ជំពូក ២០

ប្រស្នា​អំពី​កម្មករ​ចំការ​ទំពាំងបាយជូរ

1 «ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​បាន​នឹង​ម្ចាស់​ចំការ​ម្នាក់ ដែល​ចាក​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រ​លឹម ដើម្បី​រក​ជួល​កម្មករ​មក​ធ្វើ​ការ​នៅ​ក្នុង​ចំការ​ទំពាំងបាយ ជូរ​របស់​​គាត់។ 2 គាត់​ព្រម​ព្រៀង​ជា​មួយ​ពួក​កម្មករ​ជា​ស្រេច​ថា នឹង​អោយ​ប្រាក់​មួយ​ដួង​ក្នុង​មួយ​ថ្ងៃ ហើយ​ចាត់​គេ​អោយ​ទៅ​ធ្វើ​ការ​ក្នុង​ចំការ។ 3 ប្រមាណ​ជា​ម៉ោង​ប្រាំបួន​ព្រឹក គាត់​ចេញ​ទៅ​ឃើញ​អ្នក​ផ្សេង​ទៀត​កំពុង​តែ​ឈរ​នៅ​តាម​ទី​ផ្សារ​ឥត​ធ្វើ​អ្វី​សោះ។ 4 គាត់​​ក៏​និយាយ​ទៅ​កាន់​គេ​ថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចំការ​ខ្ញុំ​ដែរ​ទៅ ខ្ញុំ​នឹង​អោយ​ប្រាក់​ឈ្នួល​ត្រឹម​ត្រូវ”។ 5 អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចំការ។ ម្ចាស់​ចំការ​ចេញ​ទៅ​សា​ជា​ថ្មី​ទៀត​នៅ​ម៉ោង​ដប់ពីរ និង​ម៉ោង​បី​រសៀល ហើយ​ជួល​អ្នក​ផ្សេង​តាម​របៀប​ដដែល។ 6 ប្រមាណ​ជា​ម៉ោង​ប្រាំ​ ល្ងាច​គាត់​ចេញ​ទៅ​សា​ជា​ថ្មី ឃើញ​អ្នក​ខ្លះ​ទៀត​ឈរ​នៅ​តាម​ទី​ផ្សារ។ គាត់​សួរ​គេ​ថា “ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​នៅ​ទី​នេះ មួយ​ថ្ងៃ​វាល់​ល្ងាច ឥត​ធ្វើ​អ្វី​សោះ​ដូច្នេះ ? ” 7 ពួក​គេ​ឆ្លើយ​ថា “មក​ពី​គ្មាន​នរណា​ជួល​យើង​ខ្ញុំ​ទៅ​ធ្វើ​ការ​ទេ ! ”។ គាត់​ក៏​ពោល​ទៅ​អ្នក​ទាំង​នោះ​ថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចំការ​ខ្ញុំ​ដែរ​ទៅ”។
8 លុះ​ដល់​ល្ងាច ម្ចាស់​ចំការ​ប្រាប់​ទៅ​អ្នក​កាន់​ប្រាក់​ថា “ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់​អោយ​គេ គឺ​ចាប់​ផ្ដើម​ពី​អ្នក​ដែល​ចូល​ធ្វើ​ការ​ក្រោយ​គេ​បង្អស់ រហូត​ដល់​អ្នក​មក​មុន​គេ​បង្អស់”។ 9 ពួក​អ្នក​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ម៉ោង​ប្រាំ​ល្ងាច​មក​ដល់ ទទួ​ល​​​ប្រាក់​ម្នាក់​មួយ​ដួង*ៗ។ 10 ពួក​អ្នក​ ដែល​ចាប់​ ផ្ដើម​ធ្វើ​ការ​មុន​គេ​ក៏​មក​ដល់​ដែរ ហើយ​គិត​ថា នឹង​បាន​ប្រាក់​ច្រើន​ជាង ប៉ុន្តែ គេ​ទទួល​ម្នាក់​មួយ​ដួង​ដូចៗ​គ្នា។ 11 គេ​ទទួល​យក​ប្រាក់​ទាំង​រអ៊ូរទាំ​ដាក់​ម្ចាស់​ចំការ​ថា 12 “ពួក​អ្នក​ដែល​មក​ដល់​ ក្រោយ​នេះ បាន​ធ្វើ​ការ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​ធ្វើ​ការ​ហាល​ថ្ងៃ ហាល​ក្ដៅ ហើយ​លោក​បែរ​ជា​បើក​ប្រាក់​អោយ​គេ​ស្មើ​នឹង​យើង​ខ្ញុំ​ដែរ ! ”។ 13 ម្ចាស់​ចំការ​និយាយ​ទៅ​ កាន់​ម្នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​នោះ​ថា “សម្លាញ់​អើយ ! ខ្ញុំ​មិន​បាន​បោក​បញ្ឆោត​អ្នក​ទេ។ អ្នក​បាន​យល់​ព្រម​ធ្វើ​ការ​អោយ​ខ្ញុំ​មួយ​ដួង​ក្នុង​មួយ​ថ្ងៃ មែន​ឬ​មិន​មែន ! 14 ចូរ​យក​ប្រាក់​ឈ្នួល​របស់​អ្នក​ហើយ​ចេញ​ទៅ​ចុះ ! ខ្ញុំ​ចង់​អោយ​អ្នក​ដែល​មក​ដល់​ក្រោយ ទទួល​ប្រាក់​ស្មើ​នឹង​អ្នក​ដែរ។ 15​ តើ​ខ្ញុំ​គ្មាន​សិទ្ធិ​ នឹង​យក​ប្រាក់​របស់​ខ្ញុំទៅ​ធ្វើ​អ្វី​តាម​បំណង​ចិត្ត​ខ្ញុំ​ទេ​ឬ ? ឬ​មួយ​អ្នក​ច្រណែន មក​ពី​ឃើញ​ខ្ញុំ​មាន​ចិត្ត​សប្បុរស ? ”។ 16 ហេតុ​នេះ អ្នក​ ដែល​នៅ​ខាង​ក្រោយ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ រីឯ​អ្នក​ ដែល​នៅ​ខាង​មុខ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ»។

ព្រះយេស៊ូ​ប្រកាស​អំពី​ព្រះអង្គ​ចូល​ទិវង្គត
(ម៉ាកុស ១០:៣២-៣៤; លូកា ១៨:៣១-៣៤)

17 កាល​ព្រះយេស៊ូ​កំពុង​ យាង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម ព្រះ​អង្គ​នាំ​ក្រុមសាវ័កទាំង​ដប់ពីរ​រូប​ទៅ​ដាច់​ឡែក​ពី​គេ។ នៅ​តាម​ផ្លូវ ព្រះ​​​​​​​​​​​​​​​​អង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ 18 «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម។ បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់ ដៃ​របស់​ពួក​នាយក​បូជាចារ្យ និង​ពួកធម្មាចារ្យ*​គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក។ 19 គេ​នឹង​បញ្ជូន​លោក​ទៅ​ ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ដើម្បី​អោយ​ពួក​នោះ​ចំអក​ដាក់​លោក យក​រំពាត់​វាយ​លោក ព្រម​ទាំង​ឆ្កាង​សម្លាប់​លោក​ទៀត​ផង ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។

សំណូម​ពរ​របស់​ម្ដាយ​លោក​យ៉ាកុប និង​លោក​យ៉ូហាន
(ម៉ាកុស ១០:៣៥-៤៥ ; លូកា ២២:២៤-២៧)

