ជំពូក ១៥
ពួកខាងគណៈផារីស៊ី និងទំនៀមទម្លាប់
(ម៉ាកុស ៧:១-១៣)
1 មានពួកខាងគណៈផារីស៊ី និងពួកធម្មាចារ្យពីក្រុងយេរូសាឡឹម ចូលមកគាល់ព្រះយេស៊ូហើយទូលថា៖ 2 «ហេតុអ្វីបានជាសិស្សរបស់លោកមិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ ? »។ 3 ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ចុះអ្នករាល់គ្នា ហេតុដូចម្ដេចបានជាអ្នករាល់គ្នាប្រព្រឹត្តល្មើស នឹងបទបញ្ជារបស់ព្រះជាម្ចាស់ ទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញដូច្នេះ ? ។ 4 ព្រះជាម្ចាស់មានព្រះបន្ទូលថាៈ “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតាបិតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត” ។ 5 រីឯអ្នករាល់គ្នាវិញ បែរជាពោលថាៈ បើអ្នកណានិយាយទៅឪពុកម្ដាយថា “អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ ខ្ញុំបានទុកថ្វាយព្រះជាម្ចាស់រួចទៅហើយ” 6 អ្នកនោះមិនបាច់គោរព ឪពុកម្ដាយទេ។ ត្រង់ហ្នឹងហើយ ដែលអ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទៅប្រព្រឹត្តតាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ!។ 7 មនុស្សមានពុតអើយ ពាក្យដែលព្យាការី*អេសាយថ្លែងទុកអំពីអ្នករាល់គ្នា ត្រូវណាស់គឺ:
8 “ប្រជារាស្ត្រនេះគោរពយើងតែបបូរមាត់
រីឯចិត្តគេនៅឆ្ងាយពីយើង។
9 គេថ្វាយបង្គំយើងឥតបានការអ្វីសោះ
ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស
ប៉ុណ្ណោះ” »។
មូលហេតុដែលបណ្ដាលអោយមនុស្សមិនបរិសុទ្ធ
(ម៉ាកុស ៧:១៤-២៣)
10 បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជន រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ ហើយយល់អោយច្បាស់ថា 11 អ្វីៗ ដែលចូលតាមមាត់មនុស្ស ពុំដែលធ្វើអោយមនុស្សទៅជាមិនបរិសុទ្ធឡើយ ផ្ទុយទៅវិញមានតែអ្វីៗដែលចេញពីមាត់មនុស្សប៉ុណ្ណោះ ដែលធ្វើអោយមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធ»។
12 ពេលនោះ សាវ័កនាំគ្នាចូលមកជិតព្រះអង្គហើយទូលថា៖ «សូមព្រះគ្រូជ្រាប ពួកខាងគណៈផារីស៊ីទាស់ចិត្តណាស់ មកពីឮព្រះគ្រូមានប្រសាសន៍ដូច្នេះ»។ 13 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ* នឹងដករុក្ខជាតិទាំងឡាយណា ដែលព្រះអង្គមិនបានដាំ។ 14 កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។ 15 លោកសិលាទូលព្រះអង្គថា៖ «សូមព្រះគ្រូបកស្រាយពាក្យប្រស្នានេះអោយយើងខ្ញុំយល់ផង»។ 16 ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នករាល់គ្នានៅតែគ្មានប្រាជ្ញាដូចគេដែរឬ ! 17 អ្នករាល់គ្នាត្រូវយល់ថា អ្វីៗដែលចូលតាមមាត់មនុស្ស ត្រូវចូលទៅក្នុងពោះ រួចធ្លាក់ទៅទីបន្ទោរបង់ ! 18 ផ្ទុយទៅវិញ អ្វីៗ ដែលចេញពីមាត់មនុស្ស សុទ្ធតែផុសចេញពីចិត្តមក គឺសេចក្ដីនោះឯងដែលធ្វើអោយមនុស្សទៅជាមិនបរិសុទ្ធ* 19 ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្តមនុស្សទាំងអស់ 20 គឺការទាំងនេះហើយ ដែលធ្វើអោយមនុស្សក្លាយទៅជាមិនបរិសុទ្ធ។ រីឯការបរិភោគដោយមិនបានធ្វើពិធីលាងដៃនោះ ឥតធ្វើអោយមនុស្សក្លាយទៅជាមិនបរិសុទ្ធឡើយ»។
ស្ត្រីសាសន៍ដទៃម្នាក់ជឿព្រះយេស៊ូ
(ម៉ាកុស ៧:២៤-៣០)
