ជំពូក ១៧
សិរីរុងរឿងរបស់ព្រះយេស៊ូ
(ម៉ាកុស ៩:២-៨ លូកា ៩:២៨-៣៦)
1 ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ឡើងទៅលើភ្នំដាច់ឡែកពីគេ។ 2 ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសាវ័កទាំងបី គឺព្រះភក្ត្ររបស់ព្រះអង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សដូចពន្លឺ។ 3 សាវ័កទាំងបីបានឃើញលោកម៉ូសេ និងព្យាការី* អេលីសន្ទនាជាមួយព្រះយេស៊ូ។ 4 លោកសិលាទូលព្រះអង្គថា៖ «ព្រះអម្ចាស់ ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ បើព្រះអង្គសព្វព្រះហឫទ័យ ទូលបង្គំនឹងសង់ជំរកបី គឺមួយសំរាប់ព្រះអង្គ មួយសំរាប់លោកម៉ូសេ និងមួយទៀតសំរាប់ព្យាការីអេលី»។ 5 កាលលោកសិលាកំពុងតែ មានប្រសាសន៍នៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ព្រះហឫទ័យនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ ! »។ 6 ពួកសាវ័កឮដូច្នោះ ក៏នាំគ្នាក្រាបចុះ អោនមុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។ 7 ព្រះយេស៊ូយាងចូលទៅជិត ដាក់ព្រះហស្ដលើគេ ទាំងមានព្រះបន្ទូលថា៖ «ចូរនាំគ្នាក្រោកឡើង កុំខ្លាចអី ! »។ 8 កាលពួកសាវ័កងើបមុខឡើង ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ ពុំឃើញមាននរណាទៀតឡើយ។ 9 ពេលព្រះអង្គយាងចុះពី លើភ្នំជាមួយសាវ័កទាំងបី ព្រះយេស៊ូហាមប្រាមគេថា៖ «កុំនិយាយប្រាប់នរណា អំពីហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនេះអោយសោះ ត្រូវចាំរហូតដល់បុត្រមនុស្សមានជីវិតរស់ឡើងវិញ»។ 10 ពួកសាវ័កទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកធម្មាចារ្យចេះតែនិយាយថា ព្យាការីអេលីត្រូវអញ្ជើញមកមុន ? »។ 11 ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ 12 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីបានអញ្ជើញមករួចហើយ តែពួកគេមិនព្រមទទួលស្គាល់លោកទេ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេទៀតផង។ បុត្រមនុស្សក៏នឹងត្រូវគេធ្វើបាបដូច្នោះដែរ»។ 13 ពេលនោះ ពួកសាវ័កយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីលោកយ៉ូហានបាទីស្ដ។
ព្រះយេស៊ូដេញច្មោចចេញពីក្មេងម្នាក់
(ម៉ាកុស ៩:១៤-២៧ ; លូកា ៩:៣៧-៤៣)
14 កាលព្រះយេស៊ូ និងសាវ័កទាំងបីរូប មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ។ គាត់លុតជង្គង់ចុះ 15 ទូលថា៖ «លោកម្ចាស់អើយ សូមលោកអាណិតមេត្តាកូនប្រុសរបស់ខ្ញុំប្របាទផង វាឆ្កួតជ្រូក បណ្ដាលអោយវាឈឺចុកចាប់ខ្លាំងណាស់ វាដួលទៅក្នុងភ្លើង និងធ្លាក់ទឹកជាញឹកញាប់។ 16 ខ្ញុំប្របាទបាននាំវាមកជួបសាវ័ករបស់លោកដែរ តែគេពុំអាចមើលវាអោយជាបានទេ»។ 17 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ ! តើត្រូវអោយខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត! ចូរនាំក្មេងនោះមកអោយខ្ញុំ»។ 18 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលគំរាមខ្មោច ខ្មោចក៏ចេញ ហើយក្មេងនោះបានជាតាំងពីពេលនោះមក។ 19 ពេលនោះ ក្រុមសាវ័កចូលមកគាល់ព្រះយេស៊ូដាច់ឡែកពីគេទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញខ្មោចនោះបាន ? »។ 20 ព្រះអង្គមាន ព្រះបន្ទូលតបទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា “ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ ! ” ភ្នំមុខជាធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វី ដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ។ 21 [គេអាចដេញខ្មោចប្រភេទនេះអោយចេញបាន លុះត្រាតែអធិស្ឋាន និងតមអាហារ]»។
ព្រះយេស៊ូប្រកាសអំពីព្រះអង្គត្រូវសោយទិវង្គត
(ម៉ាកុស ៩:៣០-៣២ ; លូកា ៩:៤៣-៤៥)
22 កាលក្រុមសាវ័កនៅជុំគ្នាក្នុងស្រុកកាលីឡេ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន។ 23 គេនឹងសម្លាប់លោក ប៉ុន្តែ នៅថ្ងៃទីបីលោកនឹងមានជីវិតរស់ឡើងវិញ»។ ឮដូច្នោះ ពួកសាវ័កព្រួយចិត្តជាខ្លាំង។
ការបង់ពន្ធព្រះវិហារនៅក្រុងយេរូសាឡឹម
24 លុះព្រះយេស៊ូយាងមកដល់ក្រុងកាផានុម ជាមួយក្រុមសាវ័ក អ្នកហូតពន្ធសំរាប់ព្រះវិហារ នាំគ្នាចូលមករកលោកសិលាហើយសួរថា៖ «លោកគ្រូរបស់អ្នកបង់ពន្ធសំរាប់ព្រះវិហារឬទេ ? »។ 25 លោកតបវិញថា៖ «បាទ ! លោកបង់ ! »។ កាលលោកសិលាទៅដល់ផ្ទះ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក ស្ដេចនៅផែនដីនេះទារពន្ធអាករពីនរណា ? ពីបុត្ររបស់ស្ដេច ឬពីអ្នកផ្សេង ? »។ 26 លោកទូលថា៖ «ពីអ្នកផ្សេង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មែន បើដូច្នេះ បុត្ររបស់ស្ដេចមិនត្រូវបង់ពន្ធឡើយ 27 ប៉ុន្តែ ដើម្បីកុំអោយអ្នកទាំងនោះទាស់ចិត្ត ចូរទៅស្ទូចត្រីសមុទ្រ ហើយយកត្រីដែលស្ទូចបានមុនគេមកបើកមាត់ អ្នកនឹង
ឃើញកាក់មួយ ចូរយកកាក់នោះទៅបង់ពន្ធអោយខ្ញុំ និងអោយអ្នកចុះ ! »។