ជំពូក ១០
ព្រះយេស៊ូតែងតាំងគ្រីស្ដទូត ១២រូប
(ម៉ាកុស ៣:១៣-១៩ លូកា ៦:១២-១៦)
1 ព្រះយេស៊ូត្រាស់ហៅសាវ័កទាំងដប់ពីររូបមក ព្រះអង្គប្រទានអោយគេមានអំណាចដេញខ្មោច ព្រមទាំងមានអំណាចប្រោសអ្នកជំងឺគ្រប់យ៉ាង និងអ្នកពិការគ្រប់ប្រភេទអោយបានជាផង។ 2 គ្រីស្ដទូតទាំងដប់ពីរមាននាមដូចតទៅៈ អ្នកទីមួយ គឺស៊ីម៉ូនហៅសិលា និងអន់ដ្រេ ជាប្អូនរបស់គាត់ យ៉ាកុប និងយ៉ូហានជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ 3 ភីលីព និងបារថូឡូមេ ថូម៉ាស់ និងម៉ាថាយជាអ្នកទារពន្ធ យ៉ាកុបជាកូនរបស់លោកអាល់ផាយ និងថាដេ 4 ស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាអ៊ីស្ការីយ៉ុត ជាអ្នកក្បត់ព្រះអង្គ។
ព្រះយេស៊ូចាត់សាវ័កទាំង ១២ទៅប្រកាសដំណឹងល្អ
(ម៉ាកុស ៦:៧-១៣ ; លូកា ៩:១-៦)
5 ព្រះយេស៊ូចាត់សាវ័កទាំងដប់ពីររូបនេះអោយទៅ ដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ 6 គឺត្រូវទៅស្វែងរកអស់អ្នកដែលវង្វេងក្នុងចំណោមជនជាតិអ៊ីស្រាអែលនោះវិញ។ 7 ពេលធ្វើដំណើរទៅ ចូរប្រកាសថា ព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ។ 8 ចូរមើលអ្នកជំងឺអោយបានជា ប្រោសមនុស្សស្លាប់អោយរស់ឡើងវិញ ធ្វើអោយមនុស្សឃ្លង់បានជាស្អាតបរិសុទ្ធ* ដេញខ្មោចចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ។ 9 កុំរកមាសប្រាក់ ឬលុយកាក់ដាក់ក្នុងថង់ឡើយ 10 ហើយកុំយកថង់យាម កុំយកអាវពីរបន្លាស់ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។
11 ពេលអ្នករាល់គ្នាចូលទៅក្នុងភូមិ ឬក្រុងណាមួយចូរសួររកអ្នកដែលសមនឹងទទួលអ្នករាល់គ្នាអោយស្នាក់នៅ។ ត្រូវស្នាក់នៅផ្ទះអ្នកនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីទីនោះ។ 12 ពេលចូលទៅក្នុងផ្ទះណាត្រូវជំរាបសួរអ្នកផ្ទះនោះ 13 ប្រសិនបើអ្នកផ្ទះ នោះសមនឹងទទួលសេចក្ដីសុខសាន្ត នោះសេចក្ដីសុខសាន្តនឹងកើតមានដល់គេ ដូចពាក្យជំរាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នា នឹងវិលមករកអ្នករាល់គ្នាវិញ។ 14 បើគេមិនព្រមទទួលអ្នករាល់គ្នា ហើយបើគេមិនព្រមស្ដាប់ពាក្យរបស់អ្នករាល់គ្នាទេ ចូរចេញពីផ្ទះនោះ ឬពីក្រុងនោះ ទាំងរលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាផង។ 15 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ា នឹងទទួលទោសស្រាលជាងអ្នកក្រុងនោះ»។
អំពីការបៀតបៀន
(ម៉ាកុស ១៣:៩-១៣ ; លូកា ២១:១២-១៧)
16 «ខ្ញុំចាត់អ្នករាល់គ្នាអោយទៅ ដូចអោយចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្តស្លូតត្រង់ដូចសត្វព្រាប។ 17 ចូរប្រយ័ត្ន កុំទុកចិត្តមនុស្សលោកអោយសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយករំពាត់ខ្សែតី មកវាយអ្នករាល់គ្នានៅក្នុងធម្មសាលារបស់គេ។ 18 គេនឹងបញ្ជូនអ្នករាល់គ្នាទៅអោយលោកទេសាភិបាល និងអោយស្ដេចនានាកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ពេលនោះ ជាឱកាសសំរាប់អោយអ្នករាល់គ្នាផ្ដល់សក្ខីភាពអោយពួកលោក និងអោយសាសន៍ដទៃ ដឹងឮទៅវិញ។ 19 ពេលគេចាប់បញ្ជូនអ្នករាល់គ្នាទៅកាត់ទោស ចូរកុំភ័យបារម្ភនឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយយ៉ាងណាៗ នោះឡើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានពាក្យដែលអ្នករាល់គ្នាត្រូវនិយាយ នៅពេលនោះតែម្ដង។ 20 មិនមែនអ្នករាល់គ្នា ទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នានឹងមានព្រះបន្ទូលនៅក្នុងចិត្តអ្នករាល់គ្នា។
21 បងប្អូននឹងចាប់បញ្ជូនគ្នាឯង ទៅអោយគេសម្លាប់ឪពុកនឹងចាប់បញ្ជូនកូនទៅអោយគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅអោយគេសម្លាប់ទៀតផង។ 22 មនុស្សគ្រប់ៗរូបនឹង ស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ 23 ប្រសិនបើគេបៀតបៀន អ្នករាល់គ្នានៅក្រុងណាមួយ ចូររត់ទៅក្រុងមួយទៀតទៅ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បុត្រមនុស្ស*នឹងមកដល់មុនអ្នករាល់គ្នាទៅដល់ក្រុងទាំងប៉ុន្មាន ក្នុងស្រុកអ៊ីស្រាអែលទៅទៀត។
