ជំពូក ​២

1 ពួក​គេ​យល់​ខុស ដោយ​និយាយ​គ្នា​ថា «ជីវិត​មនុស្ស​យើង​ខ្លី​ណាស់ ហើយ​ពោរ​ពេញ​ដោយ​ទុក្ខ​វេទនា​ផង! កាល​ណា​សេចក្តី​ស្លាប់​មក​ដល់ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ចៀស​ផុត​ឡើយ យើង​មិន​ដែល​ឃើញ​នរណា​ម្នាក់​វិល​ត្រឡប់​មក​ពី​ស្ថាន​មនុស្ស​ស្លាប់​ទេ។ 2 យើង​កើត​មក​ដោយ​ចៃ‌ដន្យ លុះ​ដល់​ចែក​ស្ថាន​ទៅ យើង​ក៏​ហាក់​ដូច​ជា​មិន​ដែល​មាន​ជីវិត​ទាល់​តែ​សោះ។ ខ្យល់​ដង្ហើម​របស់​មនុស្ស​យើង គ្រាន់​តែ​ជា​ចំហាយ​មិន​នៅ​ស្ថិត​ស្ថេរ ហើយ​គំនិត​របស់​យើង​ប្រៀប​បាន​នឹង​ផ្កា​ភ្លើង ដែល​ខ្ចាយ​ចេញ​ពី​បេះ​ដូង។ 3 កាល​ណា​ជីវិត​រលត់​រូប​កាយ​ក្លាយ​ទៅ​ជា​ផេះ រីឯ​វិញ្ញាណ​រលាយ​ដូច​ខ្យល់​ដែល​ចាប់​ពុំ​បាន។ 4 បន្តិច​ក្រោយ​មក មនុស្ស​ម្នា​ភ្លេច​ឈ្មោះ​របស់​យើង ហើយ​គ្មាន​នរណា​នឹក​នា​ដល់​កិច្ច‌ការ ដែល​យើង​បាន​ប្រព្រឹត្ត​ទេ។ អាយុ​ជីវិត​របស់​យើង​ប្រៀប​ដូច​ជា​ដុំ​ពពក​ដែល​រសាត់​បាត់​ទៅ ឬ​ដូច​អ័ព្ទ​រលាយ​ដោយ​ត្រូវ​កម្ដៅ​ថ្ងៃ ឥត​ទុក​ដាន​អ្វី​ឡើយ។ 5 ជីវិត​របស់​យើង​ប្រៀប​ដូច​ជា​ស្រមោល​ដែល​រលុប​បាត់​ទៅ ហើយ​គ្មាន​នរណា​ម្នាក់​អាច​ចៀស​ផុត​ពី​សេចក្តី​ស្លាប់​បាន​ឡើយ ព្រោះ​មាន​កំណត់​ទុក​ជា​ស្រេច គ្មាន​នរណា​ម្នាក់​អាច​វិល​ត្រឡប់​ក្រោយ​បាន​ទេ។ 6 ដូច្នេះ​យើង​ត្រូវ​សប្បាយ​រីក​រាយ​នឹង​ទ្រព្យ‌សម្បត្តិ​ដែល​យើង​មាន​នៅ​បច្ចុប្បន្ន ហើយ​ត្រេក​ត្រអាល​នឹង​អ្វីៗ​នៅ​ក្នុង​លោក​នេះ ឲ្យ​អស់​ពី​ចិត្ត​ទាន់​ខ្លួន​នៅ​ក្មេង។ 7 យើង​នាំ​គ្នា​ទទួល​ទាន​ស្រា​ដ៏​ឆ្ងាញ់​បំផុត ហើយ​ប្រើ​ទឹក​អប់​ដ៏​ក្រអូប​បំផុត! យើង​នាំ​គ្នា​បេះ​ផ្កា​ក្រពុំ​ដ៏​ស្រស់​បំព្រង! 8 ចូរ​យក​ផ្កា​ដ៏​ក្រពុំ​មក​ក្រង​ធ្វើ​ជា​ភួង​ពាក់ មុន​ពេល​វា​ស្រពោន។ 9 កុំ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង អាក់​ខាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដ៏​សប្បាយ​របស់​យើង​ឡើយ ហើយ​នៅ​គ្រប់​ទី​កន្លែង​យើង​នឹង​ទុក​សញ្ញា​សម្គាល់​ពី​អំណរ​សប្បាយ​ដ៏​លើស​លប់​របស់​យើង! យើង​មាន​សិទ្ធិ​ធ្វើ​ដូច្នេះ ព្រោះ​ជា​ចំណែក​មត៌ក​របស់​យើង!។
10 យើង​នាំ​គ្នា​ជិះ​ជាន់​សង្កត់​សង្កិន​ជន​ក្រី​ក្រ ជា​មនុស្ស​សុច‌រិត កុំ​ត្រា​ប្រណី​ស្រ្តី​មេ‌ម៉ាយ កុំ​គោរព​មនុស្ស​ចាស់​សក់​ស្កូវ។ 11 ចូរ​ប្រើ​កម្លាំង​បាយ​ធ្វើ​ជា​ច្បាប់​របស់​យើង ដ្បិត​ភាព​ទន់​ខ្សោយ​គ្មាន​ប្រយោជន៍​អ្វី​ទេ! 