ជំពូក ២៣
ព្រះយេស៊ូមានព្រះបន្ទូលអោយប្រយ័ត្ននឹងពុតត្បុតរបស់ពួកអាចារ្យ និងពួកខាងគណៈផារីស៊ី
(ម៉ាកុស ១២:៣៨-៤០ លូកា ២០:៤៥-៤៧, ១១:៣៩-៥២)
1 ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជន និងក្រុមសាវ័កថា៖ 2 «ពួកធម្មាចារ្យ និងពួកផារីស៊ី* មានភារកិច្ចបង្រៀនគម្ពីរវិន័យរបស់លោកម៉ូសេ។ 3 អ្វីៗ ដែលគេបង្រៀនអ្នករាល់គ្នា ចូរស្ដាប់ ហើយយកទៅប្រតិបត្តិតាមទៅ តែកុំយកតំរាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រតិបត្តិតាមសេចក្ដីដែលគេបង្រៀននោះទេ។ 4 អ្នកទាំងនោះបានបង្កើតវិន័យយ៉ាងតឹងរ៉ឹង យកមកផ្ទុកលើមនុស្ស ហើយមិនជួយសំរាលបន្ទុកនោះទេ សូម្បីតែបន្តិចបន្តួចក៏មិនជួយផង។ 5 គេធ្វើកិច្ចការផ្សេងៗ ដើម្បីអោយមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់កាន់តែធំឡើងៗ និងធ្វើខ្សែរំយោល នៅជាយអាវកាន់តែវែងទៅៗ។ 6 ពួកគេចូលចិត្តកន្លែងកិត្តិយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងធម្មសាលា។ 7 ពួកនេះចូលចិត្តអោយគេអោនកាយគោរព នៅតាមផ្សារ និងអោយគេហៅខ្លួនថា “ព្រះគ្រូ”។ 8 រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេអោយហៅខ្លួនថា “ព្រះគ្រូ” សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “ព្រះគ្រូ” តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។ 9 កុំហៅនរណាម្នាក់នៅលើផែនដីនេះថា “ព្រះបិតា” អោយសោះ ដ្បិតអ្នករាល់គ្នាមាន “ព្រះបិតា” តែមួយគត់ ដែលគង់នៅស្ថានបរមសុខ។ 10 កុំអោយគេហៅអ្នករាល់គ្នាថា“មគ្គទេសក៍”ឡើយ ដ្បិតមានតែព្រះគ្រីស្ដមួយព្រះអង្គប៉ុណ្ណោះ ដែលជាមគ្គទេសក៍របស់អ្នករាល់គ្នា។ 11 ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវអោយអ្នកនោះបំរើអ្នករាល់គ្នា។ 12 អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
13 នែ៎ ! ពួកធម្មាចារ្យ* និងពួកផារីស៊ីដ៏មានពុតអើយ ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបិទទ្វារមិនអោយមនុស្សចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ* អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូលមិនអោយគេចូលទៀតផង។
[14 ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នា ឆ បោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវទទួលទោសយ៉ាងធ្ងន់មិនខាន ] ។
15 ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវទឹក និងតាមផ្លូវគោក ស្វែងរកបញ្ចុះបញ្ចូលគេ អោយចូលសាសនារបស់អ្នករាល់គ្នា យ៉ាងហោចណាស់អោយបានមនុស្សម្នាក់ដែរ។ លុះគេចូលសាសនាហើយ អ្នករាល់គ្នាធ្វើអោយគេរឹតតែអាក្រក់ជួជាតិជាងអ្នករាល់គ្នាមួយ ទ្វេជាពីរ។
16 ពួកអ្នកដឹកនាំកង្វាក់អើយ ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នានិយាយថា “បើអ្នកណាស្បថដោយយកព្រះវិហារធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកមាសរបស់ព្រះវិហារធ្វើជាសាក្សី ទើបយកជាការបាន”។ 17 មនុស្សលេលា កង្វាក់អើយ ! មាស និងព្រះវិហារដែលធ្វើអោយមាសទៅជាវត្ថុពិសិដ្ឋ តើមួយណាសំខាន់ជាង ? ។ 18 អ្នករាល់គ្នានិយាយ ទៀតថា “អ្នកណាស្បថដោយយកអាសនៈធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកតង្វាយលើអាសនៈធ្វើជាសាក្សី ទើបយកជាការបាន”។ 19 មនុស្សកង្វាក់អើយ ! តង្វាយដែលគេថ្វាយលើអាសនៈ និងអាសនៈ ដែលធ្វើអោយតង្វាយទៅជាតង្វាយពិសិដ្ឋ តើមួយណាសំខាន់ជាង ? ។ 20 ដូច្នេះ អ្នកណាស្បថដោយយកអាសនៈជាសាក្សី អ្នកនោះមានទាំងអាសនៈ មានទាំងអ្វីៗនៅលើអាសនៈជាសាក្សីមែន។ 21 អ្នកណាស្បថដោយយក ព្រះវិហារជាសាក្សី អ្នកនោះមានទាំងព្រះវិហារ មានទាំងព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះវិហារជាសាក្សីដែរ។ 