ជំពូក ២២
ប្រស្នាអំពីមង្គលការ
(លូកា ១៤:១៦-២៤)
1 ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាទៅពួកគេម្ដងទៀតថា៖ 2 «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងស្ដេចមួយអង្គដែលរៀបវិវាហមង្គលការព្រះរាជបុត្រ។ 3 ព្រះរាជាចាត់រាជបំរើអោយទៅអញ្ជើញភ្ញៀវមកជប់លៀង ក្នុងឱកាសមង្គលការនោះ តែគ្មាននរណាមកសោះ។ 4 ព្រះអង្គចាត់រាជបំរើ ផ្សេងទៀត អោយទៅជំរាបភ្ញៀវថាៈ “យើងបានរៀបចំភោជនាហារសំរាប់ជប់លៀង គឺបានសម្លាប់គោ និងសម្លាប់សត្វដែលបានបំប៉ននោះរួចរាល់អស់ហើយ សូមអញ្ជើញមកពិសាការ!”។ 5 ប៉ុន្តែ ភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចំការ អ្នកខ្លះទៅធ្វើជំនួញ 6 អ្នកខ្លះទៀតចាប់ពួករាជបំរើវាយធ្វើបាប ព្រមទាំងសម្លាប់ចោលថែមទៀត។ 7 ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានអោយទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតកំទេចស្រុកភូមិរបស់គេផង។ 8 បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបំរើថាៈ “យើងបានរៀបចំពិធីមង្គលការរួចស្រេចហើយ ប៉ុន្តែ ភ្ញៀវទាំងនោះមិនសមនឹងមកចូលរួមទេ។ 9 ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួប អោយមកជប់លៀង”។ 10 ពួករាជបំរើក៏ចេញទៅ តាមផ្លូវ ប្រមូលមនុស្សម្នា ដែលគេបានជួបទាំងប៉ុន្មានមក ទាំងអាក្រក់ទាំងល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។
11 ព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការ ទតឃើញបុរសម្នាក់ស្លៀកពាក់មិនត្រូវនឹងរបៀបពិធីការ 12 ទ្រង់ក៏មានរាជឱង្ការ ទៅអ្នកនោះថា “សម្លាញ់អើយ ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សំរាប់មង្គលការដូច្នេះ” បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ 13 ព្រះរាជាបង្គាប់ទៅ ពួករាជបំរើថា “ចូរចងដៃចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ ! ”»។
14 ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ តែព្រះអង្គជ្រើសរើសយកបានចំនួនតិចទេ»។
អំពីពន្ធដារ
(ម៉ាកុស ១២:១៣-១៧ ; លូកា ២០:២០-២៦)
15 ពួកខាងគណៈផារីស៊ី* ចេញទៅពិគ្រោះគ្នា រិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។ 16 គេក៏ចាត់សិស្សរបស់គេ និងពួកខាងស្ដេចហេរ៉ូដ អោយទៅជួបព្រះអង្គហើយទូលថា៖ «លោកគ្រូ ! យើងខ្ញុំដឹងថា ពាក្យ ដែលលោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់។ លោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមសេចក្ដីពិត គឺលោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។ 17 ហេតុនេះ សូមលោកគ្រូអោយយោបល់យើងខ្ញុំមើល៍ តើវិន័យរបស់យើងអនុញ្ញាតអោយបង់ពន្ធដារ ថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬ ? »។ 18 ព្រះយេស៊ូឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ ? 19 ចូរបង្ហាញប្រាក់សំរាប់បង់ពន្ធនោះអោយខ្ញុំមើលមើល៍ ! »។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ 20 ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា ? »។ 21 គេទូលថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ»។ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ 22 ពួកគេងឿងឆ្ងល់នឹងចម្លើយរបស់ព្រះអង្គ ហើយនាំគ្នាចាកចេញពីព្រះអង្គទៅ។
អំពីមនុស្សស្លាប់នឹងរស់ឡើងវិញ
(ម៉ាកុស ១២:១៨-២៧ ; លូកា ២០:២៧-៤០)