20 ពេល​នោះ ភរិយា​របស់​លោក​សេបេដេ​បាន​នាំ​កូន​ទាំង​ពីរ​ចូល​មក គាត់​ក្រាប​ទៀប​ព្រះបាទា​ព្រះយេស៊ូ​ចង់​ទូល​សុំ​អ្វី​មួយ។ 21 ព្រះអង្គ​មាន​ ព្រះបន្ទូល​សួរ​គាត់​ថា៖ «អ្នក​ចង់​បាន​អ្វី ? »។ គាត់​ទូល​ព្រះអង្គ​វិញ​ថា៖ «ដល់​ពេល​ព្រះអង្គ​គ្រង​រាជ្យ សូម​អោយ​​កូន​របស់​ខ្ញុំ​ម្ចាស់​បាន​អង្គុយ​អម​ព្រះអង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ម្នាក់​នៅ​ខាង​ឆ្វេង»។ 22 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​ទាំង​ពីរ​អាច​ទទួល​ពែង​ ដែល​​​​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ ? »។ លោក​យ៉ាកុប និង​លោក​យ៉ូហាន​ទូល​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ 23 ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «អ្នក​នឹង​ទទួល​ពែង​របស់​ខ្ញុំ​បាន​មែន ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ ខ្ញុំ​មិន​អាច​សំរេច​អោយ​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក​សំរាប់​តែ​អស់​អ្នក​ដែល​ព្រះបិតា​របស់​ខ្ញុំ បាន​សំរេច​អោយ​ប៉ុណ្ណោះ»។
24 កាល​សាវ័ក*​ដប់​រូប​ទៀត​បាន​ឮ​ដូច្នោះ គេ​ទាស់​ចិត្ត​នឹង​បង​ប្អូន​ទាំង​ពីរ​នាក់​នេះ​ណាស់។
25 ព្រះយេស៊ូត្រាស់​ហៅ​សាវ័គ​ទាំង​អស់​មក ហើយ​មាន​ព្រះ​ប​ន្ទូល​​​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ពួក​អ្នក​គ្រប់គ្រង​ស្រុក​តែងតែ​ជិះជាន់​ប្រជារាស្ត្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​ក៏​តែងតែ​ប្រើ​អំ​ណា​ច​​​លើ​ប្រជា​រាស្ត្រ​របស់​ខ្លួន​ដែរ។ 26 ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​មែន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​អោយ​អ្នក​នោះ​បំរើ​អ្នក​រាល់​គ្នា​វិញ​។ ​27 បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​មេ​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​អ្នក​រាល់​គ្នា​សិន។ 28 បុត្រ​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន​ដើម្បី​អោយ​គេ​បំរើ​លោក​ទេ គឺ​លោក​មក​បំរើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត​ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង​»។

ព្រះយេស៊ូ​ប្រោស​មនុស្ស​ខ្វាក់​ពីរ​នាក់​អោយ​ភ្លឺ
(ម៉ាកុស ១០:៤៦-៥២; លូកា ១៨:៣៥-៤៣)

29 កាល​ព្រះយេស៊ូ​យាង​ចេញ​ពី​ក្រុង​យេរីខូ មាន​បណ្ដាជន​ច្រើ​ន​​​​​កុះករ​នាំ​គ្នា​ដើរ​តាម​ព្រះអង្គ 30 ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ។ អ្នក​ទាំង​ពីរ​ឮ​ថា ព្រះយេស៊ូ​យាង​មក ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះអម្ចាស់ ជា​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង !»។ 31 បណ្ដាជន​គំរាម​អ្នក​ទាំង​ពីរ​អោយ​នៅ​ស្ងៀម ប៉ុន្តែ គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះអម្ចាស់ ជា​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង ! »។ 32 ព្រះយេស៊ូ​ក៏​ឈប់ ហើយ​ហៅ​គេ​មក​សួរ​ថា៖ «តើ​អ្នក​ចង់​អោយ​ខ្ញុំ​ធ្វើ​អ្វី ? »។ 33 គេ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់ ! សូម​ប្រោស​អោយ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ផង»។ 34 ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​អ្នក​ទាំង​ពីរ​ពន់​ពេក​ណាស់ ព្រះអង្គ​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ គេ​មើល​ឃើញ​ភ្លាម ហើយ​នាំ​គ្នា​ដើរ​តាម​ព្រះយេស៊ូ​ទៅ។