ពាក្យ​លំនាំ

នាង​យូឌីត

អ្នក​ស្រី​យូឌីត​ជា​ស្រ្តី​មេ‌ម៉ាយ​ម្នាក់ ដែល​មាន​រូប​សម្ផស្ស​ល្អ​ស្រស់​លើស​គេ គួរ​ជាទី​ចាប់​ចិត្ត​របស់​បុរស​ទាំង‌ឡាយ។ អ្នក​ស្រី​តែង​តែ​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ដោយ​ចិត្ត​ស្មោះ។ នៅ​ពេល​កង‌ទ័ព​ខ្មាំង​សត្រូវ​ចូល​មក​លុក​លុយ​ស្រុក​យូដា ក្នុង​គោល​បំណង​បំផ្លាញ​ស្រុក និង​សម្លាប់​ប្រជាជន​ឲ្យ​វិនាស​អន្ត‌រាយ អ្នក​ស្រី​យូឌីត​ជឿ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ ហ៊ាន​ចេញ​ទៅ​ជួប​មេ‌ទ័ព​របស់​ខ្មាំង​តែ​ម្នាក់​ឯង ហើយ​កាត់‌ក​មេ‌ទ័ព​នោះ​ទៀត​ផង។ ដូច្នេះ នាង​បាន​សង្រ្គោះ​ប្រជាជន​របស់​ព្រះ‌អង្គ។ អ្នក​ស្រី​យូឌីត ក៏​ដូច​ព្យាការី​នីដេ‌បូរា (វរ ៤‑៥) ឬ​ព្រះ‌នាង​អេសធែរ​ដែរ។

អ្នក​និពន្ធ​រឿង​នេះ​មិន​មែន​និពន្ធ​តាម​ប្រវត្តិ‌សាស្រ្ត​ទេ! ឧប.ថា គេ​ហៅ​ព្រះ‌ចៅ​នេប៊ូកា‌នេសារ ជា​ព្រះ‌មហា​ក្សត្រ​ស្រុក​បាប៊ីឡូន​ថា «ព្រះ‌មហា​ក្សត្រ​ស្រុក​អាស្ស៊ីរី!» ព្រឹត្តិ‌ការណ៍​ខ្លះ​បញ្ជាក់​ថា​ជន​ជាតិ​យូដា​ដែល​ជាប់​ជា​ឈ្លើយ ធ្វើ​មាតុ‌ភូមិ​និវត្តន៍​រួច​ហើយ (៤,៣; ៥,១១)។ ប៉ុន្តែ តាម​ប្រវត្តិ‌សាស្រ្ត ព្រះ‌ចៅ​នេប៊ូកា‌នេសារ​នេះ​បាន​កៀរ​ពួក​គេ​ទៅ​ធ្វើ​ជា​ឈ្លើយ! គ្មាន​នរណា​ស្គាល់​ក្រុង​បេតធូលី និង​កន្លែង​ផ្សេងៗ​ទៀត​ឡើយ (៤,៧; ៦,១១‑១២; ៧,១២។ ល។)។

ដូច្នេះ អ្នក​វិភាគ​តែង​សន្និដ្ឋាន​ថា ប្រហែល​មាន​ព្រឹត្តិ‌ការណ៍​បែប​នេះ​កើត​ឡើង​នៅ​ជំនាន់​ជន​ជាតិ​ពែរ្ស​គ្រប់​គ្រង​មជ្ឈិម‌បូព៌ា កណ្ឌ​នេះ​ជា​រឿង​និទាន​ដែល​គេ​ប្រឌិត​ឡើង ប៉ុន្តែ នៅ​ពេល​ក្រោយ​គេ​កែ​ច្នៃ និង​បន្ថែម​សេចក្តី​ឯ​ទៀតៗ ប្រឌិត​ឡើង​តាម​របៀប​ជន​ជាតិ​យូដា ហៅ​ថា «មីត្រាស់» ដើម្បី​ដាស់​តឿន​ជន​ជាតិ​យូដា​ដែល​ជួប​ឧបសគ្គ​ជា​ច្រើន ឲ្យ​ជឿ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់​ជា‌និច្ច! ព្រះ‌អង្គ​តាម​ថែ​រក្សា​ការ‌ពារ​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ!។

គេ​និពន្ធ​នៅ​ជំនាន់​ព្រះ‌បាទ អន់ទី‌យ៉ូគូស អេ‌ភីផាន (១៧៥-១៦៤ មុន​គ.ស) ធ្វើ​បាប​ប្រជាជន។ ដូច្នេះ អ្នក​និពន្ធ​មាន​គោល​បំណង ប្រហាក់​ប្រហែល​នឹង​គោល​បំណង​របស់​អ្នក​និពន្ធ​កណ្ឌ ដានីអែល។ ឈ្មោះ «យូឌីត» មាន​អត្ថន័យ​ថា «ស្រ្តី​ជន​ជាតិ​យូដា» គឺ​ជា​រូប​តំណាង​ប្រជា‌រាស្រ្ត​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​មិន​លះ​បង់​ចោល​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ​ឡើយ!។