ជំពូក ១៤
អំពីអ្នកសំពៅដែលពឹងលើព្រះក្លែងក្លាយ
1 មានបុរសម្នាក់ទៀតរៀបចំសំពៅឆ្លងកាត់រលកសមុទ្រដ៏សាហាវ។ គាត់បន់ដុំឈើពុកជាងឈើសំពៅដែលគាត់ជិះ។ 2 ដ្បិតជាងដែលសង់សំពៅ បានរិះគិតនឹងសង់សំពៅ តាមបច្ចេកទេសរបស់ជាងដ៏ចំណាន ដើម្បីឲ្យបានប្រាក់។ 3 បពិត្រព្រះបិតា គឺព្រះអង្គហើយដែលកាន់ចង្កូត! ព្រះអង្គរៀបចំទាំងអស់ជាមុន ព្រះអង្គបានត្រួសត្រាយផ្លូវនៅលើសមុទ្រ គឺផ្លូវដ៏រឹងមាំនៅលើរលក! 4 ដូច្នេះ ព្រះអង្គបង្ហាញថា ទោះបីមនុស្សម្នាក់ធ្វើដំណើរកាត់សមុទ្រ ដោយគ្មានការពិសោធក្តី ក៏ព្រះអង្គអាចសង្រ្គោះគេឲ្យរួចពីគ្រោះកាចទាំងឡាយដែរ។ 5 ព្រះអង្គសព្វព្រះហឫទ័យឲ្យអ្វីៗដែលព្រះអង្គបានបង្កើតមក ដោយសារព្រះប្រាជ្ញាញាណ មានប្រយោជន៍។ ហេតុនេះ មនុស្សដែលផ្ញើជីវិតលើសំពៅធ្វើអំពីឈើ អាចឆ្លងសមុទ្រដែលមានរលកធំៗ និងរួចពីគ្រោះថ្នាក់ទាំងអស់។ 6 យ៉ាងណាមិញ កាលពីដើមដំបូង មនុស្សដែលមានមាឌធំ ហើយអួតបំប៉ោងត្រូវវិនាសអន្តរាយ។ រីឯសេចក្តីសង្ឃឹមរបស់មនុស្សលោក ដែលយកក្បូន ធ្វើជាជម្រកបានរក្សាពូជមនុស្សទុកសម្រាប់អនាគតដោយសារព្រះបារមីរបស់ព្រះអង្គណែនាំក្បូននោះ។
7 សូមឲ្យឈើដែលនាំសេចក្តីសុចរិត មកនោះបានទទួលពរ! 8 តែសូមឲ្យទាំងរូបព្រះក្លែងក្លាយ និងជាងដែលឆ្លាក់វា ត្រូវបណ្តាសា គឺជាងត្រូវបណ្តាសាមកពីបានឆ្លាក់រូប ហើយរូបត្រូវបណ្តាសា មកពីគេគោរពទុកជាព្រះ តាមពិត វាគ្រាន់តែជាឈើ ដែលរមែងតែងតែពុកប៉ុណ្ណោះ។ 9 ព្រះជាម្ចាស់ស្អប់មនុស្សពាល និងអំពើពាលរបស់គេ។ 10 ដូច្នេះ ស្នាដៃត្រូវទទួលទារុណកម្ម ដូចជាងដែលឆ្លាក់វាដែរ។ 11 ពិតមែនហើយ ព្រះជាម្ចាស់នឹងយាងមកវិនិច្ឆ័យទោសរូបព្រះក្លែងក្លាយរបស់ប្រជាជាតិនានា។ ព្រះជាម្ចាស់ស្អប់ខ្ពើមរូបទាំងនោះ ទោះបីរូបទាំងនោះនៅក្នុងចំណោមសត្វលោកដែលព្រះអង្គបង្កើតមកក៏ដោយ ក៏ព្រោះវាបានទាក់ទាញចិត្តមនុស្សលោកឲ្យជំពប់ដួល និងជាអន្ទាក់សម្រាប់ចាប់មនុស្សឆោតល្ងង់។