21 បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះ ឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស និងក្រុងស៊ីដូន។ 22 មានស្ត្រីសាសន៍កាណាន ម្នាក់ដែលរស់នៅស្រុកនោះចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ សូមអាណិតមេត្តាខ្ញុំម្ចាស់ផង ! កូនស្រីខ្ញុំម្ចាស់ត្រូវខ្មោចចូលបណ្ដាលអោយវេទនាខ្លាំងណាស់»។ 23 ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាងឡើយ។ ក្រុមសាវ័កនាំគ្នាចូលមកជិតព្រះអង្គទូលថា៖ «សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។ 24 ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានចាត់អោយខ្ញុំមករកតែអស់អ្នក ដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ»។
25 ប៉ុន្តែ ស្ត្រីនោះចូលមកក្រាបទៀបព្រះបាទាព្រះអង្គហើយទូលថា៖ «ព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង ! »។ 26 ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនគួរយកអាហាររបស់កូនចៅបោះទៅអោយកូនឆ្កែស៊ីឡើយ»។ 27 នាងទូលព្រះអង្គថា៖ «ពិតមែនហើយព្រះអម្ចាស់ ! ប៉ុន្តែ កូនឆ្កែស៊ីកំទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។ 28 ព្រះយេស៊ូក៏មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ នាងមានជំនឿមាំមួនណាស់ ដូច្នេះ សូមអោយបានសំរេចតាមចិត្តនាងប្រាថ្នាចុះ ! »។ កូនស្រីរបស់នាងបានជាតាំងពីពេលនោះមក។
ព្រះយេស៊ូប្រោសអ្នកមានជំងឺផ្សេងៗអោយជា
(ម៉ាកុស ៧:៣១)
29 ព្រះយេស៊ូចាកចេញពីទីនោះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ លុះយាងដល់ហើយព្រះអង្គគង់ចុះ 30 មានមហាជនច្រើនកុះករ នាំគ្នាចូលមករកព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និងអ្នកមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបព្រះបាទាព្រះអង្គ ហើយព្រះអង្គប្រោសគេអោយបានជាទាំងអស់គ្នា។ 31 ពេលឃើញមនុស្ស គ និយាយបាន មនុស្សពិការជើងជាដូចធម្មតា មនុស្សខ្វិនដើរបាន និងមនុស្សខ្វាក់មើលឃើញ មហាជននាំគ្នាកោតស្ញប់ស្ញែងក្រៃលែង ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលផង។
ព្រះយេស៊ូប្រទាននំបុ័ងអោយមនុស្សបួនពាន់នាក់បរិភោគ
(ម៉ាកុស ៨:១-១០)
32 ព្រះយេស៊ូត្រាស់ហៅ ក្រុមសាវ័ក*មកទ្រង់មានព្រះបន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ខ្ញុំមិនចង់អោយគេត្រឡប់ទៅវិញទាំងពោះទទេឡើយ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។ 33 ក្រុមសាវ័កទូលព្រះអង្គថា៖ «នៅទីនេះស្ងាត់ណាស់ តើយើងបានម្ហូបអាហារឯណាអោយបណ្ដាជនច្រើនយ៉ាងនេះបរិភោគគ្រាន់ ? »។ 34 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ ? »។ ពួកគេទូលថា៖ «មានប្រាំពីរដុំ និងមានត្រីតូចៗខ្លះដែរ»។ 35 ព្រះអង្គក៏ប្រាប់បណ្ដាជនអោយអង្គុយផ្ទាល់នឹងដី 36 ទ្រង់យកនំបុ័ងទាំងប្រាំពីរដុំ និងត្រីមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានអោយក្រុមសាវ័ក ក្រុមសាវ័កក៏យកទៅចែកបណ្ដាជន។ 37 ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា ហើយប្រមូលនំបុ័ង និងត្រីដែលនៅសល់ បានប្រាំពីរជាល។ 38 អស់អ្នក ដែលបានបរិភោគមានចំនួនបួនពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗផងទេ។ 39 បន្ទាប់មក ព្រះអង្គប្រាប់មហាជនអោយវិលត្រឡប់ទៅផ្ទះវិញ រួចទ្រង់យាងចុះទូក ឆ្ពោះទៅតំបន់ម៉ាកាដាន។