ជំពូក ២៧
ក្រុមជំនុំជាន់ខ្ពស់កាត់ទោសព្រះយេស៊ូ
(ម៉ាកុស ១៥:១ ; លូកា ២៣:១-២ ; យ៉ូហាន ១៨:២៨-៣២)
1 លុះព្រឹកឡើង ពួកនាយកបូជាចារ្យ និងព្រឹទ្ធាចារ្យ*ទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសំរេចចិត្តធ្វើគុតព្រះយេស៊ូ។ 2 គេក៏ចងព្រះអង្គ បញ្ជូនទៅលោកពីឡាតជាទេសាភិបាល។
ប្រាក់បង់ថ្លៃឈាម
(កិច្ចការ ១:១៨-១៩)
3 កាលយូដា ជាអ្នកដែលនាំគេមកចាប់ព្រះយេស៊ូ ឃើញគេកាត់ទោសព្រះអង្គដូច្នេះ គាត់សោកស្ដាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់អោយពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យវិញ 4 ទាំងពោលថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅអោយគេបង្ហូរឈាម»។ ពួកគេឆ្លើយថា៖ «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ ជារឿងរបស់អ្នកទេតើ ! »។ 5 យូដាបាចប្រាក់នោះនៅក្នុងព្រះវិហារ ហើយចេញទៅចងកសម្លាប់ខ្លួន។
6 ពួកនាយកបូជាចារ្យរើសប្រាក់នោះ ទាំងពោលថា៖ «យើងគ្មានច្បាប់នឹងបញ្ចូលប្រាក់នេះទៅក្នុងហិបតង្វាយឡើយ ព្រោះជាប្រាក់បង់ថ្លៃឈាម»។ 7 ក្រោយពីបានពិភាក្សាគ្នាហើយ គេក៏យកប្រាក់នោះទៅទិញដីចំការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពជនបរទេស។ 8 ហេតុនេះហើយបានជាគេហៅចំការនោះថា «ចំការឈាម» រហូតមកទល់សព្វថ្ងៃ។ 9 ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី*យេរេមីថា៖ «គេបានយកប្រាក់សាមសិបស្លឹង ជាប្រាក់ដែលជនជាតិអ៊ីស្រាអែលសន្មតថាជាថ្លៃទិញលោកនោះ 10 ហើយគេបានយកប្រាក់នោះទៅទិញចំការរបស់ជាងស្មូន ដូចព្រះអម្ចាស់បង្គាប់មកខ្ញុំ»។
លោកពីឡាតកាត់ទោសប្រហារជីវិតព្រះយេស៊ូ
(ម៉ាកុស ១៥:២-១៥ ; លូកា ២៣:៣-៥, ១៣-២៥ ; យ៉ូហាន ១៨:៣៣-១៩:១៦)
11 ព្រះយេស៊ូឈរនៅចំពោះមុខលោកទេសាភិបាលលោកសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចយូដាមែនឬ ? »។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។
12 ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យនាំគ្នាចោទប្រកាន់ព្រះអង្គ តែព្រះអង្គពុំឆ្លើយអ្វីទាល់តែសោះ។ 13 លោកពីឡាតសួរព្រះអង្គថា៖ «អ្នកមិនឮសេចក្ដីទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬ ? »។ 14 ព្រះយេស៊ូពុំបានឆ្លើយតបមួយម៉ាត់សោះឡើយ ជាហេតុនាំអោយលោកទេសាភិបាលងឿងឆ្ងល់ជាខ្លាំង។ 15 ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។ 16 នៅពេលនោះ មានអ្នកទោសដ៏ល្បីម្នាក់ ឈ្មោះយេស៊ូបារ៉ាបាស។ 17 កាលបណ្ដាជនមកជុំគ្នាហើយ លោកពីឡាតសួរគេថា៖ «តើអ្នករាល់គ្នាចង់អោយខ្ញុំដោះលែងអ្នកណា ដោះលែងយេស៊ូបារ៉ាបាស ឬយេស៊ូហៅព្រះគ្រីស្ដ ? »។ 18 លោកពីឡាតមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកគេបញ្ជូនព្រះយេស៊ូមកលោក ព្រោះគេមានចិត្តច្រណែន។
19 នៅពេល ដែលលោកពីឡា អង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេអោយមកជំរាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់»។
