ពាក្យលំនាំ
ដំណឹងល្អរៀបរៀងដោយលោកម៉ាថាយ
លោកម៉ាថាយជាអ្នកទារពន្ធជាតិយូដាម្នាក់ដែលពីដើមមានឈ្មោះថា លេវី។ ព្រះយេស៊ូបានត្រាស់ហៅលោកមកធ្វើជាសាវ័ក ព្រមទាំងបានតែងតាំងលោកជាគ្រីស្តទូតផង។
គោលបំណងរបស់លោកម៉ាថាយ
លោកបានតែងកណ្ឌគម្ពីរដំណឹងល្អនេះក្រោមការបំភ្លឺរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីណែនាំជនជាតិយូដាឲ្យជឿថាព្រះយេស៊ូពិតជាព្រះគ្រីស្តដែលបានយាងមកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ លោកចង់បង្ហាញថា ព្រះយេស៊ូយាងមកក្នុងលោកនេះដើម្បីបំពេញកិច្ចការទាំងអស់ស្របតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់កាលពីដើម និង ស្របតាមពាក្យដែលពួកព្យាការីថ្លែងទុកមកផងដែរ។
លោកម៉ាថាយចង់ពន្យល់ទៀតថា ព្រះយេស៊ូក៏ដូចជាលោកម៉ូសេដែរ ព្រះអង្គយាងមកប្រទានវិន័យតែវិន័យថ្មីនេះធ្វើឲ្យវិន័យពីដើមមានអត្ថន័យនិងមានតម្លៃពេញលក្ខណៈថែមទៀត។ ហេតុនេះហើយបានជាលោកចូលចិត្តដកស្រង់ឃ្លាជាច្រើនពីព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ដែលជនជាតិយូដាចាំច្បាស់មកចំលងដាក់ក្នុងគម្ពីររបស់លោក ដើម្បីធ្វើជាភស្តុតាងបញ្ជាក់ថាព្រះយេស៊ូពិតជាយាងមកផ្ដល់អត្ថន័យឲ្យព្រះគម្ពីរសម្ពន្ធមេត្រីចាស់បានពេញលេញ។
លោកម៉ាថាយក៏ចង់ពន្យល់ជនជាតិយូដាថា ក្រុមគ្រីស្តបរិស័ទគ្រប់ជាតិគ្រប់សាសន៍ពិតជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ រីឯជនជាតិអ៊ីស្រាអែលដែលមិនព្រមជឿព្រះយេស៊ូ លែងមានសិទ្ធិជាប្រជារាស្ត្ររបស់ព្រះអង្គទៀតហើយ។
លោកម៉ាថាយយកចិត្តទុកដាក់ដាស់តឿនក្រុមគ្រីស្តបរិស័ទដែលហៅថា “ព្រះសហគមន៍” ដ្បិតព្រះសហគមន៍នេះហើយដែលបានទទួលអំណាចពីព្រះគ្រីស្តនិងបន្តបេសកកម្មរបស់ព្រះអង្គក្នុងពិភពលោកសព្វថ្ងៃ។
លោកម៉ាថាយសរសេរកណ្ឌគម្ពីរដំណឹងល្អនេះតាមគំនិតរបស់ជនជាតិយូដា គឺលោកមិនហ៊ានសរសេរព្រះនាមព្រះជាម្ចាស់ទេតែលោកប្រើពាក្យ«ស្ថានបរមសុខ»ជំនួសវិញឧទាហរណ៍លោកប្រើពាក្យ«ព្រះរាជ្យនៃស្ថានបរមសុខ»ជំនួសពាក្យ «ព្រះរាជ្យរបស់ព្រះជាម្ចាស់»។
អ្នកអានមុខជាឃើញក្នុងកណ្ឌគម្ពីរដំណឹងល្អម៉ាថាយថាព្រះយេស៊ូយាងមកផែនដីនេះ ដើម្បីកសាងពិភពលោកមួយថ្មីគឺ «ព្រះរាជ្យរបស់ព្រះជាម្ចាស់» ហើយព្រះអង្គប្រៀនប្រដៅអស់អ្នកដែលមកតាមព្រះអង្គអំពីរបៀបរស់នៅសមស្របនឹងព្រះរាជ្យនេះ ដើម្បីឲ្យគេអាចធ្វើជាបន្ទាល់នាំដំណឹងល្អអំពីព្រះរាជ្យទៅប្រកាសប្រាប់មនុស្សទាំងអស់នៅសព្វទីកន្លែង រហូតដល់អវសានកាលនៃពិភពលោក។
១៧ ដូច្នេះ ចាប់ពីលោកអប្រាហាំមកទល់ស្ដេចដាវីឌ មានដប់បួនតំណ ចាប់ពីស្ដេចដាវីឌមកទល់នឹងគ្រា ដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មានដប់បួនតំណ ហើយចាប់ពីគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូនមកទល់ព្រះគ្រីស្ដ ក៏មានដប់បួនតំណដែរ។
គំរោងរបស់គម្ពីរម៉ាថាយ
- បញ្ជីរាយនាមអយ្យកោរបស់ព្រះយេស៊ូ និង ការប្រសូតរបស់ព្រះអង្គ (១.១-២.២៣)
- បេសកកម្មរបស់លោកយ៉ូហានបាទីស្ដ (៣.១-១២)
- ព្រះយេស៊ូទទួលពិធីជ្រមុជទឹក និង ឈ្នះការល្បួង (៣,១៣-៤.១១)
- ព្រះយេស៊ូប្រកាសដំណឹងល្អនៅស្រុកកាលីឡេ (៤.១២-១៨.៣៥)
- ព្រះយេស៊ូយាងពីស្រុកកាលីឡេឆ្ពោះទៅក្រុងយេរូសាឡឹម (១៩.១-២៩.៣៤)
- សប្ដាហ៍ចុងក្រោយនៅក្រុងយេរូសាឡឹម និង ភូមិដែលនៅជុំវិញ (២១.១-២៧.៦៦)
- ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និង បង្ហាញខ្លួនឲ្យអ្នកជឿឃើញ (២៨.១-២០)