ជំពូក ២៦
ការឃុបឃិតចាប់ព្រះយេស៊ូ
(ម៉ាកុស ១៤:១-២ ; លូកា ២២:១-២ ; យ៉ូហាន ១១:៤៥-៥៣)
1 កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ 2 «អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀតដល់បុណ្យចម្លង* គេនឹងចាប់បុត្រមនុស្សបញ្ជូនទៅឆ្កាង»។ 3 ពេលនោះ ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ ឈ្មោះកៃផាស 4 ហើយបានសំរេចចិត្តជាមួយគ្នា រកកលល្បិចចាប់ព្រះយេស៊ូយកទៅធ្វើគុត។ 5 ប៉ុន្តែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។
ស្ត្រីម្នាក់ចាក់ប្រេងលើសិរសាព្រះយេស៊ូ
(ម៉ាកុស ១៤:៣-៩ ; យ៉ូហាន ១២:១-៨)
6 ព្រះយេស៊ូគង់នៅភូមិបេថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាមនុស្សឃ្លង់។ 7 មានស្ត្រីម្នាក់ចូលមករកព្រះអង្គ ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងក្រអូបដ៏មានតម្លៃលើសលប់។ ពេលព្រះយេស៊ូកំពុងសោយព្រះស្ងោយ នាងយកប្រេងក្រអូបនោះចាក់លើព្រះសិរសាព្រះអង្គ។ 8 ក្រុមសាវ័កឃើញដូច្នេះទាស់ចិត្តជាខ្លាំង ហើយពោលថា៖ «ម្ដេចក៏ខ្ជះខ្ជាយអ៊ីចឹង ! 9 បើយកប្រេងក្រអូបនេះទៅលក់មុខជាបានប្រាក់ច្រើន សំរាប់ចែកទានដល់ជនក្រីក្រវិញ ! »។ 10 ព្រះយេស៊ូជ្រាបគំនិតរបស់គេ ទ្រង់មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជារករឿងនាងដូច្នេះ ! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។ 11 អ្នករាល់គ្នាមានជនក្រីក្រនៅជាមួយរហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ 12 នាងបានចាក់ប្រេងលាបរូបកាយខ្ញុំដូច្នេះ ដើម្បីធ្វើពិធីបញ្ចុះសពខ្ញុំទុកជាមុន។ 13 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល កាលណាគេប្រកាសដំណឹងល្អនេះ គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំលឹកអំពីនាង»។
យូដាអ៊ីស្ការីយ៉ុតក្បត់ព្រះយេស៊ូ
(ម៉ាកុស ១៤:១០-១១ ; លូកា ២២:៣-៦)
14 ពេលនោះ សាវ័កម្នាក់ក្នុងក្រុមសាវ័កទាំងដប់ពីរឈ្មោះ យូដាអ៊ីស្ការីយ៉ុត បានទៅជួបក្រុមនាយកបូជាចារ្យ 15 ជំរាបថា៖ «បើខ្ញុំប្រគល់លោកយេស៊ូជូនអស់លោក តើអស់លោកអោយអ្វីខ្ញុំ ? »។ ពួកនាយកបូជាចារ្យក៏រាប់ប្រាក់អោយគាត់សាមសិបស្លឹង។ 16 ចាប់ពីពេលនោះមក យូដារកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ។
ព្រះយេស៊ូធ្វើពិធីបុណ្យចម្លងជាមួយពួកសាវ័ក
(ម៉ាកុស ១៤:១២-២១ ; លូកា ២២:៧-១៤, ២១-២២ ; យ៉ូហាន ១៣:២១-៣០)
17 នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ* សាវ័កនាំគ្នាមកគាល់ព្រះយេស៊ូទូលថា៖ «តើព្រះគ្រូចង់អោយយើងខ្ញុំរៀបចំជប់លៀង ជូនក្នុងឱកាសបុណ្យចម្លងនៅកន្លែងណា ? »។ 18 ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង ប្រាប់គាត់ថាៈ “លោកគ្រូមានប្រសាសន៍ថា ពេលកំណត់របស់ខ្ញុំជិតមកដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យចម្លងជាមួយសិស្សខ្ញុំនៅក្នុងផ្ទះអ្នក”»។ 19 សាវ័កនាំគ្នាធ្វើតាមដូចព្រះយេស៊ូបង្គាប់ ហើយរៀបចំម្ហូបអាហារ សំរាប់បុណ្យចម្លង។ 20 លុះដល់ល្ងាច ព្រះអង្គរួមតុជាមួយសាវ័កទាំងដប់ពីររូប។ 21 នៅពេលបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ 22 ក្រុមសាវ័កព្រួយចិត្តក្រៃលែង ម្នាក់ៗទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ! តើទូលបង្គំឬ ? »។ 23 ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «អ្នកណាជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំ គឺអ្នកនោះហើយដែលនាំគេមកចាប់ខ្ញុំ។ 24 បុត្រមនុស្សត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង ! »។ 25 យូដាជាអ្នកក្បត់ព្រះអង្គ ទូលសួរថា៖ «ព្រះគ្រូ ! តើខ្ញុំឬ ? »។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ ! »។
