ជំពូក ១៩
ប្រជាជនអ៊ីស្រាអែលឆ្លងសមុទ្រក្រហម
1 ព្រះអង្គប្រហារជនពាល ដោយព្រះពិរោធដ៏ខ្លាំងក្លា ឥតត្រាប្រណី រហូតដល់ស្ងប់ព្រះហប្ញទ័យ ដ្បិតព្រះអង្គជ្រាបជាមុននូវអំពើដែលពួកគេបម្រុងនឹងប្រព្រឹត្ត 2 គឺបន្ទាប់ពីពួកគេអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅ ព្រមទាំងដេញឲ្យចេញយ៉ាងប្រញាប់ទៀតនោះ។ ជនជាតិអេស៊ីបដូរគំនិត ហើយបែរជាដេញតាមប្រជារាស្ត្ររបស់ព្រះអង្គទៅវិញ។ 3 ក្នុងពេលដែលពួកគេនៅកាន់ទុក្ខ ហើយសោកសង្រេងក្បែរផ្នូរកូនរបស់ខ្លួន ពួកគេមានគំនិតមួយផ្សេងទៀត ជាគំនិតលេលា គឺនាំគ្នាដេញតាមអស់អ្នកដែលខ្លួនបានអង្វរករ ឲ្យចាកចេញកាលពីមុន។ ពួកគេដេញតាមអ្នកទាំងនោះ ដូចដេញតាមជនដែលរត់ចោលស្រុក។ 4 តាមពិត ពួកគេត្រូវតែធ្វើបែបនេះ ហើយគេក៍ត្រូវតែបំភ្លេចអ្វីៗ ដែលបានកើតពីមុនដែរ ដើម្បីឲ្យពួកគេទទួលទារុណកម្មសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។ 5 ប្រជាជនរបស់ព្រះអង្គបានធ្វើដំណើរកាត់សមុទ្រយ៉ាងអស្ចារ្យ រីឯពួកគេវិញ ត្រូវស្លាប់តាមរបៀបគួរឲ្យឆ្ងល់។
6 ពេលនោះ ព្រះអង្គសូនសត្វលោកទាំងអស់សាជាថ្មី តាមប្រភេទរៀងៗខ្លួន ហើយសត្វលោកទាំងនោះធ្វើតាមបញ្ជារបស់ព្រះអង្គ ដើម្បីការពារបុត្រធីតារបស់ព្រះអង្គ ឲ្យចៀសផុតពីគ្រោះកាចនានា។ 7 ពួកគេឃើញពពកគ្របបាំងកន្លែងបោះជំរំ ដីគោកលេចចេញពីកន្លែងមានសុទ្ធតែទឹក គឺបាតសមុទ្រក្រហមប្រែទៅជាផ្លូវដែលអាចដើរបានស្រួល ហើយរលកដ៏ខ្លាំងក្លាប្រែទៅជាវាលស្មៅដ៏ខៀវខ្ចី។ 8 ប្រជារាស្រ្តទាំងមូលដើរកាត់តាមនោះ ទាំងឃើញប្ញទ្ធិបាដិហារិយ៍ដ៏អស្ចារ្យ ដោយមានព្រះបារមីរបស់ព្រះអង្គជួយការពារ។ 9 បពិត្រព្រះអម្ចាស់! ប្រជារាស្ត្ររបស់ព្រះអង្គប្រៀបដូចជាហ្វូងសេះដែលកំពុងស៊ីស្មៅ និងលោតដូចកូនចៀម ទាំងសរសើរតម្តើងព្រះអង្គដែលបានរំដោះគេ 10 ដ្បិតពួកគេនៅនឹកចាំពីព្រឹត្តិការណ៍ដែលកើតឡើង ក្នុងពេលពួកគេរស់នៅលើទឹកដីបរទេស គឺពេលនោះ ដីបានបង្កើតតែមូស គឺមិនបង្កើតសត្វឯទៀតៗទេ ទន្លេខ្ជាក់តែកង្កែបដ៏ច្រើនឥតគណនាជំនួសត្រី។ 11 ក្រោយមកទៀត នៅពេលគេឃ្លានពេក ហើយនាំគ្នាតវ៉ាសុំអាហារឆ្ងាញ់ពិសារ គេឃើញបក្សាបក្សីមួយប្រភេទថ្មី 12 គឺមានក្រួចហោះចេញពីសមុទ្រ ដើម្បីបំពេញបំណងប្រាថ្នារបស់ពួកគេ។
