ជំពូក ៦

អ្នក​ដឹក​នាំ​ត្រូវ​ស្វែង​យល់​អំពី​ព្រះ‌ប្រាជ្ញា​ញាណ

1 ស្តេច​ទាំង‌ឡាយ សូម​ស្តាប់ និង​យល់! អស់​អ្នក​ដែល​គ្រប់​គ្រង​ផែន​ដី​អើយ សូម​អញ្ជើញ​មក​សិក្សា! 2 អស់​អ្នក​ដែល​មាន​អំណាច​លើ​មហា‌ជន​ទាំង‌ឡាយ ហើយ​អួត​អាង​ថា ខ្លួន​ត្រួត​ត្រា​លើ​ប្រជា‌ជាតិ​ដ៏​ច្រើន​ឥត​គណនា​អើយ សូម​ផ្ទៀង​ត្រចៀក​ស្តាប់! 3 សូម​ជ្រាប​ថា អស់​លោក​បាន​ទទួល​អំណាច​គ្រប់​គ្រង​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ‌ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ព្រះ‌អង្គ​នឹង​ពិនិត្យ​មើល​កិច្ច‌ការ​ដែល​អស់​លោក​ធ្វើ ព្រះ‌អង្គ​តាម​សង្កេត​មើល​គោល​បំណង​របស់​អស់​លោក។ 4 អស់​លោក​កាន់​អំណាច​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​ជា​ព្រះ‌មហា​ក្សត្រ។ ប្រសិន​បើ​អស់​លោក​មិន​គ្រប់​គ្រង​ដោយ​យុត្តិ‌ធម៌ មិន​គោរព​ច្បាប់ ហើយ​មិន​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​ទេ។ 5 នោះ​ព្រះ‌អង្គ​នឹង​ដាក់​ទោស​អស់​លោក​យ៉ាង​ទាន់​ហន់ គួរ​ឲ្យ​ភ័យ​ខ្លាច ដ្បិត​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​អ្នក​កាន់​អំណាច​ដោយ​ឥត​ត្រា​ប្រណី។ 6 ព្រះ‌អង្គ​តែង​តែ​លើក​លែង​ទោស និង​អាណិត​មេត្តា​អ្នក​តូច​តាច តែ​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​តឹង​រ៉ឹង ចំពោះ​អ្នក​កាន់​អំណាច។ 7 ព្រះ​ដែល​ជា​ម្ចាស់​នៃ​មនុស្ស​ទាំង​អស់​មិន​យោគ​យល់​នរណា​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​គិត​ពី​ឋានៈ​របស់​គេ​ដែរ ព្រោះ​ព្រះ‌អង្គ​បង្កើត​មនុស្ស​ទាំង​តូច ទាំង​ធំ ហើយ​ថែ​រក្សា​មនុស្ស​ទាំង​អស់​តាម​របៀប​តែ​មួយ។ 8 ប៉ុន្តែ ព្រះ‌អង្គ​ពិនិត្យ​ពិច័យ​មើល​អ្នក​មាន​អំណាច​យ៉ាង​ហ្មត់​ចត់។ 9 អ្នក​កាន់​អំណាច​ទាំង‌ឡាយ​អើយ! ខ្ញុំ​សូម​ជម្រាប​សេចក្តី​ទាំង​នេះ​ជូន ដើម្បី​ឲ្យ​អស់​លោក​រៀន​មាន​ប្រាជ្ញា និង​ចៀស​វាង​ការ​វង្វេង។ 10 អស់​អ្នក​ដែល​កាន់​តាម​វិន័យ​ដ៏‌វិសុទ្ធ​ឥត​ខ្ចោះ ព្រះ‌ជាម្ចាស់​នឹង​រាប់​គេ​ទុក​ជា​មនុស្ស​ដ៏‌វិសុទ្ធ ហើយ​អស់​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​អប់រំ​ពី​វិន័យ​ទាំង​នោះ នឹង​អាច​ដោះ​សារ​ការ‌ពារ​ខ្លួន នៅ​ពេល​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស។ 11 ហេតុ​នេះ​សូម​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ពាក្យ​របស់​ខ្ញុំ! សូម​ស្វះ​ស្វែង​ប្រាថ្នា​ចង់​បាន​ពាក្យ​នេះ ហើយ​ទទួល​ការ​អប់រំ​ផង។

