ជំពូក ១៨

អ្នក​ធំ​ជាង​គេ
(ម៉ាកុស ៩:៣៣-៣៧ លូកា ៩:៤៦-៤៨)

1 ពេល​នោះ ក្រុមសាវ័កនាំ​គ្នា​ចូល​មក​គាល់​ព្រះយេស៊ូ​ហើយ​ទូល​ថា៖ «តើ​អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ? »។ 2 ព្រះអង្គ​ហៅ​ក្មេង​តូច​ម្នាក់​អោយ​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ក្រុមសាវ័ក​ 3 រួច​មាន​​​​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិត អោយ​បាន​ដូច​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ* នៃ​ស្ថាន​បរមសុខ*​បាន​ឡើយ។ 4 អ្នក​ណា​ដាក់​ខ្លួន​ដូច​ក្មេង​តូច​នេះ អ្នក​នោះ​មាន​ឋានៈ​ធំ​ជាង​គេ ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ។ 5 អ្នក​ណា​ទទួល​ក្មេង​តូច​ណា​ម្នាក់​ដូច​ក្មេង​នេះ ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ»។

កុំ​នាំ​អ្នក​ដទៃ​ប្រព្រឹត្ត​អំពើ​បាប
(ម៉ាកុស ៩:៤២-៤៨ ; លូកា ១៧:១-២)

6 «អ្នក​ណា​នាំ​អ្នក​តូចតាច ​ម្នាក់​ក្នុង​បណ្ដា​អ្នក​ ដែល​ជឿ​លើ​ខ្ញុំ​នេះ អោយ​ប្រព្រឹត្ត​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង ​ក​គាត់ ទម្លាក់​ទៅ​ក្នុង​បាត​សមុទ្រ​អោយ​លង់​ទឹក ប្រសើរ​ជាង​ទុក​គាត់​អោយ​នៅ​រស់ ! 7 មនុស្ស​លោក​មុខ​ជា​ត្រូវ​វេទនា​មិន​ខាន ដ្បិត​មាន​ហេតុ​ផ្សេងៗ​ជា​ច្រើន នាំ​អោយ​គេ​ប្រព្រឹត្ត​អំពើ​បាប។ ហេតុ​ផ្សេងៗ ដែល​នាំ​អោយ​គេ​ប្រព្រឹត្ត​អំពើ​បាប​នោះ ត្រូវ​តែ​មាន​ចៀស​មិន​ផុត ប៉ុន្តែ អ្នក​ណា​នាំ​គេ​អោយ​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​វេទនា​ហើយ !
8 ប្រសិន​បើ ​ដៃ ឬ​ជើង​របស់​អ្នក នាំ​អ្នក​អោយ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា​បោះ​ចោល​អោយ​ឆ្ងាយ​ទៅ បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ដៃ​ម្ខាង ឬ​ជើង​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ ឬ​មាន​ជើង​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់កល្ប​ជានិច្ច។ 9 ប្រសិន​បើ​ភ្នែក​របស់​អ្នក នាំ​អ្នក​អោយ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​អោយ​ឆ្ងាយ​ទៅ បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។
10 ចូរ​ប្រយ័ត្ន កុំ​មាក់ងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​នេះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​ទេវទូត​របស់​ពួក​គេ​ស្ថិត​នៅ​ឯ​ស្ថាន​បរមសុខ ទាំង​ឃើញ​ព្រះភក្ត្រ​របស់​ព្រះបិតា ដែល​គង់​នៅ​ស្ថាន​បរមសុខ​គ្រប់​ពេល​វេលា​ផង 11 [ដ្បិត​បុត្រ​មនុស្ស​បាន​មក​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់»។]

ប្រស្នា​អំពី​ចៀម​ដែល​វង្វេង​បាត់ ហើយ​រក​ឃើញ​វិញ
(លូកា ១៥:៤-៧)

