ជំពូក ១

បញ្ជីរាយ​នាម​ព្រះអយ្យកោ​របស់​ព្រះយេស៊ូ
(លូកា ៣:២៣-៣៨)

1 នេះ​ជា​បញ្ជីរាយ​នាម​ ព្រះអយ្យកោ​របស់​ព្រះយេស៊ូ​គ្រីស្ដ* ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជពង្ស​របស់​​​​លោក​អប្រាហាំ ។ 2 លោក​អប្រាហាំ​បង្កើត​លោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យូដា និង​បង​ប្អូន​របស់​គាត់ 3 លោក​យូដា និង​នាង​ថាម៉ារបង្កើត​លោក​ផារេស និង​លោក​សេរ៉ា លោក​ផារេស​បង្កើត​លោក​ហេតស្រូម លោក​ហេត ស្រូមបង្កើត​លោក​អរ៉ាម 4 លោក​អរ៉ាម​បង្កើត​លោក​អមីណាដាប់ លោក​អមីណាដាប់​បង្កើត​លោក​ណាសូន លោក​ណាសូន​បង្កើត​លោក​សាលម៉ូន 5 លោក​សាលម៉ូន និង​នាង​រ៉ាហាប​បង្កើត​លោក​បូអាស លោក​បូអាស និង​នាង​រូថ​បង្កើត​លោក​អូបេដ លោក​អូបេដ​បង្កើត​លោក​យេសាយ 6 លោក​យេសាយ​បង្កើត​ស្ដេច​ដា​វីឌ។ ស្ដេច​ដាវីឌ និង​ភរិយា​របស់​អ៊ូរី​បង្កើត​ស្ដេច​សាឡូម៉ូន 7 ស្ដេច​សាឡូម៉ូន​បង្កើត​ស្ដេច​រ៉ូបោម ស្ដេចរ៉ូបោម​បង្កើត​ស្ដេច​អប៊ីយ៉ា ស្ដេច​​អប៊ីយ៉ា​បង្កើត​ស្ដេច​អសាភ 8 ស្ដេច​អសា​ភបង្កើត​ស្ដេច​យ៉ូ​សា​ផាត ស្ដេច​យ៉ូសាផាត​បង្កើត​ស្ដេច​យ៉ូរ៉ាម ស្ដេច​យ៉ូរ៉ាម​បង្កើត​ស្ដេច​អូស្យាស 9 ស្ដេច​អូស្យាស​បង្កើត​ស្ដេច​យ៉ូថាម ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អខាស ស្ដេច​អខាស​បង្កើត​ស្ដេច​អេសេខ្យាស 10 ​ស្ដេច​​​អេសេខ្យាស​បង្កើត​ស្ដេច​ម៉ាណាសេ ស្ដេច​ម៉ាណាសេ​បង្កើត​ស្ដេច​អម៉ូន ស្ដេច​អម៉ូន​បង្កើត​ស្ដេច​យ៉ូស្យាស 11 ស្ដេច​យ៉ូស្យាស​បង្កើត​ ស្ដេច​យេកូញ៉ាស និង​អនុជ​របស់​ព្រះអង្គ ក្នុង​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី​ឡូន​។ 12 ក្រោយ​ គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ស្ដេច​យេកូញ៉ាស​បង្កើត​លោក​សាឡា​ធាល លោក​សាឡាធាល​បង្កើត​លោក​សូរ៉ូបាបិល 13 លោក​សូ​រ៉ូ​បាបិល​បង្កើត​លោក​អប៊ីយូដ លោក​អប៊ីយូដ​បង្កើត​លោក​អេ​លី​យ៉ាគីម លោក​អេលីយ៉ាគីម​បង្កើត​លោក​អស៊រ 14 លោក​អស៊រ​បង្កើត​លោក​សាដុក លោក​សាដុក​បង្កើត​លោក​អគីម លោក​​​អគីម​បង្កើត​លោក​អេលីយូដ 15 លោក​អេលីយូដ​បង្កើត​លោក​អេលាសារ លោក​អេលាសារ​បង្កើត​លោក​ម៉ាថាន លោក​ម៉ាថាន បង្កើត​លោក​យ៉ាកុប 16 លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប ជា​ស្វាមី​របស់​នាង​ម៉ារី ដែល​បង្កើត​ព្រះយេស៊ូ ហៅ​ថា ព្រះគ្រីស្ដ។
17 ដូច្នេះ ចាប់​ពី​លោក​អប្រាហាំ​មក​ទល់​ស្ដេច​ដាវីឌ មាន​ដប់​បួន​តំណ ចាប់​ពី​ស្ដេច​ដាវីឌ​មក​ទល់​នឹង​គ្រា ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន មាន​ដប់បួន​តំណ ហើយ​ចាប់​ពី​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​មក​ទល់​ព្រះគ្រីស្ដ ក៏​មាន​ដប់បួន​តំណ​ដែរ។

កំណើត​ព្រះយេស៊ូ​គ្រីស្ដ
(លូកា ២:១-៧)

18 នេះ​ជា​ដំណើរ​រឿង​អំពី​ កំណើត​របស់​ព្រះយេស៊ូ​គ្រីស្ដ ។ នាង​ម៉ារី មាតា​របស់​ព្រះអង្គ​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប ។ មុន​​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយសារ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​រួច​ទៅ​ហើយ ។ 19 លោក​យ៉ូសែប ស្វាមី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​លោក​សំរេច​ចិត្ត​ថា នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ ។ 20 ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវទូត​របស់​ព្រះ​អម្ចាស់ មក​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​ថា៖ «លោក​យ៉ូសែប​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា​ឡើយ! បុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ 21 នាង​នឹង​សំរាល​បាន​ បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះនាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​ព្រះអង្គ អោយ​រួច​ពី​បាប​របស់​គេ»។ 22 ហេតុការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល តាម​រយៈ​ព្យាការី​ថា៖
23 «មើល ! ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ
នាង​នឹង​សំរាល​បាន​បុត្រ​មួយ​ដែល​គេ​នឹង​ថ្វាយ
ព្រះនាម​ថា “អេម៉ានូអែល”»ក
ប្រែ​ថា «ព្រះជា​ម្ចាស់​គង់​ជា​មួយ​យើង»។
24 លុះ​លោក​យ៉ូសែប​ភ្ញាក់​ឡើង លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវទូ​ត​*​របស់​ព្រះអម្ចាស់ គឺ​លោក​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា 25 ​ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សំរាល​បាន​បុត្រ​ដែល​លោក​ថ្វាយ​ព្រះនាម​ថា “យេស៊ូ”។