12 ត្រូវ​រក​ឧបាយ‌កល​ចាប់​មនុស្ស​សុចរិត ព្រោះ​គេ​ចេះ​តែ​មក​រំខាន​ពួក​យើង ដោយ​ជំទាស់​នឹង​កិច្ច‌ការ​ដែល​យើង​ប្រព្រឹត្ត ហើយ​ស្តី​បន្ទោស​យើង​ថា បំពាន​វិន័យ និង​ក្បត់​ប្រពៃណី​របស់​យើង។ 13 មនុស្ស​សុចរិត​ទាំង​នោះ​អះអាង​ថា​ខ្លួន​ស្គាល់​ព្រះ‌ជាម្ចាស់ ហើយ​ប្រកាស​ថា​ខ្លួន​ជា​បុត្រ​របស់​ព្រះ‌អម្ចាស់ 14 របៀប​រស់​នៅ​របស់​គេ​ដូច​ជា​ចោទ​ប្រកាន់​គំនិត​របស់​យើង គ្រាន់​តែ​ឃើញ​មុខ​គេ ក៏​យើង​ទ្រាំ​លែង​បាន​ដែរ។ 15 ដ្បិត​របៀប​រស់​នៅ​របស់​គេ​ខុស​ពី​របៀប​រស់​នៅ​របស់​អ្នក​ឯ​ទៀតៗ ហើយ​កិរិយា​មារយាទ​របស់​គេ ខុស​ប្លែក​ពី​អ្នក​ដទៃ។ 16 គេ​ចាត់​យើង​ទុក​ជា​ជន​អាស្រូវ ហើយ​គេ​ចៀស​ចេញ​ឆ្ងាយ​ពី​យើង ដូច​ចៀស​គំនរ​សំរាម។ គេ​ចេះ​តែ​ប្រកាស​ថា មនុស្ស​សុចរិត​ទទួល​សុភមង្គល​នៅ​ពេល​ផុត​ជីវិត ហើយ​អួត​អាង​ថា ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​គេ។ 17 យើង​នាំ​គ្នា​ចាំ​មើល តើ​ពាក្យ​របស់​គេ​ត្រឹម​ត្រូវ​ដែរ ឬ​យ៉ាង​ណា យើង​នឹង​ពិនិត្យ​មើល​ថា តើ​ជីវិត​របស់​គេ​ត្រូវ​បញ្ចប់​ដោយ​របៀប​ណា 18 បើ​មនុស្ស​សុចរិត​ពិត​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់​មែន ព្រះ‌អង្គ​មុខ​ជា​យាង​មក​ជួយ​គេ ហើយ​រំដោះ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​បច្ចា​មិត្ត​ជា​មិន​ខាន។ 19 យើង​ល្បង​ល​មើល​គេ​ដោយ​ត្មះ​តិះ​ដៀល និង​ធ្វើ​ទារុណ‌កម្ម​ដើម្បី​ឲ្យ​ឃើញ​ថា គេ​មាន​ចិត្ត​ស្លូត​បូត ខន្តី​អត់​ធ្មត់​ដល់​កម្រិត​ណា។ 20 យើង​នាំ​គ្នា​ដាក់​ទោស​ប្រហារ​ជីវិត​គេ​យ៉ាង​ថោក​ទាប​បំផុត ដ្បិត​គេ​អះ​អាង​ថា ព្រះ‌ជាម្ចាស់​នឹង​យាង​មក​សង្រ្គោះ​គេ»។
21 ពួក​គេ​រិះ​គិត​ដូច្នេះ ព្រោះ​គេ​វង្វេង​ស្មារតី​ហើយ! គំនិត​អាក្រក់​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​មើល​អ្វី​លែង​ឃើញ។ 22 ពួក​គេ​មិន​ស្គាល់​គម្រោង‌ការ​ដ៏​អាថ៌​កំបាំង​របស់​ព្រះ‌ជាម្ចាស់ ហើយ​គ្មាន​សង្ឃឹម​ថា​នឹង​ទទួល​រង្វាន់ ដោយ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ទេ។ គេ​មិន​យល់​អំពី​កិត្តិ‌យស ដែល​ព្រះ‌អង្គ​ប្រទាន​ដល់​មនុស្ស​ឥត​សៅ​ហ្មង​ឡើយ។ 23 ព្រះ‌ជាម្ចាស់​បង្កើត​មនុស្ស​លោក​មក ដើម្បី​ឲ្យ​មាន​ជីវិត​មិន​ចេះ​សាប​សូន្យ គឺ​ព្រះ‌អង្គ​បង្កើត​មនុស្ស​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌អង្គ​ផ្ទាល់។ 24 សេចក្តី​ស្លាប់​ចូល​មក​ក្នុង​ពិភព‌លោក ព្រោះ​តែ​ការ​ច្រណែន​ឈ្នា​នីស​របស់​មារ ហើយ​អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​មារ មុខ​ជា​ត្រូវ​ស្លាប់​ពុំ​ខាន។