ដើមកំណើតរបស់រូបចម្លាក់
12 ការក្បត់សម្ពន្ធមេត្រីរបៀបនេះ បណ្តាលមកពីគំនិតចង់ធ្វើរូបព្រះក្លែងក្លាយ។ ព្រះក្លែងក្លាយទាំងនោះបានបង្ខូចជីវិតមនុស្សលោក។ 13 កាលដើមដំបូងគ្មានរូបទាំងនោះទេ ហើយវាក៏មិននៅស្ថិតស្ថេររហូតអស់កល្បជានិច្ចដែរ។ 14 ព្រះក្លែងក្លាយចូលមកក្នុងលោកនេះ ដោយជំនឿអកុសលរបស់មនុស្ស។ ហេតុនេះហើយ វាត្រូវវិនាសអន្តរាយឆាប់ៗតាមពេលកំណត់។
15 ឧបមាថា មានឪពុកម្នាក់កើតទុក្ខជាទម្ងន់ដោយកូនរបស់គាត់បាត់បង់ជីវិត ក្នុងពេលនៅក្មេងនៅឡើយ។ គាត់ឲ្យគេធ្វើរូបតំណាងកូន ដែលបាត់បង់ជីវិតក្នុងពេលនៅក្មេងនោះ។ ដូច្នេះ គាត់ក៏គោរពរូបកូនទុកជាព្រះ ហើយណែនាំក្រុមគ្រួសារឲ្យរៀបចំបុណ្យ និងពិធីសែនព្រេនផ្សេងៗតរៀងទៅ។ 16 ក្រោយមក គេនាំគ្នាគោរពប្រពៃណីដ៏ពាលនេះ ទុកជាច្បាប់ទម្លាប់ដែលមានឥទ្ធិពលដ៏យូរលង់។
មួយវិញទៀត គេនាំគ្នាគោរពរូបចម្លាក់តាមបញ្ជារបស់អ្នកកាន់អំណាច។ 17 ដោយប្រជាជនពុំអាចគោរពព្រះមហាក្សត្រ នៅចំពោះព្រះភ័ក្រ្តផ្ទាល់ ព្រោះស្តេចគង់នៅឆ្ងាយ គេនាំគ្នាធ្វើរូបតំណាងក្នុងស្រុករបស់ខ្លួន ដើម្បីយកចិត្តទុកដាក់គោរពព្រះមហាក្សត្រដែលពុំគង់ជាមួយ ហាក់ដូចជាស្តេចគង់នៅទីនោះដែរ។ 18 សូម្បីតែអ្នកមិនស្គាល់ព្រះមហាក្សត្រ ក៏យកចិត្តទុកដាក់គោរពរូបទាំងនោះតាមបំណងរបស់វិចិត្រករ។ 19 វិចិត្រករចង់ផ្គាប់ព្រះហឫទ័យព្រះមហាក្សត្រ ក៏ខិតខំយកចិត្តទុកដាក់ប្រើបច្ចេកទេសរបស់ខ្លួន ធ្វើរូបតំណាងឲ្យបានល្អជាងម្ចាស់។ 20 មហាជនចាញ់បញ្ឆោតលំអនៃស្នាដៃនោះ ហើយនាំគ្នាថ្វាយបង្គំរូបរបស់ស្តេច ដែលពីមុនគេតែងគោរពទុកជាមនុស្សប៉ុណ្ណោះ។ 21 រូបនោះបានក្លាយទៅជាអន្ទាក់សម្រាប់មនុស្សជាតិ គឺពេលណាគេរងទុក្ខដោយសារគ្រោះកាច ឬដោយសារអ្នកកាន់អំណាច គេបន់ស្រន់រូបធ្វើពីថ្ម និងរូបធ្វើពីឈើ ទុកដូចព្រះជាម្ចាស់តែមួយអង្គគត់។
ផលវិបាកនែការគោរពព្រះក្លែងក្លាយ