12 «តើ​អ្នក​រាល់​គ្នា​យល់យ៉ាង​ណា ប្រសិន​បើ​បុរស​ម្នាក់​មាន​ចៀម​មួយរយ​ក្បាល ហើយ​ចៀម​មួយ​វង្វេង​បាត់ ? ។ គាត់​មុខ​ជា​ទុក​ចៀម​កៅសិប​ប្រាំ​បួន​នៅ​លើ​ភ្នំ ហើយ​ទៅ​តាម​រក​ចៀម ដែល​បាត់​នោះ​ពុំខាន។ 13 ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​គាត់​រក​ចៀម​នោះ​ឃើញ​វិញ គាត់​មុខ​តែ​ត្រេកអរ​សប្បាយ​ជា​មិន​ខាន គឺ​សប្បាយ​លើស​ពី​ឃើញ​ចៀម​កៅសិប​ប្រាំ​បួន​ដែល​មិន​វង្វេង​បាត់​ទៅ​ទៀត។ 14 រីឯ​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ ដែល​គង់​នៅ​​​​​​ស្ថាន​បរមសុខ*​ក៏​ដូច្នោះ​ដែរ ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​អោ​យ​​​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ វិនាស​បាត់​បង់​ឡើយ»។

ត្រូវ​អត់ទោស​អោយ​គេ​ជានិច្ច

15 «ប្រសិន​បើ​មាន​បង​ប្អូន​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី​មួយ ចូរ​ទៅ​ជួប​អ្នក​នោះ​ស្ងាត់ៗ​តែ​ពីរ​នាក់ ហើយ​ស្ដី​ប្រដៅ​គាត់​ទៅ។ បើ​គាត់​ស្ដាប់​អ្នក អ្នក​នឹង​រក្សា​បង​ប្អូន​នោះ មិន​អោយ​បាត់​ឡើយ 16 តែ​បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​ទេ ចូរ​នាំ​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ​ជួយ​ដាស់តឿន ដើម្បីសំរួល​រឿង​ទាំង​អស់​ដោយ​​​​មាន​សាក្សី​ពីរ ឬ​បី​នាក់។ 17 ប្រសិន​បើ​គាត់​មិន​ព្រម​ស្ដាប់​ពាក្យ​អ្នក​ទាំង​នោះ ត្រូវ​នាំ​រឿង​នេះ​ទៅ​ប្រាប់​ព្រះសហគ​មន៍* ហើយ​បើ​គាត់​នៅ​តែ​មិន​ព្រម​ស្ដាប់​ព្រះសហគមន៍​ទៀត​នោះ ត្រូវ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ*​ចុះ។ 18 ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ទាំង​អស់​ ដែល​អ្នក​រាល់​គ្នា​ចង​នៅ​លើ​ផែនដី​នេះ ព្រះជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរមសុខ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ស្រាយ​នៅ​លើ​ផែន​ដី ព្រះជាម្ចាស់​ក៏​នឹង​ស្រាយ​​នៅ​ស្ថាន​បរមសុខ​ដែរ។ 19 ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ទៀត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ពីរ​នាក់​នៅ​លើ​ផែនដី​នេះ រួម​ចិត្ត​គំនិត​គ្នា ទូល​សូម​អ្វី​ក៏​ដោយ ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ ​នឹង​ប្រទាន​អោយ​ជា​មិន​ខាន 20 ដ្បិត​នៅ​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួបជុំ​គ្នា​ក្នុង​នាម​ខ្ញុំ ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គេ​ដែរ»។
21 ពេល​នោះ លោក​សិលាចូល​មក​ជិត​ព្រះយេស៊ូ ហើយ​​​​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់ បើ​បង​ប្អូន​ចេះ​តែ​ប្រព្រឹត្ត​អំ​ពើ​​បាប​មក​លើ​ទូលបង្គំ តើ​ទូលបង្គំ​ត្រូវ​អត់ទោស​អោយ​គេ​ប៉ុន្មាន​ដង ? រហូត​ដល់​ប្រាំពីរ​ដង​ឬ ? »។ 22 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់ទោស​អោយ​គេ មិន​ត្រឹម​តែ​ប្រាំពីរ​ដង​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​អត់ទោស​អោយ​គេ​ចិតសិប​ដង​ប្រាំពីរ​ដង​»។

