ជំពូក ១
ព្រះប្រាជ្ញាញាណរបស់ព្រះបាទសាឡូម៉ូន
សេចក្តីសុចរិតជាប្រភពនៃជីវិត
1 អស់អ្នកគ្រប់គ្រងផែនដីអើយ! ចូរស្រឡាញ់សេចក្តីសុចរិត! ចូរមានគំនិតត្រឹមត្រូវចំពោះព្រះអម្ចាស់! ចូរស្វែងរកព្រះអង្គដោយចិត្តស្មោះសរ 2 ដ្បិតអស់អ្នកដែលមិនល្បងលព្រះអង្គ ព្រះអង្គប្រទានឲ្យគេរកព្រះអង្គឃើញ អស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ ក៏ព្រះអង្គសម្ដែងឲ្យគេស្គាល់ដែរ។ 3 គំនិតវៀចវេររមែងនាំឲ្យមនុស្សឃ្លាតឆ្ងាយពីព្រះជាម្ចាស់ រីឯមនុស្សឆោតល្ងង់ដែលចង់ល្បងល ឫទ្ធានុភាពរបស់ព្រះអង្គនឹងធ្វើឲ្យគេបិទមាត់។
4 ព្រះប្រាជ្ញាញាណមិនយាងទៅសណ្ឋិតនៅក្នុងចិត្តរបស់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ទេ ហើយក៏មិនគង់នៅក្នុងខ្លួនរបស់អ្នកដែលជាប់បាបដែរ។ 5 ព្រះប្រាជ្ញាញាណជាព្រះវិញ្ញាណដ៏វិសុទ្ធដែលអប់រំមនុស្ស។ ព្រះអង្គមិនគង់នៅជាមួយមនុស្សដែលមានចិត្តពីរ ព្រះអង្គឃ្លាតឆ្ងាយពីមនុស្សដែលមានគំនិតលេលា ហើយមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតឡើយ។
6 ព្រះប្រាជ្ញាញាណតែងតែស្រឡាញ់រាប់អានមនុស្ស ប៉ុន្តែព្រះអង្គបានដាក់ទោសអ្នកដែលនិយាយប្រមាថព្រះជាម្ចាស់។ ព្រះជាម្ចាស់ឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស ព្រះអង្គជ្រាបគំនិតរបស់គេយ៉ាងច្បាស់ ហើយព្រះអង្គព្រះសណ្តាប់ឮពាក្យទាំងប៉ុន្មានដែលគេនិយាយ។ 7 ព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅពាសពេញលើផែនដីទាំងមូល ព្រះអង្គធ្វើឲ្យអ្វីៗទាំងអស់ភ្ជាប់ជាមួយគ្នាយ៉ាងស្អិតល្មួត ហេតុនេះហើយបានជាព្រះអង្គជ្រាបពាក្យសម្ដីទាំងអស់ដែលមនុស្សនិយាយ។ 8 នរណានិយាយពាក្យអាក្រក់ គេមិនអាចលាក់ពីព្រះអង្គបានឡើយ គេត្រូវតែទទួលទោសតាមអំពើ ដែលខ្លួនបានប្រព្រឹត្ត។ 9 ព្រះអម្ចាស់នឹងបញ្ជាឲ្យគេពិនិត្យមើលបំណងរបស់ជនពាល ហើយគេនឹងនាំពាក្យសម្ដីរបស់ជនពាលនោះទៅទូលព្រះអង្គ ព្រះអង្គនឹងដាក់ទោសជនពាលតាមអំពើអាក្រក់ ដែលខ្លួនប្រព្រឹត្ត។ 10 ព្រះជាម្ចាស់ផ្ទៀងព្រះកាណ៌ ស្តាប់អ្វីៗទាំងអស់ សូម្បីតែពាក្យខ្សឹប ក៏ព្រះអង្គព្រះសណ្តាប់ឮដែរ។ 11 ហេតុនេះហើយ ចូរកុំរិះគន់គ្នាដោយឥតបានការឡើយ ចូរទប់មាត់កុំនិយាយដើមគេ ដ្បិតពាក្យដែលនិយាយដោយស្ងាត់ៗ ក៏បង្កឲ្យកើតជារឿងបានដែរ។ អ្នកនិយាយមួលបង្កាច់គេ រមែងបណ្តាលឲ្យខ្លួនឯងវិនាស។
12 កុំរត់រកសេចក្តីស្លាប់ ដោយប្រព្រឹត្តអំពើពាលាឡើយ ហើយក៏កុំប្រព្រឹត្តអំពើដែលបណ្តាលឲ្យខ្លួនអន្តរាយដែរ។ 13 ព្រះជាម្ចាស់មិនបានបង្កើតសេចក្តីស្លាប់ទេ ព្រះអង្គក៏មិនសព្វព្រះហឫទ័យឲ្យសត្វលោកបាត់បង់ដែរ។ 14 ព្រះអង្គបង្កើតអ្វីៗទាំងអស់ឲ្យនៅស្ថិតស្ថេរ។ អ្វីៗដែលព្រះអង្គធ្វើឲ្យមានក្នុងលោកនេះ សុទ្ធតែផ្តល់ផលប្រយោជន៍សម្រាប់ជីវិត។ ក្នុងស្នាព្រះហស្តរបស់ព្រះអង្គ គ្មានជាតិពុលអ្វីដែលបណ្តាលឲ្យវិនាសឡើយ ហើយមច្ចុរាជក៏គ្មានអំណាចគ្រងរាជ្យលើផែនដីដែរ។ 15 ដ្បិតសេចក្តីសុចរិតនៅស្ថិតស្ថេរអស់កល្បជានិច្ច។
ការរិះគិតរបស់ជនពាល
16 ជនពាលតែងហៅរកមច្ចុរាជ ដោយសារពាក្យសម្ដីដែលខ្លួននិយាយ និងអំពើដែលខ្លួនប្រព្រឹត្ត។ ពួកគេស្រឡាញ់មច្ចុរាជខ្លាំងណាស់ ហើយស្មានថា មច្ចុរាជជាមិត្តសម្លាញ់របស់ខ្លួន។ ពួកគេចងសម្ពន្ធមេត្រីជាមួយមច្ចុរាជ ពិតមែនហើយ ពួកគេសមនឹងស្ថិតនៅក្រោមអំណាចរបស់មច្ចុរាជ!