ជំពូក ៧

កុំ​ថ្កោល​ទោស​អ្នក​ដទៃ
(លូកា ៦:៣៧-៣៨, ៤១-៤២)

1 «កុំ​ថ្កោល​ទោស​អ្នក​ដទៃ​អោយ​សោះ ដើម្បី​កុំ​អោយ​ព្រះជាម្ចាស់​ថ្កោល​ទោស​អ្នក​រាល់​គ្នា 2 បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះជាម្ចាស់​ក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​វាល់​អោយ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​អោយ​អ្នក​ដទៃ។ 3 ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​បង​ប្អូន តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ដូច្នេះ ? 4 បើ​មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក ម្ដេច​ក៏​អ្នក​និយាយ​ទៅ​បង​ប្អូន​ថា “ទុក​អោយ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី ចេញ​ពី​ភ្នែក​អ្នក ! ” 5 មនុស្ស​មាន​ពុត​អើយ ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន។
6 កុំ​យកអ្វីៗ ​ដែល​ជា​របស់​វិសុទ្ធ* ទៅ​អោយ​ឆ្កែ​ឡើយ ហើយ​ក៏​កុំ​បោះ​ត្បូង​ពេជ្រ​របស់​អ្នក​រាល់​គ្នា​នៅ​មុខ​ជ្រូក​ដែរ ក្រែង​លោ​វា​ជាន់​ឈ្លី រួច​បែរ​មក​ត្របាក់​ខាំ​អ្នក​រាល់​គ្នា​វិញ»។

អំពី​របៀប​ដែល​ត្រូវ​អធិស្ឋាន
(លូកា ១១:៩-១៣)

7 «ចូរ​សុំ នោះ​ព្រះជាម្ចាស់​នឹង​ប្រទាន​អោយ​អ្នក​រាល់​គ្នា ចូរ​ស្វែង​រក នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះអង្គ​នឹង​បើក​អោយ​អ្នក​រាល់​គ្នា​ជា​ពុំខាន 8 ដ្បិត​អ្នក​ណា​សុំ អ្នក​នោះ​តែងតែ​បាន​ទទួល អ្នក​ណា​ស្វែង​រក អ្នក​នោះ​តែងតែ​បាន​ឃើញ ហើយ​គេ​តែងតែ​បើក​ទ្វារ​អោយ​អ្នក​ដែល​គោះ។ 9 ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​នំបុ័ង​មិន​ដែល​មាន​នរណា​យក​ដុំ​ថ្ម​អោយ​វា​ឡើយ 10 ហើយ​បើ​កូន​សុំ​ត្រី ក៏​មិន​ដែល​មាន​នរណា​យក​ពស់​អសិរពិស​អោយ​វា​ដែរ។ 11 សូម្បី​តែ​អ្នក​រាល់​គ្នា ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​អោយ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះបិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរមសុខ* តើ​ព្រះអង្គ​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អៗ​អោយ​អស់​អ្នក​ដែល​ទូល​សូម​ពី​ ព្រះអង្គ យ៉ាង​ណា​ទៅ​ទៀត ! »។

ទ្វារ​ចង្អៀត
(លូកា ១៣:២៤)

12 «ដូច្នេះ បើ​អ្នក​រាល់​គ្នា​ចង់​អោយ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ដូច្នេះ​ឯង។
13 ចូរ​នាំ ​គ្នា​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​រក​សេចក្ដី​វិនាស​អន្តរាយ​ធំ​ណាស់ ហើយ​ផ្លូវ​ទៅ​រក​សេចក្ដី​វិនាស​ក៏​ទូលាយ​ដែរ មាន​មនុស្ស​ជា​ច្រើន​ចូល​តាម​ទ្វារ​នោះ។ 14 រីឯ​ទ្វារ​ដែល​នាំ​ទៅ​រក​ជីវិត ចង្អៀត​ហើយ​ពិបាក​ដើរ​ផង មាន​មនុស្ស​តិច​ទេ​រក​ផ្លូវ​នោះ​ឃើញ»។

ប្រស្នា​អំពី​ដើម​ឈើ​ល្អ និង​ដើម​ឈើ​អាក្រក់
(លូកា ៦:៤៣-៤៤)

15 «ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការី​ក្លែងក្លាយ គេ​ក្លែង​ខ្លួន​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​គេ​មាន​ចិត្ត​សាហាវ​ដូច​ចចក។ 16 អ្នក​រាល់​គ្នា​អាច​ ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ទំពាំងបាយជូរ និង​ផ្លែ​ឧទុម្ពរ​ពី​គុម្ព​បន្លា​ឡើយ។ 17 ដើម​ឈើ​ល្អ​តែង​ផ្ដល់​ផ្លែ​ល្អ រីឯ​ដើម​ឈើ​អាក្រក់ តែង​ផ្ដល់​ផ្លែ​អាក្រក់។ 18 ដើម​ឈើ​ល្អ​មិន​អាច​ផ្ដល់​ផ្លែ​អាក្រក់​ទេ រីឯ​ដើម​ឈើ​អាក្រក់​ក៏​មិន​អាច​ផ្ដល់​ផ្លែ​ល្អ​បាន​ដែរ។ 19 ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ គេ​នឹង​កាប់​យក​ទៅ​ដុត។ 20 រីឯ​ពួក​ព្យាការី​ក្លែងក្លាយ​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត»។

សិស្ស​ដ៏​ពិត​ប្រាកដ
(លូកា ១៣:២៥-២៧)

21 «អ្នក ​ដែល​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ មិន​មែន​ជា​អ្នក ​ដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា “ព្រះអម្ចាស់! ព្រះអម្ចាស់! ” ​ប៉ុណ្ណោះ​ទេ គឺ​ជា​អ្នក ​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ​នោះ​វិញ។ 22 នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ពោល​មក​ខ្ញុំ​ថា “ព្រះអម្ចាស់ ព្រះអម្ចាស់​អើយ! យើង​ខ្ញុំ​ធ្លាប់​ថ្លែង​ព្រះបន្ទូល​ក្នុង​ព្រះនាម​ព្រះអង្គ យើង​ខ្ញុំ​ធ្លាប់​ដេញ​ខ្មោច​ក្នុង​ព្រះនាម​ព្រះអង្គ ហើយ​យើង​ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ក្នុង​ព្រះនាម​ព្រះអង្គ​ដែរ”។ 23 ពេល​នោះ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ថា “ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ! ចូរ​ថយ​ចេញ​អោយ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ ! ” »។

ប្រស្នា​អំពី​មនុស្ស​ពីរ​នាក់​សង់​ផ្ទះ
(លូកា ៦:៤៦-៤៩)

24 «អ្នក​ណា​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឈ្លាស​វៃ​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ផ្ទាំង​ថ្ម។ 25 ទោះ​បី​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ​យ៉ាង​ណា​ក៏​ដោយ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ ព្រោះ​មាន​គ្រឹះ​នៅ​លើ​ផ្ទាំង​ថ្ម។ 26 រីឯ​អ្នក ​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឆោត​ល្ងង់​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់ 27  ពេល​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់​មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់​បែក​ខ្ទេច​អស់​គ្មាន​សល់»។
28 កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នេះ​ ចប់​សព្វ​គ្រប់​ហើយ មហាជន​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​ដែល​ព្រះអង្គ​ប្រៀនប្រដៅ 29 ព្រោះ​ព្រះអង្គ​មាន​ព្រះបន្ទូល​ប្រកប​ដោយ​អំណាច ខុស​ប្លែក​ពី​ពួក​អាចារ្យ*​របស់​ពួក​គេ។