ប្រស្នា​អំពី​អ្នក​បំរើ​ដែល​ពុំ​ព្រម​អត់ទោស​អោយ​គេ

23 «ហេតុ​នេះ ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​ជា​មួយ​អ្នក​បំរើ។ 24 ពេល​ព្រះរាជា​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់​ ដែល​ជំពាក់​ប្រាក់​រាប់​លាន​ណែន​មក។ 25 ដោយ​អ្នក​នោះ​គ្មាន​ប្រាក់​សង ស្ដេច​ក៏​ចេញ​បញ្ជា​អោយ​លក់​ទាំង​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់​របរ​ ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល។ 26 អ្នក​បំរើ​នោះ​លុត​ជង្គង់​ក្រាប​ទៀប​ព្រះបាទា​ស្ដេច ទូលអង្វរ​ថាៈ “សូម​ទ្រង់​មេត្តា​អត់​ឱន ពន្យារ​ពេល​អោយ​ទូលបង្គំ​ផង ទូលបង្គំ​នឹង​សង​ព្រះអង្គ​វិញ​គ្រប់​ចំនួន”។ 27 ព្រះរាជា​មាន​ព្រះហឫទ័យ​អា​ណិត​អាសូរ​អ្នក​បំរើ​នោះ​ពន់​ពេក​ណាស់ ព្រះអង្គ​ក៏​អោយ​គាត់​ទៅ​វិញ ទាំង​លុប​បំណុល​ចោល​ថែម​ទៀត​ផង។ 28 ពេល​អ្នក​បំរើ​នោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​គូកន​ម្នាក់ ដែល​​​​ជំពាក់​ប្រាក់​គាត់​មួយរយ​ដួង គាត់​ចាប់​អ្នក​នោះ​ច្របាច់​ក​ទាំង​ពោល​ថាៈ “សង​ប្រាក់​អញ​ទាំង​អស់​មក ! ”។ 29 គូកន​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ​អង្វរ​ថា “សុំ​អត់​ឱន​ពន្យារ​ពេល​អោយ​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ​គ្រប់​ចំនួន”។ 30 ប៉ុន្តែ អ្នក​បំរើ​នោះ​ពុំ​ព្រម​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​ចាប់​អ្នក​ជំពាក់​ប្រាក់​យក​ទៅ​ឃុំឃាំង រហូត​ទាល់​តែ​បាន​សង​បំណុល​គ្រប់​ចំនួន។ 31 អ្នក​បំរើ​ឯ​ទៀតៗ​ឃើញ​ដូច្នោះ ទាស់​ចិត្ត​ជា​ខ្លាំង គេ​យក​រឿង​នេះ​ទៅ​ទូល​ស្ដេច។ 32 ស្ដេច​ក៏​ហៅ​អ្នក​បំរើ​នោះ​មក​សួរ​ថាៈ “នែ៎​អ្នក​បំរើ​អាក្រក់ ! យើង​បាន​លុប​បំណុល​ឯង​ទាំង​ប៉ុន្មាន​ចោល​អស់ ព្រោះ​ឯង​បាន​ទទូច​អង្វរ​យើង។ 33 យើង​បាន​អាណិត​មេត្តា​ឯង។ ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ពុំ​ព្រម​អាណិត​មេត្តា​គូកន​របស់​ឯង​ផង​ដូ​ច្នេះ ? ”។ 34 ស្ដេច​ទ្រង់​ខ្ញាល់​ក្រៃលែង ក៏​បញ្ជា​អោយ​គេ​យក​អ្នក​នោះ​ទៅ​ធ្វើ​ទារុណកម្ម រហូត​ទាល់​តែ​សង​បំណុល​គ្រប់​ចំ​​នួន។ 35 ចំពោះ​អ្នក​រាល់​គ្នា បើ​ម្នាក់ៗ​មិន​ព្រម​លើកលែង​ទោស​អោយ​បង​ប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ ក៏​នឹង​ធ្វើ​ទារុណកម្ម​អ្នក​រាល់​គ្នា​ដូ​ច្នោះ​​​ដែរ»។