ជំពូក ១៣
នាងយូឌីតកាត់ក្បាលលោកហូឡូភែរ
1 លុះដល់យប់ជ្រៅ ពួកអ្នកបម្រើរបស់លោកនាំគ្នាប្រញាប់ប្រញាល់ចេញទៅរៀងៗខ្លួន។ លោកបាកូអាសបិទជំរំរបស់លោកហូឡូភែរពីខាងក្រៅ ហើយប្រាប់អ្នកយាមនៅទីនោះឲ្យថយចេញ។ ពួកគេក៏ចូលទៅសម្រាករៀងៗខ្លួន ព្រោះគេអស់កម្លាំងដោយផឹកស្រាច្រើនពេក។ 2 គេទុកនាងយូឌីតនៅតែម្នាក់ឯង ក្នុងជំរំក្បែរលោកហូឡូភែរដែលដេកមិនដឹងខ្លួន ព្រោះគាត់បានផឹកស្រាច្រើនពេក។ 3 នាងយូឌីតប្រាប់ស្រីបម្រើនាងឲ្យចេញទៅខាងក្រៅរង់ចាំនាង ព្រោះនាងចង់ទៅអធិដ្ឋាន ដូចនាងធ្លាប់ធ្វើជារៀងរាល់ថ្ងៃ។ នាងក៏ប្រាប់លោកបាកូអាសដូច្នោះដែរ។ 4 ពួកគេចេញទៅអស់ តាំងពីអ្នកតូចរហូតដល់អ្នកធំ គ្មាននរណាម្នាក់នៅក្នុងបន្ទប់លោកហូឡូភែរសម្រាន្តនោះឡើយ។ ពេលនោះ នាងយូឌីតឈរក្បែរគ្រែរបស់លោកហូឡូភែរ ហើយអង្វរក្នុងចិត្តថា៖ «ឱព្រះអម្ចាស់ជាព្រះដ៏មានឫទ្ធានុភាពសព្វប្រការអើយ! នៅពេលនេះ សូមមេត្តាជួយឲ្យកិច្ចការដែលនាងខ្ញុំបម្រុងនឹងធ្វើ ដើម្បីលើកកិត្តិយសដល់ក្រុងយេរូសាឡឹមបានសម្រេចផង។ 5 ដល់ពេលដែលព្រះអង្គត្រូវសង្គ្រោះប្រជារាស្រ្ដផ្ទាល់របស់ព្រះអង្គហើយ! សូមព្រះអង្គមេត្តាជួយឲ្យគម្រោងការកម្ទេចខ្មាំងសត្រូវ ដែលលើកគ្នាប្រឆាំងនឹងយើង បានសម្រេចដោយជោគជ័យ»។ 6 បន្ទាប់មក នាងដើរតម្រង់ទៅក្បាលដំណេកលោកហូឡូភែរ នាងក៏ហូតដាវរបស់លោកដែលទុកនៅក្បែរនោះ។ 7 នាងដើរតម្រង់មកជិតគ្រែ ចាប់ក្របួចសក់លោកឡើង ហើយនិយាយថា៖ «ឱព្រះអម្ចាស់ជាព្រះនៃប្រជាជនអ៊ីស្រាអែលអើយ! សូមព្រះអង្គប្រោសប្រទានឲ្យនាងខ្ញុំមានកម្លាំង និងក្លាហាននៅពេលនេះផង»។ 8 នាងក៏លើកដាវ កាប់ករបស់លោកហូឡូភែរពីរដាវយ៉ាងអស់ទំហឹង ក្បាលរបស់លោកក៏ដាច់ចេញពីខ្លួន។ 9 នាងរុញសពរបស់លោកហូឡូភែរឲ្យរមៀលចេញពីគ្រែ ហើយបោចកន្ត្រាក់មុងពីបង្គោល មកចងរំក្បាលលោកហូឡូភែរ រួចនាងចេញមកក្រៅ ហុចក្បាលលោកហូឡូភែរឲ្យស្រីបម្រើ។ 10 ស្រីបម្រើបានដាក់ក្បាលលោកក្នុងថង់សម្រាប់ដាក់ស្បៀងអាហារ។ ក្រោយមក នាងទាំងពីរក៏ចាកចេញជាមួយគ្នាដូចសព្វដង តាមទម្លាប់ដែលពួកនាងធ្លាប់ចេញទៅអធិដ្ឋាន។ បន្ទាប់ពីដើរកាត់ជំរំពួកនាងដើរវាងស្ទឹង រួចឡើងលើភ្នំ ហើយមកដល់ក្លោងទ្វារក្រុងបេតធូលី។
នាងយូឌីតត្រឡប់មកក្រុងបេតធូលីវិញ
