ជំពូក ៥
សុភមង្គលដ៏ពិតប្រាកដ
(លូកា ៦:២០-២៦)
1 ព្រះយេស៊ូទតឃើញមហាជនទាំងនេះ ព្រះអង្គយាងឡើងទៅលើភ្នំ រួចព្រះអង្គគង់នៅទីនោះ។ សាវ័កនាំគ្នាចូលមកគាល់ព្រះអង្គ 2 ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖ 3 «អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ឍ អ្នកនោះមានសុភមង្គលហើយ
ដ្បិតពួកគេបានទទួលព្រះរាជ្យ
នៃស្ថានបរមសុខ !
4 អ្នកណាសោកសៅ
អ្នកនោះមានសុភមង្គលហើយ
ដ្បិតព្រះជាម្ចាស់នឹងសំរាលទុក្ខពួកគេ !
5 អ្នកណាមានចិត្តស្លូតបូត
អ្នកនោះមានសុភមង្គលហើយ
ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក !
6 អ្នកណាស្រេកឃ្លានសេចក្ដីសុចរិតណ អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានអោយ ពួកគេបានឆ្អែត ! 7 អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសំដែងព្រះហឫទ័យ មេត្តាករុណាដល់ពួកគេវិញ ! 8 អ្នកណាមានចិត្តបរិសុទ្ធ
អ្នកនោះមានសុភមង្គលហើយ
ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់ !
9 អ្នកណាកសាងសន្តិភាព
អ្នកនោះមានសុភមង្គលហើយ
ដ្បិតពួកគេនឹងមាន ឈ្មោះជាបុត្រ
របស់ព្រះជាម្ចាស់ !
10 អ្នកណាត្រូវគេបៀតបៀន
ព្រោះតែបានធ្វើតាមសេចក្ដីសុចរិត*
អ្នកនោះមានសុភមង្គលហើយ
ដ្បិតគេបានទទួលក្នុងព្រះរាជ្យ
នៃស្ថានបរមសុខ !
11 ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គល ! 12 ចូរអរសប្បាយរីករាយ ឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ ដ្បិតពួកព្យាការី*ដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។
អំបិល និងពន្លឺ
(ម៉ាកុស ៩:៥០-៥១ ; លូកា ១៤:៣៤-៣៥)
13 «អ្នករាល់គ្នាជាអំបិលសំរាប់មនុស្សលោក ប៉ុន្តែ បើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើអោយប្រៃឡើងវិញបាន ? ។ អំបិលនោះគ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែបោះចោលទៅខាងក្រៅ អោយមនុស្សដើរជាន់ប៉ុណ្ណោះ។ 14 អ្នករាល់គ្នាជាពន្លឺ សំរាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់បំបាំងក្រុងណាដែលសង់នៅលើភ្នំបានឡើយ។ 15 គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ គឺគេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ ហើយចង្កៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។ 16 ចូរអោយពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ*»។
ព្រះបន្ទូលអំពីវិន័យ
17 «សុំកុំនឹកស្មានថា ខ្ញុំមកលុបបំបាត់គម្ពីរវិន័យ ឬគម្ពីរព្យាការីចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើអោយគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញត។ 18 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាបានដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរដរាបនោះគ្មានក្បៀស ឬបន្តក់ណាមួយក្នុងគម្ពីរវិន័យត្រូវរលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ 19 អ្នកណាល្មើសបទបញ្ជាតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងអោយធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្តតាមបទបញ្ជាទាំងនេះ ហើយបង្រៀនអ្នកផ្សេងអោយប្រព្រឹត្តតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ 20 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកធម្មាចារ្យ និងពួកខាងផារីស៊ី*ទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ»។
ព្រះបន្ទូលអំពីកំហឹង
21 «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរសថា “កុំសម្លាប់មនុស្ស”ថ អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោស។ 22 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេទ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវិចី។ 23 ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថាបងប្អូនណាម្នាក់មានទំនាស់នឹងអ្នក 24 ចូរទុកតង្វាយរបស់អ្នក នៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។ 25 កាលណាអ្នកធ្វើដំណើរ ទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។ 26 ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។
