ពាក្យលំនាំ
គម្ពីរព្រះប្រាជ្ញាញាណ
អ្នកនិពន្ធកណ្ឌ «ព្រះប្រាជ្ញាញាណ» នេះប្រហែលជាជនជាតិយូដាដែលរស់នៅក្រុងអាឡិចសង់ឌ្រី (ប្រទេសអេស៊ីប) ៥០ ឬ ៣០ឆ្នាំមុនគ.ស.។ លោកនិពន្ធជាភាសាក្រិកតែម្តង ហើយខិតខំប្រកាសជំនឿរបស់ជនជាតិយូដា តាមគោលគំនិត និងតាមអរិយធម៌ក្រិក។ លោកមានបំណងចង់ណែនាំទាំងជនជាតិយូដាដែលភ្លេចភាសារបស់ខ្លួន ទាំងជនជាតិក្រិកឲ្យយល់ថា ជំនឿរបស់ជនជាតិយូដាពិតជាកេរដ៏មានតម្លៃថ្លៃថ្នូរ។
- ក្នុងភាគទី ១ (ចំពូក១‑៥) អ្នកនិពន្ធរិះគិតអំពីអនាគតរបស់អ្នកមានជំនឿ និងមនុស្សអាក្រក់។ ក្នុង ២,១០-២០ មានរៀបរាប់អំពីទុក្ខលំបាករបស់មនុស្សសុចរិត។
- ក្នុងភាគទី ២(ចំពូក ៦‑៩, ១២) អ្នកនិពន្ធសរសើរតម្កើងព្រះប្រាជ្ញាញាណដែលមនុស្សលោក ជាពិសេស អ្នកដឹកនាំប្រទេសត្រូវការទាំងអស់គ្នា។ អ្នកនិពន្ធសរសេរហាក់ដូចជាព្រះបាទសាឡូម៉ូនផ្ទាល់ ដែលជាអ្នកមានព្រះប្រាជ្ញាញាណឈ្លាសវៃជាងគេ។ ហេតុនេះ ជួនកាលគេដាក់ចំណងជើងកណ្ឌនេះថា ព្រះប្រាជ្ញាញាណរបស់ព្រះបាទសាឡូម៉ូន។
- ក្នុងភាគទី ៣ (៩, ១៣‑១៩, ២២) លោកបង្ហាញព្រះប្រាជ្ញាញាណដែលណែនាំប្រវត្តិសាស្រ្តប្រជាជនអ៊ីស្រាអែល ជាពិសេស ពេលជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប។ លោកក៏ស្តីបន្ទោសអ្នកគោរពថ្វាយបង្គំព្រះក្លែងក្លាយ។ដោយអ្នកនិពន្ធរិះគិតអំពីជំនឿរបស់ជនជាតិយូដាតាមគោលគំនិតក្រិក លោកបញ្ចេញគំនិតថ្មី មិនដែលមានក្នុងកណ្ឌឯទៀតៗ ដូចជាព្រលឹង និងរូបកាយដាច់ពីគ្នា វិញ្ញាណក្ខន្ធដែលមានជីវិតអមតៈជាដើម។