23 នៅថ្ងៃនោះ មានពួកខាងគណៈសាឌូស៊ីចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ 24 «លោកគ្រូ ! លោកម៉ូសេមានប្រសាសន៍ថាៈ “បើបុរសណាស្លាប់ទៅ តែគ្មានកូនសោះ ត្រូវអោយប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជអោយបងប្រុសរបស់ខ្លួន” ។ 25 ឧបមាថា នៅក្នុងចំណោមយើង មានបងប្អូនប្រុសប្រាំពីរនាក់។ បងបង្អស់រៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ ទុកប្រពន្ធអោយប្អូន។ 26 ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរ សុទ្ធតែបានរៀបការជាមួយនាង ហើយស្លាប់ទៅគ្មានកូនដូចគ្នា។ 27 នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ 28 លុះដល់ពេលមនុស្ស ស្លាប់នឹងរស់ឡើងវិញ តើនាងបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់ សុទ្ធតែបានរៀបការជាមួយនាងគ្រប់គ្នាដូច្នេះ?»។ 29 ព្រះយេស៊ូមាន ព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ! ដ្បិតអ្នករាល់គ្នាមិនយល់គម្ពីរ ទាំងមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។ 30 ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវទូតនៅស្ថានបរមសុខ។ 31 ព្រះជាម្ចាស់មានព្រះបន្ទូលអំពីមនុស្សស្លាប់នឹងរស់ឡើងវិញថាៈ 32 “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប” តើអ្នករាល់គ្នាធ្លាប់អានឬទេ ? ព្រះជាម្ចាស់មិនមែនជាព្រះបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត»។ 33 កាលមហាជនបានឮសេចក្ដី ដែលព្រះអង្គបង្រៀន គេងឿងឆ្ងល់ជាខ្លាំង។
វិន័យសំខាន់ជាងគេ
(ម៉ាកុស ១២:២៨-៣៤ ; លូកា ១០:២៥-២៨)
34 ពេលនោះ ពួកខាងគណៈផារីស៊ីប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូបានធ្វើអោយពួកខាងគណៈសាឌូស៊ីទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។ 35 ក្នុងចំណោមពួកគេមានម្នាក់ជាថម្មចារ្យទូលសួរព្រះយេស៊ូ ក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ 36 «លោកគ្រូ ! ក្នុងគម្ពីរវិន័យ* តើមានវិន័យណាសំខាន់ជាងគេ ? »។ 37 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «“ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក អោយអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា” 38 ហ្នឹងហើយជាវិន័យទីមួយ ដែលសំខាន់ជាងគេបំផុត។ 39 រីឯវិន័យទីពីរក៏សំខាន់ដូចគ្នាដែរ “គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗ អោយបានដូចស្រឡាញ់ខ្លួនឯង”។ 40 វិន័យទាំងពីរនេះ ជាឫសគល់របស់គម្ពីរវិន័យ និងគម្ពីរព្យាការី*ទាំងអស់»។
ព្រះគ្រីស្ដជាព្រះអម្ចាស់លើស្ដេចដាវីឌ
(ម៉ាកុស ១២:៣៥-៣៧ ; លូកា ២០:៤១-៤៤)
41 ពេលនោះ ពួកខាងគណៈផារីស៊ី*នៅជុំគ្នា ព្រះយេស៊ូក៏មានព្រះបន្ទូលសួរគេថា៖ 42 «តើអ្នករាល់គ្នាយល់ថា ព្រះគ្រីស្ដជាព្រះរាជវង្សរបស់អ្នកណា ? »។ គេទូលថា៖ «ព្រះអង្គជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ»។ 43 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះគ្រីស្ដ ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌមែន ចុះហេតុដូចម្ដេចបានជាព្រះបាទដាវីឌ ដែលមានព្រះវិញ្ញាណបំភ្លឺហៅព្រះគ្រីស្ដថា “ព្រះអម្ចាស់” ទៅវិញដូច្នេះ គឺទ្រង់មានរាជឱង្ការថាៈ
44 “ព្រះអម្ចាស់មានព្រះបន្ទូល
ទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា
សូមគង់ខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាប
ខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ” ។
45 បើព្រះបាទដាវីឌហៅព្រះគ្រីស្ដថា “ព្រះអម្ចាស់” ដូច្នេះ តើអោយព្រះគ្រីស្ដត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត!»។ 46 គ្មាននរណាម្នាក់អាច ឆ្លើយទៅព្រះអង្គវិញ សូម្បីតែមួយម៉ាត់ក៏មិនបានផង ហើយចាប់តាំងពីពេលនោះមក គ្មាននរណាហ៊ានសួរដេញដោលព្រះអង្គទៀតឡើយ។