ជំពូក ១៦
ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីចង់ឃើញការអស្ចារ្យ ទុកជាទីសំគាល់
(ម៉ាកុស ៨:១១-១៣ ; លូកា ១២:៥៤-៥៦)
1 ពេលនោះ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកគាល់ព្រះយេស៊ូ ក្នុងគោលបំណងចាប់កំហុសព្រះអង្គ។ គេសុំអោយព្រះអង្គសំដែងទីសំគាល់មួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។ 2 ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ [«នៅពេលថ្ងៃលិច កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃពណ៌ក្រហមអ្នករាល់គ្នាតែងពោលថា ស្អែកថ្ងៃល្អហើយ។ 3 នៅពេលព្រឹកព្រហាម កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃខ្មៅដាស អ្នករាល់គ្នាតែងពោលថា ថ្ងៃនេះភ្លៀងហើយ។ អ្នករាល់គ្នាយល់ហេតុការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសំគាល់នាសម័យនេះសោះ ! ] 4 មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះអង្គមិនប្រទានទីសំគាល់ណាផ្សេងក្រៅពីទីសំគាល់របស់ព្យាការី* យ៉ូណាសឡើយ»។ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីគេទៅ។
ពុតត្បុតរបស់ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី
(ម៉ាកុស ៨:១៤-២១)
5 ពេលឆ្លងទៅត្រើយម្ខាង ក្រុមសាវ័កភ្លេចយកនំបុ័ងទៅជាមួយ 6 ព្រះយេស៊ូមានព្រះបន្ទូល ទៅគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី* និងមេម្សៅរបស់ពួកខាងគណៈសាឌូស៊ីអោយមែនទែន»។ 7 ក្រុមសាវ័កជជែកគ្នាគេថា៖ «យើងមិនបានយកនំបុ័ងមកទេ!»។ 8 ព្រះយេស៊ូជ្រាបគំនិតរបស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំបុ័ងដូច្នេះ? 9 អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ? កាលខ្ញុំចែកនំបុ័ងប្រាំដុំអោយមនុស្សប្រាំពាន់នាក់នោះ អ្នករាល់គ្នាប្រមូលបានប៉ុន្មានល្អី អ្នករាល់គ្នាចាំឬទេ? 10 ហើយកាលខ្ញុំចែកនំបុ័ងប្រាំពីរដុំ អោយមនុស្សបួនពាន់នាក់ អ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល ? 11 ហេតុដូចម្ដេចបានជា អ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំគ្មានបំណងនិយាយអំពីនំបុ័ងទេ គឺខ្ញុំចង់អោយអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈ ផារីស៊ី និងពួកខាងគណៈសាឌូស៊ី*ឯណោះ»។
12 ពេលនោះ ក្រុមសាវ័កយល់ថា ព្រះអង្គចង់អោយគេប្រយ័ត្ននឹងសេចក្ដីដែលពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។
លោកស៊ីម៉ូនប្រកាសថា ព្រះយេស៊ូជាព្រះគ្រីស្ដ
(ម៉ាកុស ៨:២៧-៣០ លូកា ៩:១៨-២១)
13 កាលព្រះយេស៊ូយាងមកដល់ស្រុកសេសារេភីលីព ព្រះអង្គមានព្រះបន្ទូលសួរក្រុមសាវ័កថា៖ «មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។ 14 គេទូលថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការីអេលី អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមី ឬជាព្យាការីណាមួយរូប»។ 15 ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ ? »។ 16 លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ 17 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្ដីនេះ មិនមែនដោយខ្លួនឯងទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខបានសំដែងអោយអ្នកដឹង។ 18 ខ្ញុំសុំប្រាប់អ្នក ថាអ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ សេចក្ដីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ 19 ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខអោយអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។ 20 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមក្រុមសាវ័កមិនអោយប្រាប់នរណាថា ព្រះអង្គជាព្រះគ្រីស្ដឡើយ។
21 តាំងពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមប្រាប់អោយក្រុមសាវ័កដឹងថា ព្រះអង្គត្រូវតែយាងទៅក្រុងយេរូសាឡឹម។ ពួកព្រឹទ្ធាចារ្យ* ពួកនាយកបូជាចារ្យ* និងពួកធម្មចារ្យនឹងនាំគ្នាធ្វើបាបព្រះអង្គអោយរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងធ្វើគុតព្រះអង្គទៀតផងតែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។
22 លោកសិលានាំព្រះយេស៊ូទៅដាច់ឡែកពីគេ ហើយទូលជំទាស់ថា៖ «ព្រះអម្ចាស់អើយ ! សូមព្រះជាម្ចាស់មេត្តាអាណិត កុំអោយការណ៍នេះកើតមានដល់ព្រះអង្គឡើយ»។ 23 ព្រះយេស៊ូបែរមកមាន ព្រះបន្ទូលទៅលោកសិលាថា៖ «នែ៎ មារសាតាំងអើយ ! ថយទៅខាងក្រោយខ្ញុំ ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។
24 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ 25 ដ្បិតអ្នកណាចង់បាន រួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្តែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំអ្នកនោះនឹងបានជីវិតវិញ។ 26 បើមនុស្សម្នាក់បានពិភពលោកទាំងមូល មកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី ? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន ? 27 លុះដល់បុត្រមនុស្ស ប្រកបដោយសិរីរុងរឿងព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវទូតរបស់ព្រះអង្គ ព្រះអង្គនឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ 28 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញបុត្រមនុស្សយាងមកគ្រងព្រះរាជ្យ»។