ជំពូក ១

ព្រះ‌ប្រាជ្ញា​ញាណរបស់​ព្រះ‌បាទ​សាឡូម៉ូន

សេចក្តី​សុចរិត​ជា​ប្រភព​នៃ​ជីវិត

1 អស់​អ្នក​គ្រប់​គ្រង​ផែន​ដី​អើយ! ចូរ​ស្រឡាញ់​សេចក្តី​សុចរិត! ចូរ​មាន​គំនិត​ត្រឹម​ត្រូវ​ចំពោះ​ព្រះ‌អម្ចាស់! ចូរ​ស្វែង​រក​ព្រះ‌អង្គ​ដោយ​ចិត្ត​ស្មោះ​សរ 2 ដ្បិត​អស់​អ្នក​ដែល​មិន​ល្បង​ល​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​រក​ព្រះ‌អង្គ​ឃើញ អស់​អ្នក​ដែល​ជឿ​សង្ឃឹម​លើ​ព្រះ‌អង្គ ក៏​ព្រះ‌អង្គ​សម្ដែង​ឲ្យ​គេ​ស្គាល់​ដែរ។ 3 គំនិត​វៀច​វេរ​រមែង​នាំ​ឲ្យ​មនុស្ស​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌ជាម្ចាស់ រីឯ​មនុស្ស​ឆោត‌ល្ងង់​ដែល​ចង់​ល្បង​ល ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​បិទ​មាត់។
4 ព្រះ‌ប្រាជ្ញា​ញាណ​មិន​យាង​ទៅ​សណ្ឋិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ ហើយ​ក៏​មិន​គង់​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ដែល​ជាប់​បាប​ដែរ។ 5 ព្រះ‌ប្រាជ្ញា​ញាណ​ជា​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែល​អប់រំ​មនុស្ស។ ព្រះ‌អង្គ​មិន​គង់​នៅ​ជា​មួយ​មនុស្ស​ដែល​មាន​ចិត្ត​ពីរ ព្រះ‌អង្គ​ឃ្លាត​ឆ្ងាយ​ពី​មនុស្ស​ដែល​មាន​គំនិត​លេ‌លា ហើយ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ច‌រិត​ឡើយ។
6 ព្រះ‌ប្រាជ្ញា​ញាណ​តែង​តែ​ស្រឡាញ់​រាប់​អាន​មនុស្ស ប៉ុន្តែ​ព្រះ‌អង្គ​បាន​ដាក់​ទោស​អ្នក​ដែល​និយាយ​ប្រមាថ​ព្រះ‌ជាម្ចាស់។ ព្រះ‌ជាម្ចាស់​ឈ្វេង​យល់​ជម្រៅ​ចិត្ត​របស់​មនុស្ស ព្រះ‌អង្គ​ជ្រាប​គំនិត​របស់​គេ​យ៉ាង​ច្បាស់ ហើយ​ព្រះ‌អង្គ​ព្រះ‌សណ្តាប់​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គេ​និយាយ។ 7 ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​គង់​នៅ​ពាស​ពេញ​លើ​ផែន​ដី​ទាំង​មូល ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​ភ្ជាប់​ជា​មួយ​គ្នា​យ៉ាង​ស្អិត​ល្មួត ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ជ្រាប​ពាក្យ​សម្ដី​ទាំង​អស់​ដែល​មនុស្ស​និយាយ។ 8 នរណា​និយាយ​ពាក្យ​អាក្រក់ គេ​មិន​អាច​លាក់​ពី​ព្រះ‌អង្គ​បាន​ឡើយ គេ​ត្រូវ​តែ​ទទួល​ទោស​តាម​អំពើ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ 9 ព្រះ‌អម្ចាស់​នឹង​បញ្ជា​ឲ្យ​គេ​ពិនិត្យ​មើល​បំណង​របស់​ជន‌ពាល ហើយ​គេ​នឹង​នាំ​ពាក្យ​សម្ដី​របស់​ជន‌ពាល​នោះ​ទៅ​ទូល​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​ដាក់​ទោស​ជន‌ពាល​តាម​អំពើ​អាក្រក់ ដែល​ខ្លួន​ប្រព្រឹត្ត។ 10 ព្រះ‌ជាម្ចាស់​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ពាក្យ​ខ្សឹប ក៏​ព្រះ‌អង្គ​ព្រះ‌សណ្តាប់​ឮ​ដែរ។ 11 ហេតុ​នេះ​ហើយ ចូរ​កុំ​រិះគន់​គ្នា​ដោយ​ឥត​បាន​ការ​ឡើយ ចូរ​ទប់​មាត់​កុំ​និយាយ​ដើម​គេ ដ្បិត​ពាក្យ​ដែល​និយាយ​ដោយ​ស្ងាត់ៗ ក៏​បង្ក​ឲ្យ​កើត​ជា​រឿង​បាន​ដែរ។ អ្នក​និយាយ​មួល​បង្កាច់​គេ រមែង​បណ្តាល​ឲ្យ​ខ្លួន​ឯង​វិនាស។
12 កុំ​រត់​រក​សេចក្តី​ស្លាប់ ដោយ​ប្រព្រឹត្ត​អំពើ​ពាលា​ឡើយ ហើយ​ក៏​កុំ​ប្រព្រឹត្ត​អំពើ​ដែល​បណ្តាល​ឲ្យ​ខ្លួន​អន្ត‌រាយ​ដែរ។ 13 ព្រះ‌ជាម្ចាស់​មិន​បាន​បង្កើត​សេចក្តី​ស្លាប់​ទេ ព្រះ‌អង្គ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​សត្វ​លោក​បាត់​បង់​ដែរ។ 14 ព្រះ‌អង្គ​បង្កើត​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ស្ថិត​ស្ថេរ។ អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ក្នុង​លោក​នេះ សុទ្ធ​តែ​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​ជីវិត។ ក្នុង​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ គ្មាន​ជាតិ​ពុល​អ្វី​ដែល​បណ្តាល​ឲ្យ​វិនាស​ឡើយ ហើយ​មច្ចុ‌រាជ​ក៏​គ្មាន​អំណាច​គ្រង​រាជ្យ​លើ​ផែន​ដី​ដែរ។ 15 ដ្បិត​សេចក្តី​សុចរិត​នៅ​ស្ថិត​ស្ថេរ​អស់​កល្ប‌ជានិច្ច។

ការ​រិះ‌គិត​របស់​ជន‌ពាល

16 ជន‌ពាល​តែង​ហៅ​រក​មច្ចុ‌រាជ ដោយ​សារ​ពាក្យ​សម្ដី​ដែល​ខ្លួន​និយាយ និង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ ពួក​គេ​ស្រឡាញ់​មច្ចុ‌រាជ​ខ្លាំង​ណាស់ ហើយ​ស្មាន​ថា មច្ចុ‌រាជ​ជា​មិត្ត​សម្លាញ់​របស់​ខ្លួន។ ពួក​គេ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​មច្ចុ‌រាជ ពិត​មែន​ហើយ ពួក​គេ​សម​នឹង​ស្ថិត​នៅ​ក្រោម​អំណាច​របស់​មច្ចុ‌រាជ!