24 ពុំដែលមានសិស្សណាចេះជាងគ្រូឡើយ ហើយក៏ពុំដែលមានអ្នកបំរើណាធំជាងម្ចាស់ដែរ 25 បើសិស្សចេះបានដូចគ្រូ ហើយអ្នកបំរើបានដូចម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើគេអោយឈ្មោះម្ចាស់ផ្ទះថា បេលសេប៊ូលទៅហើយ គេមុខជាអោយឈ្មោះអ្នកនៅក្នុងផ្ទះនោះ រឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន»។
ព្រះយេស៊ូទូន្មានសិស្សកុំអោយភ័យបារម្ភ
(លូកា ១២:២-៧)
26 «កុំខ្លាចពួកអ្នកទាំងនោះឡើយ ដ្បិតការលាក់កំបាំងទាំងអស់ នឹងត្រូវបើកអោយគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកអោយគេដឹងដែរ។ 27 អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗ ដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅពីលើផ្ទះ។ 28 កុំខ្លាចអស់អ្នក ដែលសម្លាប់បានត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងបាននោះអោយសោះ គឺត្រូវខ្លាចព្រះជាម្ចាស់វិញ ព្រោះទ្រង់អាចធ្វើអោយទាំងព្រលឹង ទាំងរូបកាយធ្លាក់ទៅក្នុងភ្លើងនរកបាន។ 29 ធម្មតាគេលក់ចាបពីរ ថ្លៃមួយសេន។ ទោះបីថោកយ៉ាងនេះក៏ដោយ ប្រសិនបើព្រះបិតារបស់អ្នករាល់គ្នាមិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយធ្លាក់ចុះដល់ដីបានឡើយ ។ 30 រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់នៅលើក្បាលអ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ 31 ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំងអស់ទៅទៀត»។
អ្នកទទួលស្គាល់ និងអ្នកមិនទទួលស្គាល់ព្រះយេស៊ូ
(លូកា ១២:៨-៩)
32 «អ្នកណាទទួលស្គាល់ខ្ញុំ នៅចំពោះមុខមនុស្សលោក ខ្ញុំនឹងទទួលស្គាល់អ្នកនោះវិញ នៅចំពោះព្រះភក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ។ 33 រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំក៏បដិសេធមិនទទួលស្គាល់អ្នកនោះនៅចំពោះព្រះភក្ត្រព្រះបិតា របស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ*ដែរ»។
ការបាក់បែកគ្នាព្រោះជំនឿ
(លូកា ១២:៥១-៥៣)
34 «កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្តិភាពមកអោយផែនដីឡើយ។ ខ្ញុំមិនមែននាំសន្តិភាពមកទេ តែខ្ញុំមកបំបែកមនុស្សចេញពីគ្នា។ 35 ខ្ញុំមក ធ្វើអោយកូនប្រុសបែកពីឪពុក កូនស្រីបែកពីម្ដាយ កូនប្រសាស្រីបែកពីម្ដាយក្មេក។ 36 អ្នកដែលនៅក្នុងផ្ទះជាមួយគ្នា ក្លាយទៅជាសត្រូវនឹងគ្នា»។
សាវ័កដ៏ពិតប្រាកដរបស់ព្រះយេស៊ូ
(លូកា ១៤:២៦-២៧)
37 «អ្នកណាស្រឡាញ់ឪពុកម្ដាយ ខ្លាំងជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាសាវ័ក*របស់ខ្ញុំឡើយ។ អ្នក ដែលស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួន ខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសាវ័ករបស់ខ្ញុំដែរ។ 38 អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន ហើយមិនមកតាមខ្ញុំទេ អ្នកនោះមិនសមធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ 39 អ្នកណាចង់រក្សាទុកជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិតព្រោះតែខ្ញុំ នឹងបានជីវិតនោះមកវិញ»។
អ្នកណាទទួលអ្នករាល់គ្នា ក៏ដូចជាទទួលខ្ញុំដែរ
40 «អ្នកណាទទួលអ្នករាល់គ្នា ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គ ដែលចាត់ខ្ញុំអោយមកនោះដែរ។ 41 អ្នកណាទទួលព្យាការី* ម្នាក់ក្នុងនាមលោកជាព្យាការី អ្នកនោះនឹងទទួលរង្វាន់ដូចព្យាការី។ អ្នកណាទទួលមនុស្សសុចរិតម្នាក់ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់ដូចមនុស្សសុចរិត។ 42 អ្នកណាអោយទឹកត្រជាក់ សូម្បីតែមួយកែវដល់អ្នកតូចតាចម្នាក់ក្នុងនាមជាសាវ័ករបស់ខ្ញុំ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។