ជំពូក ៣
លោកយ៉ូហានបាទីស្ដប្រៀនប្រដៅបណ្ដាជន
(ម៉ាកុស ១:១-៨ ; លូកា ៣:១-១៨ យ៉ូហាន ១:១៩-២៨)
1 នៅគ្រានោះ លោកយ៉ូហានបាទីស្ដមកដល់ លោកប្រកាសនៅវាលរហោស្ថានស្រុកយូដាថា៖ 2 «ចូរកែប្រែចិត្តគំនិតឡើង ដ្បិតព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ ! »។ 3 ព្យាការីអេសាយបានថ្លែងទុកអំពីលោកយ៉ូហាននេះថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថាៈ “ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ ! ”»។ 4 លោកយ៉ូហាន មានសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្ដូប និងទឹកឃ្មុំ។ 5 អ្នកក្រុងយេរូសាឡឹម អ្នកស្រុកយូដា និងអ្នកស្រុកនៅតំបន់ទន្លេយ័រដាន់ទាំងមូលនាំគ្នាចេញទៅរកលោក។ 6 គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹកអោយគេក្នុងទន្លេយ័រដាន់។
7 កាលលោកឃើញពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ីជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «នែ៎ ពូជពស់វែកអើយ ! តើនរណាប្រាប់អ្នករាល់គ្នាអោយរត់គេចពីព្រះពិរោធរបស់ ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ ? ។ 8 ចូរប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថាអ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។ 9 កុំនឹកស្មានថាខ្លួន មានលោកអប្រាហាំជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់អាចធ្វើអោយថ្មទាំងនេះទៅជាកូនចៅលោកអប្រាហាំបាន ដែរ។ 10 ពូថៅនៅជិតគល់ឈើជាស្រេច ដើមណាមិនផ្ដល់ផ្លែល្អទេ នឹងត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង។ 11 ខ្ញុំធ្វើពិធី ជ្រមុជអ្នករាល់គ្នាក្នុងទឹក ដើម្បីអោយអ្នករាល់គ្នាបានកែប្រែចិត្តគំនិត ប៉ុន្តែ លោកដែលមកក្រោយខ្ញុំ លោកមានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់សូម្បីតែដោះស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជអោយអ្នករាល់គ្នា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។ 12 លោកកាន់ចង្អេរ លោកសំអាតលានបោកស្រូវ អុំស្រូវយកគ្រាប់ល្អរបស់លោកប្រមូលដាក់ជង្រុក រីឯសំដីច វិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។
ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
(ម៉ាកុស ១:៩-១១ ; លូកា ៣:២១-២២ ; យ៉ូហាន ១:៣២-៣៤)
13 ពេលនោះ ព្រះយេស៊ូយាងពីស្រុកកាលីឡេមករកលោកយ៉ូហាន នៅត្រង់ទន្លេយ័រដាន់ ដើម្បីអោយលោកធ្វើពិធីជ្រមុជទឹក*ថ្វាយព្រះអង្គ។ 14 ប៉ុន្តែ លោកយ៉ូហានប្រកែកថា៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ ! »។ 15 ព្រះយេស៊ូមាន ព្រះបន្ទូលថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលព្រះជាម្ចាស់បានបង្គាប់ទុកមកឆ»។ លោកយ៉ូហានក៏យល់ព្រម។ 16 ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹករួចហើយ ទ្រង់យាងឡើងពីទឹក ស្រាប់តែផ្ទៃមេឃបើកចំហ ព្រះអង្គទតឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។ 17 ពេលនោះ មានព្រះសូរសៀងពីលើមេឃមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់ ! »។