ពិធីជប់លៀងចុងក្រោយបំផុត
(ម៉ាកុស ១៤:២២-២៦ ; លូកា ២២:១៥-២០ ; ១កូរិនថូស ១១:២៣-២៥)
26 នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំបុ័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានអោយក្រុមសាវ័ក* ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ សុំយកពិសាចុះ»។ 27 បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានអោយក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា៖ «សុំយកពិសាទាំងអស់គ្នាចុះ 28 នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រីដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់អោយរួចពីបាប។ 29 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អំណើះតទៅ ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី ជាមួយអ្នករាល់គ្នានៅក្នុងព្រះរាជ្យនៃព្រះបិតាខ្ញុំ»។
30 ក្រោយពីបានច្រៀងទំនុកតម្កើង*រួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវ ជាមួយក្រុមសាវ័ក។
ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកសិលា បដិសេធមិនទទួលស្គាល់ព្រះអង្គ
(ម៉ាកុស ១៤:២៧-៣១ ; លូកា ២២:៣១-៣៤ ; យ៉ូហាន ១៣:៣៦-៣៨)
31 ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «យប់នេះ អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល ដ្បិតមានចែងទុកមកថាៈ “យើងនឹងវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ” ។ 32 ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ 33 លោកសិលាទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតបោះបង់ចោលព្រះអង្គទាំងអស់គ្នាក៏ដោយ ក៏ទូលបង្គំមិនសុខចិត្តបោះបង់ចោលព្រះអង្គជាដាច់ខាត ! »។ 34 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ 35 លោកសិលាទូលព្រះអង្គថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថា មិនស្គាល់ព្រះអង្គជាដាច់ខាត»។ សាវ័កឯទៀតៗក៏ទូលព្រះអង្គ ដូចលោកសិលាដែរ។
ព្រះយេស៊ូអធិស្ឋាននៅក្នុងសួនកេតសេម៉ានី
(ម៉ាកុស ១៤:៣២-៤២ ; លូកា ២២:៣៩-៤៦)
36 ពេលនោះ ព្រះយេស៊ូយាងទៅជាមួយក្រុមសាវ័កដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាននៅត្រង់កន្លែងនោះ»។ 37 ព្រះអង្គនាំលោកសិលា និងកូនរបស់លោកសេបេដេទាំងពីរនាក់ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមព្រួយព្រះហឫទ័យ ហើយចុកចាប់អន្ទះសាពន់ប្រមាណ 38 ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតីជាមួយខ្ញុំ»។ 39ព្រះអង្គយាងទៅមុខបន្ដិច ក្រាបព្រះភក្ដ្រដល់ដីទូលអង្វរថា៖ «ឱព្រះបិតាអើយ ! ប្រសិនបើបាន សូមអោយពែងនៃទុក្ខលំបាកនេះ ចេញឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំធ្វើតាមបំណងទូលបង្គំឡើយ គឺសូមអោយបានសំរេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។ 40 ព្រះអង្គយាងមករកក្រុមសាវ័ក ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកសិលាថា៖ «អ្នករាល់គ្នាមិនស៊ូទ្រាំប្រុងស្មារតីជាមួយខ្ញុំ សូម្បីតែមួយម៉ោងក៏មិនបានដែរឬ ! »។ 41 «ចូរប្រុងស្មារតី ហើយអធិស្ឋានកុំអោយចាញ់ការល្បួងឡើយ។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែខ្លួនគេនៅទន់ខ្សោយទេ »។ 42 ព្រះអង្គយាងចេញទៅម្ដងទៀត ជាលើកទីពីរហើយទូលអង្វរថា៖ «ឱព្រះបិតាអើយ ប្រសិនបើទូលបង្គំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះចៀសពុំបានទេនោះ សូមអោយបានសំរេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ ! »។ 43 ព្រះយេស៊ូវិលត្រឡប់ទៅរកក្រុមសាវ័កម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។ 44 ព្រះអង្គក៏យាងចាកចេញពីគេទៅអធិស្ឋានជាលើកទីបី ហើយទូលអង្វរដោយពាក្យដដែល។ 45 បន្ទាប់មក ព្រះអង្គវិលមករកសាវ័កវិញ មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសំរាកដល់អង្កាល់ទៀត ? ឥឡូវនេះ ជិតដល់ពេលកំណត់ ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបហើយ។ 46 ចូរក្រោកឡើង ! យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំមកជិតដល់ហើយ ! »។
គេចាប់ព្រះយេស៊ូ
(មក.១៤:៤៣-៥០ ; លក.២២:៤៧-៥៣ ; យហ.១៨.៣-១១)
47 ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាជាសាវ័កម្នាក់ ក្នុងចំណោមសាវ័កទាំងដប់ពីរមកដល់ ទាំងមានបណ្ដាជនជាច្រើនកាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យរបស់ប្រជាជនបានចាត់អ្នកទាំងនោះអោយមក។ 48 យូដាដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយគេនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ ! »។ 49 កាលយូដាមកដល់ភ្លាម គាត់ដើរតម្រង់មករកព្រះយេស៊ូទូលថា៖ «ជម្រាបសួរព្រះគ្រូ ! » រួចថើបព្រះអង្គ។ 50 ព្រះយេស៊ូមាន ព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វីធ្វើទៅចុះ ! »។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូលមកចាប់ព្រះអង្គ។ 51 មានម្នាក់ក្នុងចំណោមពួកអ្នក ដែលនៅជាមួយព្រះយេស៊ូ បានហូតដាវកាប់អ្នកបំរើរបស់លោកមហាបូជាចារ្យ ដាច់ស្លឹកត្រចៀក។ 52 ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកនោះថា៖ «ស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវនឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។ 53 អ្នកស្មានថា ខ្ញុំមិនអាចអង្វរករព្រះបិតាខ្ញុំអោយចាត់ទេវទូតជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ ? 54 តែបើធ្វើដូច្នោះ ធ្វើម្ដេចនឹងបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ អំពីហេតុការណ៍ដែលត្រូវតែកើតឡើងយ៉ាងនេះ ! »។
55 ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ»។ 56 ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីអោយបានស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរព្យាការី។ ពេលនោះ ពួកសាវ័កនាំគ្នាបោះបង់ចោលព្រះអង្គ ហើយរត់បាត់អស់ទៅ។
ព្រះយេស៊ូនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
(ម៉ាកុស ១៤:៥៣-៦៥ ; លូកា ២២:៥៤-៥៥, ៦៣-៧១ ; យ៉ូហាន ១៨:១៣-១៤, ១៩:២៤)