20 ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នាំគ្នាញុះញង់បណ្ដាជន អោយសុំដោះលែងបារ៉ាបាស និងសុំប្រហារជីវិតព្រះយេស៊ូ។ 21 លោកទេសាភិបាលមានប្រសាសន៍ទៅគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់អោយខ្ញុំដោះលែងអ្នកណា ? »។ ពួកគេឆ្លើយថា៖ «បារ៉ាបាស ! »។ 22 លោកពីឡាតសួរទៅគេថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់អោយខ្ញុំធ្វើអ្វីដល់ឈ្មោះ យេស៊ូ ហៅព្រះគ្រីស្ដនេះ?»។ គេស្រែកឡើងទាំងអស់គ្នាថា៖ «យកទៅឆ្កាងទៅ ! »។ 23 លោកមានប្រសាសន៍ថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី ? » គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងថា៖ «យកទៅឆ្កាងទៅ ! »។ 24 ដោយលោកពីឡាតឃើញថា និយាយទៅឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ហារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។ 25 ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖ «យើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ ទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ ! »។ 26 លោកពីឡាតក៏ដោះលែងបារ៉ាបាស រីឯព្រះយេស៊ូវិញ លោកអោយគេវាយនឹងរំពាត់ រួចបញ្ជូនព្រះអង្គទៅអោយគេឆ្កាង។
ទាហានមើលងាយ និងធ្វើបាបព្រះយេស៊ូ
(ម៉ាកុស ១៥.១៦-២០ ; យ៉ូហាន ១៩.២-៣)
27 ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលគ្នីគ្នាក្នុងកងនោះមកចោមរោមព្រះអង្គ។ 28 គេដោះព្រះពស្ដ្ររបស់ព្រះអង្គចេញ ហើយយកអាវធំ ដែលមានពណ៌ក្រហមទុំ មកបំពាក់ថ្វាយព្រះអង្គ។ 29 គេយកបន្លាមកក្រង ធ្វើជាភួងបំពាក់លើព្រះសិរសាព្រះអង្គ និងយកដើមត្រែងមកដាក់ក្នុងព្រះហស្ដស្ដាំអោយព្រះអង្គកាន់ រួចគេនាំគ្នាលុតជង្គង់នៅមុខព្រះអង្គ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា ! »។ 30 គេស្ដោះទឹកមាត់ដាក់ព្រះអង្គ និងយកដើមត្រែងនោះវាយព្រះសិរសាព្រះអង្គទៀតផង។ 31 ក្រោយពីបានប្រមាថ មើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវធំចេញ យកព្រះពស្ដ្ររបស់ព្រះអង្គមកបំពាក់ថ្វាយព្រះអង្គវិញ រួចបណ្ដើរនាំយកទៅឆ្កាង។
គេឆ្កាងព្រះយេស៊ូ
(មក.១៥:២១-៣២ ; លក.២៣:២៦-៤៣ ; យហ.១៩.១៧-២៧)
32 ពេលចេញពីទីក្រុងទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកស្រុកគីរេន គេបង្ខំគាត់អោយលីឈើឆ្កាងរបស់ព្រះយេស៊ូ។ 33 លុះមកដល់កន្លែងមួយឈ្មោះ «កុលកូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល» 34 គេយកស្រាទំពាំងបាយជូរលាយជាមួយប្រមាត់ មកថ្វាយព្រះអង្គសោយ។ ព្រះយេស៊ូក្រេបបន្ដិច ព្រះអង្គពុំព្រមសោយទេ។
35 ក្រោយពីឆ្កាងព្រះអង្គរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា 36 រួចអង្គុយយាមព្រះអង្គនៅទីនោះ។ 37 គេបានសរសេរប្រកាសអំពីហេតុ ដែលគេធ្វើទោសព្រះអង្គថា «អ្នកនេះឈ្មោះយេស៊ូ ជាស្ដេចជនជាតិយូដា» ហើយគេបោះប្រកាសនោះ នៅពីខាងលើព្រះសិរសាព្រះអង្គ។ 38 ពេលនោះ គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំ ម្នាក់ទៀតនៅខាងឆ្វេង។
39 មនុស្សម្នាដើរកាត់តាមនោះ ប្រមាថមើលងាយព្រះអង្គ គ្រវីក្បាលដាក់ព្រះអង្គ 40 ទាំងពោលថា៖ «អ្នករុះព្រះវិហារ* ហើយសង់ឡើងវិញតែបីថ្ងៃអើយ ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន អញ្ជើញចុះពីឈើឆ្កាងមក!»។ 41 រីឯពួកនាយកបូជាចារ្យ ពួកធម្មាចារ្យ* និងពួកព្រិទ្ធាចារ្យ*ក៏នាំគ្នាចំអកដាក់ព្រះអង្គដូចគេដែរ ដោយពោលថា៖ 42 «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ ! គាត់ជាស្ដេចអ៊ីស្រាអែល អោយគាត់ចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីយើងជឿផង ! 43 គាត់បានទុកចិត្តលើព្រះជាម្ចាស់ បើព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងគាត់មែន សូមអោយព្រះអង្គដោះលែងគាត់ឥឡូវនេះទៅ ! ដ្បិតគាត់ពោលថា “ខ្ញុំជាព្រះបុត្រារបស់ព្រះជាម្ចាស់”»។ 44 សូម្បីតែចោរព្រៃដែលជាប់ឆ្កាងជាមួយព្រះយេស៊ូក៏ជេរប្រមាថព្រះអង្គដូច្នោះដែរ។
