ជំពូក ១៨
ដុំភ្លើង
1 ផ្ទុយទៅវិញ មានពន្លឺដ៏ត្រចះត្រចង់បំភ្លឺប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ។ ជនជាតិអេស៊ីបគ្រាន់តែឮសូរសំឡេងប្រជាជនរបស់ព្រះអង្គប៉ុណ្ណោះ តែមើលគេមិនឃើញទេ ហើយនាំគ្នាប្រកាសថា ជនជាតិអ៊ីស្រាអែលមានសុភមង្គល ដោយមិនរងទុក្ខវេទនាដូចខ្លួន។ 2 ជនជាតិអេស៊ីបក៏សូមអរគុណជនជាតិអ៊ីស្រាអែលដែលមិនសងសឹកពួកគេ ព្រោះតែពួកគេធ្លាប់ធ្វើបាបជនជាតិអ៊ីស្រាអែលជាច្រើនដង។ ពួកគេនាំគ្នាសូមអភ័យទោស ដោយបានប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។ 3 ព្រះអង្គបានប្រោសប្រទានដុំភ្លើងដែលឆេះសន្ធោសន្ធៅ មកណែនាំប្រជាជនរបស់ព្រះអង្គ តាមផ្លូវដែលពួកគេមិនស្គាល់។ ដុំភ្លើងនោះភ្លឺដូចព្រះអាទិត្យ តែមិនធ្វើទុក្ខពួកគេនៅពេលធ្វើដំណើរ ប្រកបដោយភាពរុងរឿងនោះឡើយ។ 4 ចំណែកឯជនជាតិអេស៊ីបវិញ ពួកគេសមតែខ្វះពន្លឺ ហើយជាប់ឃុំឃាំងនៅក្នុងភាពងងឹត ព្រោះពួកគេបានឃុំឃាំងបុត្រធីតារបស់ព្រះអង្គ! ប៉ុន្តែព្រះអង្គបម្រុងនឹងប្រទានពន្លឺដ៏អមតៈនៃវិន័យឲ្យមនុស្សលោកតាមរយៈបុត្រធីតាទាំងនោះ។
កូនច្បងនៃជនជាតិអេស៊ីបត្រូវស្លាប់
5 ជនជាតិអេស៊ីបបានសម្រេចសម្លាប់ទារកទាំងប៉ុន្មានរបស់ប្រជាជនដ៏វិសុទ្ធ។ មានតែទារកម្នាក់ទេដែលបានរួចជីវិត ក្រោយពីគេបំបរបង់ចោល។ ព្រះអង្គបានដកជីវិត ពីកូនរបស់ជនជាតិអេស៊ីបមួយចំនួនធំ ដើម្បីដាក់ទោសពួកគេ។ ព្រះអង្គក៏បានធ្វើឲ្យពួកគេវិនាសអន្តរាយជាមួយគ្នា ក្នុងរលកសមុទ្រដ៏ធំសម្បើមនោះដែរ។ 6 ព្រះអង្គមានព្រះបន្ទូលមកបុព្វបុរសរបស់យើងខ្ញុំ ឲ្យដឹងជាមុន អំពីយប់នោះ ដើម្បីឲ្យពួកលោកត្រេកអរសប្បាយ ដោយមិនខ្លាចអ្វីឡើយ ព្រោះដឹងថា ព្រះបន្ទូលសន្យាដែលពួកលោកជឿនោះ ពិតជាត្រឹមត្រូវមែន។ 7 ប្រជារាស្រ្តរបស់ព្រះអង្គទន្ទឹងរង់ចាំ ដោយដឹងថា ព្រះអង្គសង្រ្គោះមនុស្សសុចរិត ហើយបំផ្លាញខ្មាំងសត្រូវរបស់គេ នៅយប់នោះ។ 8 អ្វីៗដែលព្រះអង្គយកមកប្រើសម្រាប់ដាក់ទោសបច្ចាមិត្តរបស់យើងខ្ញុំ ត្រឡប់ទៅជាសិរីរុងរឿងរបស់យើងខ្ញុំដែលព្រះអង្គត្រាស់ហៅ។
9 ពូជពង្សដ៏វិសុទ្ធរបស់បុព្វបុរស តែងតែថ្វាយសក្ការបូជាយ៉ាងស្ងាត់ៗ ហើយព្រមព្រៀងគ្នានឹងប្រតិបត្តិតាមច្បាប់ដែលមកពីព្រះអង្គ គឺទៅអនាគត ប្រជាជនដ៏វិសុទ្ធនឹងរួមសុខរួមទុក្ខជាមួយគ្នា។ នៅគ្រានោះ ពួកគេនាំគ្នាស្មូតបទរបស់បុព្វបុរស សម្រាប់លើកតម្កើងព្រះអង្គរួចស្រេចទៅហើយ។ 10 ទន្ទឹមនឹងនោះ សម្រែកនៃខ្មាំងសត្រូវដែលបន្លឺឡើងមិនស្របគ្នាក៏លាន់ឮដែរ គឺទំនួញរបស់អស់អ្នកដែលមានកូនស្លាប់ បានបន្លឺយ៉ាងខ្ទរខ្ទារ។ 11 ទាំងខ្ញុំបម្រើ ទាំងម្ចាស់ ទទួលទារុណកម្មដូចគ្នា ប្រជាជនសាមញ្ញក៏កើតទុក្ខដូចព្រះមហាក្សត្រដែរ។ 12 ក្នុងចំណោមពួកគេ មានមនុស្សច្រើនឥតគណនាស្លាប់ក្នុងពេលជាមួយគ្នា ដោយមូលហេតុតែមួយ។ អ្នកដែលនៅរស់មានចំនួនមិនគ្រប់គ្រាន់សម្រាប់បញ្ចុះសពទាំងនោះទេ ព្រោះកូនដ៏ជាទីស្រឡាញ់របស់ជនជាតិអេស៊ីប ត្រូវបាត់បង់ជីវិតក្នុងមួយរំពេច។ 13 រហូតមកទល់ពេលនោះ ពួកគេមិនអើពើនឹងការព្រមានរបស់ព្រះអង្គទាល់តែសោះ ព្រោះពួកគេអាងលើមន្តអាគមរបស់ខ្លួន។ ប៉ុន្តែ ពេលកូនច្បងទាំងប៉ុន្មានរបស់ពួកគេវិនាស ទើបពួកគេទទួលស្គាល់ថា ប្រជាជនអ៊ីស្រាអែលពិតជាបុត្ររបស់ព្រះជាម្ចាស់មែន។
14 ពេលអ្វីៗទាំងអស់នៅស្ងៀមស្ងាត់ គឺនៅពាក់កណ្តាលអធ្រាត្រ 15 ស្រាប់តែព្រះបន្ទូលដ៏មានឫទ្ធានុភាពសព្វប្រការបានយាងចាកចេញពីព្រះរាជបល្ល័ង្ករបស់ព្រះអង្គ នៅស្ថានបរមសុខ ចុះមកដូចអ្នកចម្បាំងដែលគ្មានចិត្តត្រាប្រណី ឆ្ពោះទៅកណ្តាលស្រុកដែលត្រូវអន្តរាយ 16 ទាំងកាន់ព្រះបញ្ជាដែលមិនចេះប្រែប្រួល ធ្វើដូចជាដាវដ៏មុត។ ព្រះបន្ទូលក្រោកឡើង ដោយមានព្រះសិរសាប៉ះមេឃ និងព្រះបាទាជាន់ផែនដី បណ្តាលឲ្យមនុស្សស្លាប់នៅគ្រប់ទីកន្លែង។ 17 ភ្លាមនោះ ពួកគេឃើញសុបិនអាក្រក់គួរឲ្យព្រឺខ្លាចបណ្តាលឲ្យពួកគេជ្រួលច្របល់ តក់ស្លុតហួសពីការស្មាន។ 18 ម្នាក់ៗលោះព្រលឹង ដួលពាសពេញស្រុក ហើយប្រាប់ពីមូលហេតុដែលបណ្តាលឲ្យគេភ័យតក់ស្លុតដូច្នេះ។ 19 សុបិនអាក្រក់ដែលធ្វើឲ្យពួកគេជ្រួលច្របល់នោះ ពួកគេបានដឹងជាមុនរួចស្រេចទៅហើយ។ ដូច្នេះ ពួកគេបានដឹងអំពីមូលហេតុ ដែលធ្វើឲ្យទុក្ខទោសកើតមានដល់ពួកគេ។
លោកអរ៉ុនធ្វើអន្តរាគមន៍នៅវាលរហោស្ថាន
20 ជនសុចរិតក៏ត្រូវបាត់បង់ដែរ ហើយមានមួយចំនួនធំវិនាសក្នុងវាលរហោស្ថាន។ ប៉ុន្តែ ព្រះជាម្ចាស់ព្រះអង្គព្រះពិរោធមិនយូរទេ 21 ដ្បិតមានបុរសម្នាក់ដែលឥតសៅហ្មង បានប្រយុទ្ធការពារពួកគេជាបន្ទាន់។ លោកបានយកមុខងារជាបូជាចារ្យមកធ្វើអាវុធ គឺលោកទូលអង្វរ និងថ្វាយគ្រឿងក្រអូប ដើម្បីឲ្យពួកគេបានរួចពីបាប។ លោកតទល់នឹងព្រះពិរោធ ហើយធ្វើឲ្យមហន្តរាយស្ងប់ ដើម្បីបង្ហាញថា លោកពិតជាអ្នកបម្រើរបស់ព្រះអង្គមែន។ 22 លោកពុំបានប្រើកម្លាំងកាយ ឬកម្លាំងស័ក្តិសិទ្ធិនៃសាស្រ្តាវុធយកជ័យជម្នះលើព្រះពិរោធនោះទេ តែលោកប្រើពាក្យសម្ដី ដើម្បីបង្រ្កាបអ្នកដែលមានភារកិច្ចបំផ្លាញពួកគេ។ លោកក៏រំឭកអំពីសម្ពន្ធមេត្រី និងព្រះបន្ទូលសន្យាយ៉ាងឱឡារឹករបស់ព្រះអង្គចំពោះបុព្វបុរសដែរ។ 23 ពេលមានសាកសពចាប់ផ្តើមគលើគ្នាលោកបានធ្វើអន្តរាគមន៍ ហើយទប់ទល់នឹងការវាយសម្រុកនៃមហន្តរាយនោះ ទាំងហាមឃាត់វាមិនឲ្យទៅប៉ះអ្នកដែលនៅរស់ឡើយ 24 នៅលើអាវវែងរបស់លោកមានរូបតំណាងពិភពលោកទាំងមូល និងមានឆ្លាក់ឈ្មោះដ៏ប្រសើរនៃបុព្វបុរស នៅលើត្បូងបួនជួរ នៅលើឈ្នួតក្បាលរបស់លោកមានសញ្ញាសម្គាល់នៃភាពថ្កុំថ្កើងរបស់ព្រះអង្គ។ 25 ពេលមច្ចុរាជឃើញដូច្នេះ វាថយក្រោយ ទាំងភ័យខ្លាចទៀតផង។ តាមពិត ព្រះអង្គគ្រាន់តែសព្វព្រះហឫទ័យសម្ដែងឲ្យប្រជាជន ស្គាល់ព្រះពិរោធរបស់ព្រះអង្គប៉ុណ្ណោះ។