22 អ្នកណាស្បថដោយយកស្ថានបរមសុខជាសាក្សី អ្នកនោះមានទាំងបល្ល័ង្ករបស់ព្រះជាម្ចាស់ មានទាំងព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្កជាសាក្សី។ 23 ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និងម្អមមួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែ អ្នករាល់គ្នាលះបង់វិន័យសំខាន់ៗចោល មានសេចក្ដីសុចរិត មេត្តាករុណាធម៌ និងជំនឿស្មោះត្រង់ជាដើម។ វិន័យទាំងប៉ុន្មានប្រការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្តិតាមដោយឥតលះបង់ចោលប្រការឯទៀតៗ។ 24 អ្នកដឹកនាំកង្វាក់អើយ ! អ្នករាល់គ្នាត្រងយកមូសចេញពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទាំងមូលទៅវិញ!។
25 ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាសំអាតពែង និងចានតែខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងពោរពេញទៅដោយផល ដែលកើតមកពីការកេងប្រវ័ញ្ច និងការលោភលន់។ 26 ពួកផារីស៊ីដ៏កង្វាក់អើយ ! ចូរសំអាតផ្នែកខាងក្នុងពែងជាមុនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតបរិសុទ្ធដែរ។ 27 ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរ ដែលគេលាបកំបោរ ស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងធាតុរលួយសព្វបែបយ៉ាង។ 28 អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសំដែងឫកពារខាងក្រៅអោយមនុស្សម្នាឃើញថា អ្នករាល់គ្នាសុចរិត តែចិត្តអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និងគំនិតទុច្ចរិតទៅវិញ។ 29 ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរអោយពួកព្យាការី ព្រមទាំងតុបតែងផ្នូររបស់មនុស្សសុចរិត 30 ដោយពោលថាៈ “ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស នោះយើងមុខជាមិនសមគំនិតជាមួយគេ ក្នុងការសម្លាប់ពួកព្យាការីឡើយ”។ 31 អ្នករាល់គ្នាពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯងថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។ 32 ដូច្នេះ ចូរបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នាអោយបានសំរេចទៅ ! 33 នែ៎ ពួកពស់ពូជពស់វែកអើយ ! ធ្វើម្ដេចអោយអ្នករាល់គ្នាគេចផុតពីទោសធ្លាក់នរកបាន ? ។ 34 ហេតុនេះ ខ្ញុំចាត់ព្យាការី អ្នកប្រាជ្ញ និងធម្មាចារ្យអោយមករកអ្នករាល់គ្នា តែអ្នករាល់គ្នានឹងសម្លាប់ពួកគេខ្លះ ឆ្កាងខ្លះ និងវាយធ្វើបាបខ្លះក្នុងធម្មសាលា* ព្រមទាំងតាមបៀតបៀនគេពីក្រុងមួយទៅក្រុងមួយផង។ 35 ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកអេបិល ជាមនុស្សសុចរិតរហូតដល់លោកសាការី ជាបុត្ររបស់លោកបារ៉ាគី ដែលអ្នករាល់គ្នាបានសម្លាប់នៅត្រង់ចន្លោះទីសក្ការៈ* និងអាសនៈ*។ 36 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាបានដឹងថា ទោសទាំងនោះនឹងត្រូវធ្លាក់មកលើមនុស្សជំនាន់នេះជាមិនខាន។
អ្នកក្រុងយេរូសាឡឹមបដិសេធមិនទទួលព្រះយេស៊ូ
(លូកា ១៣:៣៤-៣៥)
37 «អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី* និងយកដុំថ្មគប់សម្លាប់អស់អ្នក ដែលព្រះជាម្ចាស់បានចាត់អោយមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយ ដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។ 38 ហេតុនេះ ផ្ទះរបស់អ្នករាល់គ្នា នឹងត្រូវបោះបង់ចោលអោយនៅស្ងាត់ជ្រងំ។ 39 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ពីពេលនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថាៈ
“សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ
ដែលយាងមកក្នុងនាមព្រះអម្ចាស់ ! ” »។