ជំពូក ២៥
ប្រស្នាអំពីស្ត្រីក្រមុំដប់នាក់
1 «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបានទៅនឹងស្ត្រីក្រមុំដប់នាក់ ដែលយកចង្កៀងចេញទៅទទួលស្វាមី។ 2 ក្នុងចំណោមពួកនាងមានប្រាំនាក់ជាស្ត្រីឥតគំនិត ប្រាំនាក់ទៀតជាស្ត្រីឈ្លាសវៃ។ 3 ស្ត្រីឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ។ 4 រីឯស្ត្រីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ មានទាំងប្រេងបង្ការផង។ 5 ដោយស្វាមីក្រមកដល់ នាងទាំងដប់នាក់ងោកងុយពេក ក៏ដេកលក់ទាំងអស់គ្នាទៅ។ 6 លុះដល់ពាក់កណ្ដាលអធ្រាត្រមានគេស្រែកឡើងថា “ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក ! ”។ 7 ស្ដ្រីក្រមុំទាំងនោះក៏ក្រោកឡើងរៀបចំអុជចង្កៀង។ 8 ស្ដ្រីឥតគំនិតនិយាយទៅកាន់ស្ដ្រីឈ្លាសវៃថា “សុំចែកប្រេងអោយយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់អស់ហើយ”។ 9 ស្ដ្រីឈ្លាសវៃឆ្លើយទៅវិញថា “ទេមិនបានទេ ! បើយើងចែកអោយពួកនាង ក្រែងមិនគ្រាន់សំរាប់យើងផង សំរាប់ពួកនាងផង។ ចូរនាំគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ ! ”។ 10 នៅពេល ដែលស្ត្រីឥតគំនិតទាំងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្ត្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។ 11 ក្រោយមក ស្ដ្រីប្រាំនាក់ទៀតមកដល់ស្រែកហៅថាៈ “លោកម្ចាស់ លោកម្ចាស់ ! សូមបើកទ្វារអោយយើងខ្ញុំចូលផង ! ”។ 12 ស្វាមីឆ្លើយទៅវិញថាៈ “ខ្ញុំសុំប្រាប់អោយនាងទាំងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ ! ”។ 13 ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងមកដល់ថ្ងៃណា ពេលណាឡើយ»។
ប្រស្នាស្ដីអំពីប្រាក់ណែន
(លូកា ១៩:១១-២៧)
14 «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងបុរសម្នាក់ ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយ។ គាត់ហៅពួកអ្នកបំរើមកប្រគល់ទ្រព្យសម្បត្តិអោយ។ 15 គាត់ប្រគល់ប្រាក់អោយអ្នកបំរើម្នាក់ៗ តាមសមត្ថភាពរៀងៗខ្លួន គឺអោយប្រាំណែនទៅអ្នកទីមួយ ពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។ 16 អ្នកបំរើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។ 17 អ្នកទីពីរក៏ដូច្នោះដែរ គាត់យកប្រាក់ពីរណែននោះទៅរកស៊ី ចំណេញបានពីរណែនទៀត។ 18 រីឯអ្នកដែលទទួលប្រាក់មួយណែន បានចេញទៅជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។
19 លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។ 20 អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន ចូលមកជូនម្ចាស់ដោយពោលថាៈ “លោកម្ចាស់ ! លោកបានប្រគល់ប្រាក់ប្រាំណែនអោយខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានប្រាំណែនទៀត”។ 21 ម្ចាស់ក៏ពោលទៅគាត់ថាៈ “ល្អហើយ ! អ្នកបំរើដ៏ប្រសើរមានចិត្តស្មោះត្រង់អើយ ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកអោយមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។ 22 អ្នកទទួលប្រាក់ពីរណែន ក៏យកប្រាក់ដែលចំណេញបានពីរណែនទៀតនោះចូលមកដែរ ហើយជំរាបថាៈ “លោកម្ចាស់ ! លោកបានប្រគល់ប្រាក់ពីរណែនអោយខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានពីរណែនទៀត”។ 23 ម្ចាស់ក៏ពោលទៅគាត់ថាៈ “ល្អហើយ ! អ្នកបំរើដ៏ប្រសើរមានចិត្តស្មោះត្រង់អើយ ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកអោយមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។ 24 បន្ទាប់មក អ្នកដែលបានទទួលប្រាក់មួយណែនក៏ចូលមក ហើយជំរាបថាៈ “លោកម្ចាស់ ! ខ្ញុំប្របាទដឹងថាលោកជាមនុស្សតឹងតែងណាស់។ លោកតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ ហើយប្រមូលយកផលពីដំណាំដែលលោកមិនបានដាំ។ 25 ខ្ញុំប្របាទបានយក ប្រាក់ដែលលោកប្រគល់អោយទៅជីកដីកប់ ព្រោះខ្ញុំប្របាទភ័យខ្លាចពេក។ ឥឡូវនេះ សូមលោកម្ចាស់យកប្រាក់របស់លោកវិញចុះ”។ 26 ម្ចាស់ក៏ពោលទៅអ្នក នោះថាៈ “នែ៎ អ្នកបំរើអាក្រក់ ខ្ជិលច្រអូសអើយ ! អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកផលពីស្រែដែលខ្ញុំមិនបានសាបព្រោះ និងប្រមូលផលពីដំណាំដែលខ្ញុំមិនបានដាំ។ 27 គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ ទាំងដើម ទាំងការ ! ។ 28 ចូរយកប្រាក់ពីអ្នកនេះ ប្រគល់អោយអ្នក ដែលមានដប់ណែននោះទៅ 29 ដ្បិតអ្នកណាមានហើយ អ្នកនោះនឹងទទួលបរិបូណ៌ហូរហៀរថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមានផង។ 30 ចំណែកឯអ្នកបំរើឥតបានការនេះ ចូរយកគាត់ទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោក ខឹងសង្កៀតធ្មេញនោះទៅ ! ”»។
ការកាត់ទោសនៅគ្រាចុងក្រោយបង្អស់
31 «នៅពេលបុត្រមនុស្សយាងមក ជាមួយពួកទេវទូតប្រកបដោយសិរីរុងរឿង លោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង។ 32 ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខលោក លោកនឹងញែកគេចេញពីគ្នា ដូចអ្នកគង្វាលញែកចៀមចេញពីពពែ 33 គឺអោយចៀមនៅខាងស្ដាំ ពពែនៅខាងឆ្វេង។ 34 ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកនៅខាងស្ដាំព្រះអង្គថា “អស់អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរអើយ ! ចូរនាំគ្នាមកទទួលព្រះរាជ្យ ដែលទ្រង់បានរៀបទុកអោយអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក 35 ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានអោយអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានអោយទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបានទទួលយើងអោយស្នាក់អាស្រ័យ 36 កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានយកសម្លៀកបំពាក់មកអោយយើង កាលយើងមានជំងឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់ឃុំឃាំង អ្នករាល់គ្នាក៏បានមកសួរយើងដែរ”។ 37 ពួកអ្នកសុចរិតទូល ព្រះអង្គវិញថាៈ “បពិត្រព្រះអម្ចាស់ ! តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន ហើយយកម្ហូបអាហារមកថ្វាយព្រះអង្គសោយ ឬឃើញព្រះអង្គស្រេក ហើយយកទឹកមកថ្វាយព្រះអង្គសោយពីអង្កាល់ ? ។ 38 តើយើងខ្ញុំដែលបានឃើញព្រះអង្គជាជនបរទេស ហើយទទួលព្រះអង្គអោយស្នាក់អាស្រ័យ ឬឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកថ្វាយព្រះអង្គពីអង្កាល់?។ 39 តើយើងខ្ញុំដែលបានឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយមកសួរសុខទុក្ខព្រះអង្គពីអង្កាល់?”។ 40 ព្រះមហាក្សត្រនឹងមាន ព្រះបន្ទូលតបទៅគេថា “យើងសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ”។ 41 បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកអ្នកនៅខាងឆ្វេងថាៈ “ពួកត្រូវបណ្ដាសាអើយ ! ចូរថយចេញអោយឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសំរាប់ផ្ដន្ទាទោសមារសាតាំង និងបរិវាររបស់វានោះទៅ ! 42 ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាពុំបានអោយម្ហូបអាហារយើងបរិភោគទេ កាលយើងស្រេក អ្នករាល់គ្នាក៏ពុំបានអោយទឹកយើងពិសាដែរ 43 កាលយើងជាជនបរទេស អ្នករាល់គ្នាពុំបានទទួលយើងអោយស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកអោយយើងដែរ កាលយើងមានជំងឺ និងជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកសួរសុខទុក្ខយើងទាល់តែសោះ”។ 44 ពួកនោះនាំគ្នាទូល ព្រះអង្គថា “បពិត្រព្រះអម្ចាស់ ! តើយើងខ្ញុំមានដែលបានឃើញព្រះអង្គឃ្លាន ឃើញព្រះអង្គស្រេក ឃើញព្រះអង្គជាជនបរទេស ឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយយើងខ្ញុំមិនដែលជួយព្រះអង្គសោះពីអង្កាល់ ? ”។ 45 ព្រះអង្គមានព្រះបន្ទូលទៅគេថា “យើងសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលអ្នករាល់គ្នាមិនបានប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាមិនបានប្រព្រឹត្តចំពោះយើងដែរ”។ 46 អ្នកទាំងនេះនឹងត្រូវទទួលទោសអស់កល្បជានិច្ច រីឯអ្នកសុចរិតវិញ នឹងទទួលជីវិតអស់កល្បជានិច្ច»។