22 ពួកគេមិនគ្រាន់តែវង្វេងក្នុងការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះទេ លើសពីនោះ ពួកគេរស់នៅក្នុងលោកនេះដែលមានការទាស់ទែងគ្នាយ៉ាងខ្លាំង បណ្តាលមកពីការមិនដឹងខុសត្រូវ ហើយពួកគេហៅអំពើយង់ឃ្នងទាំងនោះថា សេចក្តីសុខសាន្ត។ 23 ពួកគេយកកូនក្មេងធ្វើបូជាយញ្ញ ធ្វើពិធីលាក់កំបាំង ដង្ហែក្បួនគួរឲ្យព្រឺខ្លាច។ 24 ពួកគេមិនគោរពជីវិតមនុស្ស មិនគោរពភាពបរិសុទ្ធនៃការរស់នៅជាគូស្វាមីភរិយា។ បុរសម្នាក់សម្លាប់បុរសម្នាក់ដោយចិត្តក្បត់ ឬធ្វើឲ្យអ្នកដទៃឈឺចិត្ត ដោយលួចរួមដំណេកជាមួយប្រពន្ធរបស់គេ។ 25 ការអាក្រក់ទាំងនេះចូលលាយឡំគ្នា គឺការបង្ហូរឈាម ឃាតកម្ម ការលួចប្លន់ ការបោកប្រាស់ អំពើពុករលួយ ការមិនទុកចិត្តគ្នា ការជ្រួលច្របល់ ការស្បថបំពាន 26 ធ្វើបាបជនសប្បុរស រមឹលគុណ អសីលធម៌ រួមបវេណីនឹងភេទដូចគ្នា វិបត្តិក្នុងការរស់នៅជាគូស្វាមីភរិយា អំពើផិតក្បត់ និងអំពើប្រាសចាកសីលធម៌។
27 ការគោរពបម្រើព្រះក្លែងក្លាយដែលយើងមិនអាចលើកឈ្មោះមកថ្លែងបាន ជាដើមដំបូង និងជាចុងបំផុត ហើយជាមួយមូលហេតុ និងលទ្ធផលនៃសេចក្តីអាក្រក់គ្រប់យ៉ាង។ 28 អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ តែងតែវង្វេងស្មារតី ហើយពេលត្រេកត្រអាលក្នុងការភ្លឹក គេថ្លែងទំនាយក្លែងក្លាយ។ពួកគេរស់នៅតាមរបៀបទុច្ចរិតហើយក្រឡាស់ពាក្យសម្ដីភ្លាមៗ។ 29 ដោយយកព្រះក្លែងក្លាយឥតវិញ្ញាណធ្វើជាសាក្សី នៅពេលស្បថ ពួកគេមិនខ្លាចទទួលទោស ដោយបានស្បថបំពានបែបនេះទេ! 30 ពួកគេត្រូវទទួលទោសទ្វេឡើង ព្រោះម្យ៉ាងពួកគេយល់ច្រឡំអំពីព្រះជាម្ចាស់ ដោយទៅពឹងលើព្រះក្លែងក្លាយ ហើយម្យ៉ាងទៀត ពួកគេបានស្បថក្លែងក្លាយដោយប្រើកលល្បិចទាំងមើលងាយភាពវិសុទ្ធរបស់ព្រះអង្គផង។ 31 ទោះបីពួកគេមិនខ្លាចឫទ្ធានុភាពរបស់រូបព្រះក្លែងក្លាយ ដែលគេយកមកធ្វើជាសាក្សីក្នុងការស្បថនោះក្តី ក៏ពួកគេត្រូវទទួលទោសតាមយុត្តិធម៌ សមនឹងអំពើទុច្ចរិតដែលពួកគេបានប្រព្រឹត្ត។