ជំពូក ១៨
អ្នកធំជាងគេ
(ម៉ាកុស ៩:៣៣-៣៧ លូកា ៩:៤៦-៤៨)
1 ពេលនោះ ក្រុមសាវ័កនាំគ្នាចូលមកគាល់ព្រះយេស៊ូហើយទូលថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ? »។ 2 ព្រះអង្គហៅក្មេងតូចម្នាក់អោយមកឈរនៅកណ្ដាលចំណោមក្រុមសាវ័ក 3 រួចមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្តគំនិត អោយបានដូចក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យ* នៃស្ថានបរមសុខ*បានឡើយ។ 4 អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេ ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ 5 អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះ ក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ»។
កុំនាំអ្នកដទៃប្រព្រឹត្តអំពើបាប
(ម៉ាកុស ៩:៤២-៤៨ ; លូកា ១៧:១-២)
6 «អ្នកណានាំអ្នកតូចតាច ម្នាក់ក្នុងបណ្ដាអ្នក ដែលជឿលើខ្ញុំនេះ អោយប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចង កគាត់ ទម្លាក់ទៅក្នុងបាតសមុទ្រអោយលង់ទឹក ប្រសើរជាងទុកគាត់អោយនៅរស់ ! 7 មនុស្សលោកមុខជាត្រូវវេទនាមិនខាន ដ្បិតមានហេតុផ្សេងៗជាច្រើន នាំអោយគេប្រព្រឹត្តអំពើបាប។ ហេតុផ្សេងៗ ដែលនាំអោយគេប្រព្រឹត្តអំពើបាបនោះ ត្រូវតែមានចៀសមិនផុត ប៉ុន្តែ អ្នកណានាំគេអោយប្រព្រឹត្តអំពើបាប អ្នកនោះត្រូវវេទនាហើយ !
8 ប្រសិនបើ ដៃ ឬជើងរបស់អ្នក នាំអ្នកអោយប្រព្រឹត្តអំពើបាប ចូរកាត់វាបោះចោលអោយឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែដៃម្ខាង ឬជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬមានជើងពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។ 9 ប្រសិនបើភ្នែករបស់អ្នក នាំអ្នកអោយប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលអោយឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងនរក។
10 ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាទេវទូតរបស់ពួកគេស្ថិតនៅឯស្ថានបរមសុខ ទាំងឃើញព្រះភក្ត្ររបស់ព្រះបិតា ដែលគង់នៅស្ថានបរមសុខគ្រប់ពេលវេលាផង 11 [ដ្បិតបុត្រមនុស្សបានមកសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។]
ប្រស្នាអំពីចៀមដែលវង្វេងបាត់ ហើយរកឃើញវិញ
(លូកា ១៥:៤-៧)
12 «តើអ្នករាល់គ្នាយល់យ៉ាងណា ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់ ? ។ គាត់មុខជាទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀម ដែលបាត់នោះពុំខាន។ 13 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើគាត់រកចៀមនោះឃើញវិញ គាត់មុខតែត្រេកអរសប្បាយជាមិនខាន គឺសប្បាយលើសពីឃើញចៀមកៅសិបប្រាំបួនដែលមិនវង្វេងបាត់ទៅទៀត។ 14 រីឯព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ*ក៏ដូច្នោះដែរ ទ្រង់មិនសព្វព្រះហឫទ័យអោយអ្នកណាម្នាក់ ក្នុងចំណោមអ្នកតូចតាចទាំងនេះ វិនាសបាត់បង់ឡើយ»។
ត្រូវអត់ទោសអោយគេជានិច្ច
15 «ប្រសិនបើមានបងប្អូនណាម្នាក់បានប្រព្រឹត្តអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយស្ដីប្រដៅគាត់ទៅ។ បើគាត់ស្ដាប់អ្នក អ្នកនឹងរក្សាបងប្អូននោះ មិនអោយបាត់ឡើយ 16 តែបើគាត់មិនព្រមស្ដាប់អ្នកទេ ចូរនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយជួយដាស់តឿន ដើម្បីសំរួលរឿងទាំងអស់ដោយមានសាក្សីពីរ ឬបីនាក់។ 17 ប្រសិនបើគាត់មិនព្រមស្ដាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ព្រះសហគមន៍* ហើយបើគាត់នៅតែមិនព្រមស្ដាប់ព្រះសហគមន៍ទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជាអ្នកទារពន្ធ*ចុះ។ 18 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ។ 19 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដីនេះ រួមចិត្តគំនិតគ្នា ទូលសូមអ្វីក៏ដោយ ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ នឹងប្រទានអោយជាមិនខាន 20 ដ្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។
21 ពេលនោះ លោកសិលាចូលមកជិតព្រះយេស៊ូ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់ បើបងប្អូនចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសអោយគេប៉ុន្មានដង ? រហូតដល់ប្រាំពីរដងឬ ? »។ 22 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសអោយគេ មិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសអោយគេចិតសិបដងប្រាំពីរដង»។
ប្រស្នាអំពីអ្នកបំរើដែលពុំព្រមអត់ទោសអោយគេ
23 «ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយអ្នកបំរើ។ 24 ពេលព្រះរាជាចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ ដែលជំពាក់ប្រាក់រាប់លានណែនមក។ 25 ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាអោយលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរ ដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ 26 អ្នកបំរើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្ដេច ទូលអង្វរថាៈ “សូមទ្រង់មេត្តាអត់ឱន ពន្យារពេលអោយទូលបង្គំផង ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន”។ 27 ព្រះរាជាមានព្រះហឫទ័យអាណិតអាសូរអ្នកបំរើនោះពន់ពេកណាស់ ព្រះអង្គក៏អោយគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។ 28 ពេលអ្នកបំរើនោះចេញទៅ គាត់បានជួបនឹងគូកនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដួង គាត់ចាប់អ្នកនោះច្របាច់កទាំងពោលថាៈ “សងប្រាក់អញទាំងអស់មក ! ”។ 29 គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះអង្វរថា “សុំអត់ឱនពន្យារពេលអោយគ្នាផង គ្នានឹងសងឯងវិញគ្រប់ចំនួន”។ 30 ប៉ុន្តែ អ្នកបំរើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ 31 អ្នកបំរើឯទៀតៗឃើញដូច្នោះ ទាស់ចិត្តជាខ្លាំង គេយករឿងនេះទៅទូលស្ដេច។ 32 ស្ដេចក៏ហៅអ្នកបំរើនោះមកសួរថាៈ “នែ៎អ្នកបំរើអាក្រក់ ! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង។ 33 យើងបានអាណិតមេត្តាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្តាគូកនរបស់ឯងផងដូច្នេះ ? ”។ 34 ស្ដេចទ្រង់ខ្ញាល់ក្រៃលែង ក៏បញ្ជាអោយគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុលគ្រប់ចំនួន។ 35 ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសអោយបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ ក៏នឹងធ្វើទារុណកម្មអ្នករាល់គ្នាដូច្នោះដែរ»។