ព្រះយេស៊ូសោយទិវង្គត
(មក.១៥:៣៣-៤១ ; លក.២៣:៤៤-៤៩ ; យហ.១៩.២៨-៣០)
45 ផែនដីទាំងមូលងងឹតសូន្យ ចាប់ពីពេលថ្ងៃត្រង់រហូតដល់ម៉ោងបីរសៀល។ 46 ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេលី អេលី ឡេម៉ាសាបាច់ថានី ! » ដែលមានន័យថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ ? »។ 47 អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «គាត់ហៅលោកអេលី ! »។ 48 រំពេចនោះ មានគ្នាគេម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់នឹងទឹកខ្មេះ រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ។ 49 ប៉ុន្តែ អ្នកឯទៀតៗពោលថា៖ «ចាំមើលមើល៍ ! តើលោកអេលីមកសង្គ្រោះគាត់ឬទេ ? »។
50 ព្រះយេស៊ូស្រែកយ៉ាងខ្លាំងម្ដងទៀត រួចផុតវិញ្ញាណទៅ។ 51 ពេលនោះ វាំងនននៅក្នុងព្រះវិហាររហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីក៏រញ្ជួយផ្ទាំងថ្មក៏ប្រេះចេញពីគ្នា 52 ផ្នូរក៏របើកចំហឡើង ហើយសាកសពប្រជាជនដ៏វិសុទ្ធជាច្រើនបានរស់ឡើងវិញ 53 និងនាំគ្នាចេញពីផ្នូរ។ ក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងដ៏វិសុទ្ធ ព្រមទាំងបង្ហាញខ្លួនអោយមនុស្សជាច្រើនបានឃើញផង។
54 កាលនាយទាហានរ៉ូម៉ាំង និងពួកទាហាន ដែលនៅយាមព្រះយេស៊ូ បានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន ! »។
55 នៅទីនោះ មានស្ត្រីជាច្រើនមើលពីចម្ងាយ គឺស្ត្រីៗ ដែលតាមបំរើព្រះយេស៊ូ តាំងពីស្រុកកាលីឡេមក។ 56 ក្នុងចំណោមស្ត្រីៗ ទាំងនោះ មាននាងម៉ារី ជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយរបស់យ៉ាកុប និងយ៉ូសែប ព្រមទាំងភរិយារបស់លោកសេបេដេជាដើម។
ការបញ្ចុះសពព្រះយេស៊ូ
(មក.១៥:៤២-៤៧ ; លក.២៣:៥០-៥៦ ; យហ.១៩.៣៨-៤២)
57 លុះដល់ល្ងាច មានសេដ្ឋីម្នាក់ ឈ្មោះយ៉ូសែប ជាអ្នកក្រុងអារីម៉ាថេ មកដល់ គាត់ក៏ជាសាវ័ករបស់ព្រះយេស៊ូដែរ។ 58 គាត់បានអញ្ជើញទៅជួបលោកពីឡាតសុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតក៏បញ្ជាអោយគេប្រគល់ព្រះសពមកគាត់។ 59 លោកយ៉ូសែបយកព្រះសពមករុំនឹងក្រណាត់ផាឌិបថ្មី 60 រួចដាក់ក្នុងផ្នូរ ថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មក គាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។ 61 នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀត ក៏នៅទីនោះដែរ នាងអង្គុយនៅមុខផ្នូរ។
62 នៅថ្ងៃបន្ទាប់ ជាថ្ងៃរៀបចំថ្ងៃឈប់សំរាក* ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី* នាំគ្នាទៅជួបលោកពីឡាត 63 ជំរាបថា៖ «លោកម្ចាស់ ! យើងខ្ញុំនៅចាំពាក្យរបស់ជនបោកប្រាស់នោះ កាលពីគាត់នៅរស់ថាៈ “បីថ្ងៃក្រោយខ្ញុំស្លាប់ ខ្ញុំនឹងមានជីវិតរស់ឡើងវិញ”។ 64 ហេតុនេះ សូមលោកបញ្ជាអោយគេយាមផ្នូរនោះ រហូតដល់ថ្ងៃទីបីទៅ ក្រែងលោសិស្សរបស់គាត់មកលួចយកសព ហើយប្រាប់ប្រជាជនថាគាត់រស់ឡើងវិញ។ ការបោកប្រាស់លើកនេះ មុខជាអាក្រក់ជាងមុនទៅទៀត»។ 65 លោកពីឡាតមានប្រសាសន៍ ទៅគេថា៖ «អស់លោកមានទាហានស្រាប់ហើយ សុំអញ្ជើញទៅចាត់ចែងអោយគេយាមផ្នូរ តាមអស់លោកយល់ឃើញទៅចុះ ! »។ 66 ពួកគេក៏នាំគ្នាចេញទៅចាត់ចែងអោយយាមផ្នូរ គឺភ្ជិតផ្នូរ បោះត្រាពីលើ និងដាក់ទាហានអោយនៅយាមផង។