ព្រះបន្ទូលអំពីការផិតក្បត់
27 «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា “កុំប្រព្រឹត្តអំពើផិតក្បត់” ។ 28 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្ត្រីម្នាក់ ហើយមានចិត្តស្រើបស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងនៅក្នុងចិត្តរបស់ខ្លួន រួចស្រេចទៅហើយ។ 29 ប្រសិនបើភ្នែកស្ដាំរបស់អ្នក នាំអ្នកអោយប្រព្រឹត្តអំពើបាប ចូរខ្វេះចេញ ហើយបោះចោលអោយឆ្ងាយពីអ្នកទៅ បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្ដោយអោយរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ 30 ប្រសិនបើដៃស្ដាំរបស់អ្នកនាំអ្នកអោយប្រព្រឹត្តអំពើបាប ចូរកាត់វា ហើយបោះចោលអោយឆ្ងាយពីអ្នកទៅ បើអ្នកបាត់តែអវយវៈមួយនេះ ប្រសើរជាងបណ្ដោយអោយរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក»។
ព្រះបន្ទូលអំពីការលែងលះប្ដីប្រពន្ធ
(ម៉ាថាយ ១៩:៩ ; ម៉ាកុស ១០:១១-១២ ; លូកា ១៦:១៨)
31 «មានសេចក្ដីថ្លែងទុកមកថា “បុរសណាលែងភរិយា ត្រូវធ្វើលិខិតលែងលះអោយនាង” 32 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) បុរសនោះធ្វើអោយនាងទៅជាស្ត្រីផិតក្បត់ ប្រសិនបើនាងរៀបការម្ដងទៀត។ រីឯបុរសណារៀបការនឹងស្ត្រីប្ដីលែង បុរសនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។
ព្រះបន្ទូលអំពីសម្បថ
33 «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរស*ថាៈ “កុំបំភ្លេចពាក្យសម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បថនឹងព្រះអម្ចាស់” ។ 34 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថអោយសោះ កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ង្ករបស់ព្រះជាម្ចាស់ 35 ក៏កុំស្បថដោយយកផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រព្រះបាទារបស់ព្រះអង្គ។ កុំស្បថដោយយកក្រុងយេរូសាឡឹមជាសាក្សី ព្រោះយេរូសាឡឹមជាក្រុងរបស់ព្រះមហាក្សត្រដ៏ឧត្ដម។ 36 កុំស្បថដោយយកក្បាលអ្នកជាសាក្សី ព្រោះអ្នកពុំអាចធ្វើអោយសក់របស់អ្នកទៅជាស ឬខ្មៅបានឡើយ សូម្បីតែមួយសរសៃក៏ពុំបានផង។ 37 ត្រូវនិយាយអោយទៀងទាត់ បើ “មែន” អោយប្រាកដជា “មែន” បើ “ទេ” អោយប្រាកដជា“ទេ”។ រីឯពាក្យពន្លើស សុទ្ធតែមកពីមារកំណាចទាំងអស់»។
ព្រះបន្ទូលអំពីគំនុំសងសឹក
(លូកា ៦:២៩-៣០)
38 «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា “ប្រសិនបើគេវាយភ្នែកអ្នកម្ខាង ត្រូវវាយភ្នែកគេតែម្ខាងវិញ ប្រសិនបើគេវាយអ្នកបាក់ធ្មេញមួយ ត្រូវវាយគេអោយបាក់ធ្មេញតែមួយដែរ” ។ 39 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សកំណាចអោយសោះ បើមានគេទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរអោយគេទះម្ខាងទៀតទៅ។ 40 បើមានគេប្ដឹងចង់បានអាវក្នុងរបស់អ្នក ចូរអោយគេយកអាវធំថែមទៀតទៅ។ 41 បើមានគេបង្ខំអ្នកអោយធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយគេចុះ។ 42 អ្នកណាសុំអ្វីពីអ្នក ចូរអោយគេទៅ ហើយកុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ»។
ត្រូវស្រឡាញ់ខ្មាំងសត្រូវ
(លូកា ៦:២៧-២៨, ៣២-៣៦)
43 «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា “ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក”។ 44 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរអោយអស់អ្នក ដែលបៀតបៀនអ្នករាល់គ្នាផង។ 45 ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានទៅជាបុត្ររបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ ដ្បិតព្រះអង្គប្រទានអោយព្រះអាទិត្យរបស់ព្រះអង្គរះបំភ្លឺ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់ប្រទានទឹកភ្លៀងអោយទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ។ 46 ប្រសិនបើអ្នករាល់ គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី ? សូម្បីតែអ្នកទារពន្ធ*ក៏ចេះស្រឡាញ់គ្នាគេដែរ។ 47 បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្តដូច្នោះដែរ។ 48 ព្រះបិតារបស់អ្នក រាល់គ្នាដែលគង់នៅស្ថានបរមសុខទ្រង់គ្រប់លក្ខណ៍យ៉ាងណា សុំអោយអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ»។