ជនជាតិអេស៊ីបស្អប់ជនជាតិដទៃ
13 ផ្ទុយទៅវិញ អ្នកបាបទទួលទារុណកម្ម ដោយមានរន្ទះបាញ់ខ្លាំងៗ ជាទីសម្គាល់ផ្តល់ដំណឹងជាមុន។ ពួកគេទទួលទោសដូច្នេះ ពិតជាយុត្តិធម៌ ស្របតាមអំពើអាក្រក់របស់ខ្លួន ដ្បិតពួកគេស្អប់ជនបរទេសបំផុត។ 14 កាលពីដើម អ្នកក្រុងសូដុមមិនព្រមទទួលអ្នកដំណើរដែលខ្លួនមិនស្គាល់ រីឯជនជាតិអេស៊ីបនេះបែរជាយកភ្ញៀវដែលបាននាំផលប្រយោជន៍ដល់គេ ធ្វើជាទាសករទៅវិញ។ 15 មិនតែប៉ុណ្ណោះសោត អ្នកក្រុងសូដុមទទួលទោស ព្រោះពួកគេមិនបានស្វាគមន៍ភ្ញៀវដោយរាក់ទាក់។ 16 រីឯជនជាតិអេស៊ីបវិញ ក្រោយពីបានអបអរសាទរទទួលអ្នកដែលមកថ្មីៗ ហើយមានសិទ្ធិស្មើៗគ្នា ពួកគេបែរជាជិះជាន់សង្កត់សង្កិនភ្ញៀវ ដោយប្រើឲ្យធ្វើការជាទម្ងន់។ 17 ពួកគេត្រូវខ្វាក់ដូចអ្នកក្រុងសូដុម ត្រូវខ្វាក់នៅមាត់ទ្វារផ្ទះរបស់មនុស្សសុចរិត ពេលនោះ គេងងឹត មើលអ្វីលែងឃើញ ម្នាក់ៗរកផ្លូវទៅកាន់ផ្ទះរៀងៗខ្លួន។
ព្រះជាម្ចាស់ប្រោសធាតុទាំងអស់ឲ្យរស់នៅជាមួយគ្នាយ៉ាងស្រួល
18 ឧបមាថា ពិណ ទោះបីតន្រ្តីករដូរចង្វាក់ និងតែងបទផ្សេងក្តី ក៏សំឡេងរបស់ខ្សែនីមួយៗនៅតែដដែល។ យ៉ាងណាមិញ ធាតុទាំងប្រាំដែលផ្សំគ្នាបង្កើតបានជាពិភពលោក ទោះបីមានលក្ខណៈប្លែកគ្នាក្តី ក៏នៅផ្សំគ្នាតាមរបៀបថ្មីបានដែរ។ ប្រសិនបើយើងពិនិត្យមើលព្រឹត្តិការណ៍ដែលកើតមាននៅគ្រានោះ យើងមុខជាយល់សេចក្តីនេះយ៉ាងច្បាស់។ 19 សត្វដែលធ្លាប់រស់នៅលើគោក បែរជាទៅរស់នៅក្នុងទឹក រីឯសត្វដែលធ្លាប់ហែលក្នុងទឹក បែរជាដើរនៅលើគោកវិញ។ 20 ភ្លើងមានអំណាចកាន់តែខ្លាំងឡើងៗនៅក្នុងទឹក រីឯទឹកបែរជាលែងមានអំណាចពន្លត់ភ្លើង។ 21 អណ្តាតភ្លើងមិនឆាបឆេះសត្វដ៏ទន់ខ្សោយ ដែលដើរវិលវល់នៅក្នុងភ្លើងនោះឡើយ។ អណ្តាតភ្លើងក៏មិនធ្វើឲ្យអាហារទិព្វរលាយដែរ ទោះបីអាហារទិព្វនេះតែងតែរលាយ ដូចទឹកកកក៏ដោយ។
អវសានកថា
22 បពិត្រព្រះអម្ចាស់! ព្រះអង្គលើកតម្កើងប្រជារាស្រ្តរបស់ព្រះអង្គ ឲ្យមានសិរីរុងរឿងក្នុងគ្រប់ប្រការ! ព្រះអង្គបានជួយទំនុកបម្រុងប្រជារាស្រ្តរបស់ព្រះអង្គ គ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែងផង។