ជំពូក ១៤
ស្ដេចហេរ៉ូដសម្លាប់លោកយ៉ូហានបាទីស្ដ
(ម៉ាកុស ៦:១៤-២៩ ; លូកា ៩:៧-៩)
1 នៅគ្រានោះ ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជបានជ្រាបអំពីព្រះកិត្តិនាមរបស់ព្រះយេស៊ូ 2 ទ្រង់មានរាជឱង្ការទៅពួកបរិពារថា៖ «យ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ បានជាគាត់មានឫទ្ធានុភាព សំដែងការអស្ចារ្យយ៉ាងនេះ»។ 3 ព្រះបាទហេរ៉ូដបានចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមពាក្យព្រះនាងហេរ៉ូឌីយ៉ាដា ដែលត្រូវជាមហេសីរបស់ស្ដេចភីលីព ជាអនុជ 4 ព្រោះលោកយ៉ូហានបានបន្ទោសស្ដេចថា «ព្រះករុណាគ្មានសិទ្ធិយកព្រះនាងមកធ្វើជាមហេសីឡើយ»។ 5 ស្ដេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែទ្រង់ខ្លាចបណ្ដាជន ព្រោះពួកគេចាត់ទុកលោកជាព្យាការី*មួយរូប។
6 នៅថ្ងៃបុណ្យខួបចំរើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ បុត្រីរបស់ព្រះនាងហេរ៉ូឌីយ៉ាដាចូលមករាំនៅមុខភ្ញៀវ ធ្វើអោយស្ដេចពេញចិត្តយ៉ាងខ្លាំង 7 រហូតដល់ស្បថស្បែសន្យានឹងនាងថា បើនាងចង់បានអ្វី ស្ដេចប្រទានអោយទាំងអស់។ 8 នាងទូលទៅស្ដេចវិញ តាមពាក្យបង្គាប់របស់មាតាថា៖ «សូមទ្រង់ប្រទានក្បាលរបស់យ៉ូហានបាទីស្ដ ដាក់លើថាសមកអោយខ្ញុំម្ចាស់!»។
9 ព្រះរាជាព្រួយព្រះហឫទ័យក្រៃលែង ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់ជ្រុលហួសទៅហើយ។ ទ្រង់ក៏បញ្ជាអោយគេធ្វើតាមពាក្យសុំរបស់នាង 10 គឺចាត់ទាហានអោយទៅកាត់ ក លោកយ៉ូហាន 11 យកក្បាលដាក់លើថាសមួយប្រគល់អោយនាង រួចនាងយកទៅថ្វាយមាតា។
12 ពួកសិស្សរបស់លោកយ៉ូហាន មកយកសពលោកទៅបញ្ចុះ ហើយនាំគ្នាយកដំណឹងទៅទូលព្រះយេស៊ូ។
ព្រះយេស៊ូប្រទាននំបុ័ងអោយមនុស្សប្រាំពាន់នាក់បរិភោគ
(ម៉ាកុស ៦:៣០-៤៤ ; លូកា ៩:១០-១៧ ; យ៉ូហាន ៦:១-១៤)
13 កាលព្រះយេស៊ូបានជ្រាបដំណឹងនេះ ទ្រង់ក៏យាងចុះទូក ចាកចេញជាមួយក្រុមសាវ័ក* ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែកពីបណ្ដាជន។ ប៉ុន្តែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានាដើរទៅតាមព្រះអង្គ។ 14 កាលព្រះយេស៊ូយាងឡើងពីទូក ទតឃើញមហាជនដ៏ច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ហើយទ្រង់ក៏ប្រោសអ្នកជំងឺអោយបានជា។
15 ពេលនោះ ថ្ងៃជ្រេណាស់ហើយ សាវ័កនាំគ្នាចូលមកជិតព្រះអង្គទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមប្រាប់បណ្ដាជនទាំងនេះអោយត្រឡប់ទៅវិញ រកទិញម្ហូបអាហារនៅតាមភូមិ»។ 16 ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «មិនបាច់អោយគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកម្ហូបអាហារអោយគេបរិភោគទៅ»។ 17 សាវ័កទូលព្រះអង្គថា៖ «យើងខ្ញុំមាននំបុ័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។ 18 ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកនំបុ័ង និងត្រីនោះមកអោយខ្ញុំ»។ 19 បន្ទាប់មក ព្រះអង្គប្រាប់បណ្ដាជនអោយអង្គុយលើស្មៅ ព្រះអង្គយកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភក្ដ្រឡើងលើ សរសើរតម្កើងព្រះជាម្ចាស់ហើយកាច់នំបុ័ងប្រទានអោយពួកសាវ័ក* ពួកសាវ័កក៏ចែកអោយបណ្ដាជនបរិភោគ។ 20 អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយពួកសាវ័កប្រមូលនំបុ័ងដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។ 21 អស់អ្នកដែលបានបរិភោគនំបុ័ង មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗផងទេ។
ព្រះយេស៊ូយាងលើទឹកសមុទ្រ
(ម៉ាកុស ៦:៤៥-៥២ ; យ៉ូហាន ៦:១៥-២១)
22 រំពេចនោះ ព្រះយេស៊ូបញ្ជាក្រុមសាវ័កអោយចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ហើយព្រះអង្គក៏ប្រាប់មហាជនអោយវិលត្រឡប់ទៅវិញដែរ។ 23 កាលព្រះអង្គអោយមហាជន ចេញផុតអស់ហើយ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដាច់ឡែកពីគេដើម្បីអធិស្ឋាន។ លុះដល់យប់ ទ្រង់គង់នៅទីនោះតែមួយព្រះអង្គឯង។
24 ពេលនោះ ទូកចេញឆ្ងាយពីច្រាំងហើយ ក៏ត្រូវរលកបក់បោក ព្រោះបញ្ច្រាសខ្យល់។ 25 ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកក្រុមសាវ័ក។ 26 កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង ! » ព្រោះគេភ័យពេក។ 27 រំពេចនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី ! »។ 28 លោកសិលាទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាអោយខ្ញុំអាចដើរលើទឹកទៅរកលោកផង»។ 29 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញមក ! » លោកសិលាក៏ចុះពីទូក ដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ។ 30 ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំងលោកភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖ «លោកម្ចាស់អើយ សូមជួយខ្ញុំផង ! »។ 31 ព្រះយេស៊ូក៏លូកព្រះហស្ដទាញគាត់ឡើងភ្លាម ទាំងមានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ហេតុដូចម្ដេចបានជាអ្នកមិនទុកចិត្តដូច្នេះ ? »។ 32 បន្ទាប់មក ព្រះអង្គ និងលោកសិលាចូលមកក្នុងទូក ហើយខ្យល់ក៏ស្ងប់។ 33 អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ ទាំងពោលថា៖ «ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន ! »។
34 ព្រះយេស៊ូ និងក្រុមសាវ័កបានឆ្លងទៅដល់ត្រើយម្ខាងត្រង់ស្រុកកេនេសារ៉ែត។ 35 អ្នកស្រុកនោះស្គាល់ព្រះអង្គភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកព្រះអង្គ 36 អង្វរសូមគ្រាន់តែពាល់ជាយព្រះពស្ដ្ររបស់ព្រះអង្គប៉ុណ្ណោះ អស់អ្នកដែលបានពាល់ បានជាសះស្បើយគ្រប់ៗគ្នា។