ​វង្វេង​ជ្រុល ដោយ​នាំ​គ្នា​ចាត់​ទុក​សត្វ​ដ៏​ថោក​ទាប និង​គួរ​ឲ្យ​មើល​ងាយ​ជាង​គេ​ថា​ជា​ព្រះ​របស់​ខ្លួន! គេ​ចាញ់​បញ្ឆោត​ដូច​កូន​ក្មេង​ដែល​ឆោត​ល្ងង់។ 25 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ចំអក​ឲ្យ​គេ ដោយ​ដាក់​ទោស​ពួក​គេ​ដូច​ដាក់​ទោស​ក្មេងៗ​ដែល​មិន​ចេះ​គិត​គូរ។ 26 ប៉ុន្តែ អ្នក​ដែល​មិន​បាន​ចាប់​អារម្មណ៍​នឹង​ទោស​ដ៏​ស្រាលៗ សម្រាប់​កូន​ក្មេង​នេះ មុខ​ជា​ទទួល​ទោស​សម​នឹង​ការ​វិនិច្ឆ័យ​របស់​ព្រះ‌ជាម្ចាស់។ 27 ពួក​គេ​ខក​ចិត្ត​នឹង​សត្វ​ដែល​ធ្វើ​ទុក្ខ​ពួក​គេ ដោយ​ឃើញ​ថា សត្វ​ដែល​ពួក​គេ​ចាត់​ទុក​ជា​ព្រះ​នោះ បែរ​ជា​ធ្វើ​ទោស​ពួក​គេ​ទៅ​វិញ។ ដោយ​រង​ទុក្ខ​ដូច្នេះ ពួក​គេ​ទទួល​ស្គាល់​ព្រះ‌ជាម្ចាស់​ដ៏​ពិត​ប្រាកដ ដែល​ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​កាល​ពី​មុន។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់​បំផុត។