មនុស្ស​សុចរិត​រមែង​រក​ឃើញ​ព្រះ‌ប្រាជ្ញា​ញាណ

12 ព្រះ‌ប្រាជ្ញា​ញាណ​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​ជា‌និច្ច​មិន​ចេះ​ស្រអាប់​ឡើយ។ ព្រះ‌ប្រាជ្ញា​ញាណ​បង្ហាញ​ព្រះ‌អង្គ​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណ ក៏​រក​ឃើញ​ព្រះ‌អង្គ​យ៉ាង​ស្រួល​ដែរ។ 13 អ្នក​ដែល​ប្រាថ្នា​ចង់​បាន​ព្រះ‌ប្រាជ្ញា​ញាណ ព្រះ‌អង្គ​បង្ហាញ​ឲ្យ​គេ​ស្គាល់ មុន​គេ​រក​ឃើញ​ព្រះ‌អង្គ​ទៅ​ទៀត។ 14 អ្នក​ដែល​ក្រោក​ពី​ព្រលឹម ដើម្បី​ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណ​មិន​នឿយ​ហត់​ឡើយ ដ្បិត​គេ​នឹង​ឃើញ​ព្រះ‌ប្រាជ្ញា​ញាណ​គង់​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន។ 15 អ្នក​ណា​មាន​ចិត្ត​ឆេះ​ឆួល ប្រាថ្នា​ចង់​បាន​ព្រះ‌ប្រាជ្ញា​ញាណ អ្នក​នោះ​មុខ​ជា​យល់​ដឹង​យ៉ាង​ល្អ​ឥត​ខ្ចោះ។ រីឯ​អ្នក​ដែល​ប្រុង​ស្មារតី​ដោយ​នឹក​ដល់​ព្រះ‌ប្រាជ្ញា​ញាណ មុខ​ជា​រួច​ពី​កង្វល់​គ្រប់​បែប​យ៉ាង​ក្នុង​ពេល​ឆាប់ៗ។ 16 ចំណែក​ព្រះ‌ប្រាជ្ញា​ញាណ​វិញ ព្រះ‌អង្គ​ស្វែង​រក​អស់​អ្នក​ដែល​សម​នឹង​ទទួល​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​សម្ដែង​ឲ្យ​ពួក​គេ​ឃើញ​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស ក្នុង​គ្រប់​កិច្ច‌ការ​ដែល​គេ​ធ្វើ ហើយ​យាង​មក​ជួប​ពួក​គេ គ្រប់​ពេល​ដែល​គេ​គិត។ 17 អ្នក​ណា​ប៉ង​ប្រាថ្នា​ដោយ​ចិត្ត​ស្មោះ​សរ​ចង់​ឲ្យ​ព្រះ‌ប្រាជ្ញា​ញាណ​អប់រំ​ខ្លួន អ្នក​នោះ​ចាប់​ផ្តើម​មាន​ព្រះ‌ប្រាជ្ញា​ញាណ​ហើយ! 18 អ្នក​ណា​ប្រាថ្នា​ចង់​ទទួល​ការ​អប់រំ អ្នក​នោះ​ស្រឡាញ់​ព្រះ‌ប្រាជ្ញា​ញាណ​ហើយ។ អ្នក​ដែល​ស្រឡាញ់​ព្រះ‌ប្រាជ្ញា​ញាណ រមែង​កាន់​តាម​វិន័យ​របស់​ព្រះ‌អង្គ អ្នក​ដែល​ប្រព្រឹត្ត​តាម​វិន័យ មុខ​ជា​មាន​ជីវិត​មិន​ចេះ​សាប​សូន្យ។ 19 រីឯ​ជីវិត​មិន​ចេះ​សាប​សូន្យ ធ្វើ​ឲ្យ​ខ្លួន​ស្ថិត​នៅ​ក្បែរ​ព្រះ‌ជាម្ចាស់ 20 ដូច្នេះ ការ​ប៉ង​ប្រាថ្នា​ចង់​បាន​ព្រះ‌ប្រាជ្ញា​ញាណ រមែង​នាំ​មនុស្ស​ទៅ​កាន់​រាជ​សម្បត្តិ។ 21 អ្នក​ដឹក​នាំ​ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ! ប្រសិន​បើ​អស់​លោក​ស្រឡាញ់​រាជ​បល្ល័ង្ក និង​អំណាច ចូរ​គោរព​ព្រះ‌ប្រាជ្ញា​ញាណ​ទៅ នោះ​អស់​លោក​មុខ​ជា​គ្រង​រាជ្យ​អស់​កល្ប‌ជានិច្ច​ពុំ​ខាន។
22 តើ​ព្រះ‌ប្រាជ្ញា​ញាណ​ជា​អ្វី​ទៅ ហើយ​ព្រះ‌ប្រាជ្ញា​ញាណ​មាន​ដើម​កំណើត​យ៉ាង​ដូម្តេច? ខ្ញុំ​សូម​ជម្រាប​ជូន​អស់​លោក ខ្ញុំ​មិន​លាក់​លៀម​សេចក្តី​អាថ៌​កំបាំង​ណា​ឡើយ។ ខ្ញុំ​នឹង​រៀប​រាប់​អំពី​កំណើត​នៃ​ព្រះ‌ប្រាជ្ញា​ញាណ​តាំង​ពី​ដើម​ដំបូង​បង្អស់ ខ្ញុំ​នឹង​បរិយាយ​យ៉ាង​ច្បាស់​នូវ​សេចក្តី ដែល​ត្រូវ​ស្គាល់​អំពី​ព្រះ‌អង្គ ដោយ​មិន​ប្រាស​ចាក​ពី​សេចក្តី​ពិត​ឡើយ។ 23 ខ្ញុំ​គ្មាន​បំណង​លាក់​តម្រិះ​ទុក​ក្នុង​ខ្លួន ព្រោះ​គំនិត​បែប​នេះ​មិន​ចុះ​សំរុង​ជា​មួយ​ព្រះ‌ប្រាជ្ញា​ញាណ​ទេ។ 24 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មាន​អ្នក​ប្រាជ្ញ​ច្រើន ពិភព‌លោក​មិន​ត្រូវ​វិនាស​ឡើយ ហើយ​ស្តេច​ដែល​មាន​តម្រិះ​តែង​តែ​នាំ​សេចក្តី​សុខ​សាន្ត​មក​ឲ្យ​ប្រជា‌រាស្រ្ត។ 25 ហេតុ​នេះ ចូរ​បណ្តោយ​ឲ្យ​ខ្ញុំ​បង្រៀន​អស់​លោក! អស់​លោក​មុខ​ជា​ទទួល​ប្រយោជន៍​ពុំ​ខាន។