ជំពូក ២៨

ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ
(ម៉ាកុស ១៦:១-៨ លូកា ២៤:១-១២ យ៉ូហាន ២០:១-២០)

1 ក្រោយ​ថ្ងៃ​សប្ប័ទ* គឺ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​មើល​ផ្នូរ។ 2 ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ទេវទូត​របស់​ព្រះអម្ចាស់ ចុះ​ពី​ស្ថាន​បរមសុខ​មក​ប្រ​មៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ​ថែម​ទៀត​ផង។ 3 ទេវទូតនោះ​មាន​ទ្រង់ទ្រាយ​ភ្លឺ​ដូច​ផ្លេក​បន្ទោរ និង​មាន​សម្លៀក​បំពាក់​ស​ដូច​សំឡី។ 4 ទាហាន​ភ័យ​ញ័រ​ជា​ខ្លាំង ភាំង​ស្មារតី​ដូច​មនុស្ស​ស្លាប់។ 5 ទេវទូត​និយាយ​ទៅ​កាន់​ស្ត្រីៗ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី ! ខ្ញុំ​ដឹង​ថា​នាងៗ មក​រក​ព្រះយេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត​ដែល​គេ​បាន​ឆ្កាង។ 6 ព្រះអង្គ​មិន​នៅ​ទី​នេះ​ទេ ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដូច​ទ្រង់​មាន​ព្រះបន្ទូល​រួច​មក​ហើយ សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​ព្រះសព​ព្រះអង្គ​ឯណេះ​សិន 7 ហើយ​សឹម​អញ្ជើញ​ទៅ​ប្រាប់ ​ក្រុមសាវ័ក​របស់​ព្រះអង្គ​ជា​ប្រញាប់ ថា​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ឥឡូវ​នេះ​ព្រះអង្គ​យាង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះអង្គ សុំ​នាង​ជ្រាប ! »។
8 ស្ត្រី​ទាំង​នោះ​ប្រញាប់ប្រញាល់​ចេញ​ពី​ផ្នូរ ទាំង​ភ័យ​ទាំង​អរ​យ៉ាង​ខ្លាំង នាំ​ដំណឹង​នេះ​រត់​ទៅ​ជំរាប​​ក្រុម​សាវ័ក។ 9 ពេល​នោះ ស្រាប់​តែ​ព្រះយេស៊ូ​យាង​មក​ជួប​ពួក​នាង ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ជំរាប​សួរ​នាង ! »។ នាង​ទាំង​នោះ​ក៏​ចូល​មក​ឱប​ព្រះបាទា ហើយ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ។ 10 ព្រះយេស៊ូ​មាន​ ព្រះបន្ទូល​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ! សុំ​ទៅ​ប្រាប់​បង​ប្អូន​ខ្ញុំ​អោយ​ទៅ​ស្រុក​កាលីឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។
11 កាល​ស្ដ្រី​ទាំង​នោះ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ ទាហាន​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ទីក្រុង ជំរាប​ពួក​នាយក​បូជាចារ្យអំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង។ 12 ពួក​នាយក​បូជាចារ្យ​ក៏​ប្រជុំ​ពិភាក្សា​គ្នា ជា​មួយ​ពួក​ព្រឹទ្ធាចារ្យ ហើយ​សំរេច​ចិត្ត​អោយ​ប្រាក់​យ៉ាង​ច្រើន​ដល់​ពួក​ទាហាន 13 ទាំង​ប្រាប់​ថា៖ «ត្រូវ​និយាយ​ថា “ពេល​យើង​ខ្ញុំ​កំពុង​ដេក​លក់ មាន​សិស្ស​របស់​អ្នក​នោះ​មក​លួច​យក​សព​ទៅ​ទាំង​យប់”។ 14 ប្រសិន​បើ​រឿង​នេះ​លេច​ឮ​ដល់​លោក​ទេសាភិ​បាល ចាំ​យើង​ជួយ​ដោះ​ស្រាយ ដើម្បី​កុំ​អោយ​អ្នក​រាល់​គ្នា​មាន​ទោស»។
15 ពួក​ទាហាន​ទទួល​យក​ប្រាក់ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់។ រឿង​នេះ​ក៏​លេច​ឮ​សុសសាយ​ក្នុង​ចំណោម​ជន​ជាតិ​យូ​ដា​ រហូត​មក​ទល់​សព្វ​ថ្ងៃ។

ព្រះយេស៊ូ​បង្ហាញ​ខ្លួន​អោយ​ពួក​សិស្ស​ឃើញ
(ម៉ាកុស ១៦:១៤-១៨ ; លូកា ២៤:៣៦-៤៩ ; យ៉ូហាន ២០:១៩-២៣ ; ​កិច្ចការ ១:៦-៨)

16 សាវ័ក​ទាំង​ដប់​មួយ​រូប នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលីឡេ ហើយ​ឡើង​ទៅ​លើ​ភ្នំ​ដែល​ព្រះយេស៊ូ​បាន​ប្រាប់​អោយ​គេ​ទៅ។ 17 ​​កាល​គេ​បាន​ឃើញ​ព្រះអង្គ គេ​ក្រាប​ថ្វាយបង្គំ ប៉ុន្តែ មាន​អ្នក​ខ្លះ​នៅ​សង្ស័យ។ 18 ព្រះយេស៊ូ​យាង​ចូល​មក​ជិត​គេ ហើយ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាចទាំង​នៅ​ស្ថាន​បរម​សុខ ទាំង​នៅ​លើ​ផែនដី។ 19 ដូច្នេះ ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​អោយ​ធ្វើ​ជា​សាវ័ក ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​អោយ​គេ ក្នុង​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*។ 20 ត្រូវ​បង្រៀន​គេ​អោយ​ ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។