57 លុះចាប់ព្រះយេស៊ូបានហើយ គេបណ្ដើរព្រះអង្គទៅដល់ដំណាក់របស់លោកកៃផាស ជាមហាបូជាចារ្យ។ ពួកធម្មាចារ្យ និងពួកព្រឹទ្ធាចារ្យ* ជួបជុំគ្នានៅទីនោះ។ 58 លោកសិលាដើរតាមព្រះអង្គពីចម្ងាយ គាត់តាមរហូតដល់ទីធ្លាខាងក្នុងដំណាក់របស់មហាបូជាចារ្យ ហើយអង្គុយជាមួយកងរក្សាព្រះវិហារ ចង់ដឹងថាហេតុការណ៍នឹងទៅជាយ៉ាងណា។
59 ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល នាំគ្នារកពាក្យចោទប្រកាន់ មួលបង្កាច់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ 60 ទោះបីមានមនុស្សជាច្រើនធ្វើសាក្សីក្លែងក្លាយក៏ដោយ ក៏គេរកមិនបានដែរ។ នៅទីបំផុត មានបុរសពីរនាក់នាំគ្នាចូលមក 61 ពោលថា៖ «អ្នកនេះបានអះអាងថា “ខ្ញុំអាចរុះព្រះវិហាររបស់ព្រះជាម្ចាស់ចោល ហើយសង់ឡើងវិញបានក្នុងរវាងបីថ្ងៃ”»។ 62 ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើង សួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់អ្នកទាំងនេះ ? »។ 63 ព្រះយេស៊ូនៅស្ងៀម។ លោកមហាបូជាចារ្យសួរព្រះអង្គទៀតថា៖ «ចូរស្បថដោយយកព្រះដ៏មានព្រះជន្មគង់នៅធ្វើជាប្រធាន តើអ្នកពិតជាព្រះគ្រីស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់មែនឬ ? »។ 64 ព្រះយេស៊ូមានព្រះបន្ទូលទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍មែន ប៉ុន្តែ ខ្ញុំសុំបញ្ជាក់ប្រាប់អស់លោកថា អំណើះតទៅ អស់លោកនឹងឃើញបុត្រមនុស្សគង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាព ហើយនឹងយាងមកលើពពកក្នុងផ្ទៃមេឃ»។ 65 ពេលនោះ លោកមហាបូជាចារ្យហែកអាវរបស់លោក ហើយមានប្រសាសន៍ថា៖ «ជននេះបានពោលពាក្យប្រមាថព្រះជាម្ចាស់ហើយ ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថព្រះជាម្ចាស់អំបាញ់មិញស្រាប់ ! 66 តើអស់លោកមានយល់យ៉ាងណា?»។ ពួកគេឆ្លើយឡើងថា៖ «អ្នកនេះត្រូវមានទោសដល់ជីវិត ! »។ 67 គេក៏នាំគ្នាស្ដោះទឹកមាត់ដាក់ព្រះភក្ត្រព្រះអង្គ គេវាយតប់ព្រះអង្គ ហើយអ្នកខ្លះទះកំផ្លៀងព្រះអង្គ 68 ទាំងពោលថា៖ «ទាយមើល៍ ព្រះគ្រីស្ដអើយ អ្នកណាវាយឯង ! »។
លោកសិលាបដិសេធមិនស្គាល់ព្រះយេស៊ូ
(ម៉ាកុស ១៤:៦៦-៧២ ; លូកា ២២:៥៦-៦២ ; យ៉ូហាន ១៨:១២-១៨, ២៥-២៧)
69 ពេលនោះ លោកសិលាអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្ត្រីបំរើរបស់មហាបូជាចារ្យ*ម្នាក់ចូលមកជិតគាត់ ពោលថា៖ «អ្នកឯងជាបក្សពួករបស់យេស៊ូ ជាអ្នកស្រុកកាលីឡេដែរ ! »។ 70 ប៉ុន្តែ គាត់ប្រកែកថា៖ «ខ្ញុំមិនដឹងថា នាងចង់និយាយអំពីរឿងអ្វីឡើយ ! »។ 71 ពេលលោកសិលាដើរចេញពីទីនោះ ឆ្ពោះទៅរកខ្លោងទ្វារ មានស្ត្រីបំរើម្នាក់ទៀតឃើញគាត់ហើយពោលថា៖ «អ្នកនេះជាបក្សពួករបស់យេស៊ូជាអ្នកភូមិណាសារ៉ែតដែរ ! »។ 72 លោកសិលាក៏ប្រកែកសាជាថ្មីទាំងស្បថថា៖ «ខ្ញុំមិនស្គាល់អ្នកនោះទេ ! »។ 73 បន្តិចក្រោយមក អស់អ្នកដែលនៅទីនោះ នាំគ្នាចូលទៅជិតលោកសិលាហើយពោលថា៖ «អ្នកឯងពិតជាបក្សពួករបស់អ្នកទាំងនោះ ព្រោះសំដីអ្នកឯងបញ្ជាក់ច្បាស់ថា អ្នកឯងមកពីស្រុកកាលីឡេមែន!»។ 74 លោកសិលាក៏ពោលឡើងថា៖ «បើខ្ញុំកុហក សូមព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះ ! ។ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ ! »។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង 75 លោកសិលាក៏នឹកឃើញ ព្រះបន្ទូលរបស់ព្រះយេស៊ូដែលថា៖ «មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ លោកសិលាចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។