ជំពូក ១
បញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូ
(លូកា ៣:២៣-៣៨)
1 នេះជាបញ្ជីរាយនាម ព្រះអយ្យកោរបស់ព្រះយេស៊ូគ្រីស្ដ* ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ដែលត្រូវជាពូជពង្សរបស់លោកអប្រាហាំ ។ 2 លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់ 3 លោកយូដា និងនាងថាម៉ារបង្កើតលោកផារេស និងលោកសេរ៉ា លោកផារេសបង្កើតលោកហេតស្រូម លោកហេត ស្រូមបង្កើតលោកអរ៉ាម 4 លោកអរ៉ាមបង្កើតលោកអមីណាដាប់ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន 5 លោកសាលម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអាស លោកបូអាស និងនាងរូថបង្កើតលោកអូបេដ លោកអូបេដបង្កើតលោកយេសាយ 6 លោកយេសាយបង្កើតស្ដេចដាវីឌ។ ស្ដេចដាវីឌ និងភរិយារបស់អ៊ូរីបង្កើតស្ដេចសាឡូម៉ូន 7 ស្ដេចសាឡូម៉ូនបង្កើតស្ដេចរ៉ូបោម ស្ដេចរ៉ូបោមបង្កើតស្ដេចអប៊ីយ៉ា ស្ដេចអប៊ីយ៉ាបង្កើតស្ដេចអសាភ 8 ស្ដេចអសាភបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរ៉ាម ស្ដេចយ៉ូរ៉ាមបង្កើតស្ដេចអូស្យាស 9 ស្ដេចអូស្យាសបង្កើតស្ដេចយ៉ូថាម ស្ដេចយ៉ូថាមបង្កើតស្ដេចអខាស ស្ដេចអខាសបង្កើតស្ដេចអេសេខ្យាស 10 ស្ដេចអេសេខ្យាសបង្កើតស្ដេចម៉ាណាសេ ស្ដេចម៉ាណាសេបង្កើតស្ដេចអម៉ូន ស្ដេចអម៉ូនបង្កើតស្ដេចយ៉ូស្យាស 11 ស្ដេចយ៉ូស្យាសបង្កើត ស្ដេចយេកូញ៉ាស និងអនុជរបស់ព្រះអង្គ ក្នុងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។ 12 ក្រោយ គ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ស្ដេចយេកូញ៉ាសបង្កើតលោកសាឡាធាល លោកសាឡាធាលបង្កើតលោកសូរ៉ូបាបិល 13 លោកសូរ៉ូបាបិលបង្កើតលោកអប៊ីយូដ លោកអប៊ីយូដបង្កើតលោកអេលីយ៉ាគីម លោកអេលីយ៉ាគីមបង្កើតលោកអស៊រ 14 លោកអស៊របង្កើតលោកសាដុក លោកសាដុកបង្កើតលោកអគីម លោកអគីមបង្កើតលោកអេលីយូដ 15 លោកអេលីយូដបង្កើតលោកអេលាសារ លោកអេលាសារបង្កើតលោកម៉ាថាន លោកម៉ាថាន បង្កើតលោកយ៉ាកុប 16 លោកយ៉ាកុបបង្កើតលោកយ៉ូសែប ជាស្វាមីរបស់នាងម៉ារី ដែលបង្កើតព្រះយេស៊ូ ហៅថា ព្រះគ្រីស្ដ។
17 ដូច្នេះ ចាប់ពីលោកអប្រាហាំមកទល់ស្ដេចដាវីឌ មានដប់បួនតំណ ចាប់ពីស្ដេចដាវីឌមកទល់នឹងគ្រា ដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មានដប់បួនតំណ ហើយចាប់ពីគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូនមកទល់ព្រះគ្រីស្ដ ក៏មានដប់បួនតំណដែរ។
កំណើតព្រះយេស៊ូគ្រីស្ដ
(លូកា ២:១-៧)
18 នេះជាដំណើររឿងអំពី កំណើតរបស់ព្រះយេស៊ូគ្រីស្ដ ។ នាងម៉ារី មាតារបស់ព្រះអង្គត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែប ។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ ។ 19 លោកយ៉ូសែប ស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ គឺលោកសំរេចចិត្តថា នឹងផ្ដាច់ពាក្យដោយស្ងាត់ៗវិញ ។ 20 ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវទូតរបស់ព្រះអម្ចាស់ មកប្រាប់លោកក្នុងសុបិននិមិត្តថា៖ «លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាង កើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ 21 នាងនឹងសំរាលបាន បុត្រមួយ ហើយលោកត្រូវថ្វាយព្រះនាមថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គ អោយរួចពីបាបរបស់គេ»។ 22 ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូល តាមរយៈព្យាការីថា៖
23 «មើល ! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ
នាងនឹងសំរាលបានបុត្រមួយដែលគេនឹងថ្វាយ
ព្រះនាមថា “អេម៉ានូអែល”»ក
ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង»។
24 លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវទូត*របស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា 25 ប៉ុន្តែ លោកពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសំរាលបានបុត្រដែលលោកថ្វាយព្រះនាមថា “យេស៊ូ”។