11 នាងយូឌីតបានបន្លឺសំឡេងពីចម្ងាយ ប្រាប់អ្នកយាមទ្វារថា៖ «សូមបើកទ្វារ! សូមបើកទ្វារ! ព្រះជាម្ចាស់ជាព្រះរបស់យើង គង់នៅជាមួយយើង។ ព្រះអង្គបានបង្ហាញឫទ្ធិបារមីនៅស្រុកអ៊ីស្រាអែលហើយ។នៅថ្ងៃនេះ ព្រះអង្គសម្ដែងព្រះចេស្តារបស់ព្រះអង្គប្រឆាំងនឹងខ្មាំងសត្រូវ»។ 12 ពេលអ្នកក្រុងបេតធូលីបានឮសំឡេងរបស់នាង គេក៏ប្រញាប់ប្រញាល់ចុះទៅកាន់ទ្វារក្រុងភ្លាម។ ពួកគេអញ្ជើញព្រឹទ្ធាចារ្យមក 13 ហើយអ្នកក្រុងក៏មកជួបជុំទាំងអស់គ្នា ទាំងក្មេងទាំងចាស់ ព្រោះគេមិនជឿថា នាងយូឌីតអាចត្រឡប់មកវិញដូច្នេះសោះ។ ពួកគេបើកទ្វារ ហើយមកទទួលនាង ទាំងដុតភ្លើង ដើម្បីឲ្យមានពន្លឺ ហើយនាំគ្នាចោមរោមនាងទាំងពីរ។ 14 នាងយូឌីតបានបន្លឺសំឡេងយ៉ាងខ្លាំងៗឡើងថា៖ «សូមសរសើរតម្កើងព្រះជាម្ចាស់! សូមសរសើរលើកតម្កើងព្រះអង្គ! សូមសរសើរតម្កើងព្រះជាម្ចាស់! ដ្បិតព្រះអង្គតែងតែអាណិតមេត្តាដល់ប្រជាជនអ៊ីស្រាអែលជានិច្ច។ ព្រះអង្គបានប្រើដៃរបស់ខ្ញុំ ដើម្បីកម្ទេចខ្មាំងសត្រូវរបស់យើង នៅយប់នេះហើយ»។
15 ពេលនោះ នាងយកក្បាលលោកហូឡូភែរចេញពីថង់ មកបង្ហាញឲ្យពួកគេឃើញ ហើយនិយាយថា៖ «នេះគឺជាក្បាលរបស់លោកហូឡូភែរជាមេទ័ពជនជាតិអាស្ស៊ីរី! នេះជាមុងរបស់គាត់កាលគាត់ដេកស្រវឹងស្រា។ ព្រះអម្ចាស់បានប្រហារគាត់ដោយដៃស្រីម្នាក់។ 16 ព្រះជាម្ចាស់បានថែរក្សាការពារនាងខ្ញុំ ឲ្យបំពេញគម្រោងការរបស់ខ្ញុំ ខ្ញុំបានប្រើសម្ផស្សរបស់ខ្ញុំទាក់ទាញចិត្តគាត់ ដើម្បីឲ្យគាត់វិនាសអន្តរាយ។ ប៉ុន្តែ គាត់មិនបានប្រព្រឹត្តអំពើបាបជាមួយខ្ញុំសោះឡើយ ខ្ញុំបានចៀសផុតពីភាពសៅហ្មង និងការអាម៉ាស់»។ 17 ប្រជាជនទាំងអស់ស្រឡាំងកាំងជាខ្លាំង ហើយនាំគ្នាឱនកាយក្រាបថ្វាយបង្គំព្រះជាម្ចាស់ដោយពោលព្រមៗគ្នាថា៖ «បពិត្រព្រះជាម្ចាស់ ជាព្រះរបស់យើងខ្ញុំ នៅថ្ងៃនេះ ព្រះអង្គបានកម្ទេចខ្មាំងសត្រូវ នៃប្រជាជនរបស់ព្រះអង្គ យើងខ្ញុំសូមលើកតម្កើងព្រះអង្គ»។
18 លោកអសារីយ៉ាមានប្រសាសន៍ទៅកាន់នាងយូឌីតថា៖ «កូនស្រីអើយ! សូមព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតប្រទានពរដល់នាង លើសស្រីនានានៅលើផែនដី។ សូមលើកតម្កើងព្រះជាអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី គឺព្រះអង្គបាននាំផ្លូវនាង ទៅវាយក្បាលរបស់មេដឹកនាំខ្មាំងសត្រូវយើង។
19 មនុស្សជំនាន់ក្រោយនឹងមិនភ្លេចសេចក្ដីសង្ឃឹមរបស់នាងឡើយ ហើយចងចាំស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ប្រកបដោយតេជានុភាពអស់កល្បជានិច្ច។ 20 សូមព្រះជាម្ចាស់ប្រទានឲ្យនាងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាដរាបតទៅ សូមព្រះអង្គប្រទានសេចក្ដីសុខសាន្តឲ្យនាង ព្រោះនាងបានប្រថុយជីវិតក្នុងពេលដែលជនជាតិយើង កំពុងទទួលនូវក្ដីអាម៉ាស់។ នាងធ្វើឲ្យយើងរួចផុតពីគ្រោះមហន្តរាយដោយប្រព្រឹត្តយ៉ាងទៀងត្រង់ នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់របស់យើង»។ ប្រជាជនទាំងមូលឆ្លើយថា៖ «អាម៉ែន! អាម៉ែន!»។